ppp Mon, 11 January 2016
![]() |
| ព្រះសង្ឃ និងពុទ្ធបរិស័ទឈប់សម្រាកនៅតាមផ្លូវខណៈហែកឋិនទៅវត្តមួយនៅខេត្តតាកែវកាលពីឆ្នាំ ២០១២។ហុង មិនា |
ព្រះពុទ្ធសាសនាត្រូវបានពលរដ្ឋខ្មែរភាគច្រើនគោរពលើកតម្កើង និងចាត់ទុកជាទីសក្ការបូជាស្មើជីវិត។ សិទ្ធិនៃការគោរពបូជានេះត្រូវបានការពារដោយរដ្ឋធម្មនុញ្ញថាជាសាសនារបស់រដ្ឋ។ ព្រះសង្ឃជាអ្នកទ្រទ្រង់ផ្ទាល់ និងមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព្រះធម៌វិន័យរបស់ព្រះពុទ្ធ។
ព្រះសង្ឃមានពីរប្រភេទគឺសម្មតិសង្ឃ និងអរិយសង្ឃ។ សម្មតិសង្ឃបានដល់សង្ឃសន្មតពោលគឺបុថុជ្ជនដែលមិនទាន់បានរម្ងាប់កិលេសអស់នៅឡើយហើយបានចូលសាងផ្នួសប្រកបជីវិតជាអ្នកបួស និងបដិបត្តិធម៌ឲ្យអស់កិលេស។ អរិយសង្ឃគឺសង្ឃដែលបានបដិបត្តិរំលត់អស់កិលេសទាំងពួងជាបុគ្គលមានគុណធម៌សម្រាប់ពុទ្ធបរិស័ទបូជាតែក្នុងសម័យនេះកម្រនឹងមានអរិយសង្ឃណាស់។
ព្រះពុទ្ធសាសនាបានចាក់ប្ញសយ៉ាងជ្រៅទៅក្នុងសង្គមខ្មែរជាលក្ខណៈជាតិសហគមន៍ និងបុគ្គល។ កាលពីអតីតកាលព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំខ្មែរ និងជួយទ្រទ្រង់វប្បធម៌អក្សរសាស្ត្រជាតិ។ ព្រះសង្ឃជាសរណៈទីបីបន្ទាប់ពីព្រះពុទ្ធ និងព្រះធម៌។
សង្ឃំ សរណំ គច្ឆាមិ មានន័យថាព្រះសង្ឃជាទីពឹងទីរឭក និងជាកោះត្រើយជីវិតរបស់ពុទ្ធសាសនិក។ ពេលណាមានទុក្ខវិបត្តិឈឺថ្កាត់អាសន្នអន់ក្រ ពុទ្ធសាសនិកខ្មែរតែងរត់រកវត្តអារាម និងរកព្រះសង្ឃជួយសង្គ្រោះ។
ព្រះសង្ឃនាអតីតកាលទៀតសោតត្រូវបានចាត់ទុកជាបុគ្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាឧត្តមភេទពីព្រះមហាក្សត្រមន្ត្រី និងពលរដ្ឋសាមញ្ញដោយសារតែព្រះសង្ឃបានប្រព្រឹត្តខ្លួនជាអ្នកប្រតិបត្តិទ្រទ្រង់គុណធម៌លំដាប់ខ្ពស់ទ្រទ្រង់ធម៌វិន័យរបស់ព្រះពុទ្ធមានជីវិតបរិសុទ្ធសមជាទីពឹងដ៏ប្រសើររបស់បរិស័ទត្រូវនឹងនាមថាព្រះសង្ឃកំពង់សត្វ។ ពាក្យថាកំពង់គឺកំពង់ទឹកជាទីសំចតនៃទូកក្ដារទាំងឡាយក្នុងន័យព្រះសង្ឃជាទីពឹងរបស់បរិស័ទ។
