បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវនៃ Global Witnessថា វិបត្តិដីធ្លីនៅកម្ពុជាជាផ្នែកមួយនៃបញ្ហាសាកល
អ្នក
ស្រាវជ្រាវនៅអង្គការឃ្លាំមើលបរិស្ថានឈ្មោះ Global Witness
និយាយថា
វិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាជាចំណែកមួយនៃនិន្នាការសកល។
វាជានិន្នាការមួយដែលកើតឡើងដោយវិបត្តិសេដ្ឋកិច្ច
និងការខ្វះខាតធនធាន។
ផន បុប្ផា
VOA 15 ធ្នូ 2015
ភ្នំពេញ—
កំណត់និពន្ធ៖
អ្នកស្រាវជ្រាវនៅអង្គការឃ្លាំមើលបរិស្ថានឈ្មោះ Global Witness
និយាយថា
វិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជាជាចំណែកមួយនៃនិន្នាការសកល។
វាជានិន្នាការមួយដែលកើតឡើងដោយវិបត្តិសេដ្ឋកិច្ច
និងការខ្វះខាតធនធាន។ នាង Josie Cohen
អ្នកធ្វើយុទ្ធនាការនៃអង្គការ Global Witness
ដែលបានស្រាវជ្រាវអំពីការរឹបអូសយកដីធ្លីក្នុងតំបន់ទន្លេមេគង្គ
បាននិយាយថា ដោយសារតែមានអស្ថិរភាពនៃទីផ្សារ និងការវិនិយោគ
វិនិយោគិនចង់បានដីកសិកម្មនៅក្នុងប្រទេសនានា ដូចជាប្រទេសកម្ពុជា
ដែលជាកន្លែងមានភាពងាយស្រួលក្នុងការធ្វើកិច្ចព្រមព្រៀង។
ពេលថ្មីៗនេះ នាងផន បុប្ផានៃ VOA ខ្មែរបានទៅទីក្រុងឡុងដុង
ប្រទេសអង់គ្លេស ហើយបានសម្ភាសនាង Josie Cohen
ដែលរៀបរាប់អំពីបាតុភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់
និងក្នុងសកលលោក។
VOA៖ សូមអរគុណ នាង Josie
ដែលផ្តល់កិច្ចសម្ភាសន៍នេះ។
ជាដំបូងសូមរៀបរាប់អំពីប្រវត្តិការងាររបស់អ្នកបន្តិចសិនបានទេ?
Josie៖
ខ្ញុំធ្វើការសិក្សាស្រាវជ្រាវអំពីការរំលោភយកដីធ្លី
ជាពិសេសរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ។
ប៉ុន្តែខ្ញុំធ្វើការនៅ Global Witness
បានប្រហែលបីឆ្នាំកន្លះមកហើយ។ នៅទីនេះ
ខ្ញុំផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើតំបន់ទន្លេមេគង្គ។
ដូច្នេះខ្ញុំពិនិត្យមើលការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជា
ឡាវ និងភូមា។
VOA៖
តើអ្នកអាចប្រាប់យើងពីការផ្លាស់ប្តូរទាក់ទងនឹងការរំលោភយកដីធ្លី
នៅរយៈពេលដប់ឆ្នាំចុងក្រោយនៅក្នុងតំបន់អាស៊ីបានទេ?
