ដោយ យាង សុជាមេត្តា
2016-03-28

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។
RFA/Brach Chev
មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ការថ្លែងនេះ គឺនៅបន្ទាប់ពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សព្វផ្សាយថា រដ្ឋាភិបាលកុម្មុយនីស្តកូរ៉េខាងជើង ទុកពេល ៥ថ្ងៃឲ្យស្ថានទូតបរទេស ជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសនេះ ដែលក្នុងនោះក៏មានកម្ពុជា ផងដែរ។
បើទោះបីជាការប្រកាសរបស់ក្រសួងការបរទេស ថាកំពុងតាមដានស្ថានការណ៍នៅឧបទ្វីបកូរ៉េក្តី ប៉ុន្តែក្រសួងនេះពុំទាន់ទទួលបានព័ត៌មានផ្លូវការជុំវិញរឿងស្នើឲ្យជម្លៀសពលរដ្ឋចេញពីកូរ៉េខាងជើងនៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មានប្រសាសន៍នៅថ្ងៃទី២៨ មីនា ថា រហូតមកទល់ពេលនេះ ក្រសួងការបរទេស ពុំទាន់ទទួលបានព័ត៌មានផ្លូវការណាមួយជុំវិញបញ្ហានេះពីស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងជើង និងខាងត្បូង នៅឡើយ។ លោក ជុំ សុន្ទរី កត់សម្គាល់ដែរថា ព័ត៌មាននៃការស្នើរបស់កូរ៉េខាងជើង ឲ្យស្ថានទូតបរទេសជម្លៀសពលរដ្ឋពេលនេះ ហាក់ភ្ញាក់ផ្អើលតែក្នុងបណ្ដាញសារព័ត៌មានក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា បើមានបញ្ហាដូចនេះមែន ស្ថានទូតខ្មែរនៅប្រទេសកូរ៉េទាំងពីរ ប្រាកដជាផ្តល់ដំណឹងដល់ក្រសួងការបរទេសមិនខានឡើយ។
ទោះបីជាបែបនេះក្តី មន្ត្រីនាំពាក្យរូបនេះឲ្យដឹងថា ក្រសួងការបរទេសនៅបន្តតាមដានសភាពការណ៍នៅឧបទ្វីបកូរ៉េ ដើម្បីចាត់វិធានការការពារសុវត្ថិភាពពលរដ្ឋខ្មែរនៅពេលមានបញ្ហាកើតឡើង ប៉ុន្តែលោកមិនទាន់បញ្ជាក់ថា តើវិធានការអាចមានអ្វីខ្លះនោះឡើយ៖ «ព័ត៌មាននេះផ្អើលតែក្នុងស្រុកខ្មែរយើងទេ បើរឿងនេះមានប្រាកដមែន វាមិនអាចប្រព័ន្ធឃោសនាបរទេសមិនផ្សព្វផ្សាយសោះ។ ខ្ញុំដូចជាមិនជឿតែម្តងថាកូរ៉េខាងជើង មានបញ្ហាដល់ប៉ុណ្ណឹង បញ្ហាធំបំផុតហើយបែរជាប្រព័ន្ធឃោសនាបរទេសអត់មានផ្សាយអីមួយម៉ាត់ ហើយយ៉ាងហោចបំផុត ខ្ញុំជឿថានៅពេលដែលកូរ៉េខាងជើង ប្រាប់ឲ្យស្ថានទូតរៀបចំចេញឲ្យផុតក្នុងពេល ៥ថ្ងៃ ស្ថានទូតយើងនៅកូរ៉េខាងជើង យើងអត់រាយការណ៍។ ខ្ញុំអត់ជឿសោះតែម្តង។ ខ្ញុំខ្លាចក្រែងរឿងហ្នឹងជាព័ត៌មានដែលផ្អើលតែនៅស្រុកខ្មែរប៉ុណ្ណោះ»។
កម្ពុជា បានបញ្ជូនពលករច្រើនពាន់នាក់ទៅធ្វើការជាកម្មករនៅឧបទ្វីបកូរ៉េ ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានកូរ៉េខាងជើង គំរាមវាយប្រហារជាច្រើនដង។
បណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សព្វផ្សាយនៅថ្ងៃទី២៨ មីនា ថា រដ្ឋាភិបាលកូរ៉េខាងជើង ទុកពេល ៥ថ្ងៃឲ្យស្ថានទូតបរទេសរួមទាំងកម្ពុជា ផង ជម្លៀសប្រជាជនចេញពីក្រុងព្យុងយ៉ាង (Pyongyang) ប្រទេសកូរ៉េខាងជើង។ លើសពីនេះ ពួកគេថា ប្រទេសអូស្ត្រាលី និងថៃ កំពុងរៀបចំផែនការជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង ទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ដូចការអះអាងរបស់ លោក ជុំ សុន្ទរី គេនៅមិនទាន់ឃើញបណ្ដាញសារព័ត៌មានធំៗរបស់បរទេសផ្សព្វផ្សាយពីរឿងនេះនៅឡើយ។
សភាពការណ៍នៅឧបទ្វីបកូរ៉េ បានតានតឹងជាថ្មីទៀតក្រោយពីកូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរ (Nuclear) កាលពីខែមករា និងបានបាញ់គ្រាប់មីស៊ីល (Missile) ជាបន្តបន្ទាប់ ដែលទង្វើទាំងអស់នេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការផ្គើនរបស់កូរ៉េខាងជើង និងរំលោភទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលកំហិតមិនឲ្យប្រទេសកុម្មុយនីស្តមួយនេះសាកល្បងអាវុធនុយក្លេអ៊ែរ។ កាលពីពេលថ្មីៗនេះ អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើកូរ៉េខាងជើង ដើម្បីបិទដង្ហើមសេដ្ឋកិច្ច និងលទ្ធភាពរបស់កូរ៉េខាងជើង ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ទណ្ឌកម្មថ្មីនេះ កំពុងធ្វើឲ្យមេដឹកនាំកូរ៉េខាងជើង ក្តៅស្លឹកត្រចៀកជាខ្លាំង។
ទាក់ទងនឹងសន្តិភាពនៅឧបទ្វីបកូរ៉េ នេះ រដ្ឋាភិបាលកម្ពុជា តែងស្នើឲ្យកូរ៉េខាងជើង រក្សាភាពអត់ធ្មត់ និងងាកទៅរកការចរចាជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ចៀសនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលនាំឲ្យមានអសន្តិសុខក្នុងតំបន់។ ជំហររបស់កម្ពុជា នេះ ត្រូវបានបង្ហាញជាថ្មីទៀត នៅពេលរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំកម្ពុជា លោក ហុង គីចុល (Hong Ki Chol) កាលពីថ្ងៃទី១៧ មីនា ក្នុងពេលឯកអគ្គរដ្ឋទូតរូបនេះចូលលា លោក ហោ ណាំហុង គ្រាដែលលោកបញ្ចប់អាណត្តិការងារនៅកម្ពុជា៕
No comments:
Post a Comment