ដោយសារឥទ្ធិពលនៃតម្លៃរបស់ព្រះសង្ឃខ្មែរពីអតីតកាលផងដោយសារតែគោលគំនិតពុទ្ធសាសនាបានដក់យ៉ាងជ្រៅក្នុងផ្នត់គំនិតខ្មែរហើយបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងវប្បធម៌ និងសង្គមខ្មែរគ្រប់ស្រទាប់វណ្ណៈផង និងដោយសារតែទម្លាប់គោរពបូជាដោយជំនឿពីបុរាណមកផងធ្វើឲ្យវណ្ណៈសង្ឃក្លាយជាវណ្ណៈមួយដែលមិនអាចប៉ះពាល់បានបើទោះបីជាកាលពីសម័យព្រះពុទ្ធគង់នៅព្រះអង្គបានចំណាយពេលមួយជីវិតដើម្បីលុបបំបាត់វណ្ណៈសង្គមចេញពីសង្គមឥណ្ឌាក៏ដោយ។
គេមានជំនឿយ៉ាងមុតមាំតាមរយៈការប្រដៅរបស់ព្រះសង្ឃថាមានតែការធ្វើបុណ្យជាមួយអ្នកមានសីល ឬនិយាយឲ្យចំគឺជាមួយព្រះសង្ឃទេទើបបានបុណ្យច្រើនរាប់ពាន់អត្តភាពមានន័យថាធ្វើបុណ្យជាមួយអ្នកមានសីល (ព្រះសង្ឃ) សូម្បីបន្តិចបន្តួចក៏ដោយ ក៏បានបុណ្យច្រើនរាប់ពាន់ដងជាងការធ្វើបុណ្យយ៉ាងសន្ធឹកសន្ធាប់ជាមួយជនក្រីក្រដែលគ្មានទ្រង់ស្បង់លម្អសីលដូចព្រះសង្ឃ និងធម្មាចារ្យ។
ការប្រដៅដូច្នេះផ្ទុយស្រឡះពីអ្វីដែលព្រះពុទ្ធបានបង្រៀន។ ទ្រង់បានបង្រៀនឲ្យមនុស្សមានមេត្តាចំពោះមនុស្សសត្វទូទៅក្នុងលោកហើយព្រះអង្គផ្ទាល់ក៏មានព្រះទ័យប្រកបដោយមហាករុណាអាណិតអាសូរសព្វសត្វដោយគ្មានរើសអើង។
ទ្រង់សម្ដែងតែរឿងធ្វើបុណ្យប្រកបដោយបញ្ញាមានន័យថាបើធ្វើបុណ្យ ឬបូជាចំពោះបុគ្គលទុច្ចរិតនោះមានន័យថាយើងឧបត្ថម្ភគាំទ្រឲ្យបុគ្គលពាលបន្ដសកម្មភាពទុច្ចរិតរបស់គេ។ ក្នុងន័យនេះក៏មិនបានន័យថាមិនឲ្យបូជាព្រះសង្ឃដែរតែបូជាព្រះសង្ឃមិនមែនព្រោះចង់បានបុណ្យរយពាន់អត្ដភាពឡើយតែធ្វើព្រោះឃើញព្រះសង្ឃដែលជាបុគ្គលប្រកបដោយសីលពិតប្រាកដប្រព្រឹត្ដខ្លួនជាប្រយោជន៍ដល់បរិស័ទ និងសង្គមលោកខ្វះខាតគឺឧបត្ថម្ភព្រះសង្ឃក្នុងបំណងតែមួយគត់គឺដើម្បីលោកបានបន្ដកិច្ចការសង្គ្រោះមនុស្សទូទៅ។
ទន្ទឹមគ្នានេះគឺព្រះសង្ឃគ្រប់អង្គក៏គួរយល់ផងដែរថាបើកាលណាខ្លួនមិនបដិបត្ដិតាមលំអានព្រះពុទ្ធសមគួរឲ្យគេបូជាទេនោះមុខជាដាច់ចង្ហាន់មិនខានហើយសូមមេត្ដាកុំរាលដាលថាគេចង់បំផ្លាញព្រះពុទ្ធសាសនា។ អ្នកធ្វើដូច្នេះគឺក្នុងចេតនាតែមួយគត់គឺមិនចិញ្ចឹមបុគ្គលពាលជ្រកក្រោមស្លាកសាសនាមិនមែនបំផ្លាញពុទ្ធសាសនាឡើយ។ គណៈសង្ឃមិនមែនបង្កើតមកដើម្បីជាទម្ងន់ដល់បរិស័ទឡើយតែគឺដើម្បីជាប្រយោជន៍សម្រាលទម្ងន់អ្នកស្រុក។
