A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 12 February 2016

លោក កឹម សុខា ថា​នឹង​មិន​ចេញ​ទៅ​ក្រៅ​ប្រទេស​ទោះ​បី​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក


ដោយ ថា កិត្យា
2016-02-11 rfa

កឹម សុខា ២០១៦ ៨៥៥
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​ស្ដីទី​បក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ពេញ​ចេញ​ពី​សួរ​សុខទុក្ខ មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ទាំង​១៥​នាក់ នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Rann Samnang


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា លោក​នឹង​មិន​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ ទោះ​បី​ជា​មាន​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អ្នក​គាំទ្រ​បក្ស​កាន់​អំណាច​ក្ដី។

ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ត្រៀម​ធ្វើ​បាតុកម្ម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​អាមេរិក នោះ ទាំង លោក ហ៊ុន សែន និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ផង បាន​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កម្ពុជា វិញ​ជា​បន្តបន្ទាប់​ដែរ។ បើ​ទោះ​ជា​យ៉ាង​ណា ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ជំហរ​ម៉ឺងម៉ាត់ ដើម្បី​ការពារ​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​សុវត្ថិភាព។

បើ​ទោះ​បី​ជា​មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា ការ​ព្រមាន​របស់​មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​តែង​តែ​កើត​ឡើង​យ៉ាង​មាន​ប្រសិទ្ធភាព​ក្តី ក៏​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាត់បង់​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដោយសារ​បាតុកម្ម​របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ម្តង​ហើយ​នោះ នៅ​តែ​រក្សា​ជំហរ​មិន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ឡើយ ទោះ​បី​ជា​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់ធ្ងរ​ជាង​មុន​ក្តី៖ «ខ្ញុំ​មាន​ទៅ​ណា ខ្ញុំ​ធ្វើ​ការ​នៅ​ទីនេះ ខ្ញុំ​នៅ​ស្រុក​ខ្មែរ»។



ការ​អះអាង​របស់ លោក កឹម សុខា នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ចេញ​ពី​សួរ​សុខ​ទុក្ខ​មន្ត្រី និង​សកម្មជន​របស់​ខ្លួន​ទាំង ១៥​នាក់​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ។ លោក កឹម សុខា ដែល​ហាក់​ដូចជា​ប្រញាប់ប្រញាល់​ឡើង​រថយន្ត មិន​ចង់​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​នោះ ក៏​បញ្ជាក់​ដែរ​ថា ស្ថានភាព​អ្នក​ជាប់​ពន្ធនាគារ​នោះ កំពុង​ជួប​បញ្ហា​សុខភាព​ខ្លះៗ តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​ពួក​គេ​នៅ​តែ​មាន​ស្មារតី​ធម្មតា និង​ផ្ដាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ចូលរួម​ចុះ​ឈ្មោះ និង​ទៅ​បោះ​ឆ្នោត​ដើម្បី​ការ​ផ្លាស់ប្ដូរ។

និយាយ​ពី​បញ្ហា​បាតុកម្ម មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឆ្លើយ​ថា មិន​មាន​ការ​ព្រួយ​បារម្ភ​ឡើយ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ច្បាស់​ហើយ​ថា គ្មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹង​ជួប​គ្នា​តាម​ការ​ណាត់​នៅ​ចុង​ខែ​កុម្ភៈ ដើម្បី​ប្រើ​វប្បធម៌​សន្ទនា​ដោះស្រាយ​បញ្ហា​នយោបាយ៖ «ខ្ញុំ​ជឿ​ថា បញ្ហា​នយោបាយ​អាច​ដោះស្រាយ​បាន ព្រោះ​ប្រទេស​ដែល​គេ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ គឺ​គេ​យក​វប្បធម៌​សន្ទនា​នេះ​ជា​ស្នូល និង​ជា​បេះដូង»។

