ដោយ សាន សែល
2016-03-08 rfa

ភូមិគ្រឹះដែលជនភៀសខ្លួន ៤នាក់ស្នាក់នៅបណ្ដោះអាសន្ន បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បញ្ជូនពីកោះណាវរូ ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ រូបថតថ្ងៃទី១២ មិថុនា ឆ្នាំ២០១៥
RFA/Morm Moniroth
ជនភៀសខ្លួនពីកោះណាវរូ (Nauru) ពីរនាក់ទៀត សម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ។ ក្រុមសិទ្ធិមនុស្សសង្កេតឃើញថា ការវិលត្រឡប់ទៅប្រទេសកំណើតរបស់ជនភៀសខ្លួនមកពីកោះណាវរូ ជាបន្តបន្ទាប់ បង្ហាញថា កម្ពុជា បរាជ័យមិនអាចអនុវត្តបានពេញលេញការផ្តល់ទំនុកចិត្តដល់ការរស់នៅរបស់ជនភៀសខ្លួន។
ការលើកឡើងរបស់ក្រុមសិទ្ធិមនុស្សនេះ ក្រោយពេលជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ (Iranian) ចំនួន ២នាក់ ដែលត្រូវបានគេផ្ទេរមកពីកោះណាវរូ សម្រេចចាកចេញពីប្រទេសកម្ពុជា ទៅស្រុកកំណើតវិញ បន្ទាប់ពីបានមករស់នៅក្នុងប្រទេសកម្ពុជា រយៈពេលជិតមួយឆ្នាំ។
ប្រធានបច្ចេកទេសនៃការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការចាកចេញរបស់ក្រុមជនភៀសខ្លួន បង្ហាញឲ្យឃើញថា ការរស់នៅក្នុងប្រទេសកម្ពុជា ពិបាកប្រហាក់ប្រហែលនឹងប្រទេសកំណើតរបស់ជនភៀសខ្លួនដែរ។ លោកបន្តថា កម្ពុជា គួរពង្រឹងការគោរពសិទ្ធិមនុស្សរបស់ពលរដ្ឋក្នុងស្រុកឲ្យបានប្រសើរជាមុនសិន ដើម្បីធានាថា ជនភៀសខ្លួនដែលមកតាំងអាស្រ័យនៅក្នុងប្រទេសកម្ពុជា ទទួលបានការគាំពារត្រឹមត្រូវ៖ «យើងគិតថា វាបរាជ័យហើយក្នុងការទទួលយកជនភៀសខ្លួន ព្រោះថា ប្រសិនការទទួលការស្នាក់នៅរបស់គេ ហើយវប្បធម៌ដែលចូលមករស់នៅកម្ពុជា បាន ខ្ញុំគិតថា គេមិនត្រឡប់ទៅប្រទេសដែលគេគិតថា គេពិបាកនឹងរស់នៅនោះទេ»។
មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឲ្យដឹងថា គ្រួសារនៃជនភៀសខ្លួនអ៊ីរ៉ង់ បានចាកចេញពីប្រទេសកម្ពុជា ក្នុងចន្លោះចុងខែកុម្ភៈ ឬដើមខែមីនា។
ការិយាល័យនៃរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ប្រទេសអូស្ត្រាលី អះអាងប្រាប់សារព័ត៌មាន អេប៊ីស៊ី (ABC) នៅថ្ងៃអង្គារ ថា ជនភៀសខ្លួនជនជាតិអ៊ីរ៉ង់ ទាំងពីរនាក់ ពិតជាបានត្រឡប់ទៅស្រុកកំណើតវិញហើយ។
យ៉ាងណាក៏ដោយ មន្ត្រីកម្ពុជា មិនបានដឹងពីមូលហេតុនៃការចាកចេញរបស់ជនភៀសខ្លួនទាំងពីរនាក់នេះឡើយ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេស ទទួលបន្ទុកផ្នែកសិទ្ធិលំនៅឋាន លោក សៀ ភារម្យ រិះគន់ថា ប្រទេសកម្ពុជា មិនមែនជាកន្លែងដែលស័ក្តិសមសម្រាប់ទទួលយកជនភៀសខ្លួននោះទេ ដោយលោកលើកឡើងពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកបន្តថា កម្ពុជា មិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការរៀបចំការតាំងទីលំនៅជនភៀសខ្លួន៖ «ដោយសារតែកម្ពុជា មិនទាន់បានរៀបចំខ្លួនឲ្យបានល្អប្រសើរ ជាពិសេសបញ្ហាដោះស្រាយនៅក្នុងប្រទេសរបស់យើង ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងបញ្ហាផ្សេងៗទៀតដែលយើងត្រូវដោះស្រាយជាមុន»។
កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ម្នាក់ និងជនជាតិអ៊ីរ៉ង់ ៣នាក់ បានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀងមួយ ក្រោយពីរដ្ឋាភិបាលអូស្ត្រាលី បដិសេធមិនទទួលយកពួកគេ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ជនជាតិរ៉ូហ៊ីងយ៉ា ម្នាក់ទៀត បានសម្រេចមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ម្នាក់ បានត្រឡប់ទៅស្រុកកំណើតនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) វិញ កាលពីខែតុលា ឆ្នាំ២០១៥ ដោយសាររដ្ឋាភិបាលកម្ពុជា អះអាងថា ជនភៀសខ្លួននេះនឹកស្រុកកំណើត។
ការចាកចេញរបស់ប្ដីប្រពន្ធជនជាតិអ៊ីរ៉ង់មួយគូនៅពេលនេះ នឹងបន្សល់ជនភៀសខ្លួនតែពីរនាក់ក្នុងចំណោម ៥នាក់ប៉ុណ្ណោះ ដែលស្ម័គ្រចិត្តមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចព្រមព្រៀងតម្លៃប្រមាណ ៥៥លានដុល្លារសហរដ្ឋអាមេរិក ស្ដីពីការបញ្ជូន និងទទួលយកជនភៀសខ្លួន ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលអូស្ត្រាលី និងកម្ពុជា កាលពីឆ្នាំ២០១៤។
ការិយាល័យនៃរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ថ្លែងបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី នៅតែលើកទឹកចិត្តដល់ជនភៀសខ្លួនដែលកំពុងនៅលើកោះណាវរូ ឲ្យមកតាំងទីលំនៅនៅប្រទេសកម្ពុជា។
រដ្ឋាភិបាលកម្ពុជា ក៏បញ្ជាក់ថា កម្ពុជា នៅតែស្វាគមន៍ដល់ជនភៀសខ្លួនទាំងឡាយណាដែលស្ម័គ្រចិត្តមករស់នៅលើទឹកដីនៃប្រទេសកម្ពុជា។ ទោះបីជាយ៉ាងនេះក្តី មកដល់ពេលនេះ មិនទាន់មានជនភៀសខ្លួនថ្មីពីកោះណាវរូ ណាទៀតទេ ដែលបានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីបុរសជនជាតិរ៉ូហ៊ីងយ៉ា ម្នាក់ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០១៥៕
3 comments:
ដល់ករតេម្តង ៥៥លាន វើយហ៊ុន សែន ស៊ីដាច់តែម្តង គិតទៅអ្នកណាដែលថា ហ៊ុន សែន ង់នោះ ? អញ្ចឹងបានជា វាថា ស្រុកខ្មែរកំពុងរីកចម្រើននោះ គេថាបានមិនបាច់ប្រឹងដូច្នេះមែនទេ? អញ្ចឹងបានជាគេថាអាឡប់ខ្ញុំវាល្ងង់នោះ ដល់ករតែម្តង ចយដឹកអើយ
អាឡប់ អាញ់បានមែន តែអង្គការអាញ់វាយកអស់ហើយ កុំតូចចិត្តអី ណា ឃើញទេឈើមួយស្រុកខ្មែរ អង្កការស៊ីខ្ទិច បើរ៉ែមាសវិញ អង្កការ វាជិកដល់ក្បាលប្រែត អង្គការនៅតែថា អ្វីៗជារបស់អង្កការទាំងអស់ ដឹងហើយនៅអាឡប់ អង្គការ ណា
"យ៉ាងណាក៏ដោយ មន្ត្រីកម្ពុជា មិនបានដឹងពីមូលហេតុនៃការចាកចេញរបស់ជនភៀសខ្លួនទាំងពីរនាក់នេះឡើយ។"
----------
They should ask Phay Siphan or Hun Sen they seem to know all the answers to all the problems.
Post a Comment