តើអ្នកដែលកត់សម្គាល់ទេថាតើការធ្វើពិធីបុណ្យរបស់ខ្មែរសព្វថ្ងៃនេះជាទម្ងន់ដល់ខ្មែរ? នាំគ្នាធ្វើពិធីយូរៗកាន់តែធ្ងន់ទៅៗនឹងរឿងអស់ប្រាក់កាសលើពិធីផងធ្ងន់រឿងបច្ច័យបូជាផង និងធ្ងន់ខ្លាំងបំផុតគឺធ្ងន់ក្បាលបរិស័ទទៅជាលែងរវល់គិតគូរពីសុខទុក្ខក្នុងជីវិតពេលបច្ចុប្បន្នអស់រលីង។ តើអ្នកធ្លាប់ដែលឮប៉ុន្មានដងថាយាយៗសង់សាលាធ្វើផ្លូវជីកអណ្ដូងទឹកជាដើម? តើធ្លាប់ឮប៉ុន្មានដងថាយាយៗជិះយន្ដហោះទៅយកបុណ្យនៅឥណ្ឌា? ព្រះពុទ្ធបង្រៀនឲ្យមនុស្សស្ដើងស្រាលកិលេសផ្ទុយទៅវិញគេបែរមុខចេញពីភាពល្ងង់ខ្លៅ និងភាពក្រខ្សត់របស់ជនរួមឈាមទៅវិញ។ តើគួរឲ្យគិតទេថានេះហើយជាហេតុផលដែលព្រះពុទ្ធត្រាស់សម្ដែងថាគឺភិក្ខុ ភិក្ខុនីឧបាសក ឧបាសិកា ក្នុងសំណាក់ពុទ្ធសាសនាតែម្ដងដែលជាអ្នកធ្វើឲ្យព្រះធម៌រលាយន័យ?
ការលើកតម្កើងរបស់អ្វីមួយហួសពីតម្លៃពិតបង្កើតបានជាឱកាសដល់បុគ្គលទុច្ចរិតឆ្លៀតចូលមកបន្លំយកសាសនាជារបររកស៊ីបិទបាំងអំពើបោកប្រាស់បរិស័ទហើយសម្ងំសោយសុខនៅក្នុងម្លប់ស្បង់របស់ព្រះសង្ឃសាវ័កពិតប្រាកដ។ ក្រុមនេះកំពុងធ្វើសកម្មភាពយ៉ាងសកម្មដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ពលរដ្ឋក្នុងចំនួនមិនតិចទេ។ អ្នកទាំងនោះមិនមែនជាអ្នកបួសបន្លំទេជាអ្នកបួសស្របច្បាប់តែជាគេយកភាពស្របច្បាប់មកបិទបាំងការបោកប្រាស់របស់គេ។ អ្នកបួសទាំងនោះភាគច្រើនបានរៀនសូត្រមានចំណេះដឹងខ្ពស់តែជាប់ក្នុងលាភសក្ការៈកិត្តិយស និងភាពល្បីល្បាញ។
សព្វថ្ងៃនេះការសាកសួរដេញដោលសួររកការពន្យល់ហេតុផលពីអ្វីដែលគេបានសម្ដែងច្រើនត្រូវបានចោទប្រកាន់ថាជាទមិឡឥតសាសនាដែលមិនជឿលើបុណ្យបាបគឺមុខជាគេចោទថាប្រមាថមើលងាយសាសនាដែលជាសក្ការវត្ថុរបស់ខ្មែរមិនខាន។ ការធ្វើដូច្នេះជាទង្វើខុសចាកពីរបៀបដែលព្រះពុទ្ធបានបង្រៀនព្រោះកាលពីព្រះអង្គគង់ព្រះជន្មទ្រង់តែងលើកទឹកចិត្តឲ្យមានធម្មសាកច្ឆាគឺការជជែកដេញដោលធម៌មិនមែនប្រើអាជ្ញាសង្កត់មិនអនុញ្ញាតឲ្យអ្នកដទៃសួរដេញដោលរកហេតុផលឡើយ។
ព្រះសម្មាសម្ពុទ្ធបង្រៀនសច្ចធម៌ទ្រង់បើកបង្ហាញរាល់របស់ដែលផ្កាប់ទាំងឡាយគឺបើកបង្ហាញការពិតដោយអ្នកសិក្សាម្នាក់ៗរៀនចេះត្រិះរិះពិចារណា និងចេះបែងចែកត្រូវចេញពីខុស។ ទ្រង់មិនគាំទ្រការឱបក្រសោបស៊ុមគ្រលុំបិទបាំងកំហុសឡើយព្រោះនោះហើយជាធម៌នាំមកនូវក្ដីវិនាស។ ចំណែកការប្រដៅរបស់ព្រះសង្ឃមួយចំនួនធំសព្វថ្ងៃមិនបានបុកចំសេចក្តីត្រូវការរបស់សង្គមដែលកំពុងមានបញ្ហារយជំពូកទេតែបែរជាប្រមូលកម្លាំង និងទ្រព្យសម្បត្តិរបស់បរិស័ទទៅធ្វើជណ្តើរឡើងឋានសួគ៌ជាតិក្រោយទៅវិញ។
