ដោយ ម៉ម មុនីរតន៍
2016-03-09 rfa

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់ជាថ្មីទៀតចំពោះអ្នកនយោបាយដែលមាក់ងាយសញ្ញាប័ត្រក្នុងស្រុកថា ជាសញ្ញាប័ត្រអន់ និងមិនមានគុណភាព។ អង្គការសង្គមស៊ីវិលដែលធ្វើការលើវិស័យអប់រំ យល់ឃើញថា សារនយោបាយរបស់លោក ហ៊ុន សែន ដែលលើកឡើងដូច្នេះ បានន័យថា លោក ហ៊ុន សែន ប្រហែលភ្លេចខ្លួនថា លោកក៏ធ្លាប់មើលស្រាលចំពោះសញ្ញាប័ត្រក្នុងស្រុកដែរ។
ថ្វីបើនៅពេលនេះ លោក ហ៊ុន សែន មិនសំដៅចំឈ្មោះអ្នកនយោបាយដែលលោកចាត់ទុកថា បង្កើតការឈឺចាប់ និងមើលស្រាលពីសញ្ញាប័ត្រក្នុងស្រុក ក៏គេដឹងជាទូទៅហើយថា លោក ហ៊ុន សែន និយាយពីប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួនពីការតាមចាប់ដោយអំណាចដីការបស់តុលាការក្រុងភ្នំពេញ ដែរ។
ប្រមុខរដ្ឋាភិបាលបានអំពាវនាវឲ្យគ្រូបង្រៀនគ្រប់កម្រិត ទាំងថ្នាក់មូលដ្ឋាន និងឧត្ដមសិក្សាត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចៀសវាងការមើលងាយពីអ្នកនយោបាយដែលពេបជ្រាយអ្នកសិក្សាក្នុងស្រុកថា មិនមានគុណភាព ជាពិសេសសញ្ញាប័ត្រដែលទទួលបានមិនអាចយកទៅប្រើប្រាស់បានថែមទៀត។ ការថ្លែងដូចនេះរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់គរុសិស្សនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៩ ខែមីនា។ លោកបន្តថា ការបន្តុះបង្អាប់ដូច្នេះពីអ្នកនយោបាយ ចំពោះសញ្ញាប័ត្រក្នុងស្រុកថាអន់ ទាប គឺបង្កើតការឈឺចាប់បំផុតនៅក្នុងសង្គម៖ «អ្វីដែលជាការមាក់ងាយ ការប្រមាថថាសញ្ញាប័ត្រនៅកម្ពុជា គ្មានតម្លៃ គឺនឹងត្រូវលុបបំបាត់តាមរយៈនៃការខិតខំពង្រឹងគុណភាពរបស់យើង ព្រោះយើងទទួលការប្រមាថយ៉ាងធ្ងន់ពីអ្នកនយោបាយខ្លះថាសញ្ញាប័ត្រនៅក្នុងប្រទេសរបស់យើង ប្រទេសកម្ពុជា គ្មានតម្លៃ»។
កាលពីចុងឆ្នាំ២០១៥ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានរិះគន់ថា សញ្ញាប័ត្រក្នុងស្រុកមិនអាចយកទៅប្រើការបាន។ មិនតែប៉ុណ្ណោះ ពេលរៀនចប់មិនដឹងយកទៅអ្វីកើត។ លោក សម រង្ស៊ី ថា ជាញឹកញាប់ឃើញតែពិធីចែកសញ្ញាប័ត្រព្រោងព្រាត និងយកទៅបិទជញ្ជាំងផ្ទះស្អេកស្កះ តែរកការងារធ្វើមិនបាន។ ជាងនេះទៅទៀតនោះ សញ្ញាប័ត្រនៅកម្ពុជា អត់មានតម្លៃ ហើយប្រព័ន្ធនៃការអប់រំនោះទៀតសោត រឹតតែទន់ខ្សោយថែមទៀតផង។
បើទោះជាបែបណាក៏ដោយ លោកនាយករដ្ឋមន្ត្រីចំអកឲ្យថា អ្នកសិក្សានៅបរទេសខ្លះមិនប្រាកដថា ខ្លាំង ហើយពូកែជាងអ្នកសិក្សានៅក្នុងស្រុកប៉ុន្មាននោះដែរ។ លោក ហ៊ុន សែន ទទួលស្គាល់ថា ការសិក្សានៅក្រៅស្រុកខ្លាំងតែខាងភាសាប៉ុណ្ណោះ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា រឿងភាសានេះកុំថាឡើយមនុស្ស សូម្បីសត្វក៏វាចេះដែរ ហេតុនេះ ពុំមានអ្វីដែលចម្លែកឡើយ។
