ដោយ ម៉ែន សុធីរ
2016-03-02 rfa
...
School of Vice: The worst thing you can do to a people is to deprive them of their sense of security and certainty. Where these basic elements of a stable life are absent, the resulting forces of unease, disharmony, friction, tension, despair and chaos reign supreme and, a state of internal strife, confusion and self-destruction that beset and consume them shall be their inevitable fate and self-inflicted punishment.
...

តំបន់ព្រៃដែលពលរដ្ឋចោទ លោកស្រី ងិន សារី ជួលកម្មករឲ្យកាប់ទន្ទ្រាន ឋិតនៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបថតខែកុម្ភៈ ឆ្នាំ២០១៦ Photo Provided
Photo Provided
ពលរដ្ឋរស់នៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចោទប្រកាន់ឈ្មួញមានឥទ្ធិពលម្នាក់ ថាបានកាប់បំផ្លាញព្រៃសហគមន៍ក្រោមរូបភាពផ្តល់ដីសម្បទានសង្គមកិច្ច ដែលប៉ះពាល់ដីធ្លីអាស្រ័យផលអ្នកភូមិ និងដើមឈើផលិតជ័រទឹករាប់ពាន់ដើម។ អ្នកភូមិអះអាងថា ឈ្មួញមានឥទ្ធិពលម្នាក់នោះ មានមហិច្ឆតាកាប់ឆ្ការដីព្រៃសហគមន៍ ដើម្បីធ្វើអាជីវកម្មរាប់ពាន់ហិកតារ ពុំទាន់មានចំណាត់ការផ្លូវច្បាប់ពីអាជ្ញាធរ និងមន្ត្រីជំនាញឡើយ។ ទន្ទឹមនឹងនេះ គម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់នោះ ពលរដ្ឋពុំទាន់ឃើញមានលិខិតបទដ្ឋានច្បាប់ ដែលរដ្ឋាភិបាលអនុញ្ញាតនៅឡើយទេ។
ពលរដ្ឋ ៩៣គ្រួសាររស់នៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ បារម្ភពីការបាត់បង់ដីធ្លីអាស្រ័យផល ការបាត់បង់ធនធានធម្មជាតិ ជាពិសេសដើមឈើផលិតជ័រទឹករាប់ពាន់ដើម ត្រូវបានគេកាប់បំផ្លាញតាំងពីឆ្នាំ២០១៤។ ការបារម្ភនេះ បន្ទាប់ពីឈ្មួញមានឥទ្ធិពលម្នាក់ឈ្មោះ ងិន សារី បានជួលកម្មករជាច្រើនក្រុម សម្រុកកាប់ឆ្ការដីព្រៃរាប់ពាន់ហិកតារ ដើម្បីហ៊ុមព័ទ្ធដីសហគមន៍ និងប៉ះពាល់ដីធ្លីអាស្រ័យផលអ្នកភូមិជាង ៧០ហិកតារ ដោយសំអាងថា ជាដីសម្បទានសង្គមកិច្ចស្របច្បាប់។
តំណាងពលរដ្ឋ លោក សៀក សែន ចោទប្រកាន់ថា លោកស្រី ងិន សារី គឺជាឈ្មួញចំណាកស្រុកមកពីខេត្តកំពង់ចាម បានបោះស្លាកសញ្ញាសម្គាល់កំណត់ព្រំដីសម្បទានសង្គមកិច្ចនៅចំណុចអូរស៊ីម៉ល់ ទល់នឹងអូរសៀមបូក ឋិតនៅភូមិរំដេង ឃុំចម្ការលើ និងនៅតំបន់ផ្សេងទៀត បង្កផលប៉ះពាល់ដីធ្លីអាស្រ័យផលអ្នកភូមិច្រើនគ្រួសារ និងប៉ះពាល់តំបន់ជម្រកសត្វព្រៃ ជាពិសេសដើមឈើផលិតជ័រទឹករាប់ពាន់ដើម ត្រូវបានគេកាប់បំផ្លាញចោល។ លោកអះអាងថា លោកស្រី ងិន សារី មិនត្រឹមតែកាប់ទន្ទ្រានដីព្រៃក្នុងបរិវេណដីសម្បទានសង្គមកិច្ចនោះទេ ថែមទាំងកាប់ឆ្ការដីព្រៃរានយកដីនៅតំបន់ផ្សេងអស់រាប់ពាន់ហិកតារ ដើម្បីធ្វើអាជីវកម្មដោយគ្មានការទទួលខុសត្រូវ។ លោកបន្តថា អ្នកភូមិធ្លាប់រាយការណ៍ករណីនេះទៅអាជ្ញាធរខេត្តកាលពីឆ្នាំ២០១៥ តែនៅពុំទាន់មានចំណាត់ការនៅឡើយ៖ «រាប់ពាន់មិនមែនតែ ១០ ទៅ ២០ហិកតារទេ។ ដើមធំដើមតូចគេកាប់បំផ្លាញគ្មានសល់មួយទេ លក្ខណៈគ្រួសារគេទាំងអស់ គេគ្មានទុកសត្វជម្រកអីទេ»។
