ppp Tue, 12 January 2016
Charles Rollet
![]() |
| មន្ត្រីបុរាណវិទ្យាធ្វើកំណាយនៅអតីតរាជធានីលង្វែក ក្នុងខេត្ត កំពង់ឆ្នាំង កាលពីខែ ធ្នូ ឆ្នាំ ២០១៥។ រូបថត Flinders University |
កំពង់ឆ្នាំង៖ កំណាយបុរាណវត្ថុដំបូងគេបំផុតនៅលង្វែក ដែលជាអតីតរាជធានីរបស់ប្រទេសកម្ពុជានាសម័យបុរាណបានរកឃើញនូវវត្ថុជាច្រើន ជាភស្តុតាង ដែលបង្ហាញថា រាជធានីបុរាណមួយនេះធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅក្នុងតំបន់។
ការរកឃើញនេះអាចនឹងជួយច្រានចោលនូវគំនិតមួយក្នុងប្រវត្តិសាស្រ្តដែលបានយល់ឃើញថា កម្ពុជាបានឆ្លង់កាត់ «សម័យកាលដ៏ខ្មៅងងឹត» ដែលស្ថិតនៅចន្លោះសម័យអង្គរ និងសម័យទំនើប។
ស្ថិតនៅចម្ងាយជាង ៥០ គីឡូម៉ែតពីរាជធានីភ្នំពេញ អតីតរាជធានីលង្វែកនៃខេត្ត កំពង់ឆ្នាំង បានក្លាយជារាជធានីរបស់ប្រទេសកម្ពុជា អស់រយៈកាលប្រមាណ ២ សតវត្សន៍ បន្ទាប់ពីការចាកចោលក្រុងអង្គរដោយសារការលុកលុយរបស់សៀមនៅឆ្នាំ ១៤៣១។
អំឡុងពេលធ្វើកំណាយកាលពីខែមុន ក្រុមបុរាណវិទូដែលមានសមាជិកមកពីបណ្តាស្ថាប័នផ្សេងៗគ្នាមួយក្រុមបានរកឃើញគ្រឿង ប៉រសឺឡែន ដែលមកពីប្រទេសឆ្ងាយនានាដូចជា ចិន និងជប៉ុនជាដើម ព្រមទាំងនៅក្នុងបំណែកបាក់បែកនៃជញ្ជាំងធ្វើពីដី និងសំណង់រោងជាងលង្ហិនផងដែរ នៅក្នុងមូលដ្ឋាននៃរាជវាំងសម័យលង្វែក។
ក្រុមស្រាវជ្រាវបុរាណវត្ថុនៅលង្វែកនេះមានសមាជិកមកពី ៣ ស្ថាប័នគឺ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ សាកលវិទ្យាល័យ Flinders នៃប្រទេសអូស្រ្តាលី និង វិទ្យាស្ថាន Nara នៃប្រទេសជប៉ុន។
លោកបណ្ឌិត Martin Polkinghorne ជាអ្នកស្រាវជ្រាវបុរាណវត្ថុមកពីសាកលវិទ្យាល័យ Flinders បានឲ្យដឹងថា៖ «ក្រុមអ្នកបុរាណវិទ្យា អ្នកប្រវត្តិសាស្រ្ត អ្នកទេសចរណ៍ និងសាធារណជនភាគច្រើនផ្តោតអារម្មណ៍តែលើ «យុគមាស» នៃសម័យអង្គរ ហើយនៅពេលដែលអ្នកបានធ្វើដំណើរទៅដល់អង្គរ អ្នកនឹងបានឃើញពីមូលហេតុនៃការរីកចម្រើនក្នុងសម័យកាលនោះ។ ក៏ប៉ុន្តែ បន្ទាប់ពីសម័យអង្គរ ប្រវត្តិសាស្រ្តកម្ពុជានៅតែបន្ត ហើយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងពាណិជ្ជកម្មអន្តរជាតិ»។
