គ្រូនិងសិស្សមួយចំនួននៅភ្នំពេញមិនមកសាលាក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម
ដោយ ប្រាជ្ញ ចេវ
2016-02-08 rfa
វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
គ្រូ និងសិស្សមួយចំនួននៅភ្នំពេញ មិនសូវមកសាលាក្នុងថ្ងៃបុណ្យចូលឆ្នាំចិន-វៀតណាម ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នេះ មិនមែនជាថ្ងៃបុណ្យជាតិដែលត្រូវឈប់សម្រាកទេ។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បដិសេធថា សិស្សមករៀនធម្មតា ហើយគ្រូក៏មកបង្រៀនតាមម៉ោងសិក្សាធម្មតាដែរ។
នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នេះ គ្រូ និងសិស្សនៅសាលាមួយចំនួន ចោទគ្នាទៅវិញទៅមកថា គ្មានគ្រូមកបង្រៀនទេនៅថ្ងៃទី៨ កុម្ភៈ ប៉ុន្តែលោកគ្រូអ្នកគ្រូឆ្លើយតបវិញថា គ្រូមកបង្រៀនធម្មតា សិស្សឯណោះទេមិនមករៀន ឬរៀនបានមួយម៉ោង ក៏នាំគ្នាគេចម៉ោងសិក្សាអស់។
និស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មួយរូប ឲ្យដឹងនៅក្នុងបន្ទប់រៀនរបស់លោកថា ក្នុងចំណោមនិស្សិតក្នុងថ្នាក់ទាំងអស់មានសិស្សមករៀនប្រហែលជាង ៣០ភាគរយ។ និស្សិតដដែលបន្តថា អ្នកដែលមិនបានមករៀន ភាគច្រើនជាប់ទៅសែនបុណ្យចូលឆ្នាំចិន និងដើរលំហែតាមជាយក្រុង ឬតាមខេត្ត៖ «គេទៅលេងផ្ទះ ចឹងហើយអ្នកមកយឺត សាលាគេមិនឲ្យឈប់ទេ ប៉ុន្តែនិស្សិតឈប់ខ្លួនឯង»។
ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែចាប់ពីថ្ងៃទី៧ ដែលអ្នកជាប់សែស្រឡាយចិន-វៀតណាម ធ្វើពិធីសែនព្រេននោះ នៅតាមផ្លូវនានាពុំសូវមានឡានម៉ូតូធ្វើដំណើរដូចថ្ងៃធម្មតាទេ។ នៅតាមសាលារដ្ឋមួយចំនួនពីសាលាបឋមសិក្សា ដល់សាកលវិទ្យាល័យ នៅពេលព្រឹកឃើញសិស្សមករៀនធម្មតា ប៉ុន្តែចាប់ពីចន្លោះម៉ោង៨ ម៉ោង ៩ព្រឹក ចំនួនសិស្សថយចុះ។
ចំណែក លោកគ្រូ ឈាង សុវណ្ណ គ្រូបង្រៀនសាលាសន្ធរម៉ុក លើកឡើងវិញថា ថ្ងៃទី៨ កុម្ភៈ នេះ លោកបង្រៀនសិស្ស ប៉ុន្តែគ្មានសិស្សមករៀនទេ។ លោកបន្តថា ម៉ោងទី១ មានសិស្សរៀនច្រើនគួរសម ប៉ុន្តែចាប់ពីម៉ោងទី២ ឡើងទៅ បាត់សិស្សរហូតអស់ពីថ្នាក់៖ «សិស្សខ្លួនឯងសុំឈប់ខ្លួនឯង ថ្ងៃនេះខ្ញុំមកបង្រៀនសិស្ស ប៉ុន្តែសិស្សគាត់អត់មករៀនខ្លួនឯងគាត់»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ប្រាប់ថា របាយការណ៍បឋមដែលក្រសួងទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដំណើរការធម្មតា ហើយសិស្ស និងគ្រូមកសាលាដូចថ្ងៃធម្មតាដែរ។ ទោះបែបនេះក្តីលោកថា ប្រសិនបើរកឃើញសិស្សមិនមករៀន ឬគ្រូមិនមកបង្រៀន ពួកគេនឹងទទួលទណ្ឌកម្មវិន័យរដ្ឋបាលតាមគោលការណ៍សាលានីមួយៗ៖ «សាលារៀនរបស់រដ្ឋបើកបង្រៀនធម្មតា គ្រូមកបង្រៀនធម្មតា ទៅតាមកាលវិភាគបានកំណត់»។
តាមរយៈការសាកសួរ សិស្សដែលមិនមករៀនគឺជាប់សែស្រឡាយចិន-វៀតណាម ចំណែកអ្នកផ្សេងទៀត គេឈប់តាមគ្នា។
ទោះបែបនេះក្តី សិស្សម្នាក់នៃសាលាបឋមសិក្សាសន្ធរម៉ុក ឲ្យដឹងថា តាមកាលវិភាគ ត្រូវរៀនបួនម៉ោង ប៉ុន្តែបានរៀនតែមួយម៉ោងទេ ព្រោះគ្រូអត់បានមកបង្រៀនទេ។ លោកស្នើទៅលោកគ្រូអ្នកគ្រូ ប្រសិនបើមិនបង្រៀន គួរប្រាប់សិស្សឲ្យដឹងមុន ជៀសវាងសិស្សមកសាលា ប៉ុន្តែគ្មានគ្រូបង្រៀន៖ «គ្រូចូលបង្រៀនបានមួយទេ ព្រោះគ្រូផ្សេងទៀតអត់មកសាលា។ ខ្ញុំស្នើឲ្យលោកគ្រូអ្នកគ្រូ ផ្តល់ដំណឹងដល់សិស្ស បើអត់មកបង្រៀន ឬរកគ្រូមកជំនួស បើមិនបានមកបង្រៀន»។
លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតដែលមកសាលាមួយចំនួន ស្នើទៅក្រសួងអប់រំ មានវិធានការជាក់លាក់លើអ្នកមិនមកសាលាក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាម និងស្នើឲ្យមានកម្មវិធីប្រឡងសំខាន់ៗ ឬប្រឡងឆមាសនៅក្នុងថ្ងៃនោះតែម្តង៕
No comments:
Post a Comment