ដោយ ម៉ម មុនីរតន៍
2016-02-02 rfa

១៦-មករា-២០១៦៖ តំបន់ការដ្ឋានបំផ្ទុះភ្នំយកថ្ម ឋិតនៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
RFA/Morm Moniroth
ប្រជាពលរដ្ឋប្រកាសជំហរជាថ្មីទៀតថា ពួកគាត់នឹងបិទផ្លូវបន្តទៀតនៅថ្ងៃទី៣ កុម្ភៈ ប្រឆាំងក្រុមហ៊ុន អេច្ឆ.ធី.ខេ (HTK) របស់លោកឧកញ៉ា ហ៊ុន តូ ដែលត្រូវជាក្មួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកភូមិចោទប្រកាន់ថា ក្រុមហ៊ុននេះក្រៅពីរំខានការរស់នៅរបស់អ្នកស្រុកហើយ ថែមទាំងបានបំផ្លាញផ្លូវនៅក្នុងសហគមន៍ថែមទៀតផង។ ចំណែកភាគីតំណាងរបស់ក្រុមហ៊ុន អេច្ឆ.ធី.ខេ បដិសេធក្នុងការបកស្រាយជុំវិញការចោទប្រកាន់នេះ។
តំណាងប្រជាពលរដ្ឋបានអះអាងថា ពួកគាត់សម្រេចបន្ទន់ឥរិយាបថក្នុងរយៈពេលខ្លី ក្រោយពីការចរចាមិនទទួលបានផលរួចមក ក៏ប៉ុន្តែ នេះពុំមែនបានន័យថា បោះបង់គោលជំហរបិទផ្លូវចោលឡើយ។
អ្នកភូមិនិយាយថា ការសម្រេចដកថយមួយជំហាននៅពេលនេះ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន ចេញមុខតតាំងជាមួយអ្នកភូមិ ឈានចូលដល់ថ្ងៃទីពីរនៃការបិទផ្លូវនេះ។
លោកស្រី ម៉ី ភួង រស់នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ប្រជាពលរដ្ឋសម្រេចបិទផ្លូវប្រឆាំងក្រុមហ៊ុន អេច្ឆ.ធី.ខេ នេះពីរថ្ងៃមកហើយ ក៏ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយ។ លោកស្រីបន្ថែមថា មូលហេតុដែលពលរដ្ឋបិទផ្លូវមិនឲ្យអ្នកដំណើរឆ្លងកាត់នេះ ដោយសារដីហុយបណ្ដាលមកពីរថយន្តដឹកថ្ម ហើយបណ្ដាលឲ្យផ្លូវត្រូវខូចខាត។ ម្យ៉ាងវិញទៀត អ្វីដែលអ្នកភូមិទាមទារនៅពេលនេះ គឺស្នើឲ្យក្រុមហ៊ុនធ្វើផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង ដើម្បីបញ្ចៀសការហុយដី។ លើសពីនេះទៀត លោកស្រី ម៉ី ភួង ព្រមានថា បើគ្មានជម្រើសទេ នៅថ្ងៃទី៣ កុម្ភៈ ពលរដ្ឋនឹងបិទផ្លូវជាថ្មីទៀត មិនឲ្យរថយន្តរបស់ក្រុមហ៊ុន អេច្ឆ.ធី.ខេ ឆ្លងកាត់ឡើយ រួមទាំងអ្នកដំណើរផង។ លោកស្រីបន្តថា «រឿងកិច្ចការខាងក្រុមហ៊ុនគេឥតធ្វើទេ។ គេឲ្យរដ្ឋាភិបាលធ្វើ ហើយប្រជាពលរដ្ឋថាបើសិនក្រុមហ៊ុនឥតធ្វើទេ គឺបិទផ្លូវហើយ។ គេពន្យារមួយថ្ងៃនេះទៀត ស្អែកៗហ្នឹងគេដាក់បង្គោលដាក់អីហើយ»។
បើទោះជាបែបណា អភិបាលស្រុកសំរោងទង លោក ស៊ីម រតនៈ បញ្ជាក់ថា កិច្ចប្រជុំត្រីភាគីកាលពីព្រឹកថ្ងៃទី២ កុម្ភៈ គឺភាគីក្រុមហ៊ុនច្រានចោលការទាមទាររបស់អ្នកភូមិ ដែលចង់បានផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់មកពី ១០ភូមិ ចំណុះឲ្យស្រុកចំនួនពីរ គឺក្នុងស្រុកសំរោងទង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបិទផ្លូវតាំងពីថ្ងៃទី១ កុម្ភៈ មកម្ល៉េះ។
ប្រជាពលរដ្ឋចោទប្រកាន់ថា ក្រុមហ៊ុន អេច្ឆ.ធី.ខេ ដែលតំណាងក្រុមហ៊ុនបានអះអាងថា ម្ចាស់វិនិយោគ គឺលោក ហ៊ុន តូ ក្មួយប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យខូចផ្លូវដែលអ្នកភូមិប្រើប្រាស់ និងមានដីហុយរាល់ថ្ងៃ។
យ៉ាងនេះក្តី តំណាងក្រុមហ៊ុន អេច្ឆ.ធី.ខេ លោក ម៉ែន ចន្ថា បដិសេធក្នុងការឆ្លើយតបចំពោះការចោទប្រកាន់នេះ ដោយអះអាងយ៉ាងខ្លីថា លោកពុំមែនជាអ្នកបម្រើការឲ្យក្រុមហ៊ុន អេច្ឆ.ធី.ខេ នេះទេ។