លោកនិយាយថា ទ្រព្យសម្បត្តិរបស់ កម្ពុជា កាលពីសម័យបុរាណពឹងផ្អែកទៅលើការនាំចេញផលិតផលព្រៃឈើ ដូចជា ឈើប្រណិតៗ និងស្បែកសត្វជាដើម។ ជាថ្នូរមកវិញ ប្រទេសនេះបានទទួលមកវិញរួមមាន គ្រឿងប៉រសឺឡែនធ្វើនៅប្រទេសចិនសម្រាប់ប្រើប្រាស់ក្នុងរាជវាំង ដែលសម្ភារៈទាំងនោះត្រូវបានគេកំណត់ថា មានអាយុកាលតាំងពីរជ្ជកាល ម៉េង ក្នុងសតវត្សន៍ទី ១៦ ខណៈដែលគ្រឿងប៉រសឺឡែនផ្សេងៗទៀតដែលមានកំណើតពីប្រទេស ជប៉ុន វៀតណាម និងថៃ។
លោក Polkinghorne ក៏បានអះអាងថា ការសាងសង់រាជធានី លង្វែក នៅតាមបណ្តោយដងទន្លេមេគង្គពុំមែនជារឿងចៃដន្យនោះទេ។
លោកប្រាប់ថា៖ «មូលហេតុមួយនៃការធ្លាក់ចុះក្នុងសម័យអង្គរ គឺដោយសារការចង់ទាញយកផលចំណេញពីការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក។ រាជធានីនេះត្រូវបានសាងសង់នៅក្បែរសមុទ្រ ដើម្បីទទួលបានផលចំណេញនោះ»។
ក្រុមស្រាវជ្រាវរួមគ្នានេះបានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវទៅលើបណ្តារាជធានីរបស់កម្ពុជាក្រោយសម័យអង្គរ ដែលនឹងមានរយៈពេល ៤ ឆ្នាំ ចាប់តាំងពីខែ វិច្ឋិកា ឆ្នាំមុន។ ដោយឡែក កំណាយបុរាណវត្ថុនៅអតីតរាជធានីលង្វែកបានធ្វើឡើង នឹងបញ្ចប់ទៅវិញនៅខែធ្នូ ហើយក្រុមស្រាវជ្រាវមានបំណងចង់វិលត្រលប់មកទីនេះនៅពេលខាងមុខនៃឆ្នាំនេះ។
ទោះបីជា លោក Polkinghorne បានអះអាងថា ក្រុមការងាររបស់លោក គឺជាក្រុមស្រាវជ្រាវបុរាណវត្ថុទីមួយដែលបានធ្វើកំណាយនៅអតីតរាជធានីលង្វែក លោកបានធ្វើការព្រមានថា ការធ្វើនគររូបនីយកម្មពីរាជធានីភ្នំពេញអាចនឹងបង្កការខូចខាតចំពោះស្ថានីយ៍បុរាណវិទ្យា ដែលខុសពីតំបន់អង្គរ ពុំមែនជាផ្នែកនៃតំបន់អភិរក្សណាមួយឡើយ។
លោក សឺន សូប៊ែរ្តិ៍ ជាអ្នកនយោបាយមកពីបក្សប្រឆាំង និងជាសាស្ត្រាចារ្យបង្រៀនមុខវិទ្យាប្រវត្តិសាស្រ្តសិល្បៈនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានសិក្សាផ្នែកបុរាណវិទ្យានៅឯប្រទេសបារាំង បានឲ្យដឹងថា លោករំពឹងថា ក្រុមអ្នកប្រវត្តិសាស្រ្តនឹងចាប់ផ្តើមកាត់បន្ថយការជឿទៅលើ «សម័យកាលខ្មៅងងឹត» របស់ប្រទេសកម្ពុជា ដោយសារតែការលេចចេញនៃភស្តុតាងដែលបង្ហាញពីបណ្តាញពាណិជ្ជកម្មដ៏ច្រើនរបស់ប្រទេសកម្ពុជានៅក្នុងអំឡុងសម័យនោះ។
លោកថ្លែងថា «ទាំងនោះគឺជាបណ្តុំដ៏ធំមួយនៃប្រវត្តិសាស្រ្តកម្ពុជាដែលបានបាត់បង់»៕ TN

No comments:
Post a Comment