Josie៖
ចាប់តាំងពីឆ្នាំ២០០៨មក ទូទាំងពិភពលោក
ជាពិសេសនៅក្នុងតំបន់អាស៊ី
មានការចាប់យកដីធ្លីកើនឡើងយ៉ាងខ្លាំងដោយក្រុមហ៊ុនពាណិជ្ជកម្ម
ក្រុមហ៊ុនស្វែងរកដីខ្នាតធំ។
ហើយជាញឹកញាប់ក្រុមហ៊ុនយកដីពីសហគមន៍មូលដ្ឋានដោយគ្មានផ្តល់សំណង
ដោយមិនប្រឹក្សាជាមួយអ្នកកាន់កាប់ដី
ហើយបានប្រែក្លាយដីសហគមន៍មូលដ្ឋានទៅជាតំបន់ចម្ការដំណាំពាណិជ្ជ
កម្មដើម្បីដាំដំណាំនានា ដូចជាកៅស៊ូ អំពៅ ដំឡូងមី ពោត។
ក្រុមហ៊ុនដាំដំណាំទាំងនេះនៅលើដីទ្រង់ទ្រាយធំ ហើយជាញឹកញាប់
ក្រុមហ៊ុនលក់ផលិតផលទៅឲ្យទីផ្សារពិភពលោក។
យើងបានឃើញការផ្លាស់ប្តូរ ដែលក្នុងនោះ
ក្រុមហ៊ុនកាប់ឈើកំពុងចូលទៅកាប់ឈើមានតម្លៃនៅក្នុងព្រៃ
តែក្រុមហ៊ុននិយាយថា គេកាប់ព្រៃសម្រាប់ធ្វើកសិកម្ម។
ប៉ុន្តែជាការណ៍ពិត វាគ្រាន់តែជាលេសដើម្បីចូលទៅកាប់ឈើមានតម្លៃ
និងនាំចេញទៅលក់នៅក្រៅប្រទេស ដូចជានៅប្រទេសចិន និងវៀតណាម។
VOA៖ តើសកម្មភាពនេះមានប្រយោជន៍សម្រាប់រដ្ឋ ឬប្រទេសជាតិទេ? ឬក៏វាគ្រាន់តែនាំមកនូវគ្រោះមហន្តរាយតែប៉ុណ្ណោះ?
Josie៖
ខ្ញុំចង់និយាយថា រដ្ឋាភិបាលនៃប្រទេសនេះពិតជាបាននិយាយថា
វាផ្តល់ផលប្រយោជន៍។
រដ្ឋាភិបាលនិយាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហើយថា
ការធ្វើចម្ការដំណាំពាណិជ្ជកម្មទាំងនេះបាននាំមកនូវការងារ
ធ្វើសម្រាប់ប្រជាជនក្នុងតំបន់។ ប៉ុន្តែការណ៍ពិត
វាមានការលំបាកណាស់ក្នុងការស្វែងរកឧទាហរណ៍ដែលបង្ហាញថា
ចម្ការដំណាំពាណិជ្ជកម្មធំៗទាំងនេះកំពុងផ្តល់ប្រយោជន៍ទៅឲ្យ
ប្រជាជននៅក្នុងតំបន់។ អ្វីដែលយើងបានឃើញនៅក្នុងប្រទេសនានា
ដូចជាប្រទេសកម្ពុជា ប្រទេសភូមានិងប្រទេសឡាវ
ការណ៍ពិតក្រុមហ៊ុនបានចូលមកប្លន់យកដី
និងធនធានធម្មជាតិពីប្រជាជនក្នុងតំបន់ដែលពួកគេត្រូវពឹងផ្អែក
ដើម្បីជីវភាពរស់នៅរបស់ពួក។ ការងារដែលក្រុមហ៊ុនបានសន្យានោះ
ជាញឹកញយ មិនមានទេ។ ពួកគេបានសន្យាអ្វីៗផ្សេងៗទៀត
ដូចជាសង់សាលារៀន ជួយឲ្យមានទ្រព្យសម្បត្តិ និងធ្វើផ្លូវថ្នល់
តែជាញឹកញយគេមិនបានធ្វើតាមការសន្យាទាំងនោះទេ។
ពួកគេមានទំនោរមិនបង់ពន្ធទៅឲ្យរដ្ឋទេ។ ដូច្នេះជាការណ៍ពិត
យើងរកមិនឃើញករណីដែលថា ចម្ការដំណាំនោះនាំឲ្យមានការអភិវឌ្ឍ
ដូចដែលពួកគេបានសន្យានោះទេ។ ហើយអ្វីដែលអង្គការ Global Witness
បានមើលឃើញគឺមន្ត្រីពុករលួយកម្រិតថ្នាក់ជាតិ
ឬថ្នាក់មូលដ្ឋានបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដើម្បី
ផ្តល់ដីឲ្យក្រុមហ៊ុន។
ហើយតាមការណ៍ពិតទៅគឺមានតែក្រុមមិត្តភក្តិ
ឬអ្នកជិតដិតរបស់គេមួយចំនួចតូចប៉ុណ្ណោះដែលបានទទួលផលប្រយោជន៍ពី