ថ្មីៗ​នេះ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នក​គាំទ្រ​ផង​នោះ សុទ្ធតែ​បាន​ព្រមាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កម្ពុជា វិញ ប្រសិន​បើ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់ លោក ហ៊ុន សែន ដែល​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១៥-១៦ កុម្ភៈ នៅ​សាន់នីឡេនដ៍ (Sunnylands) ទីក្រុង​រេនឆូ ម៉ារ៉ាហ្ស (Rancho Mirage) រដ្ឋ​កាលីហ្វ័រញ៉ា (California)។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់​ដែល​ប្រើប្រាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ សាំង សុង បាន​និយាយ​នៅ​ក្នុង​វីដេអូ​ឃ្លិប​ជាង ៩​នាទី ហើយ​ឃើញ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ថា នឹង​ធ្វើ​បាតុកម្ម​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចោល ប្រសិន​បើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​អាមេរិក នៅ​តែ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ បុរស​រូប​នោះ ក៏​បាន​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​ធ្វើ​បាតុកម្ម​ជាច្រើន​លើក​ច្រើន​សា នាំ​ឲ្យ​ខូច​ទ្រព្យ​សម្បតិ្ត និង​សន្តិសុខ​សង្គម ដោយ​មិន​ដែល​ទទួល​ស្គាល់​ទង្វើ​របស់​ខ្លួន​ឡើយ។ ដូចនេះ បាតុកម្ម​របស់​អ្នក​គាំទ្រ​រដ្ឋាភិបាល​នេះ វា​ក៏​មិន​មែន​ជា​ការ​បញ្ជា និង​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ដែរ៖ «ហេតុ​អ្វី​បាន​ជា​ត្រូវ​រំលាយ​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​មក​មិន​បាន​សង្គ្រោះ​អ្វី​នោះ​ទេ គឺ​មាន​តែ​ធ្វើ​ឲ្យ​ប្រជាជន​រងគ្រោះ»។

ចំពោះ​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា លោក​មិន​ដឹង​ថា អ្នក​ប្រកាស​នោះ​ជា​អ្នក​ណា មាន​សមាសភាព​អ្វី​ពិត​ប្រាកដ​ឡើយ ហើយ​ការ​ប្រកាស​តាម​ហ្វេសប៊ុក​នោះ ក៏​មិន​អាច​យក​ជា​ការ​បាន​ដែរ៖ «យើង​មាន​ច្បាប់​បោះ​ឆ្នោត មាន​ច្បាប់​គណបក្ស​នយោបាយ ហើយ​ការ​រំលាយ​គណបក្ស​ណា​មួយ​នោះ លុះត្រា​តែ​យើង​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ទើប​បាន មិន​អាច​ចេះ​តែ​ថា​បាន​ទេ»។

លោក សុខ ឥសាន លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក មិន​គួរ​ធ្វើ​បាតុកម្ម​ប្រឆាំង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ភ្ញៀវ​ផ្លូវ​ការ​របស់​ប្រធានាធិបតី​អាមេរិក នោះ​ទេ។ លោក​បញ្ជាក់​ដែរ​ថា ប្រសិន​បើ​អ្នក​ទាំង​នោះ​នៅ​តែ​ប្រកាន់​សិទ្ធិ​តវ៉ា​មិន​ព្រម​បញ្ឈប់ ហើយ​រក​ឃើញ​ថា មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំង​នោះ ដូច្នេះ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កម្ពុជា ក៏​មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដូច​គ្នា​ដែរ។

ទោះ​ជា​ដូច្នេះ​ក្តី ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង លោក ទូច វិបុល បញ្ជាក់​ហើយ​ថា លោក​មិន​បោះបង់ និង​មិន​រា​ថយ​ចំពោះ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង លោក ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បញ្ឈប់​ការ​ចាប់​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ដាក់​ពន្ធនាគារ។ លោក​អះអាង​ថា មិន​មែន​ជា​សកម្មជន​បក្ស​ប្រឆាំង​ទេ។

