Manekseka Sangkum:
In most democracies issues like public litter, sanitation, borderland usage and cultivation, unsafe food imports for domestic consumption etc, are seen as symptoms and functions of local and central government and administration first and foremost. Such realities and their implications for local population's well-being and the nation's sovereignty are the responsibilities and obligations of these authorities to mediate and address through responsive, rational actions and policies as well as appropriate contingent measures such as public education campaign and local law enforcement. In Cambodia, however, the official tendency has been to lay the blame and responsibility upon the public instead!
....
ពលរដ្ឋនៅខេត្តកំពង់ចាមបារម្ភអំពីបញ្ហាសំរាមប៉ះពាល់បរិស្ថាននិងសុខភាព
ដោយ សូត សុខប្រាថ្នា
2016-03-26

សំរាមនៅក្នុងភូមិកំពង់សំណាញ់ និងនៅជាប់មាត់បឹងធំ ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រូបថតថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦
RFA/Saut Sokprathna
ប្រជាពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លើកឡើងថា បញ្ហាសំរាមរាយប៉ាយនៅក្នុងភូមិ និងនៅជាប់មាត់បឹងធម្មជាតិមួយឈ្មោះបឹងធំ គឺអាចបណ្ដាលឱ្យប៉ះពាល់បរិស្ថាន និងសម្រស់បឹងធម្មជាតិនៅទីនោះ។ បន្ថែមពីលើនេះទៀត ពួកគេក៏បារម្ភថា អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទៀតផង។ បញ្ហានេះ អាជ្ញាធរមូលដ្ឋានថា នឹងព្យាយាមអប់រំពលរដ្ឋឱ្យយល់ដឹងអំពីបញ្ហាសំរាមនេះ។
សំរាមរាយប៉ាយនៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ហើយបន្តរហូតដល់ផ្នែកខ្លះតាមមាត់បឹងមួយឈ្មោះបឹងធំ បណ្ដាលឱ្យសោភណភាពនៅតាមមាត់បឹងមួយនេះ ប្រែជាស្មោកគ្រោក ដោយកាកសំណល់ថង់ប្លាស្ទិក និងកម្ទេចសំរាមផ្សេងៗទៀត។ ពលរដ្ឋខ្លះរស់នៅទីនោះហាក់ស៊ាំទៅនឹងសំរាមទាំងនេះ ប៉ុន្តែមានអ្នកខ្លះនិយាយថា សំរាមបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ ពិសេសកូនក្មេង។ ក្រៅពីនេះ កាកសំណល់ និងថង់ប្លាស្ទិកខ្លះ ត្រូវរសាត់អណ្ដែតចូលទឹកបឹង បណ្ដាលឱ្យមានក្លិនស្អុយ។
ពលរដ្ឋនៅភូមិកំពង់សំណាញ់មួយរូប លោក សយ ឈន់ មានប្រសាសន៍ថា សំរាមនៅក្នុងភូមិ និងក្រៅភូមិ មានច្រើនដូចគ្នា ដោយសារប្រជាពលរដ្ឋនាំគ្នាបោះចោលពាសវាលពាសកាល រហូតធ្វើឱ្យបរិស្ថានក្នុងភូមិ និងតាមមាត់បឹង ប្រែជាកខ្វក់។ លោកថា ប្រជាពលរដ្ឋហាក់ស៊ាំទៅនឹងសំរាមដែលនៅជុំវិញខ្លួនពួកគេទៅហើយ៖ «បាទ! ខ្ញុំចង់ឃើញបរិស្ថាននៅកន្លែងនេះស្អាត ចង់ឃើញនៅក្នុងភូមិនេះមានបរិស្ថានល្អ»។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀត លោក ប៉ក់ ហឿន និយាយថា ប្រសិនបើពលរដ្ឋ រួមនឹងអាជ្ញាធរមូលដ្ឋានផង ចូលរួមថែរក្សាបរិស្ថាននៅក្នុងភូមិ និងនៅតាមមាត់បឹង ដោយយកសំរាមទាំងនោះទៅដុតចោល ហើយមិនត្រូវបោះចោលសំរាមពាសវាលពាសកាល បញ្ហាសំរាមនឹងលែងកើតមាន។ លោកបន្ថែមថា សំរាមទាំងអស់អាចនឹងបង្កផលប៉ះពាល់ដល់អ្នកភូមិ និងសត្វចិញ្ចឹមទៀតផង ប្រសិនបើពួកគេនៅតែបន្តរស់នៅគ្មានអនាម័យនោះ៖ «កាលណាមានភ្លៀងមានអីមក មួយទៀតទឹកឡើងមក វាហូរចូលទៅក្នុងបឹង វាប៉ះពាល់ដល់សុខភាព ដល់សត្វសព្វបែបយ៉ាង»។
