ចំនួនអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅតែកើនឡើង
ដោយ អ៊ុំ រង្សី
2016-01-23
របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ឆ្លងតាមការអនុវត្តរយៈពេល ២០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ករណីធ្ងន់ធ្ងរ នៅតែបន្តកើតមាន ដែលបានជំរុញឲ្យមានកំណើនជនរងគ្រោះ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីខែមុន។ សង្គមស៊ីវិលធ្វើការទាក់ទងចរាចរណ៍នៅតែជំរុញឲ្យសមត្ថកិច្ចត្រូវរឹតបន្តឹងមូលហេតុសំខាន់ៗនៃគ្រោះថ្នាក់ ចរាចរណ៍បន្តទៀត។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា រយៈពេល ២០ថ្ងៃនេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៣១នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែធ្នូ ដែលមានចំនួន ១០៥នាក់ មានន័យថាកើនចំនួន ២៦នាក់ ស្មើ ២៥%។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា អ្នករបួស មានចំនួន ៤៨៧ នាក់បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែធ្នូ ដែលមានតែអ្នករបួស ៣៩៩ នាក់ ហើយចំនួននេះកើន ៨៨ នាក់ ស្មើ ២២% បើទោះបីជាចំនួនករណីគ្រោះថ្នាក់ថយចុះ ៣៣លើក ស្មើ ១៣%។
របាយការណ៍នេះ ត្រូវបានបង្ហាញឡើង នៅក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែ មករា។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោក រុន រ័ត្នវាសនា បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ មករា ថា មូលហេតុដែលបណ្ដាលឲ្យមានចំនួនអ្នកស្លាប់ នឹងអ្នករបួសកើនឡើង បើទោះជាសមត្ថកិច្ច បានដំណើរការច្បាប់ចរាចរណ៍ថ្មីក៏ដោយ ក្នុងនោះកើនឡើងដោយសារថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មកររោងចក្រនៅកំពង់ស្ពឺ និងបាត់ដំបងជាដើម។ លោកឲ្យដឹងថា កត្តាទាំងនេះភាគច្រើន បណ្ដាលមកពីការដឹកលើសចំណុះ ការបើកបរប្រជែងគ្នា និងបើកបរក្នុងល្បឿនលឿនជាដើម៖ «ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍វាមិនទាន់ថយ ដោយសារតែទី១ យើងផ្ទុកមនុស្ស វាលើសកំណត់ ហើយដោយសារស្លាប់ជាក្រុម ហើយរបួសក៏ជាក្រុមដែរ ដោយសារបើមើលឡាន រោងចក្រមួយផ្ទុកមនុស្ស១០០នាក់ អ៊ីចឹងនៅពេលដែលគ្រោះថ្នាក់ចរាចរណ៍បុកឡានមួយទៀត១០០ នាក់ដែរ វាឡើងចំនួន២០០នាក់បានហើយ អ៊ីចឹងហើយវាចំណុចព្រួយបារម្ភ និងកើនឡើងចំនួន អ្នកស្លាប់»។
ទាក់ទិននឹងករណីនេះ ប្រធានអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់គ្រឿងស្រវឹង (IARD) លោក គង់ សុវណ្ណ យល់ថា ការអនុវត្តច្បាប់ចរាចរណ៍របស់សមត្ថកិច្ច មិនទាន់មានប្រសិទ្ធភាព និងមិនទាន់ឆ្លើយតប និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅឡើយ ព្រោះការអនុវត្ត មិនទាន់ចំចំណុចសំខាន់ដែលបណ្ដាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ។
អ្នកជំនាញខាងចរាចរណ៍រូបនេះ ស្នើឲ្យសមត្ថកិច្ចត្រូវរឹតបន្តឹងលើកត្តា២ គឺ ការបើកបរក្នុងល្បឿនលឿន និងបើកក្នុងឥទ្ធិពលគ្រឿងស្រវឹង ព្រោះកត្តាទាំង២នេះ បណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួសរហូត ជាង៧០% ៖ «ខ្ញុំសង្ឃឹមថា នគរបាលចរាចរណ៍ និងអនុវត្តន៍ផ្ដោតទៅលើកត្តាហានិភ័យ សំខាន់ៗ ជាជាងផ្ដោតលើកត្តាជាច្រើនទៀត ដែលមិនមែនជាកត្តាបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ អ៊ីចឹងខ្ញុំចង់ឲ្យផ្ដោតលើកត្តាពីរគឺ បើកក្នុងល្បឿនលឿន និងបើកក្នុងឥទ្ធិពលគ្រឿងស្រវឹង»។
របាយការណ៍ដដែលឲ្យដឹងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរយៈពេល ២០ថ្ងៃចាប់ពីថ្ងៃទី០១-២០ ខែមករា ឆ្នាំ២០១៦នេះ មានយានយន្តជាង ៦សែនគ្រឿង ( ៦២៦.១៨៤ គ្រឿង) ត្រូវបានពិនិត្យ។ ជាងនេះទៀត ក្នុងចំណោមយានយន្ត ដែលបានពិនិត្យជាង ៦សែនគ្រឿងនេះ មានយានយន្តប្រមាណ ២២,១៩ភាគរយ ដែលស្មើជាង១សែនគ្រឿង (១៣៨.៩៥៨គ្រឿង) បានល្មើសច្បាប់។
ចំពោះយានយន្ត ដែលល្មើសច្បាប់នេះ មានម្ចាស់យានយន្ត ជាង២ម៉ឺនគ្រឿង (២២.២៤២គ្រឿង ) ស្មើនឹងជិត៥០% (៤៨,៧៨ភាគរយ) ត្រូវបានអប់រំ។ រីឯយានយន្តជាង ៧ម៉ឺនគ្រឿង ត្រូវបានពិន័យ។ ប្រាក់ទទួលបានពីការផាកពិន័យយានយន្តល្មើសច្បាប់នេះ មានចំនួនជាង១ពាន់លានរៀល(១.៣៣៧.៦៩៦.០០០រៀល)។
របាយការណ៍ដដែល ក៏បញ្ជាក់ថា ក្នុងរយៈពេល ២០ថ្ងៃ នេះ វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅថ្នាក់រាជធានីខេត្ត មិនទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្ដែង ពេលខ្លះ មានការយឺតយ៉ាវ ឬមិនទាន់ប្រើប្រាស់ឲ្យអស់លទ្ធភាពនៃការគួបផ្សំវិធានការទាំងបួន គឺការអប់រំ ការរឹតបន្តឹងច្បាប់ ការធ្វើវិស្វកម្មផ្លូវថ្នល់ និងការសង្គ្រោះជនរងគ្រោះ។ ចំណែកសេវាសាធារណៈក្នុងការធ្វើប័ណ្ណបើកបរ ធ្វើស្លាកលេខ និងឈៀក ជាប្រធានបទសំខាន់ ដែលត្រូវបន្តដោះស្រាយ ឲ្យបានសមស្រប៕

No comments:
Post a Comment