ការចាប់យកដីធ្លីនោះ តែប្រជាពលរដ្ឋទូទៅមិនទទួលបានផលប្រយោជន៍ទេ។
VOA៖
តើប្រជាពលរដ្ឋសាមញ្ញ ឧទាហរណ៍ដូចជាកសិករ
អាចមានហានិភ័យអ្វីខ្លះ? ឧទាហរណ៍ក្នុងប្រទេសកម្ពុជាផ្ទាល់
ប្រជាជនភាគច្រើនចិញ្ចឹមជីវិតរបស់ពួកដោយពឹងផ្អែកលើវិស័យ
កសិកម្ម។
Josie៖ ដូចអ្នកនិយាយអញ្ចឹង។
ខ្ញុំចង់និយាយថា
៧៥ភាគរយនៃចំនួនប្រជាជននៅតំបន់ទន្លេមេគង្គពឹងផ្អែកលើដីសម្រាប់
ផលិតផលកសិកម្ម ឬផលិតផលពីព្រៃឈើ។
ឧទាហរណ៍ពួកគេអាចចូលទៅក្នុងព្រៃរកអនុផលព្រៃឈើ ដូចជាជ័រចុង
ដើម្បីជួយរកចំណូលបន្ថែមសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
ដូច្នេះយើងមិនពិបាកទេក្នុងការបង្ហាញអំពីផលប៉ះពាល់ពីក្រុមហ៊ុន
ដែលស្រាប់តែថ្ងៃមួយ ក្រុមហ៊ុននោះបានចេញមុខមក
ហើយដោយគ្មានការជូនដំណឹងអ្វីទាំងអស់ ភ្លាមនោះព្រៃឈើ
ដែលសហគមន៍ពឹងផ្អែកលើសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ
និងសម្រាប់អ្នកជំនាន់ក្រោយ ត្រូវបានឈូសឆាយ។
ព្រៃឈើរបស់ពួកគេត្រូវបានគេលួច។
ដូច្នេះវាមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍។
ហើយប្រជាពលរដ្ឋត្រូវធ្វើការតស៊ូដើម្បីរស់។
បន្ទាប់មកពួកគេត្រូវក្លាយទៅជាកម្លាំងពលកម្មផ្នែកកសិកម្ម។
ឧទាហរណ៍ថា រយៈពេលជាច្រើនជំនាន់មកហើយ
កសិករម្នាក់ធ្លាប់តែសម្រេចចិត្តដាំអ្វីដែលគាត់ចង់ដាំនៅលើដី
របស់គាត់ ហើយគាត់ធ្លាប់ជាម្ចាស់ដី។ តែឥឡូវនេះ តែមួយយប់ប៉ុណ្ណោះ
គាត់បានក្លាយជាកម្មករកសិកម្ម។
ជាញឹកញាប់កន្លែងធ្វើការមានលក្ខខណ្ឌមិនល្អ
ហើយប្រាក់ឈ្នួលទទួលបានតិចតួច។
ពេលខ្លះការងារ
មានតាមរដូវកាលតែប៉ុណ្ណោះ គឺពេលខ្លះមានការងារធ្វើ
ពេលខ្លះអត់។ ដូចជាមានការងារតែនៅក្នុងរដូវប្រមូលផលជាដើម។
ដូច្នេះវាមានផលប៉ះពាល់ទៅជីវភាពរស់នៅ។
ក្រៅពីនេះ
នៅមានបញ្ហាអត្ដសញ្ញាណទៀត។
អ្នកមើលឃើញបញ្ហាដូច្នេះនៅក្នុងបណ្តាប្រទេសទាំងអស់។
ប៉ុន្តែជាពិសេសនៅក្នុងប្រទេសកម្ពុជា
សហគមន៍ជនជាតិដើមភាគតិចជាច្រើន
ជាពិសេសនៅភាគឦសាននៃប្រទេសកម្ពុជា អត្តសញ្ញាណ សាសនា
វិញ្ញាណរបស់ពួកមានការផ្សារភ្ជាប់ខ្លាំងជាមួយដី។
ដូច្នេះផលប៉ះពាល់មានច្រើនជាងផលប្រយោជន៍ខាងសេដ្ឋកិច្ច
ហើយខ្ញុំគិតថា នេះជាអ្វីដែលរដ្ឋាភិបាល
និងក្រុមហ៊ុនបដិសេធមិនព្រមយល់អំពីបញ្ហានេះ។ ខ្ញុំចង់និយាយថា
មនុស្សទាំងនេះកំពុងតែបាត់បង់របៀបរស់នៅតាមដូនតារបស់គេអស់រយៈពេល
រាប់រយឆ្នាំមកហើយ។ របៀបរស់នៅរបស់ពួកគេ ភាសារបស់ពួកគេ
សម្លៀកបំពាក់របស់ពួកគេ
ទាំងអស់នេះត្រូវរងការគំរាមកំហែងដោយសារតែការចាប់យកដីធ្លីទាំង
នេះ។
VOA៖ ហេតុអ្វីបានជារដ្ឋាភិបាល និងអ្នកមានអំណាចទាំងនេះបដិសេធ ហើយមិនយល់ដឹងអំពីរឿងនេះ?
