A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 28 March 2016

មន្ត្រី​បក្ស​កាន់​អំណាច​ប្រតិកម្ម​បក្ស​ប្រឆាំង​ដែល​ថា​បក្ស​ប្រជាជន​អាច​នឹង​បាត់បង់​អាសនៈ


ដោយ ម៉ម មុនីរតន៍
2016-03-27

គង់ គាំ ២០១៦ ៨៥៥
អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ក្នុង​ពិធី​រំឭក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Brach Chev
 RFA/Brach Chev


រដូវ​កាល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មិន​ទាន់​នឹង​មក​ដល់​នៅ​ឡើយ​ផង ក៏ប៉ុន្តែ​អ្នក​នយោបាយ​ចាប់​ផ្ដើម​ប្រើប្រាស់​វេទិកា​នេះ រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បណ្ដើរៗ​ទៅ​ហើយ។ អតីត​ប្រធាន​គណបក្ស សម រង្ស៊ី រិះគន់​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​មាន​លទ្ធភាព​គ្រប់គ្រង​អាសនៈ​នៅ​អាណត្តិ​ក្រោយ​នេះ​មិន​ដល់ ៣០​កៅអី​ផង។ ចំណែក​មន្ត្រី​នាំ​ពាក្យ​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល ចំអក​ឲ្យ​គណបក្ស​ប្រឆាំង​ថា អ្នក​ដែល​ត្រូវ​បាត់បង់​កៅអី​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ។

ការ​ខ្វែង​គំនិត​គ្នា​រឿង​ប្រជាប្រិយភាព និង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា វា​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចំពោះ​មុខ​នៅ​ពេល​នេះ គឺ​កម្រ​ឃើញ​អ្នក​នយោបាយ​របស់​បក្ស​នីមួយៗ លើក​ពី​បញ្ហា​ជាតិ និង​រក​ដំណោះស្រាយ​នយោបាយ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​រុងរឿង​ណាស់។

ការ​រិះគន់​របស់​អ្នក​វិភាគ​នយោបាយ​នៅ​ពេល​នេះ បន្ទាប់​ពី​មាន​ការ​ខ្វែង​គំនិត​ខាង​ផ្លូវ​នយោបាយ​កាន់​តែ​ឡើង​កម្ដៅ​ទៅៗ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា ការ​ឌឺដង​ដាក់​គ្នា​រវាង​អ្នក​នយោបាយ​នេះ នឹង​មិន​ចំណេញ​អ្វី​ឡើយ​សម្រាប់​ជាតិ ជាពិសេស​ពលរដ្ឋ។ លោក​បន្ត​ថា «គ្មាន​អ្វី​ដែល​ក្រៅ​ពី​វាយ​ប្រហារ​គ្នា​រវាង​ខ្មែរ​គ្នា​ឯង ដោយ​មិន​បាន​លើក​ពី​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ​មក​សិក្សា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្លួន​ជឿជាក់​នោះ​ទេ»។



ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រតិកម្ម​ចំពោះ​សារ​នយោបាយ​របស់ លោក គង់ គាំ កាល​ពី​ថ្ងៃ​ទី​២៦ មីនា ក្នុង​សន្និបាត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចាត់​ទុក​ថា ចេះ​តែ​បន្លឺ​សំឡេង​ដើម្បី​អន្ទង​ចិត្ត​អ្នក​គាំទ្រ​របស់​ខ្លួន​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ភាព​ពិត គណបក្ស​នេះ​កាន់​តែ​អស់​ការ​គាំទ្រ​ជា​ហូរហែ​មក​ហើយ។ លើស​ពី​នេះ​ទៀត លោក សុខ ឥសាន អះអាង​ថា សមាជិក​នៅ​តាម​បណ្ដា​ខេត្ត បន្ត​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ទឹក​បាក់​ទំនប់​យ៉ាង​ដូច្នេះ​ដែរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​ចំអក​ថា គណបក្ស​ដែល​ត្រូវ​បាត់បង់​អាសនៈ​នៅ​អាណត្តិ​បន្ទាប់​ទៀត​នេះ គឺ​បក្ស​ប្រឆាំង​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «ខ្ញុំ​យល់​ថា​ឯកឧត្ដម គង់ គាំ គាត់​ជា​គណបក្ស​ប្រឆាំង អ៊ីចឹង​គាត់​និយាយ​អី​វា​ច្រើន​តែ​ផ្ទុយ​ទេ ហើយ​ភាគ​ច្រើន​ផ្ទុយ​ទាំងអស់។ អ៊ីចឹង​ទេ​ដែល​គាត់​ថា​គណបក្ស​ប្រជាជន នៅ ៣០​ហ្នឹង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទេ​ដែល​នៅ ៣០ ហើយ​មិន​ដល់ ៣០ ផង​បើ​តាម​ខ្ញុំ​វាយ​តម្លៃ»។

ប្រតិកម្ម​របស់ លោក សុខ ឥសាន នៅ​ពេល​នេះ ក្រោយ​ពេល​សមាជិក​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា មក​ពី​គណបក្ស សម រង្ស៊ី រិះគន់​ថា បក្ស​កាន់​អំណាច​អាច​មាន​លទ្ធភាព​គ្រប់គ្រង​កៅអី​ក្នុង​អាណត្តិ​ទី​៦ ខាង​មុខ​នេះ​ប្រហែល​មិន​ដល់ ៣០​អាសនៈ​ផង។