កន្លង​មក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ដោយ​អំពាវនាវ​អាជ្ញាធរ​គ្រប់​ខេត្ត-ក្រុង​ទាំងអស់ ពង្រឹង​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ឥស្សរជន​នយោបាយ​គ្រប់​និន្នាការ និង​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន ដើម្បី​កុំ​ឲ្យ​មាន​ការ​ធ្វេសប្រហែស​ឆក​ល្វែង បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​ករណី​វាយ​តប់​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ឲ្យ​រង​របួស​ធ្ងន់ ក្នុង​ថ្ងៃ​ដែល​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​បាតុកម្ម​ទម្លាក់ លោក កឹម សុខា នៅ​មុខ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា លិខិត​នេះ​នៅ​តែ​ឋិត​ជា​ធរមាន​នៅ​ឡើយ។ លោក​បន្ត​ថា ជា​គោលការណ៍ ក្រសួង​មហាផ្ទៃ បាន​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ដើម្បី​ខិតខំ​ការពារ​បរិយាកាស​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ឲ្យ​បាន​ល្អ ហើយ​ក៏​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​សហការ និង​ជៀសវាង​ការ​ផ្គើន​ដាក់​គ្នា​ពេល​ធ្វើ​បាតុកម្ម៖ «បាន​សេចក្តី​ថា បើ​មាន​បញ្ហា​ស្អី​ឡើង​ហើយ យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​នាំ​គ្នា​យក​ទឹក​ទៅ​ចាក់​លើ​ភ្លើង កុំ​ឲ្យ​បន្ថែម​ភ្លើង»។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ហាក់​ពុំ​សូវ​សង្ឃឹម​លើ​ចំណាត់​ការ​ការពារ​របស់​អាជ្ញាធរ ថា​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយសារ​ពួក​គេ​តែង​តែ​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​មាន​ការ​ទាក់ទិន​ជាមួយ​គណបក្ស​កាន់​អំណាច​នេះ គឺ​ពុំ​ត្រឹមត្រូវ​ឡើយ ហើយ​អាជ្ញាធរ​គួរ​ហៅ​បុគ្គល​នោះ​មក​សួរ​នាំ​អំពី​បំណង​មិន​ល្អ​នោះ។ លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ដែល​អ្នក​គាំទ្រ លោក ហ៊ុន សែន ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឆ្លើយ​តប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក នោះ គឺ​មិន​មែន​មាន​ន័យ​ថា លើក​តម្កើង​សេរីភាព​នៃ​ការ​ជួប​ជុំ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ទង្វើ​ប្រឆាំង​នឹង​សេរីភាព​នៃ​ការ​ជួប​ជុំ៖ «គេ​ធ្វើ​អី​ក៏​បាន​ដែរ កាល​ណា​យើង​នៅ​ក្នុង​អំណាច យើង​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​នឹង​គេ យើង​វាយ​គេ​ហើយ យើង​រួច​ខ្លួន។ យើង​គំរាម​កំហែង​គេ​ហើយ​យើង​រួច​ខ្លួន។ យើង​ប្ដឹង​គេ​ចាប់​ដាក់​គុក ចេះ​តែ​ធ្វើ​ទៅ​រួច​ទៅ​បាន​ហើយ ប៉ុន្តែ​សកម្មភាព​ទាំង​នេះ ត្រូវ​បាន​គេ​ថ្កោលទោស និង​កត់ត្រា​នៅ​ក្នុង​របាយការណ៍​នៃ​ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​នយោបាយ ទៅ​លើ​សកម្មជន​នយោបាយ ទៅ​លើ​ប្រជាពលរដ្ឋ​ហើយ។ សកម្មភាព​ទាំងអស់​នេះ គឺ​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស»។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Brad Adams) លោក ប្រ៊ែដ អាដាម បាន​លើក​ឡើង​ថា កង​កម្លាំង​របស់ លោក ហ៊ុន សែន ធ្លាប់​វាយ និង​បាញ់​សម្លាប់​អ្នក​តវ៉ា​នា​ពេល​កន្លង​ទៅ។ ហេតុ​នេះ ការ​គំរាម​អ្នក​ប្រឆាំង ជា​រឿង​ដែល​អាច​ជឿ​ទុក​ចិត្ត និង​ព្រួយ​បារម្ភ។ លោក ប្រ៊ែដ អាដាម ក៏​សំណូមពរ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គួរ​តែ​ដាក់​សម្ពាធ​ទៅ លោក ហ៊ុន សែន ឲ្យ​បញ្ចប់​រាល់​អំពើ​ហិង្សា និង​ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ចំពោះ​អ្នក​តវ៉ា​ដោយ​សន្តិវិធី និង​ដោះ​លែង​អ្នក​ទោស​នយោបាយ៕

1 comment:

Anonymous said...

How far this Khmer traitor Hun Sen will go at suppressing Khmer people?

1- We don't know how many thousands of Khmer people that Hun Sen had killed in order to prove to his master Yuon that he will be a true faithful slave.

2- After losing the 1993 election, he had threatened to split Cambodia so that he could keep his master Yuon happy and kept him in power.

3- The 1998 coup d'Ertat to seize the total control of power.

4- the creation of the 2005 supplemental treaty with Vietnam.

5- The electoral frauds, the violent suppression on innocent people.

6- Now the threat to destroy the CNRP, etc...

It is apparent that this monster Hun Sen has been getting away with all the crimes that he committed.

Naturally, every story has its ending. So, this evil Hun Sen's story might be approaching....