![]() |
លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃដើម្បីដោះស្រាយពីទម្លាប់គ្មានក្រមសីលធម៌នៅក្នុងវិស័យយុត្តិធម៌ កាលពីម្សិលមិញ។
|
រដ្ឋមន្ត្រីទទួលស្គាល់ការធ្លាក់ចុះក្រមសីលធម៌
ppp Fri, 25 March 2016
ម៉ិច ដារ៉ា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា កាលពីម្សិលមិញបានទទួលស្គាល់អំពីការធ្លាក់ចុះនៃក្រមសីលធម៌របស់ចៅក្រម និងព្រះរាជអាជ្ញានៅក្នុងវិស័យយុត្តិធម៌ដែលកំពុងរងការរិះគន់ជាទូទៅ និងបានក្រើនរំឭកមានការផ្លាស់ប្ដូរប៉ុន្តែអ្នកជំនាញច្បាប់បានថ្លែងថាការផ្លាស់ប្តូរមិនអាចកើតឡើងទេលុះត្រាណាតែមានវិធានរឹងមាំមិនមែនគោលការណ៍ណែនាំដែលគ្មានភាពច្បាស់លាស់នោះឡើយ។
ថ្លែងក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃដើម្បីដោះស្រាយពីទម្លាប់គ្មានក្រមសីលធម៌នៅក្នុងវិស័យយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានលើកឡើងថាខណៈសមាជិកមួយចំនួននៅក្នុងវិស័យតុលាការបានប្រព្រឹត្តខ្លួនប្រកបដោយវិជ្ជាជីវៈគឺមាន «អ្នកដទៃទៀតបានភ្លេចពីក្រមសីលធម៌របស់ពួកគេ»។
សិក្ខាសាលាដែលរៀបចំធ្វើឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យផ្អាកការអនុវត្តសាលដីកាតុលាការកំពូល។
លោក វង្សវឌ្ឍានា បានលើកឡើងថាមានករណីខ្លះចៅក្រមលើកទូរស័ព្ទនិយាយក្នុងអំឡុងពេលកាត់ក្តីនិងមិនបានអើពើចំពោះការទទួលខុសត្រូវរបស់ខ្លួនដោយអនុញ្ញាតឲ្យក្រឡាបញ្ជីចេញដីកាដោយគ្មានការពិនិត្យត្រឹមត្រូវ។
លោកបានថ្លែងថា៖ «កត្តាទាំងនេះបានធ្វើឲ្យយុត្តិធម៌កាន់តែខ្សោយជាងមុនហើយយើងកំពុងបាត់បង់ទំនុកចិត្តពីសាធារណជន»។
ខណៈដែលលោក វឌ្ឍានា ថ្លែងថាចៅក្រម «មិនត្រូវប្រព្រឹត្តសកម្មភាពមិនសមស្របណាមួយដែលបំពានច្បាប់ និងសីលធម៌សង្គម» នោះអ្នកជំនាញច្បាប់លោក សុក សំអឿន បានអំពាវនាវឲ្យមានការកំណត់លម្អិតច្បាស់លាស់អំពីសីលធម៌របស់ចៅក្រម។
លោក សំអឿន បានបញ្ជាក់ថាពាក្យចចាមអារ៉ាមបានកើតឡើងជាច្រើនដែលថាសិស្សបានផ្តល់ប្រាក់សំណូកយ៉ាងច្រើនដើម្បីក្លាយជាចៅក្រម។
លោក សំអឿន បានបន្តថា៖ «វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុន្តែរាល់លើកតែងតែមានការនិយាយថាមានសិស្សជាច្រើនបានដាក់ពាក្យប្រឡងចូលធ្វើជាចៅក្រមប៉ុន្តែសិស្សក្រីក្រគ្មានសង្ឃឹមជាប់ទេ»។
លោកបានអំពាវនាវឲ្យមាននូវ «ក្រមសីលធម៌ដែលមានលក្ខណៈច្បាស់លាស់ និងលម្អិត» ដើម្បីលុបបំបាត់អំពើគ្មានសីលធម៌ហើយអំពើដែលគ្មានសីលធម៌ត្រូវដាក់ទោសទណ្ឌដោយច្បាប់។
លោកបន្តថា៖ «វាស្រពេចស្រពិលណាស់ ពួកគេគួរតែបង្កើតនូវយន្តការរឹងមាំមួយ និងតុលាការពិសេសដើម្បីដាក់ទោសទណ្ឌចៅក្រម និងព្រះរាជអាជ្ញា»។
លោក អ៊ីត រ៉ាឌី សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានថ្លែងថា «ការញៀន» នឹងកន្លែងកម្សាន្ត និងការទទួលទានគ្រឿងស្រវឹងខ្លាំងដែលធ្វើឲ្យចៅក្រមមួយចំនួនដេកជ្រុល និងខកខានចូលរួមនៅក្នុងសវនាការ និងអ្នកវិជ្ជាជីវៈច្បាប់ខ្លះត្រូវបានឃើញប្រើសម្តី ឬឥរិយាបថមិនសមរម្យជាមួយដើមបណ្តឹង ឬចុងចោទគឺជាបញ្ហាសំខាន់ដទៃទៀត។
លោកបានថ្លែងថាកាលពីឆ្នាំមុនមានពាក្យបណ្តឹងចំនួន ១០០ ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការ។
ខណៈលោក រ៉ាឌី ហាក់បានបញ្ចៀសមិននិយាយពីសំណួរទាក់ទងសម្ពាធនយោបាយទៅលើតុលាការដោយគ្រាន់តែថា «ឥទ្ធិពលទៅលើខាងនេះ ឬខាងនោះ» គឺ «មិនអាចចៀសរួចទេ» លោក សុក សំអឿន បានចង្អុលទៅកត់ត្រាផ្ទាល់របស់លោក។
លោក សំអឿន បានថ្លែងថា៖ «ខ្ញុំការពារករណីនយោបាយច្រើនណាស់ប៉ុន្តែមិនដែលឈ្នះ។ ប៉ុន្តែ ៨០ ភាគរយនៃករណីឯកជនខ្ញុំឈ្នះ។ ខ្ញុំមិនអាចនិយាយអ្វីអំពីឥទ្ធិពលនយោបាយប៉ុន្តែមានទិន្នន័យប្រភេទនេះ»៕ PS
Erin Handley

1 comment:
HE! Mr Pinhead justice minister, you are the most xenophobic incompetency on the jobs .Your justice ministry department become the most rotten , corrupted to the bone with despicable embarrassing as a none trustful institution, in this wonderful but stupid Kingdom . Money talk right now but not law, did your bastard know about it ? You run this department of justice without fair rule of law . Please look on Khmer poor tears and disarrayed ,That caused a profound grief from your incompetency lead .
Post a Comment