ppp Thu, 14 January 2016
ឡាយ សាមាន
![]() |
| ទំនប់ដនសាហុងនៅឡាវដែលគ្រោងធ្វើវារីអគ្គិសនី។ រូបថត សហការី |
(((
School of Vice: All the Mekong states - from China to Vietnam - are about as unconscionable as each other as to the economic and ecological consequences of their exclusive elites' wanton corporate greed in the name of economic development and energy generation. Perhaps, the long term negative impact affecting down stream countries and their impoverished populations in particular will prove to be a positive catalyst for political and radical change after all given the context of international indifference and local political repression under these authoritarian states.
)))
ភ្នំពេញៈ ប្រទេសចំនួនបីរួមមានកម្ពុជា ថៃ និងវៀតណាមដែលជាសមាជិកគណៈកម្មការទន្លេមេគង្គស្នើឲ្យភាគីប្រទេសឡាវគួរសិក្សាពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីដនសាហុងមុននឹងចាប់ផ្តើមសាងសង់គម្រោងនោះនៅចុងឆ្នាំ ២០១៦ ខណៈដែលប្រទេសទាំងបីនេះមានការព្រួយបារម្ភថាអាចមានផលប៉ះពាល់ច្រើនជាពិសេសការផ្លាស់ទីត្រី និងប៉ះពាល់ធនធានធម្មជាតិផ្សេងទៀតបើសិនគម្រោងនោះលេចជារូបរាង។
ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី ២២ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយប្រទេសដៃគូអភិវឌ្ឍន៍លើកទី ២០ នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់កាលពីម្សិលមិញអគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាលោក តែ ណាវុធ ថ្លែងប្រាប់អ្នកសារព័ត៌មានថាអ្វីដែលសំខាន់ប្រទេសទាំងបួនរួមមានកម្ពុជា ថៃ វៀតណាម និងឡាវគឺមានអាងទន្លេរួមគ្នាដូច្នេះប្រទេសនីមួយៗត្រូវពិចារណាក្នុងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពមុននឹងធ្វើអ្វីមួយ។
លោកបន្តថា ចំណែកកម្ពុជា និងប្រទេសផ្សេងទៀតនៅតែរក្សាជំហរស្នើឲ្យភាគីឡាវសិក្សាពីផលប៉ះពាល់ឆ្លងដែនស្តីអំពីបរិស្ថាន សេដ្ឋកិច្ច និងសង្គមផ្នែកខាងក្រោមនៃទំនប់វារីអគ្គសនីដនសាហុង។
លោកថ្លែងថា «យន្តការនៃការឯកភាពគ្នាមុននឹងសម្រេចចិត្តណាមួយ (គោលការណ៍ឯកភាពគ្នាជាឯកច្ឆន្ទ) បើប្រទេសណាមួយជំទាស់ការងារនោះនឹងមិនសម្រេចបានទេ»។ «ខ្ញុំចង់និយាយថាទំនប់វារីអគ្គិសនីដនសាហុងនេះគឺថាកម្ពុជា ថៃ វៀតណាម ស្នើឲ្យឡាវសិក្សាបន្ថែមស្តីពីផលប៉ះពាល់ឲ្យច្បាស់ដើម្បីជម្រាបជូនបងប្អូនប្រជាពលរដ្ឋយើងក៏ប៉ុន្តែភាគីឡាវគាត់មិនឯកភាពគាត់ថាគម្រោងនោះមិនមានផលប៉ះពាល់អីទេហើយភាគីឡាវមិនធ្វើតាម»។
បើតាមន្ត្រីជាន់ខ្ពស់រូបនេះភាគីឡាវបានឆ្លើយតបថាការសាងសង់ទំនប់វារីអគ្គិសនីសានសាហុងជាអធិបតេយ្យ និងសិទ្ធិក្នុងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន។
យ៉ាងនេះក្តី លោកថា ដោយភាគីឡាវមិនទទួលយកអនុសាសន៍តាមការស្នើគឺខាងគណៈកម្មការនៃប្រទេសទាំងបីនឹងបញ្ជូនការងារនេះទៅរដ្ឋាភិបាលដើម្បីផ្តល់យោបល់ និងសម្រេច។
លោក តែ ណាវុធ ឲ្យដឹងថាតាមការសិក្សាកន្លងមកប្រសិនបើប្រទេសឡាវនៅតែបន្តសាងសង់ទំនប់វារីអគ្គិសនីពិតមែន និងបង្កផលប៉ះពាល់ដល់ជលផលមានការថយចុះជាពិសេសប៉ះពាល់ដល់សត្វផ្សោតតាមដងទន្លេដែលជាសត្វកម្រ និងអាចឈានដល់ដាច់ពូជ។
ជាមួយគ្នានោះដែររដ្ឋមន្ត្រីជាន់ខ្ពស់ប្រទេសវៀតណាមបានថ្លែងនៅក្នុងវេទិកាដោយស្នើឲ្យគណៈកម្មការទន្លេមេគង្គពិនិត្យ និងកែសម្រួលនូវគម្រោងវារីអគ្គិសនីនានាដើម្បីលើកកម្ពស់ប្រសិទ្ធភាព ផលប្រយោជន៍ និងការគ្រប់គ្រងនៅក្នុងអាងទន្លេ។
នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក ឈិត សំអាត ធ្លាប់ថ្លែងថា «យើងមានការព្រួយបារម្ភប្រសិនបើឡាវនៅតែជម្នះសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ព្រោះទំនប់មួយនេះមានចម្ងាយតែពីរគីឡូម៉ែត្រពីព្រំដែនកម្ពុជាដូច្នេះផលប៉ះពាល់នឹងមានច្រើនចំពោះប្រទេស កម្ពុជា ពីការបាត់បង់ជីវៈចម្រុះ រាំងខ្ចប់ដំណើរត្រីដែលប៉ះពាល់ដល់ប្រជាជនកម្ពុជាជាង ៦ លាននាក់»។
គម្រោងវារីអគ្គសនីដនសាហុងដែលបានគ្រោងឡើងគឺស្ថិតនៅលើតួទន្លេនៃទន្លេមេគង្គនៅក្នុងតំបន់ស៊ីផាន់ដនភាគខាងត្បូងប្រទេស ឡាវ នៅជិត ២ គីឡូម៉ែត្រខាងលើខ្សែទឹកនៃព្រំដែនឡាវ-កម្ពុជា។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់មានការឆ្លើយជាវិជ្ជមានពីភាគីឡាវនៅឡើយទេ៕

No comments:
Post a Comment