ចំណែកអ្នកស្រី សុង គួរ ដែលរស់នៅជាប់មាត់បឹងធំ និយាយថា អ្នកស្រីតែម្នាក់មិនអាចសម្អាតឈ្នះទេ ព្រោះពលរដ្ឋនៅក្នុងភូមិតែងតែនាំគ្នាយកសំរាមមកចោលនៅក្បែរៗមាត់បឹង។ មិនតែប៉ុណ្ណោះមានពលរដ្ឋមួយចំនួនមកបន្ទោបង់ទៀតផង ដែលធ្វើឱ្យបរិស្ថាននៅតាមមាត់បឹងកាន់តែអួអាប់។
ដោយឡែកមេភូមិកំពង់សំណាញ់ លោក ជា សុខ មានប្រសាសន៍ថា កន្លងមកលោកតែងតែផ្សព្វផ្សាយប្រាប់ពលរដ្ឋឱ្យនាំគ្នាសម្អាត និងដុតចោលសំរាមទាំងនោះ ព្រមទាំងណែនាំពួកគាត់មិនឱ្យបោះចោលសំរាមរាយប៉ាយ ប៉ុន្តែអ្នកភូមិមួយចំនួនមិនព្រមស្ដាប់ទេ។ លោកថា វិធានការបន្តទៀត លោកនឹងលួងលោមអ្នកភូមិឱ្យយល់ពីផលប៉ះពាល់បង្កឡើងដោយសំរាម និងស្នើឱ្យមន្ត្រីថ្នាក់លើជួយដោះស្រាយបញ្ហាទាំងនេះ៖ «វិធានការទៅមុខទៀតមានតែណែនាំប្រាប់ប្រជាពលរដ្ឋ ឱ្យគាត់ប្រមូល (សំរាម)»។
ភូមិកំពង់សំណាញ់ ជាភូមិចុងកាត់មាត់ញក ដែលមានពលរដ្ឋរស់នៅសរុបជាង ៣០០គ្រួសារ ស្មើនឹងចំនួនប្រជាជន ១.៤៣០នាក់។
កាលពីឆ្នាំ ២០១៥ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ អង្គការសាមគ្គីខេត្តកំពង់ចាម បានបង្កើតសកម្មភាពរើសសំរាមនៅក្នុងបរិវេណភូមិមួយនេះ ព្រមទាំងតំបន់នៅជាប់មាត់បឹងធំ ដោយមានសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកភូមិចូលរួមផង។ ក្រោយពេលសកម្មភាពនេះ បញ្ចប់ទៅសំរាមនៅក្នុងភូមិនៅតែកើតមានច្រើនដដែល។
កន្លងមក បញ្ហាបរិស្ថាន ឬសុខុមាលភាព ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានរាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ខ្លាំងនៅតាមទីប្រជុំជន ឬតាមទីក្រុង ប៉ុន្តែនៅតាមជនបទវិញ គឺពួកគេមិនសូវយកចិត្តទុកដាក់ឡើយ។
អ្នកសម្របសម្រួលអង្គការសាមគ្គីខេត្តកំពង់ចាម លោក ស៊ីម ហុន មើលឃើញថា មូលហេតុបណ្ដាលឱ្យបញ្ហាសំរាមនៅតែចោទឡើង គឺដោយសារការយល់ដឹងអំពីបរិស្ថាន និងសុខភាពរបស់ពលរដ្ឋនៅក្នុងភូមិកំពង់សំណាញ់ ភាគច្រើននៅមានកម្រិត។ ការមើលបំណាំគ្នា ឬភាពអាត្មានិយមរបស់ពលរដ្ឋមួយចំនួន ដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដទៃជាដើម៖ «វាមានឥទ្ធិពល ប្រសិនបើក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុកគាត់ជួយ ហើយបើនៅមូលដ្ឋាន គឺមានមេភូមិ គាត់អាចណែនាំ ឬរកកន្លែងណា ដើម្បីឱ្យសំរាមហ្នឹងនៅម្ដុំ»។
លោកបន្តថា បញ្ហាចំពោះមុខសម្រាប់ដោះស្រាយបញ្ហាសំរាម អាជ្ញាធរមូលដ្ឋានក្រៅពីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋអំពីការរៀបចំទុកដាក់សំរាមហើយ ពួកគេត្រូវចូលរួម ឬដឹកនាំពលរដ្ឋផ្ទាល់តែម្ដង នោះទើបបង្ហាញពីគំរូល្អដល់ពលរដ្ឋនៅក្នុងភូមិ។ ទន្ទឹមគ្នានោះ ពលរដ្ឋត្រូវមានឆន្ទៈចូលរួមការពារបរិស្ថាន និងសុខុមាលភាពដោយខ្លួនឯង៕
No comments:
Post a Comment