ពាក់ព័ន្ធនឹងវិវាទនេះ ភាគីក្រុមហ៊ុន អេច្ឆ.ធី.ខេ លោក តាន់ ឃុន បានបំភ្លឺកាលពីពាក់កណ្ដាលខែមករា ថា ក្រុមហ៊ុនមានចម្ងាយពីរោងម៉ាស៊ីនកិនថ្មមកផ្លូវជាតិប្រហែល ៧គីឡូម៉ែត្រ។ ម្យ៉ាងវិញទៀត ខាងក្រុមហ៊ុនបានថែទាំ ជួសជុលផ្លូវ និងស្រោចទឹកជាប្រចាំមិនឲ្យហុយធូលី និងកម្ទេចថ្ម ដែលនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅតាមដងផ្លូវឡើយ។ បន្ថែមពីលើនេះទៀត បើក្រុមហ៊ុនប្រព្រឹត្តខុសពីបទដ្ឋានបច្ចេកទេសរបស់ក្រសួង ក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះមុខច្បាប់។
អភិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ស៊ីម រតនៈ ថ្លែងថា ការដោះស្រាយចំពោះមុខនៅពេលនេះ គឺស្នើឲ្យពលរដ្ឋបើកផ្លូវ ដើម្បីឲ្យអ្នកដំណើរឆ្លងកាត់សិន។ លោកបន្ថែមថា ជំហានបន្ទាប់ គឺអាជ្ញាធរពាក់ព័ន្ធ នឹងដោះស្រាយជាមួយភាគីក្រុមហ៊ុនជាថ្មីម្ដងទៀត ដើម្បីរកច្រកចេញ។ លោកបន្តថា «រឿងហ្នឹងយើងមានតែទៅពិភាក្សាគ្នាជាមួយក្រុមហ៊ុន ដើម្បីសិក្សារកលទ្ធភាពណាមួយជួយដោះស្រាយប្រជាពលរដ្ឋដែលរងផលប៉ះពាល់»។
ក្នុងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន អេច្ឆ.ធី.ខេ ដែលបានបំភ្លឺកាលពីពាក់កណ្ដាលខែមករា បញ្ជាក់ថា ក្រុមហ៊ុននេះបានសុំសិទ្ធិធ្វើអាជីវកម្មការដ្ឋានថ្មចាប់តាំងពីខែមិថុនា ឆ្នាំ២០០៨។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននេះបានផ្តល់កម្លាំងពលកម្មឲ្យពលរដ្ឋនៅក្នុងសហគមន៍ប្រចាំខែពី ៣០នាក់ទៅ ៤០នាក់ ដែលជាកូនរបស់អ្នកភូមិថែមទៀតផង។
ប្រជាពលរដ្ឋអះអាងថា សំខាន់ពួកគាត់ចង់ឲ្យក្រុមហ៊ុនដែលបំផ្ទុះភ្នំយកថ្មនៅភ្នំស្រីស្រណោះ ធ្វើផ្លូវកៅស៊ូ ឬចាក់បេតុង។ ការព្យាយាមស្រោចទឹកដើម្បីបញ្ចៀសការហុយដី វាពុំមែនជាជម្រើសល្អប្រសើរឡើយ។ បើទោះជាបែបណា ភាគីខាងក្រុមហ៊ុន បានបដិសេធថា ខ្លួនពុំមានលទ្ធភាពធ្វើផ្លូវចាក់កៅស៊ូ ឬបេតុងនោះទេ។
បច្ចុប្បន្ន មានភ្នំជាច្រើននៅក្នុងស្រុកសំរោងទង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានឈ្មួញធ្វើអាជីវកម្ម ដោយបំផ្ទុះភ្នំយកថ្មជារៀងរាល់ថ្ងៃ។ ភ្នំខ្លះ បានរាបស្ទើរដល់បាតដី ហើយភ្នំខ្លះទៀត កំពុងដំណើរការ។ អ្នកជំនាញបរិស្ថានរបស់អង្គការមិនមែនរដ្ឋាភិបាល យល់ឃើញថា ប្រទេសកម្ពុជា នឹងប្រឈមមុខការរាំងស្ងួត និងរដូវភ្លៀងលែងទៀងទាត់ បន្ទាប់ពីរ៉ែ បឹងបួ និងព្រៃឈើ ស្ទើរបាត់បង់អស់ទៅហើយនោះក្នុងដំណាក់កាលចុងក្រោយនេះ៕
1 comment:
i always wonder: to what happen to all those so-called powerful spirits which protected the mountains and forests... it seems that these spirits never have any problem causing sickness to the little people : for example, for cutting wood without permission or saying something bad while passing through the area ; but it appears that owner of company which is destroying their forest or mountain, is immune to these spirits' power . Or is it possible that these spirits are now corrupted and taking bribe ? :)
Post a Comment