Josie៖
ខ្ញុំចង់និយាយថា មានផលប្រយោជន៍
និងមានលុយជាច្រើនពាក់ព័ន្ធនៅក្នុងរឿងនេះ។ ខ្ញុំគិតថា
ផលប្រយោជន៍ទាំងអស់នោះត្រូវបានរដ្ឋាភិបាល និងក្រុមសាច់ញាតិ
និងអ្នកជិតស្និទ្ធមួយចំនួនតូចផ្តល់អាទិភាព
សំខាន់ជាងផលប្រយោជន៍ប្រជាជនទាំងអស់។
យើងកំពុងនិយាយអំពីប្រទេសដែលមានកម្រិតនៃអំពើពុករលួយខ្ពស់បំផុត
ហើយនឹងអភិបាលកិច្ចទន់ខ្សោយ។
ដូច្នេះនៅក្នុងប្រទេសកម្ពុជាមានច្បាប់ល្អ។ ឧទាហរណ៍
មានច្បាប់ដីធ្លីដែលល្អបំផុតនៅក្នុងឆ្នាំ២០០១
មានអនុក្រឹត្យស្តីពីដីសម្បទានសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៥
ហើយច្បាប់ទាំងនេះបាននិយាយថា សហគមន៍ទាំងនេះត្រូវតែទទួលបានសំណង
ហើយសម្បទានត្រូវនាំយកមកឲ្យនូវផលប្រយោជន៍អភិវឌ្ឍន៍។
ប៉ុន្តែច្បាប់ទាំងនេះមិនត្រូវបានគេអើពើទាំងស្រុងទេ។
ហើយបន្ទាប់មក អ្នកមានប្រព័ន្ធតុលាការ
ឬតុលាការដែលនៅខាងក្រុមមនុស្សដែលមានឥទ្ធិពល។ ដូច្នេះសហគមន៍
ដែលរងផលប៉ះពាល់ និងជនជាតិដើមភាគតិចមិនអាចទទួលបានយុត្តិធម៌ទេ។
ផ្ទុយទៅវិញ តុលាការត្រូវគេប្រើប្រាស់ប្រឆាំងនឹងសហគមន៍។
ដូច្នេះខ្ញុំគិតថា មានលុយច្រើន
និងមានកម្លាំងដែលមានឥទ្ធិពលច្រើនពេកពាក់ព័ន្ធនឹងបញ្ហានេះ។
VOA៖
និយាយពីបញ្ហារបស់ប្រទេសកម្ពុជា
នៅពេលបច្ចុប្បន្នតើវាមានហានិភ័យដោយសារតែការរឹបអូសដីធ្លីទេ?
តើអ្នកឃើញមានការផ្លាស់ប្តូរអ្វីខ្លះចាប់តាំងពីអ្នកបានចាប់
ផ្តើមស្រាវជ្រាវបញ្ហាពាក់ព័ន្ធទៅនឹងប្រទេសកម្ពុជា?
តើមានការផ្លាស់ប្តូរអ្វីខ្លះ?
