ដោយ យាង សុជាមេត្តា
rfa 2016-01-14
![]() |
| លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលចូលរួមក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។
RFA/Brach Chev
|
លោក ហ៊ុន សែន រំលឹកថា នៅឆ្នាំ១៩៨៥ កាលណោះលោកទើបតែមានអាយុ ៣២ឆ្នាំនៅឡើយ។ លោកត្រូវបានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា លើកបន្តុបដោយប្រទេសវៀតណាម ជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា។
បើទោះជាយ៉ាងណា តំណែងនេះត្រូវបានលោក ហ៊ុន សែន ខិតខំថែរក្សាតាំងពីពេលនោះមក រហូតមកទល់ពេលបច្ចុប្បន្ន បើទោះជាលោកត្រូវបានគេចាត់ចូលក្នុងក្រុមមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅលើពិភពលោកក្ដី ក៏លោកបន្តប្ដេជ្ញាថា នឹងថែរក្សាតំណែងនេះរហូតដល់ពេលមួយដែលលោកថា ពលរដ្ឋឈប់បោះឆ្នោតឲ្យលោក។
នៅចំថ្ងៃខួប ៣១ឆ្នាំ នៃការលើងកាន់អំណាចរបស់លោក ហ៊ុន សែន លោកនាយករដ្ឋមន្ត្រីចាស់វស្សារូបនេះបានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោករម្លឹកពីប្រវត្តិដែលលោកត្រូវបានបក្សជ្រើសរើសឲ្យដឹកនាំប្រទេស។ លោកថា លោកត្រូវបានបោះឆ្នោតជ្រើសរើសដោយគ្មានសំឡេងប្រឆាំង សូម្បីមួយសំឡេងឡើយ។ ប្រការនេះ លោកថា គឺខុសពីនាយករដ្ឋមន្ត្រី ២រូបមុនលោក គឺលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដែលទទួលបានសំឡេងប្រឆាំងមិនតិចជាង ៥សំឡេងនោះឡើយក្នុងពេលបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន ក៏មិនភ្លេចលើកឡើងនូវទ្រឹស្ដីរបស់លោកដែលថា មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដោយរដ្ឋាភិបាលមិនបានដឹង មិនបានដោះស្រាយនោះឡើយ។
ក្រៅពីនេះ លោក ហ៊ុន សែន ដែលពេលនេះមានអាយុ ៦៣ឆ្នាំទៅហើយនោះ បានរៀបរាប់ច្រើនពីជីវិតគ្រួសារ និងការលំបាករបស់លោកក្នុងពេលលោកដឹកនាំប្រទេសផង និងមើលថែទាំកូនចៅតូចៗក្នុងបន្ទុកផងនោះ។ នៅចុងបញ្ចប់នៃសាររបស់លោក ហ៊ុន សែន បានផ្ដាំផ្ញើមនុស្សជំនាន់ក្រោយត្រូវដាក់ខ្លួនបម្រើប្រជាជនពេលមានឋានៈខ្ពស់ និងមិនត្រូវវាយឫកខុសរបៀបឡើយ។
ទាក់ទងនឹងការណែនាំរបស់លោក ហ៊ុន សែន នេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា មេដឹកនាំខ្មែរហាក់និយាយផ្សេងតែធ្វើផ្សិងទៅវិញ។ លោកថា កន្លងមកអ្វីដែលពលរដ្ឋខ្មែរទទួលបានពីលោក ហ៊ុន សែន គឺមានតែការគំរាមអំពីសង្គ្រាម ការចោទប្រកាន់អ្នកប្រឆាំង ឬចាប់អ្នកតវ៉ាដាក់គុកជាដើម ដែលវាផ្ទុយទៅនឹងការលើកឡើងថា ដាក់ខ្លួនបម្រើប្រជាជននោះ។
ជុំវិញការកាន់អំណាចយូររបស់លោក ហ៊ុន សែន វិញ លោកបណ្ឌិត មាស នី កត់សម្គាល់ថា នៅប្រទេសដទៃដូចជាសិង្ហបុរី (Singapore) ជាដើម ក៏មានការកាន់អំណាចយូរតពីឪពុកដល់កូនដែរ ប៉ុន្តែគេអាចអភិវឌ្ឍប្រទេសគេឲ្យរីកចម្រើនក្លាយជាប្រទេសខ្លាំងមួយក្នុងតំបន់ ដែលវាផ្ទុយពីនៅកម្ពុជា៖ «សម្រាប់ប្រទេសខ្មែរយើងឃើញថា ក្រោមការដឹកនាំជាង ៣០ឆ្នាំនេះ អ្នកដឹកនាំខ្មែរនៅថ្នាក់កំពូលៗ គឺឃើញតែនាំគ្នាមូលផ្ដុំតែគ្រួសារខ្លួនឯង លើកបន្តុបគ្រួសារខ្លួនឯងឲ្យកាន់តំណែងនានា ស្ទើរតែគ្រប់ស្ថាប័នរដ្ឋទាំងអស់ ហើយបើសិនជាយើងមើលរដ្ឋមន្ត្រីវិញ នៅក្នុងក្រសួងនីមួយៗ ក៏គេដាក់កូនចៅ កូនក្មួយរបស់គេជាបន្តបន្ទាប់។ ការកាន់អំណាចនៅស្រុកយើងនេះ វាខុសពីការកាន់អំណាចយូរនៅសិង្ហបុរី»។
ទាក់ទងនឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន សែន នេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពីឆ្នាំ២០១៥ បានចេញរបាយការណ៍កម្រាស់ជាង ៧០ទំព័រ រៀបរាប់ពីប្រវត្តិ និងការឡើងកាន់អំណាចរបស់លោក ហ៊ុន សែន ក្នុងរយៈពេល ៣ទសវត្សរ៍។
របាយការណ៍ឲ្យដឹងថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមអ្នកដឹកនាំកាន់តំណែងយូរជាងគេក្នុងពិភពលោក។ ពួកគេថា លោក ហ៊ុន សែន អាចកាន់អំណាចយូរបានរហូតមកទល់សព្វថ្ងៃ ដោយសារតែការប្រើអំពើហិង្សា ការក្ដោបក្ដាប់លើកងកម្លាំងប្រដាប់អាវុធ ការបន្លំសន្លឹកឆ្នោត ការគ្រប់គ្រងលើប្រព័ន្ធតុលាការ ការប្រព្រឹត្តអំពើពុករលួយ ការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងដោយសារមានការគាំទ្រពីរដ្ឋាភិបាលបរទេសជាដើម៕

No comments:
Post a Comment