លោក សៀក សែន សម្ដែងការខ្វល់ខ្វាយពីវាសនាដីព្រៃសហគមន៍ ដែលកំពុងរងការរំលោភបំពាននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែបន្តបាត់បង់ដោយពុំមានមន្ត្រីជំនាញ ឬអាជ្ញាធរណាយកចិត្តទុកដាក់ទប់ស្កាត់ឡើយ។ លោកថា មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន មិនត្រឹមតែមិនទប់ស្កាត់ឈ្មួញកាប់ទន្ទ្រានព្រៃឈើប៉ុណ្ណោះទេ ថែមទាំងជួយជ្រោមជ្រែងឲ្យឈ្មួញដំណើរការកាប់ឆ្ការព្រៃយ៉ាងរលូន។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋ ៩៣គ្រួសារកំពុងបាត់បង់ប្រាក់ចំណូលបានពីដើមឈើផលិតជ័រទឹក ឬដើមច្បោះរាប់ពាន់ដើម ត្រូវបានគេកាប់បំផ្លាញ និងដុតកម្ទេចចោល៖ «ប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្តដោយសារច្បោះជ័រទឹកផង ម្យ៉ាងគាត់លោភលន់យកដីប្រជាពលរដ្ឋ។ មានតែដីសម្បទានឯណាក្រៅពីដីសម្បទាន»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងឈ្មួញមានឥទ្ធិពល លោកស្រី ងិន សារី ដើម្បីសុំការឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី១ មីនា។

តំបន់ព្រៃដែលពលរដ្ឋចោទ លោកស្រី ងិន សារី ជួលកម្មករឲ្យកាប់ទន្ទ្រាន ឋិតនៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ រូបថតខែកុម្ភៈ ឆ្នាំ២០១៦ Photo Provided
តំបន់ព្រៃស្រោង ឬព្រៃក្រាស់ ឋិតនៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ក៏ជាផ្នែកមួយនៃព្រៃឡង់ឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង ជាង ៣០គីឡូម៉ែត្រ ពលរដ្ឋរស់នៅទីនោះមានទម្លាប់អាស្រ័យផលធនធានធម្មជាតិ ដូចជា ដងជ័រទឹក បោចវល្លិ រកឃ្មុំ បរបាញ់សត្វ និងបេះបន្លែផ្លែឈើ ជាដើម។
ជុំវិញបញ្ហានេះ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ មានប្រសាសន៍ថា គម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់នោះ រដ្ឋាភិបាលពុំទាន់អនុញ្ញាតនៅឡើយទេ។ លោកថា កន្លងទៅ អភិបាលខេត្តកំពង់ចាម ធ្លាប់ស្នើមកអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ១១៧គ្រួសារនៅខេត្តកំពង់ចាម ដែលមាន លោកស្រី ងិន សារី ជាតំណាង។ បន្ទាប់មក អាជ្ញាធរខេត្តស្ទឹងត្រែង បានយកសំណើនោះដាក់ជូនរដ្ឋាភិបាលរួចហើយ។ លោកបញ្ជាក់ថា មន្ត្រីជំនាញបានចុះទៅស្រាវជ្រាវជុំវិញករណីនេះដែរ ប៉ុន្តែពុំទាន់មានការឆ្លើយតប៖ «កំពុងចំណាត់ការក្តៅ ពីមុនក៏នៅតែចំណាត់ការតាំងពីដើមមក។ ការងារនោះវាធំ ហើយក្រុមការងារធ្វើការច្រើនឃុំ។ យើងកំពុងចំណាត់ការអ្វីៗផ្អែកលើច្បាប់ទាំងអស់»។
កាលពីខែឧសភា ឆ្នាំ២០១៣ លោកស្រី ងិន សារី បានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជូនពលរដ្ឋចំនួន ១១៧គ្រួសារមកពីខេត្តកំពង់ចាម ចំនួន ១.៥០០ហិកតារ។ ក្នុងសំណើនោះ ពលរដ្ឋមួយគ្រួសារទទួលបានដី ៥ហិកតារ ទទឹងទំហំ ៥០ម៉ែត្រ និងបណ្តោយ ១.០០០ម៉ែត្រ។ ចំពោះសំណើនេះ អភិបាលខេត្តកំពង់ចាម បានយកដាក់ជូនអាជ្ញាធរខេត្តស្ទឹងត្រែង។
មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា ការផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរខេត្ត ហាក់លាក់បាំងព័ត៌មានស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន គឺប៉ះពាល់តំបន់ព្រៃស្រោង ប៉ះពាល់ដីចម្ការវិលជុំ និងដីធ្លីអាស្រ័យផលរបស់អ្នកភូមិ ជាដើម។ លើសពីនេះ ការកាប់ទន្ទ្រានដីព្រៃរាប់ពាន់ហិកតារនៅក្រៅបរិវេណគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និងប៉ះពាល់ដីធ្លីអាស្រ័យផលអ្នកភូមិ ក៏ពុំទាន់ឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយពីមន្ត្រីជំនាញនៅឡើយទេ ទោះបីជាឈ្មួញមានឥទ្ធិពលត្រូវបានគេស្គាល់ជាសាធារណៈក្តី។ ចំណែកការចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធកាប់បំផ្លាញព្រៃឈើរបស់អាជ្ញាធរ និងមន្ត្រីជំនាញហាក់មានលក្ខណៈយឺតយ៉ាវ ឬធ្វើឲ្យតែបង្គ្រប់កិច្ច។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូរ សំអុល រកឃើញថា គម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់នោះ អាចមានភាពមិនប្រក្រតីធ្ងន់ធ្ងរបន្ទាប់ពីឈ្មួញបានប្រើប្រាស់លិខិតស្នើសុំដីសម្បទានសង្គមកិច្ចជាមូលដ្ឋាន ជាឈ្នាន់ដើម្បីកាប់រានដីព្រៃរាប់ពាន់ហិកតារធ្វើអាជីវកម្ម និងធ្វើជាកម្មសិទ្ធិឯកជន។ លោកថា ការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ១១៧គ្រួសារមកពីខេត្តកំពង់ចាម ពុំទាន់គ្រប់លក្ខខណ្ឌបទដ្ឋានគតិយុត្តិ ដើម្បីអនុលោមតាមច្បាប់នៅឡើយទេ។ ដូច្នេះ គម្រោងហ៊ុមព័ទ្ធយកដី និងកាប់ឆ្ការព្រៃដើម្បីបែងចែកដីធ្លីជូនពលរដ្ឋរបស់ឈ្មួញ គឺខុសនីតិវិធី។ លោកសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ចស្ដីពីការផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរ ផ្អែកលើអនុក្រឹត្យរដ្ឋាភិបាលមិនគ្រប់ជ្រុងជ្រោយ ដែលតម្រូវឲ្យមានហេដ្ឋារចនាសម្ព័ន្ធ អណ្ដូងទឹក និងវត្តអារាម ជាដើម ដល់ពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចនោះ។ លោកសង្ស័យថា គម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនោះ គឺជាដំណើរការមហិច្ឆតារបស់ឈ្មួញធ្វើអាជីវកម្មកាប់ឆ្ការដីព្រៃរានយកដីជួញដូរ និងធ្វើជាកម្មសិទ្ធិឯកជនច្រើនជាងគម្រោងផ្តល់សម្បទានសង្គមកិច្ចជូនពលរដ្ឋពិតប្រាកដ៖ «ឃើញថាជាក់ស្តែង ក្រុមអាជ្ញាធរចម្រុះគាត់បានទៅស៊ើបអង្កេតឃើញថា ករណីនោះប្រាកដជាមានការកាប់បំផ្លាញរុករានដីព្រៃហើយ តែនៅតែមិនមានចំណាត់ការទៅលើ អ្នកស្រី ងិន សារី នោះទៀត»។
កាលពីចុងឆ្នាំ២០១៥ ពលរដ្ឋចំនួន ៩៣គ្រួសារ បានផ្ដិតមេដៃមកសុំកិច្ចអន្តរាគមន៍ពីមន្ត្រីសមាគមអាដហុក ករណី អ្នកស្រី ងិន សារី បានជួលកម្មករកាប់ឆ្ការព្រៃ និងដើមច្បោះផលិតជ័រទឹករបស់សហគមន៍។ អាជ្ញាធរឃុំចម្ការលើ អះអាងថា រហូតដល់បច្ចុប្បន្ន ពលរដ្ឋបានមករស់នៅជាបណ្ដើរៗនៅតំបន់នោះជាង ៥០ភាគរយក្នុងចំណោមពលរដ្ឋចំនួន ១១៧គ្រួសារ៕
No comments:
Post a Comment