ដោយឡែក អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យអប់រំវិញ កត់សំគាល់ថា គុណភាពនៃការសិក្សានៅក្នុងស្រុកពិតជាពុំមានស្តង់ដារដែលអាចប្រកួតប្រជែងបាននូវឡើយមែន។ ការរកឃើញរបស់អង្គការមិនមែនរដ្ឋាភិបាលឲ្យដឹងថា សញ្ញាប័ត្រដែលអាចចាត់ទុកថា មានគុណភាពខ្លះៗប្រមាណ ៤០ភាគរយ ក្នុងចំណោមអ្នកបញ្ចប់ការសិក្សា ១ម៉ឺននាក់។
នាយិកាប្រតិបត្តិនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី សង្កេតឃើញថា ប្រព័ន្ធអប់រំនៅកម្ពុជា ពិតជាមិនទាន់មានស្តង់ដារមួយដែលអាចចាត់ទុកថា មានគុណភាពពិតប្រាកដនៅឡើយទេ។ អ្នកស្រីបន្តថា បញ្ហានេះប្រហែលជាលោកនាយករដ្ឋមន្ត្រីភ្លេចហើយ ដែលលោក ហ៊ុន សែន ខ្លួនឯងក៏ធ្លាប់រិះគន់រួចមកហើយដែរ អំពីគុណភាពនៃការសិក្សាមិនទាន់អាចទទួលយកបាន៖ «តាមពិតនាយករដ្ឋមន្ត្រីហ្នឹងធ្លាប់ទទួលស្គាល់សញ្ញាប័ត្រស្រុកខ្មែរ អន់ដែរ កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែក្រែងលោនាយករដ្ឋមន្ត្រីខ្លួនឯងភ្លេចសម្ដីរបស់ខ្លួនឯងមិន ដឹង ព្រោះអីពេលហ្នឹងជ្រើសរើសអាហារូបករណ៍ទៅ រៀននៅក្រៅប្រទេស។ អ៊ីចឹងមនុស្សប្រមាណរយមិនគ្រប់ចំនួនដែលត្រូវបញ្ជូនទៅ។ អ៊ីចឹងនាយករដ្ឋមន្ត្រីខ្លួនឯងប្រកាសថា ហេតុអីឃើញតែសញ្ញាប័ត្រ ហើយសញ្ញាឃើញមិនមាន»។
បើទោះជាលោក ហ៊ុន សែន ថ្លែងការពារគុណភាពអប់រំក្នុងស្រុក និងវាយប្រហារលើអ្នករិះគន់សញ្ញាប័ត្រក្នុងស្រុកក្តី ប៉ុន្តែជាក់ស្ដែងកូនៗរបស់មន្ត្រីកំពូលៗក្នុងជួររដ្ឋាភិបាលមួយចំនួនធំ រាប់ទាំងកូនៗរបស់លោក ហ៊ុន សែន ផង សុទ្ធតែត្រូវបានលោក ហ៊ុន សែន បញ្ជូនឲ្យទៅសិក្សានៅប្រទេសដែលមានគុណភាពអប់រំខ្ពស់ ដូចជាសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអូស្ត្រាលី ជាដើម។
ចំពោះវិស័យអប់រំនៅកម្ពុជា វិញ ថ្វីបើរដ្ឋាភិបាលព្យាយាមធ្វើកំណែទម្រង់ និងជំរុញឲ្យកុមារបានចូលសិក្សា យ៉ាងហោចណាស់ត្រឹមថ្នាក់ទី៩ ក៏បញ្ហានៃការសិក្សានេះ នៅតែជាការប្រឈមនៅឡើយ។ ស្ទើរតែនៅគ្រប់អគារសិក្សារបស់រដ្ឋសព្វថ្ងៃ គឺគ្រូបន្ទុកប្រចាំថ្នាក់នីមួយៗ គិតចាប់ពីថ្នាក់ទីមួយឡើង កូនសិស្សត្រូវបង់ថ្លៃសិក្សាឲ្យគ្រូ ដូចសាលាឯកជនដែរ យ៉ាងតិច ១០ដុល្លារ ក្នុងមួយខែ។ចំនួននេះ នៅមិនគិតការបង់សេវាសម្រាប់កម្មវិធីផ្សេងទៀតនៅឡើយផង៕
No comments:
Post a Comment