A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 11 February 2016

ក្រុម​អ្នក​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​អះអាង​ថា​ដី​នៅ​តំបន់​ថ្ម៣ដុំ​មិន​បាត់បង់​ទេ


ដោយ ម៉ម មុនីរតន៍ rfa
2016-02-10

ច្រក​ព្រំដែន​ទឹក​របស់​វៀតណាម នៅ​ក្បែរ​បង្គោល​ឡាក់​លេខ ២៦០ ស្ថិត​នៅ​ចំណុច​ព្រែក ប៉ុល សារឿន ចូល​ទៅ​តំបន់​ថ្ម៣ដុំ ក្នុង​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Morm Moniroth                  

ច្រក​ព្រំដែន​ទឹក​របស់​វៀតណាម នៅ​ក្បែរ​បង្គោល​ឡាក់​លេខ ២៦០ ស្ថិត​នៅ​ចំណុច​ព្រែក ប៉ុល សារឿន ចូល​ទៅ​តំបន់​ថ្ម៣ដុំ ក្នុង​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥
RFA/Morm Moniroth

ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ផ្អែក​លើ​ការ​សិក្សា​ដោយ​ផ្ទាល់ ដី​នៅ​ចំណុច​ថ្ម៣ដុំ ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ភូមិសាស្ត្រ​ខេត្ត​តាកែវ មិន​បាត់បង់​ទេ។ ផ្ទុយ​ពី​នេះ​វិញ អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​យល់​ឃើញ​ថា ការ​សិក្សា​នេះ​អាច​រាប់​បាន​ថា ជា​ការ​សិក្សា​សម្រាប់​ប្រថាប់​ត្រា និង​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។

មក​ដល់​ពេល​នេះ ដី​មាន​ជម្លោះ​ជាប់​ព្រំដែន​កម្ពុជា-​វៀតណាម ស្ថិត​នៅ​ទីតាំង​ថ្ម៣ដុំ ក្នុង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ បាន​ក្លាយ​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ និង​អ្នក​ពិនិត្យ​កិច្ចការ​ព្រំដែន​ខ្មែរ។

លោក​បណ្ឌិត​ សុខ ទូច និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា តាម​ពិត​ដី​នៅ​តំបន់​ថ្ម៣ដុំ មិន​បាន​បាត់បង់​ទៅ​វៀតណាម ដូច​ការ​រក​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​ទេ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ទីតាំង​នៅ​ថ្ម៣ដុំ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ ពលរដ្ឋ​ខ្មែរ​គ្រប់រូប​នៅ​តែ​អាច​ចេញ​ចូល និង​ពិនិត្យ​ព្រំដែន​ត្រង់​ទីតាំង​នេះ​បាន​ដោយ​សេរី៖ «»។



ផ្ទុយ​ពី​ការ​ថ្លែង​នេះ លោក សុខ រឿន មេ​ឃុំ​កំពង់ក្រសាំង របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​ថា ដី​នៅ​ថ្ម៣ដុំ ពិត​ជា​បាន​បាត់​មែន។ លោក​បញ្ជាក់​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ថា តាម​ពិត​ដី​នៅ​បរិវេណ​ថ្ម៣ដុំ ត្រូវ​បាន​វៀតណាម គ្រប់គ្រង​បាន​ដី​ក្នុង​ចំណែក​ថ្ម​២ដុំ រួច​ទៅ​ហើយ​នៅ​ពេល​នេះ។

