០៩ កុម្ភៈ ២០១៦ - ភាពយល់ច្បាស់ពី គុណតម្លៃរបស់មនុស្ស!
YP Facebook |
ក្នុងការរៀបចំសង្គមមួយដែលយើងចង់បាន គឺត្រូវចាប់ផ្ដើមពីការរៀបចំអប់រំមនុស្ស ដែលជាសមាជិកនៃ សង្គមនោះ។ ដូច្នេះគេត្រូវគិតដល់លក្ខណៈសម្បត្តិរបស់មនុស្ស ដែលជាកត្តាធ្វើឲ្យកើតទៅជារដ្ឋទំនើប ជឿនលឿនល្បីល្បាញ ទាំងវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ គឺដោយសារមនុស្សដែលមានតម្លៃ សីលធម៌ថ្លៃថ្នូរល្អ ឧត្តមគតិស្នេហាជាតិពិត មោទនភាពជាតិពិត ពោលគឺការផ្ដល់តម្លៃដល់មនុស្ស ឧត្តមភាពរបស់មនុស្ស។
គោលដៅធំនៃជីវិត ពុំមែនត្រឹមតែទ្រឹស្ដីចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពចូលរួមដោះស្រាយបញ្ហា និងកសាងសង្គមថ្លៃថ្នូរជាកត្តាខានពុំបាន។ ដំណើរការនៃការរៀបចំសង្គម ទៅតាមលំដាប់លំដោយ ច្បាស់លាស់ ដែលពលរដ្ឋថ្លៃថ្នូរគ្រប់រូបខិតខំប្រឹងប្រែងអនុវត្ត ដើម្បីធ្វើឲ្យមានការរីកចម្រើនកាន់តែ ប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការអភិវឌ្ឍន៍ខ្លួនយើងផ្នែក បេះដូង ចិត្ត មនោគតិ សីលធម៌ គុណធម៌ ដោយមិនត្រឹមតែគិតពីប្រយោជន៍ផ្ទាល់ខ្លួន តែមានការគិតជួយផ្ដល់នូវការរីកចម្រើនដល់អ្នកដ៏ទៃ ដល់សង្គម ហើយដើម្បីឲ្យមនុស្សមានសុជីវធម៌ សីលធម៌ គុណធម៌ គឺចាប់ផ្តើមពីការអប់រំ…
ពលរដ្ឋថ្លៃថ្នូរដែលកើតមានពីការអប់រំតាមរយៈ គ្រួសារ សាលា សាសនា និងសង្គម យល់ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការចូលរួមសកម្មភាព ជាជាងមានការភ័យខ្លាច ឈរមើល ស្ដីបន្ទោសបន្ថែមលើអ្នកធ្វើហើយដែលរងគ្រោះយ៉ាងអយុត្តិធម៌ ពីព្រោះភាពជោគជ័យ កសាងបានសង្គមដែលយើងចង់បាន ជាតិរឹងមាំ សង្គមសីលធម៌ សង្គមយុត្តិធម៌ សង្គមប្រជាធិបតេយ្យសេរី មិនកើតឡើងដោយចៃដន្យទេ។
Yem Pohearith
No comments:
Post a Comment