Josie៖
ខ្ញុំគិតថា ខ្ញុំចាប់ស្រាវជ្រាវអំពីប្រទេសកម្ពុជា
នៅក្នុងឆ្នាំ២០១១។ ដូច្នេះវាជិតបួនឆ្នាំហើយ។
ការរឹបអូសដីបានក្លាយជាបញ្ហាធំរួចទៅហើយ។
ហើយដីភាគច្រើននៅប្រទេសកម្ពុជាត្រូវបានបែងចែកសម្រាប់សាច់ញាតិ
ឬអ្នកជិតស្និទ្ធនិងបក្ខពួកមានអំណាច
ហើយបញ្ហានោះបាននាំទៅកាន់ស្ថានភាពដូចអ្វីដែលបានកើតមានឡើងមុន
ការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ ២០១២
និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣
ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនគិតថា
គាត់ត្រូវតែចាត់វិធានការអ្វីមួយ
ពីព្រោះមនុស្សកាន់តែច្រើនត្រូវបានបណ្តេញចេញពីលំនៅដ្ឋាន
ពីដីធ្លីរបស់ពួកគេ។ ពួកគេនិយាយថា
មានប្រជាជនកម្ពុជាជាង៧០០.០០០នាក់ដែលបានរងផលប៉ះពាល់ជាអវិជ្ជមាន
ពីការចាប់យកដីធ្លីទាំងនោះ។
ដូច្នេះអ្វីដែលយើងបានឃើញពេលនោះគឺដំណោះស្រាយជាច្រើនពីនាយក
រដ្ឋមន្រ្តី និងពីរដ្ឋាភិបាល។
ជាដំបូងលោកបានអំពាវនាវឲ្យមានការផ្អាក
មិនឲ្យមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាបណ្តោះអាសន្ន
ហើយលោកបាននិយាយថា លោកមិនអនុញ្ញាតឲ្យមានការផ្តល់ដីសម្បទាន
តែធាតុពិតចំនួនដីសម្បទានត្រូវបានផ្តល់ចាប់តាំងពីពេល
លោកអំនាវនាវឲ្យមានការហាមឃាត់។
បន្ទាប់មកលោកបាន
បញ្ជូននិស្សិតស្ម័គ្រចិត្តទៅជនបទនិងបានចាប់ផ្តើមគម្រោងការផ្ដល់
កម្មសិទ្ធិដីធ្លី ដែលពួកគេបាននិយាយថា
នឹងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីរហូតដល់មួយលានបណ្ណដល់ប្រជាពលរដ្ឋ។
ប៉ុន្តែជាថ្មីម្តងទៀត
ការវាស់ផ្តល់ប្លង់ដីនេះមិនត្រូវបានធ្វើដោយមានតម្លាភាពនោះទេ
ហើយអង្គការសង្គមស៊ីវិលក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើការត្រួត
ពិនិត្យដែរ។ ហើយខ្ញុំដឹងថា អង្គការ
និងសហគមន៍ជាច្រើននៅក្នុងប្រទេសកម្ពុជាដឹងថា
ស្ថានភាពនេះមិនត្រូវបានដោះស្រាយទេ។ អ្នកបានដឹងហើយថា
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានមើលឃើញថា លោកហ៊ុន
សែនបានកាត់បន្ថយរយៈពេលនៃការជួលដីពី៩៩ឆ្នាំមកដល់៥០ឆ្នាំ។
ហើយយើងបានឃើញដីសម្បទានមួយចំនួនត្រូវបានលុបចោលផងដែរ។
ដូច្នេះរដ្ឋាភិបាលកម្ពុជាកំពុងធ្វើឱ្យមានចំណាប់អារម្មណ៍ដើម្បី
បង្ហាញថា ពួកគេកំពុងតែព្យាយាមដោះស្រាយស្ថានភាពនេះ។ តាមពិតទៅ
ខ្ញុំយល់ថាដំណោះស្រាយទាំងនេះមិនបានទៅដល់ឫសគល់នៃបញ្ហានោះទេ។
ហើយខ្ញុំដឹងថា អង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា
និងសហគមន៍ដែលរងផលប៉ះពាល់ជាច្រើនក៏យល់ឃើញដូចគ្នាដែរ។
ការណ៍ពិតស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង
ពេលដែលមនុស្សកាន់តែច្រើនបានរងផលប៉ះពាល់ដោយការរំលោភបំពានយកដី
ធ្លីទាំងនេះ។
VOA៖
តើអ្នកឃើញមានការផ្លាស់ប្តូរទេ? ដូចជាថា
តើរដ្ឋាភិបាលមានភាពធូរលុង
ឬកាន់តែតឹងរ៉ឹងសម្រាប់លក្ខខណ្ឌនៃការផ្តល់ដីសម្បទានទៅឱ្យ
ក្រុមហ៊ុនឯកជនដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើ?
Josie៖
ការបែងចែកដីសម្បទានមានតិចជាងមុន
ដោយសារដីភាគច្រើនត្រូវបានបែងចែករួចទៅហើយ។ ប៉ុន្តែ ជាឧទាហរណ៍
មានក្រុមហ៊ុនខ្លះមិនបានធ្វើតាមកិច្ចសន្យារបស់ពួកគេទេ
តែយើងមិនឃើញរដ្ឋាភិបាលបង្ក្រាបក្រុមហ៊ុនទាំងនោះទេ។ អ្នកដឹងទេ
ឧទាហរណ៍ក្រុមហ៊ុន ដែលអង្គការ Global Witness
បានធ្វើការលាតត្រដាងនៅក្នុងឆ្នាំ២០១៣
គឺក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមឈ្មោះ Vietnamese Rubber
Group ដែលបានកាន់កាប់ដី១៦០.០០០ហិកតានៅកម្ពុជា។
សម្បទានដីនេះមានទំហំ១៦ដងធំជាងកម្រិតទំហំដីសម្បទានស្របច្បាប់
ព្រោះថា ក្រុមហ៊ុនមួយអាចកាន់កាប់ដីសម្បទានបាន១០.០០០ហិកតា។
យើងបានលាតត្រដាងរឿងនេះ ហើយវាត្រូវបានសារព័ត៌មាន
និងសហគមន៍ដែលរងការប៉ះពាល់សរសេរ។
ប៉ុន្តែក្រុមហ៊ុននេះនៅតែត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីទំហំនោះ
ហើយក្រុមហ៊ុននៅតែមានការប៉ះទង្គិចជាមួយសហគមន៍។
ជម្លោះទាំងនោះមិនត្រូវបានដោះស្រាយទេ។
មានករណីមួយចំនួនដែលក្រុមហ៊ុនបាននិយាយថា
ពួកគេចង់ដោះស្រាយជម្លោះជាមួយប្រជាពលរដ្ឋ។
តែអាជ្ញាធរមិនអនុញ្ញាតឱ្យក្រុមហ៊ុននិយាយដោយផ្ទាល់ជាមួយសហគមន៍
ដែលរងផលប៉ះពាល់ទេ។ ដូច្នេះពិតជាធ្វើឱ្យមានបញ្ហាដល់សហគមន៍។
ដូច្នេះខ្ញុំអាចនិយាយបានថា ស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង។
VOA៖ តើអ្នកមានបានឃើញ ឬបានឮការឆ្លើយតបពីរដ្ឋាភិបាលទាក់ទងនឹងរបាយការណ៍របស់អ្នកទេ?
Josie៖
អង្គការ Global Witness
បាននឹងកំពុងធ្វើការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៥
ដូច្នេះរយៈពេល២០ឆ្នាំមកហើយរហូតដល់ឥឡូវនេះ។ តាមពិតទៅ
នៅប៉ុន្មានឆ្នាំដំបូងនៃការធ្វើការងារនៅទីនោះ
ការឆ្លើយតបទៅនឹងរបាយការណ៍នេះពេលខ្លះមានលក្ខណៈវិជ្ជមាន។
ឧទាហរណ៍នៅចំណុចមួយយើងត្រូវបានអញ្ជើញឲ្យធ្វើជាអ្នកឃ្លាំមើលព្រៃ
ឈើឯករាជ្យរបស់រដ្ឋាភិបាល ហើយវាជាការងាររបស់អង្គការ Global
Witness ដើម្បីត្រួតពិនិត្យមើលព្រៃឈើរបស់ប្រទេសកម្ពុជា
ដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនមិនកាប់ឈើខុសច្បាប់។
ប៉ុន្តែទំនាក់ទំនងរបស់យើងជាមួយនឹងរដ្ឋាភិបាលត្រូវចប់នៅពេលដែល
យើងចេញរបាយការណ៍ហៅថា Family Tree (ចង្កោមគ្រួសារ)។
យើងបានលាតត្រដាងពីរបៀបដែលនាយករដ្ឋមន្រ្តី
និងសមាជិកមួយចំនួននៃក្រុមគ្រួសាររបស់គាត់
បានធ្វើចំពោះព្រៃឈើរបស់ប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក
ទំនាក់ទំនងរបស់យើងជាមួយរដ្ឋាភិបាលមិនល្អនោះទេ។
ហើយការឆ្លើយតបទៅនឹងរបាយការណ៍របស់យើងមិនមានលក្ខណៈវិជ្ជមានទេ។
នោះជាការណ៍ពិតរហូតមកដល់ខែមីនាឆ្នាំនេះ
នៅពេលដែលយើងបានចេញរបាយការណ៍ The Cost of Luxury
«តម្លៃនៃភាពប្រណិត»។ ជាថ្មីម្តងទៀត
របាយការណ៍របស់យើងពិនិត្យមើលទៅលើការកាប់ឈើខុសច្បាប់។
រដ្ឋសភាជាតិបានបង្កើតគណៈកម្មការសភាមួយឡើង។
នេះជាលើកដំបូងដែលមានការឆ្លើយតបសមរម្យ។
VOA៖
តើអ្នកឃើញអនាគតនៃបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជាទៅជាយ៉ាងណា
ក្នុងរយៈពេល១០ឆ្នាំក្រោយ? តើមានដំណោះស្រាយឬទេ?