ស្រប​ពេល​នៃ​ការ​ថ្លែង​នេះ លោក សុខ ទូច ទទួល​ស្គាល់​ថា បើ​ពិនិត្យ​លើ​ទីតាំង​ថ្ម៣ដុំ រក​ឃើញ​ថា ខ្សែបន្ទាត់​ព្រំដែន បាន​រត់​កាត់​ចំណែក​ដី ថ្ម២ដុំ ចូល​ទៅ​ក្នុង​អធិបតេយ្យ​របស់​វៀតណាម​មែន។យ៉ាង​នេះ​ក្ដី លោក សុខ ទូច បញ្ជាក់​ថា ថ្វី​បើ​មើល​ឃើញ​ដូច​នេះ​មែន ក៏ប៉ុន្តែ​ដី​នៅ​ចំណុច​ថ្ម៣ដុំ នៅ​តែ​ជា​របស់​កម្ពុជា ព្រោះ​មាន​ភស្តុតាង​ជា​ច្រើន ដូច​ជា​ឈ្មោះ​ភូមិ ឬ ឃុំ ផ្សារ និង ច្រក​ជាដើម ដែល​បញ្ជាក់​ថា ជា​របស់​កម្ពុជា។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ដូច​នេះ​របស់​លោក​បណ្ឌិត សុខ ទូច ក្ដី ក៏ប៉ុន្តែ​សម្រាប់​អ្នក​ឃ្លាំមើល​ព្រំដែន​វិញ​យល់​ឃើញ​ថា ធាតុ​ពិត​នៅ​ទីតាំង​ថ្ម៣ដុំ​នេះ គឺ​សមត្ថកិច្ច​រឹត​បន្តឹង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង ដូច​ជា​មិន​អនុញ្ញាត​ឲ្យ​រូប​លោក​ទៅ​ក្នុង​បរិវេណ​ថ្ម៣ដុំ កុំ​ថា​ឡើយ​ចូល​ទៅ​ដល់​ថ្ម៣ដុំ ដោយ​ផ្ទាល់។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​ចុះ​សិក្សា​ដោយ​ផ្ទាល់​លើ​ទីតាំង​ចំណុច​ថ្ម៣ដុំ ចាត់​ទុក​ថា មូលហេតុ​ដែល​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា អាច​ចេញចូល​ដោយ​សេរី រហូត​បាន​ឈរ​លើ​ថ្ម៣ដុំ បាន​ថែម​ទៀត​នោះ វា​ពុំ​មែន​ជា​អ្វី​ដែល​ចម្លែក​​នោះ​ឡើយ។ លោក​ថ្លែង​ថា ការ​ចុះ​សិក្សា​នេះ អាច​រាប់​បាន​ថា មាន​ការ​សម្របសម្រួល​រួច​ទៅ​ហើយ ហេតុ​នេះ​ទោះ​ចង់​មិន​ចង់ គឺ​សន្តិសុខ និង​លទ្ធភាព​ក្នុង​ការ​ត្រួតពិនិត្យ​មាន​ភាព​ងាយស្រួល​បែប​នេះ។ ម្យ៉ាង​វិញ​ទៀត លោក កែម ឡី អះអាង​ថា ថ្វី​បើ​ការ​រក​ឃើញ​របស់​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​របស់​រាជបណ្ឌិត្យសភា ថា​មិន​មាន​ការ​បាត់បង់ ក៏ប៉ុន្តែ​ទីតាំង​ថ្ម៣ដុំ​នេះ ហាក់​បាន​បាត់​រួច​ទៅ​ហើយ ព្រោះ​តំបន់​នោះ ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​អាច​ចេញ​ចូល​បាន​ដោយ​ងាយ​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក កែម ឡី រិះគន់​ថា ការ​ចុះ​សិក្សា​ស្រាវជ្រាវ​នេះ គឺ​ជា​ការ​បង្គ្រប់​កិច្ច និង​ប៉ះប៉ូវ​ភាព​ខុស​ឆ្គង​ក្នុង​រឿង​ព្រំដែន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «»។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ជម្លោះ​ព្រំដែន ត្រង់​ចំណុច​ដី​ថ្ម៣ដុំ ពី​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​ពុំ​អាច​ហៅ​ចូល​បាន។

កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ​នេះ អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ បាន​ព្រមាន​វ៉ៃ​ខ្នោះ​ដៃ និង​រហូត​ព្រមាន​ចាប់​ដាក់​គុក​ថែម​ទៀង​ផង ចំពោះ​អ្នក​ណា​ដែល​ចូល​ទឹកដី​ខេត្ត​តាកែវ ហើយ​និយាយ​​ថា ដី​នៅ​ថ្ម៣ដុំ ត្រូវ​ធ្លាក់​ទៅ​លើ​វៀតណាម គ្រប់គ្រង​វិញ។ ដី​នៅ​ចំណុច​ថ្ម៣ដុំ ដែល​ជាប់​នឹង​ខេត្ត​អានយ៉ាង (An Dang) ប្រទេស​វៀតណាម នេះ គឺ​ស្ថិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ២៦៦ និង ២៦៧។

លោក សុខ ទូច ​មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​តែ​អាច​ចេញចូល និង​ត្រួតពិនិត្យ​ព្រំដែន​ដោយ​ពុំ​មាន​ការ​ហាមប្រាម ជាពិសេស​នៅ​ចំណុច​ថ្ម៣ដុំ។ លើស​ពី​នេះ​ទៀត លោក សុខ ទូច ចាត់​ទុក​ថា រឿង​ព្រំដែន​គឺ​ជា​រឿង​អាយុ​ជីវិត​របស់​ជាតិ ពោល​គឺ​ពុំ​មែន​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​បក្ស​នយោបាយ​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត ការ​រឹត​បន្តឹង​ក្រុម​ណា​មួយ​ដែល​ពិនិត្យ​ព្រំដែន​ក្រៅ​ពី​មន្ត្រី​រដ្ឋាភិបាល គឺ​ជា​រឿង​ដែល​ចម្លែក ព្រោះ​បង្គោល​ព្រំដែន​ស្ថិត​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា។

បើ​ទោះ​ជា​បែប​​នេះ​ក៏ដោយ​ចុះ សម្រាប់​លោក កែម ឡី វិញ អះអាង​ថា ដី​នៅ​ចំណុច​ថ្ម៣ដុំ កម្ពុជា​នៅ​​តែ​ពុំ​អាច​មាន​សិទ្ធិ​គ្រប់គ្រង​បាន​ដដែល ព្រោះ​នៅ​ជុំវិញ​បរិវេណ​ដី​ថ្ម៣ដុំ​នេះ ត្រូវ​គេ​ចាត់​ទុក​ថា ជា​តំបន់​ស​រួច​ទៅ​ហើយ។ ហេតុ​នេះ កម្ពុជា​នៅ​តែ​បាត់បង់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ដី​នៅ​បរិវេណ​ថ្ម៣ដុំ​នេះ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​មើល​ឃើញ​ថា ជា​របស់​កម្ពុជា នៅ​ពេល​នេះ នោះ​គ្រាន់​តែ​ជា​រូបភាព​ខាង​ក្រៅ​ប៉ុណ្ណោះ៕

No comments: