ដោយ សាន សែល
2016-03-10

លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
RFA/Cheu Sideth
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែមីនា ដាស់តឿនដល់គ្រូពេទ្យនៅកម្ពុជា ឲ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលជូនប្រជាជនដោយមិនរើសអើងអ្នកមាន ឬអ្នកក្រ។ លោក ហ៊ុន សែន មានប្រសាសន៍សំដៅដល់គ្រូពេទ្យមួយចំនួនដែលមិនយកចិត្តទុកដាក់ព្យាបាលអ្នកក្រ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ប្រកាសបញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ឲ្យចូលក្នុងក្របខ័ណ្ឌមន្ត្រីរាជការ ចាប់ពីខែមេសា តទៅ។
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នៅសណ្ឋាគារ សូហ្វីថែល (Sofitel Phnom Penh Phokeethra) រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យដករបាំងហិរញ្ញវត្ថុកុំឲ្យយកប្រាក់ជាធំនៅពេលផ្ដល់សេវាសុខភាពជូនប្រជាពលរដ្ឋ បើមិនដូច្នេះទេ វាធ្វើឲ្យជនក្រីក្រត្រូវបានសង្គមគេរើសអើង ដោយលោកសង្កត់ធ្ងន់ថា ប្រជាជនទាំងអស់គួរទទួលបានសេវាសុខភាពស្មើៗគ្នា។
លោក ហ៊ុន សែន ស្នើឲ្យគ្រូពេទ្យដែលធ្លាប់ប្រើសម្ដីធំ គំរោះគំរើយដាក់ប្រជាជនក្រីក្រឲ្យផ្លាស់ប្ដូរអាកប្បកិរិយាជាបន្ទាន់ ដើម្បីធានាថា វិស័យសុខាភិបាលនៅប្រទេសកម្ពុជា បម្រើប្រជាជនដោយមិនរើសអើង៖ «ប្រសិនបើមិនដូច្នេះទេ ប្រព័ន្ធសុខាភិបាលទាំងមូល នឹងមិនជួយលើកស្ទួយសុខភាព ដោយសមធម៌ ក្នុងចំណោមប្រជាជនទូទៅនោះទេ»។
លោក ហ៊ុន សែន ច្រានចោលជាថ្មីម្ដងទៀតថា មិនមែនគ្រូពេទ្យជាង ៩០ភាគរយ ខ្វះវិជ្ជាជីវៈពេលបំពេញការងារនោះទេ៖ «ខ្ញុំមិនយល់ស្របទេ តែយើងទទួលស្គាល់នូវការខ្វះចន្លោះ និងសម្ដីឆ្មើងឆ្មៃមួយចំនួនដោយគ្រូពេទ្យជាបុគ្គល មិនមែនជា (វិស័យ) សុខាភិបាល (ទាំងមូល) ទេ។ យើងត្រូវកែប្រែឥរិយាបថទាំងអស់នេះ»។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រចាំកម្ពុជា លោក សន ជ័យ គាំទ្រចំពោះការអំពាវនាវរបស់នាយករដ្ឋមន្ត្រីនេះ ក៏ប៉ុន្តែលោកយល់ថា ការបំបាត់អំពើពុករលួយក្នុងវិស័យសុខាភិបាល និងការពង្រឹងការអនុវត្តប័ណ្ណសមធម៌សម្រាប់ប្រជាជនក្រីក្រ នឹងជួយប្រជាជនឲ្យទទួលបានសេវាសុខភាពប្រកបដោយសមធម៌៖ «មូលនិធិដែលជួយជនក្រីក្រ ដែលហៅថា មូលនិធិសមធម៌ហ្នឹង ត្រូវតែអនុវត្តឲ្យបានទូលំទូលាយ។ ត្រូវមានវិធានការត្រួតពិនិត្យឲ្យបានជាក់លាក់ ដើម្បីធានាប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណ (ប័ណ្ណ) ក្រីក្រ មិនត្រូវបានគិតលុយ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញថា ថវិកាចំណាយលើវិស័យសុខាភិបាលបានកើនឡើងជាងមួយពាន់លានរៀល ក្នុងរយៈពេល ១ឆ្នាំចុងក្រោយ ពី ៨២៥ពាន់លានរៀល នៅឆ្នាំ២០១៤ ដល់ ៩៣២ពាន់លានរៀល នៅឆ្នាំ២០១៥។
នៅក្នុងពិធីបិទសន្និបាតនេះដែរ លោក ហ៊ុន សែន បានប្រកាសបញ្ចូលគ្រូពេទ្យឯកទេសទាំងអស់ជាមន្ត្រីក្របខ័ណ្ឌរដ្ឋ ដោយអាចទទួលបានប្រាក់បៀវត្សពីរដ្ឋាភិបាលចាប់ពីខែមេសា តទៅ៕
No comments:
Post a Comment