Josie៖
យើងលំបាកសន្និដ្ឋានណាស់ ព្រោះថា
ប្រទេសកម្ពុជានៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះមានការ
ប្រែប្រួលខ្លាំងណាស់ ដែលយើងមិនអាចទស្សន៍ទាយបាន
ដោយសារមានព្រឹត្តិការណ៍ផ្សេង។
ហើយដីគឺជាបញ្ហាសំខាន់របស់ប្រទេសនេះ។
នៅពេលដែលរដ្ឋាភិបាលចាប់ផ្តើមរៀបចំជាថ្មីម្តងទៀតសម្រាប់ការបោះ
ឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ ហើយបន្ទាប់មកការបោះឆ្នោតជាតិ
យើងពិបាកទស្សន៍ទាយណាស់ថា តើលោកនាយករដ្ឋមន្ត្រីនឹងធ្វើអ្វី។
ប៉ុន្តែបច្ចុប្បន្នមើលទៅដូចជាមិនមានដំណោះស្រាយអ្វីទេ។
អ្វីដែលត្រូវកើតឡើងគឺរដ្ឋាភិបាលត្រូវយកដីពីក្រុមហ៊ុនត្រឡប់មក
វិញ ហើយបែងចែកដីទាំងនោះទៅឲ្យសហគមន៍មូលដ្ឋាន
និងផ្តល់ឱ្យពួកគេនូវប្លង់ដីរឹង។ ទោះជាបណ្ណកម្មសិទ្ធិឯកជន
ឬបណ្ណកម្មសិទ្ធិសហគមន៍ក៏ដោយ។
ដូច្នេះបញ្ហាដីធ្លីនឹងមិនអាចកើតឡើងចំពោះពួកគេទៀតទេ
នៅពេលអនាគត។ ខ្ញុំមើលមិនឃើញសញ្ញាដែលថា
រដ្ឋាភិបាលកម្ពុជានឹងធ្វើដូច្នេះទេ។ ប៉ុន្តែជាក់ស្តែង
វាអាស្រ័យទៅលើកម្លាំងនយោបាយ។
VOA៖
តើប្រទេសកម្ពុជាជាប្រទេសដែលមានបញ្ហាធ្ងន់ធ្ងរបំផុតឬ?
តើប្រទេសផ្សេងៗទៀតមានបញ្ហាដូចគ្នានេះដែរទេ?
តើប្រទេសណាដែលមានបញ្ហាធ្ងន់ធ្ងរបំផុតទាក់ទងនឹងការរឹបអូស
ដីធ្លី?