ការសម្ដែងធម៌ដូច្នេះមិនមែនជាការបង្រៀនខ្មែរឲ្យចេះធ្វើអំពើល្អទេតែជាការដឹកឲ្យខ្មែរកាន់តែអាត្មានិយមទៅៗដោយយល់ថាទាល់តែមានប្រាក់ទើបធ្វើបុណ្យកើត។ តើការធ្វើសេចក្ដីល្អចាំទាល់តែមានលុយទើបធ្វើកើតឬ? បើបែបនោះមែនជនក្រីក្រទាំងឡាយដែលគ្មានប្រាក់ធ្វើពិធីបុណ្យមិនកាន់តែក្របន្ដទៀតឬ? នេះគឺជាការធ្វើជំនួញបុណ្យដើម្បីប្រយោជន៍ផ្ទាល់ខ្លួនសុទ្ធសាធ។ មានអ្នកបួសមួយក្រុមទៀតតាមទីជនបទដែលភាគច្រើនចូលបួសមិនមែនដោយសារពាល់អរិយសច្ចៈទីមួយថាជីវិតជាទុក្ខឡើយ។
ដោយមិនបានសិក្សារៀនសូត្រច្រើនដោយគ្រាន់តែស្តាប់ព្រះសង្ឃល្បីៗមានឋានៈធំព្រះសង្ឃទាំងនោះក៏ចម្លងធ្វើតាមដោយទេសនាផ្អែមពីរោះដូចព្រះសង្ឃ និងគ្រូធម្មាចារ្យល្បីៗទាំងនោះព្រោះចង់ល្បី និងបានលាភសក្ការៈដែរ។ ក្នុងពុទ្ធសម័យព្រះពុទ្ធទ្រង់បានហៅអ្នកបួសដែលបដិបត្តិមិនត្រឹមត្រូវតាមធម៌វិន័យចិញ្ចឹមជីវិតដោយមិនបរិសុទ្ធថាជាប្រេត ឬមហាចោរក្នុងសាសនា។
ព្រះសង្ឃដែលជាស្រែបុណ្យពិតប្រាកដមកសាងផ្នួសប្រកបដោយគុណសម្បត្តិយ៉ាងហោចបួន ១ ) ជាបុគ្គលពាល់អរិយសច្ចៈទីមួយត្រូវគឺជីវិតជាទុក្ខ ២ ) មានចិត្តមេត្តាពេញដោយក្តីអាណិតស្រឡាញ់ និងចង់តែជួយសត្វលោក ៣ ) មានចិត្តស្ងប់ដោយការបដិបត្ដិធម៌ហើយចេញមកចែករំលែកសេចក្តីសុខស្ងប់ដល់សត្វលោកដទៃ ៤ ) ភាពចាស់ទុំក្នុងជីវិតគឺមានលំនឹងចិត្តអាចផ្ដល់ពាក្យពេចន៍ប្រកបដោយការយល់ដឹងមានជម្រៅ និងមានគ្រប់រសជាតិនៃជីវិតជាដំបូន្មានដល់ជនដទៃ។ មានគុណសម្បត្តិទាំងនេះក៏នៅមិនទាន់សមនឹងទទួលបាននូវការគោរពដែរលុះត្រាតែយកគុណសម្បត្តិទាំងនោះមកជាប្រយោជន៍ដល់សត្វលោកថែមទៀត។
ព្រះសង្ឃដែលគួរបូជាត្រូវប្រកបដោយគុណធម៌ទាំងឡាយរួមមាន៖ ករុណាគុណមានចិត្តអាណិតអាសូរសព្វសត្វ។ ចូលរួមភាគទានដល់សង្គមតាមសមត្ថភាពក្នុងភាពជាសង្ឃ។ មិនត្រូវបួសយករួចខ្លួនហើយសម្ងំយកសុខតែក្នុងវត្ត។ បញ្ញាគុណព្រះសង្ឃត្រូវមានវិជ្ជាសម្បទាបំណិនសម្បទា និងចរិយាសម្បទាប៉ុន្តែត្រូវតែមានទ្រព្យសម្បត្តិស្តួចស្តើង៕
អន្ទិត ឆោម ច័ន្ទឆាយា

No comments:
Post a Comment