ឆ្លៀត​ពេល​ក្នុង​សន្និបាត​នោះ លោក គង់ គាំ ក៏​បាន​ដៀមដាម​ឲ្យ​អ្នក​នយោបាយ​ខ្លះ និង​បក្ស​ចាស់​តែ​ប្ដូរ​ឈ្មោះ​ថ្មី​ថា ជា​បក្ស​សូន្យ និង​គណបក្ស​សាប​ប៉ុណ្ណោះ។ បញ្ហា​នេះ នឹង​ពុំ​មាន​ឥទ្ធិពល​អ្វី​ដើម្បី​ប្រកួត​ប្រជែង​រក​ការ​គាំទ្រ​បាន​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ទេ។

អតីត​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែង​ដូច​នេះ ក្នុង​ពេល​ដែល​លោក​ចូលរួម​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ នៅ​សង្កាត់​ព្រែកលៀប កាល​ពី​ថ្ងៃ​ទី​២៦ មីនា។ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ អ្នក​នយោបាយ​ដែល​មិន​សំចៃ​មាត់ លោក គង់ គាំ អះអាង​ថា គណបក្ស​ប្រឆាំង​នឹង​គ្រប់គ្រង​អាសនៈ​នៅ​អាណត្តិ​ក្រោយ​នេះ លើស​ពី​ការ​រំពឹង​ទុក គឺ​នឹង​ទទួល​បាន​ប្រមាណ ៩០​អាសនៈ។ រីឯ​បក្ស​កាន់​អំណាច​វិញ នឹង​ត្រូវ​ធ្លាក់​ចុះ​រហូត​ដល់ ៣០​កៅអី​ក៏​អាច​បាន​ដែរ។ លោក គង់ គាំ អះអាង​ថា នៅ​អាណត្តិ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ គឺ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ឈ្នះ​យក​បាន​ឃុំ-សង្កាត់​លើសលប់។ លោក​បន្ត​ថា «ឆ្នាំ​២០១៣ ដូច​មាន​គណបក្ស​ជើង​ខ្លាំង​ប្រជែង​ជាមួយ​សង្គ្រោះ​ជាតិ បាត់ ២០​កៅអី ហើយ​ឥឡូវ​នេះ​គាត់​ចង់​បាន​ការ​គាំទ្រ និង​ចង់​បាន​កើន​អាសនៈ​ឡើង​វិញ មិន​គិត​ធ្វើ​បុណ្យ​ទេ ធ្វើ​តែ​បាប»។

បើ​ទោះ​បី​ជា​មន្ត្រី​នាំ​ពាក្យ​គណបក្ស​ដែល​ដឹក​នាំ​រដ្ឋាភិបាល ថ្លែង​ការពារ​ថា បក្ស​កាន់​អំណាច​នឹង​នៅ​តែ​ជា​បក្ស​គ្រប់គ្រង​អាសនៈ​បាន ក៏ប៉ុន្តែ​មាន​បទពិសោធន៍​រួច​មក​ហើយ​ក្នុង​អាណត្តិ​ទី​៥ នេះ។ នៅ​ពេល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​របូត​កៅអី​អស់ ២០​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​គណបក្ស​នេះ​ធ្លាប់​គ្រប់គ្រង​រហូត​ដល់ ៩០​អាសនៈ​កាល​ពី​អាណត្តិ​ទី​៤។

យ៉ាង​នេះ​ក្តី លោក សុខ ឥសាន យល់​ឃើញ​ថា បក្ស​កាន់​អំណាច​នៅ​តែ​ខ្លាំង ហើយ​ខ្លាំង​ហួស​ពី​ការ​ស្មាន​ទៅ​ទៀត។ ដោយឡែក​បក្ស​ប្រឆាំង ដល់​ពេល​ដែល​ត្រូវ​ធ្លាក់​ចុះ​ហើយ បន្ទាប់​ពី​ឡើង​ដល់​ចំណុច​កំពូល​កាល​ពី​បោះឆ្នោត​ឆ្នាំ​២០១៣ រួច។ ម្យ៉ាង​វិញ​ទៀត មាន​សមាជិក​ខ្លះ និង​អ្នក​គាំទ្រ​ច្រើន​ណាស់ បាន​បន្ត​ដើរ​ចេញ​ពី​បក្ស ហើយ​ទៅ​បង្កើត​បក្ស​ថ្មី ដូចជា អ្នកស្រី ឡាក់ សុភាព លោក សួន សេរីរដ្ឋា និង​លោក ម៉ម សូណង់ដូ ជាដើម ដែល​សុទ្ធតែ​ជា​មនុស្ស​សំខាន់។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា តាំង​ពី​ដើម​ដល់​ចប់ មិន​ដែល​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ចេះ​រក​វិធី​ជួយ​ពលរដ្ឋ​ឲ្យ​មាន​ជីវភាព​រុងរឿង និង​មាន​ការ​អភិវឌ្ឍ​ទ។ ផ្ទុយ​ទៅ​វិញ អ្នក​នយោបាយ តែង​រក​វិធី​បែប​ណា គឺ​ដើម្បី​តែ​ផល​ប្រយោជន៍​បុគ្គល និង​ធ្វើ​ឲ្យ​បក្ស​ដំណើរ​ការ​ទៅ​មុខ​ប៉ុណ្ណោះ។ នៅ​ទីបំផុត ក្រោយ​ពី​ការ​បោះឆ្នោត ប្រជាពលរដ្ឋ​ភាគ​ច្រើន​នៅ​តែ​ជួប​នឹង​បញ្ហា​លំបាក​ផ្នែក​ជីវភាព ភាព​អត់​ការងារ​ធ្វើ និង​ការ​ធ្វើ​ចំណាក​ស្រុក​នៅ​តែ​មាន​ច្រើន​ដដែល ជាដើម៕

No comments: