ដោយ អ៊ុំ រង្សី
2016-01-20 rfa
តំណាងសហជីពកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។
RFA/Phann Yasy
កម្មករ និងសហជីពកម្ពុជា លើកឡើងថា ការអនុវត្តសិទ្ធិតវ៉ា និងបញ្ចេញមតិរបស់កម្មករនិយោជិតគ្រប់វិស័យនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ កម្មករ និងសហជីពបារម្ភថា បញ្ហានេះអាចនឹងប៉ះពាល់ដល់ការទាមទារសិទ្ធិការងារស្របច្បាប់របស់កម្មករនៅកម្ពុជា។
កម្មករ និងសហជីព បានចោទសមត្ថកិច្ចរដ្ឋាភិបាលថា បានប្រើអំណាចរបស់ខ្លួនបង្ក្រាបទៅលើក្រុមកម្មករ ដែលប្រមូលផ្ដុំគ្នាទាមទារសិទ្ធិការងារស្របច្បាប់ ឬគ្រាន់តែតវ៉ាលក្ខខណ្ឌការងារល្អ និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិតវ៉ា និងបញ្ចេញមតិរបស់ពួកគេកាន់តែខ្លាំង។
ទាំងកម្មករ និងសហជីព ស្នើទៅរដ្ឋាភិបាលត្រូវធានាឲ្យបានថា កម្មករនិយោជិតគ្រប់វិស័យនៅកម្ពុជា ត្រូវតែឈប់ទទួលការបង្ក្រាប បំភិតបំភ័យ និងសម្លុតគំរាមកម្មករ ដើម្បីការពារសិទ្ធិការងារជូនកម្មករបានពេញលេញ។
ករណីនេះ ត្រូវបានប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា ការបង្ក្រាបមកលើក្រុមកម្មករកើតមានគួរឲ្យព្រួយបារម្ភ។ ជាក់ស្តែង នៅខែមករា ឆ្នាំ២០១៦ មន្ត្រីសហជីពចំនួន ៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ មន្ត្រីសហជីព និងកម្មករជិត ២០នាក់ ត្រូវរងការប្រើអំពើហិង្សា និងកម្មករជាង ៥០នាក់ ត្រូវបញ្ឈប់ពីការងារ ដោយសារតែពួកគេចូលរួមការងារសហជីព និងចូលរួមសកម្មភាពតវ៉ាផ្សេងៗ។ លោកបន្តថា ក្រុមកម្មករ និងសហជីព មិនត្រឹមតែទទួលរងការបង្ក្រាប ឬរារាំងពីអាជ្ញាធរប៉ុណ្ណោះទេ ពួកគេតែងរងការគំរាមកំហែងពីប្រព័ន្ធតុលាការផងដែរ ដែលជាឧបសគ្គមិនបានជួយរកយុត្តិធម៌ជូនកម្មករ ដើម្បីទាមទារសិទ្ធិស្របច្បាប់បាន៖ «សិទ្ធិរបស់កម្មករត្រូវបានរាំងខ្ទប់ ឬក៏បន្ថយសិទ្ធិដោយសកម្មភាពផ្សេងៗ ដូចជាថៅកែក្រុមហ៊ុន ឬក៏តុលាការ និងអាជ្ញាធរ ធ្វើឲ្យកម្មករបាត់បង់សិទ្ធិ និងផលប្រយោជន៍ផ្សេងៗ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ថា រូបភាពប្រើអំពើហិង្សាមានដូចជា ការប្រើក្រុមជើងកាង និងសន្តិសុខក្រុមហ៊ុនវាយកម្មករ សកម្មជនសហជីពដែលធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ ឬធ្វើដំណើរតាមផ្លូវ ជាដើម ប៉ុន្តែសមត្ថកិច្ចមិនបានជួយរកយុត្តិធម៌នោះទេ។ លោកថា ចំណុចទាំងនេះកំពុងតែគំរាមកំហែងដល់សិទ្ធិកម្មករ និងបង្ហាញថា ការអនុវត្តសិទ្ធិតវ៉ា និងបញ្ចេញមតិរបស់កម្មករនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង។ លោកបន្តថា នៅពេលការអនុវត្តសិទ្ធិតវ៉ា និងបញ្ចេញមតិរបស់កម្មករធ្លាក់ចុះ វានឹងប៉ះពាល់ខ្លាំងដល់ផ្លូវចិត្តកម្មករមិនអាចបំពេញការងារបានល្អប្រសើរ៖ «ប្រសិនបើកម្មករមិនមានសិទ្ធិក្នុងការតវ៉ាទេ គាត់នឹងទទួលរងនូវការបង្ខិតបង្ខំ អនុវត្តការមិនល្អប្រសើរ ដែលអាចឲ្យពួកគាត់ទទួលរងនូវការគំរាមកំហែងណាមួយពីសំណាក់ថៅកែរោងចក្រ»។