Josie៖ នេះជាបញ្ហាធំ
ដែលកើតមានឡើងចាប់តាំងពីឆ្នាំ២០០៨មក។ វាបានកើតមាននៅអាហ្វ្រិក
នៅអាមេរិកឡាទីន និងនៅអាស៊ីអាគ្នេយ៍ផងដែរ។
ជា
ការណ៍ពិតណាស់ នាពេលបច្ចុប្បន្ននេះ ប្រទេសដែលគេនិយាយថា
មានការរំលោភដីធ្លីច្រើនជាងគេបំផុតនោះគឺប្រទេសស៊ូដង់ខាងត្បូង
នៅទ្វីបអាហ្វ្រិក។
ហើយបណ្តាប្រទេសនៅអាហ្វ្រិកមានទំហំធំសម្បើមណាស់
បើធៀបទៅនឹងប្រទេសកម្ពុជា
ហើយទំហំដីដែលត្រូវបានគេរឹបអូសយកទំនងជាមានទំហំធំជាង។
បើនិយាយអំពីតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជា ឡាវ
និងភូមាបញ្ហារឹបអូសដីធ្លីមានច្រើន។
ហើយបញ្ហានេះកាន់តែធំទៅទៀតនៅក្នុងប្រទេសចិន
និងនៅក្នុងប្រទេសប៉ាពួញូហ្គីណេ។ ខ្ញុំដឹងថា
ប្រទេសឥណ្ឌូនេស៊ីក៏មានបញ្ហារឹបអូសដីធ្លីច្រើនសម្បើមណាស់ដែរ។
ដូច្នេះវាបង្ហាញពីរូបភាពដែលកើតមាននៅតាមបណ្តាប្រទេសកំពុង
អភិវឌ្ឍន៍ភាគច្រើនបំផុតនៅពេលបច្ចុប្បន្ននេះ
គឺតាំងពីមានវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨
និងវិបត្តិស្បៀងពិភពលោក។
វិបត្តិទាំងពីរនេះបានកើតឡើងនៅពេលជាមួយគ្នា។
ហើយពិភពលោកបានចាប់ផ្តើមដឹងថា ប្រហែលមកពីវិបត្តិហិរញ្ញវត្ថុ
ដូចជាស្តុក និងភាគហ៊ុន ដែលប្រហែលជាមិនអាចរក្សាទុកបានហ្នឹងហើយ
បានជាវិនិយោគិនចាប់ផ្តើមរកទ្រព្យសម្បត្តិដែលពួកគេអាចធ្វើការ
វិនិយោគបាន។
ហើយដីស្រែចម្ការជាផ្នែកមួយនៃទ្រព្យសម្បត្តិទាំងនោះ។
ដូច្នេះពួកគេបានចេញទៅប្រទេសដែលពួកគេអាចធ្វើកិច្ចព្រមព្រៀង
មានលក្ខណៈពុករលួយជាមួយរដ្ឋាភិបាល
ដែលអនុញ្ញាតឲ្យពួកគេកាន់កាប់ដីជាច្រើន។
ហើយប្រសិនបើអ្នកកាន់កាប់ដី ដីនឹងឡើងថ្លៃ
ហើយអ្នកអាចលក់វាបានថ្លៃ។
ដូច្នេះវាជាបញ្ហាធំនៅទូទាំងពិភពលោក។
VOA៖ តើអ្នកនឹងមានផែនការធ្វើគម្រោងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតទៅទៀត ឬក៏មានផែនការឈប់ក្នុងពេលណាមួយ?
Josie៖
អង្គការ Global Witness
មិនមានផែនការបញ្ឈប់ការងារនៅក្នុងប្រទេសកម្ពុជាទេ។
យើងបានចាប់ផ្តើមធ្វើនៅក្នុងប្រទេសកម្ពុជា
ហើយយើងមានការប្តេជ្ញាចិត្តដោយសង្ឃឹមថា
ប្រជាជនកម្ពុជាអាចទទួលបានផលប្រយោជន៍ពីធនធានធម្មជាតិរបស់ពួកគេ។
បច្ចុប្បន្ននេះពាក់ព័ន្ធទៅនឹងផែនការរបស់យើងនាពេលអនាគត
យើងកំពុងតែធ្វើការលើរបាយការណ៍ដែលយើងបានចេញផ្សាយនៅក្នុងរយៈ
ពេលពីរឆ្នាំមុន។
ដូច្នេះយើងកំពុងធ្វើការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម Vietnamese
Rubber Group និងក្រុមហ៊ុន Hoang Anh Gia Lai ដើម្បីព្យាយាម
និងជួយឲ្យសហគមន៍ដែលរងផលប៉ះពាល់នៅក្នុងប្រទេសកម្ពុជាទទួលបាន
សំណង៕

No comments:
Post a Comment