ចំណែកឯមន្ត្រីសហជីព និងជាតំណាងកម្មករដែលត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ ក្នុងព្រឹត្តិការណ៍ហិង្សានៅរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ (Agile Sweater) ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ លោក ចាន់ សំណាង និយាយថា លោកទទួលស្គាល់ថា ការអនុវត្តសិទ្ធិតវ៉ា និងបញ្ចេញមតិរបស់កម្មករធ្លាក់ចុះ។ លោកថា ការបង្ក្រាប និងឈានដល់ការចាប់ខ្លួនមន្ត្រីសហជីពដាក់ពន្ធនាគារ ហាក់គ្មាននីតិវិធីច្បាស់លាស់ និងគ្មានការស៊ើបអង្កេតត្រឹមត្រូវ។ លោកស្នើឲ្យរដ្ឋាភិបាល ត្រូវតែចាត់វិធានការឲ្យបានត្រឹមត្រូវ ព្រោះរាល់ការទាមទាររបស់សហជីព និងកម្មករ មិនមែនជារឿងនយោបាយនោះឡើយ៖ «សូមអំពាវនាវទៅកាន់រដ្ឋាភិបាល ឬអាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់ ដែលមានអំណាចទៅលើកម្មករ និងសហជីពទាំងអស់ មុននឹងអនុវត្តវិធានការអ្វីមួយ ត្រូវតែពិនិត្យមើលឲ្យច្បាស់ទៅតាមនីតិវិធីច្បាប់»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បម្រាមមិនឲ្យជួបជុំតវ៉ា ឬធ្វើបាតុកម្មជាបណ្ដោះអាសន្ន គឺជាដែនសមត្ថកិច្ចផ្ដាច់មុខរបស់រដ្ឋាភិបាល ដើម្បីដំណើរការគ្រប់គ្រងរដ្ឋ ឆ្លើយតបទៅនឹងច្បាប់ដែលធ្វើឲ្យមានសុវត្ថិភាព និងស្ថិរភាពសង្គមប៉ុណ្ណោះ។ លោកថា រដ្ឋាភិបាលអនុវត្តចំពោះសកម្មភាពណាដែលខុសច្បាប់ប៉ុណ្ណោះ៖ «ការអនុវត្តច្បាប់របស់អាជ្ញាធរ អាហ្នឹងជាសមត្ថកិច្ចដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរក្សាអ្វីទៅដែលជាការចង្អុលបង្ហាញដោយច្បាប់។ ដូច្នេះ ទាំងសហជីព និងកម្មករ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលជាការចង្អុលបង្ហាញដោយច្បាប់»។
សេចក្តីថ្លែងការណ៍របស់សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) ដែលចេញផ្សាយនៅថ្ងៃទី១៩ មករា ក៏បានបង្ហាញថា ការអនុវត្តសិទ្ធិតវ៉ា និងបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតគ្រប់វិស័យនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍នេះរកឃើញថា ការអនុវត្តសិទ្ធិតវ៉ា និងបញ្ចេញមតិរបស់កម្មករនិយោជិតគ្រប់វិស័យនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង គឺជុំវិញព្រឹត្តិការណ៍ហិង្សានៅរោងចក្រ អ៊ែដ្យាយល៍ ស្វេតថឺ នៅខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មកររបួសច្រើននាក់ និងចាប់ថ្នាក់ដឹកនាំសហជីពដាក់ពន្ធនាគារ និងបញ្ហាកូដកម្មរបស់បុគ្គលិកបើកបររបស់ក្រុមហ៊ុន កាពីតូល (CAPITOL) ប្រមាណជិត ៤០នាក់ ត្រូវបានក្រុមហ៊ុនបញ្ឈប់ ដោយសារពួកគេនាំគ្នាបង្កើតសហជីព និងតវ៉ាសុំចូលធ្វើការវិញ ក៏ត្រូវបានរងនូវអំពើហិង្សាដូចគ្នា។
សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ក៏បានជំរុញឲ្យប្រមុខរដ្ឋាភិបាល ចាត់វិធានការដោះស្រាយជូនកម្មករ ព្រមទាំងវែកមុខជនប្រើហិង្សាយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ។
យ៉ាងណាក៏ដោយ ទាំងសហជីព និងកម្មករ នៅតែស្នើឲ្យសមត្ថកិច្ចបញ្ឈប់សកម្មភាពប្រើហិង្សាតាមគ្រប់រូបភាពមកលើកម្មករ និងមន្ត្រីសហជីព ហើយត្រូវងាកមកជំរុញឲ្យថៅកែរោងចក្រ ពន្លឿនដោះស្រាយវិវាទការងារ ជូនកម្មករឲ្យស្របតាមច្បាប់ការងារ ជាជាងឃុបឃិតគ្នាជាមួយឈ្មួញប្រើអំពើហិង្សាលើកម្មករ និងសកម្មជនសហជីព៕

No comments:
Post a Comment