A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 2 October 2015

ចំនួន​អ្នក​ស្លាប់​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​បន្ត​កើនឡើង​ខ្ពស់

ចំនួន​អ្នក​ស្លាប់​ដោយ​​គ្រោះថ្នាក់​ចរាចរណ៍​បន្ត​កើនឡើង​ខ្ពស់
Thu, 1 October 2015 ppp
ប៉ិច សុធារី
ជនរងគ្រោះ​កៀប​ក្នុង​រថយន្ត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ​។ រូបថត សហការី

ភ្នំពេញៈ របាយការណ៍​របស់​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ ព្យាករ​ថា​ចំនួន​អ្នក​ស្លាប់​​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អាច​នឹង​កើន​ដល់​ ៣២០០ នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​ ២០២០ ប្រសិន​បើ​ពុំ​មាន​វិធានការ​ទប់ស្កាត់​ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​​ជា​ ផ្លូវការ​សម្រាប់​ឆ្នាំ​ ២០១៤ មាន​ជាង ២២០០ ​នាក់។

នៅក្នុង ​របាយការណ៍​ប្រព័ន្ធ​ព័ត៌មាន​​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​ ២០១៤ ដែល​ផ្សព្វផ្សាយ​ជា​​ផ្លូវការ​កាលពី​ថ្ងៃ​​ម្សិលមិញ​នៅ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​ ២០១៤ គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៤៦៤៥ ករណី និង​​ជនរងគ្រោះ ១៥៣១៥ នាក់​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ២២២៦ ​នាក់ និង​របួស​ធ្ងន់ ៦០០៥ ​​នាក់​​​។ អត្រា​អ្នក​ស្លាប់​បាន​កើនឡើង ១៤ ​ភាគរយ​បើ​ធៀប​នឹង​​ឆ្នាំ​​ចាស់​ដែល​​​មាន​ចំនួន ១៩៥០ នាក់​ហើយ​​ប្រសិន​បើ​ពុំ​មាន​វិធានការ​ទប់ស្កាត់ និង​​យន្តការ​កាត់​បន្ថយ​គ្រោះថ្នាក់​ជាក់លាក់​​ទេ​ចំនួន​អ្នក​ស្លាប់​នឹង​​ អាច​កើន​ដល់ ៣២០០ នាក់​នៅ​ឆ្នាំ​ ២០២០។

របាយការណ៍​ដែល​មាន ​ការ​ចូលរួម​ផ្តល់​​ទិន្នន័យ​ពី​ក្រសួង​ពាក់ព័ន្ធ​បញ្ជាក់​ថា៖ «​អត្រា​អ្នក​ស្លាប់​ ៦៤ ភាគរយ​នៅ​អាយុ​​ចន្លោះ​​​​ពី ១៥ ទៅ ៣៩ ​ឆ្នាំ។ អ្នក​ស្លាប់​ជា​កសិករ​មាន​ភាគរយ​​ច្រើន​ជាង​គេ​គឺ​ ៤២ ភាគរយ​បន្ទាប់មក​កម្មករ ១៩ ភាគរយ​ និង​សិស្ស ១២ ភាគរយ​»។

រដ្ឋមន្ត្រី ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ ផ្លូវគោក​លោក ត្រាំ អ៊ីវតឹក និយាយ​​ថា​ចំនួន​អ្នក​ស្លាប់​បន្ដ​កើនឡើង​​ជា​​រៀងរាល់​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​ ២០១៥ ​នេះ​តួលេខ​​អាច​​នឹង​​កើនឡើង​ថែម​ទៀត​ដោយសារ​មាន​ករណី​គ្រោះថ្នាក់​ស្លាប់​ ជា​ក្រុម​ដូចជា​ការ​​​ស្លាប់​​កម្មករ​នៅ​ខេត្ត​ស្វាយរៀង​ និង​​ករណី​ក្រឡាប់​ឡាន​​ខេត្ត​ឧត្តរមានជ័យ​ជាដើម។

លោក​ថា៖ ​«កត្តា​ផ្លូវ​ថ្នល់​កាន់តែ​​វែង​មនុស្ស​កាន់​តែ​ច្រើន​ហើយ​កត្តា​យានយន្ត​ កាន់តែ​ច្រើន ហានិភ័យ​នៃ​​គ្រោះថ្នាក់​ក៏​កាន់តែ​​ខ្ពស់​មនុស្ស​​ស្លាប់​​ក៏​ច្រើន​​​ដែរ​ បើ​សិន​​យើង​គ្មាន​វិធានការ​ដើម្បី​ទប់ស្កាត់​ទេ»។

ក៏​ ប៉ុន្ដែ​លោក​ថ្លែង​ថា​រាជរដ្ឋាភិបាល​បាន​​​​រៀបចំ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ រួម​ទាំង​ការ​សិក្សា​​ស្វែងរក​ឫសគល់​នៃ​​ប្រភព​​​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ បង្កើត​​ច្បាប់​​​ថ្មី​បទដ្ឋាន​ពាក់ព័ន្ធ​ និង​​គោល​នយោបាយ​ជាតិ​ការ​​បំពាក់​​​បរិក្ខារ​នានា​តាម​ដង​ផ្លូវ​ព្រម​ទាំង​ ដាក់​ចេញ​នូវ​​វិធានការ​នានា​ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់ និង​​កាត់​បន្ថយ​​នូវ​គ្រោះថ្នាក់ និង​ចំនួន​អ្នក​ស្លាប់​ឲ្យ​បាន ៥០ ​ភាគរយ​នៅ​ឆ្នាំ ២០២០​។

លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា​គ្រោះថ្នាក់​ភាគច្រើន​កើតឡើង​ ដោយសារ​ឥរិយាបថ​របស់​មនុស្ស​ដូចជា​ការ​បើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​​ឥទ្ធិពល​គ្រឿង​​​ស្រវឹង មិន​​គោរព​ស្លាក​សញ្ញា​ជាដើម។

លោក ​​​ថា៖ ​«នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​គ្រោះថ្នាក់​ច្រើន​ជាង​គេ​នេះ​គឺ​មួយ​ចំនួន​​ ធំ​ជា​​​អ្នក​​មកពី​ជនបទ​ដែល​គាត់​មិន​ធ្លាប់​​​ធ្វើ​​ចរាចរណ៍​នៅ​កន្លែង​ មាន​​មនុស្ស​ច្រើន​ព្រោះ​​គាត់​ធ្វើ​​ដំណើរ​​នៅ​ស្រុក​ស្រែ​ស្ងាត់​គាត់​ចេញ ​មិន​បាច់​មើល​មុខ​មើល​ក្រោយ​គាត់​​ជិះម៉ូតូ​មិន​មាន​ភ្លើង​ស្តុប មិន​​ស្គាល់​ស្លាក​សញ្ញា​​​ជាដើម​អ៊ីចឹង​​​ត្រូវការ​ពេលវេលា​ច្រើន​ទៀត​​ ដើម្បី​​កែទម្លាប់​នេះ»។

តំណាង​អង្គការ​ជនពិការ​អន្តរជាតិ ​លោក Gilles Nouzies បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​តែ​កំណើន​​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ​មាន​ ​យ៉ាង​​ហោច​ណាស់​ជាង​ ៦ នាក់ និង​​របួស ១៧ នាក់​នេះ​ដែល​ជា​​កត្តា​គួរ​​ឲ្យ​​ព្រួយបារម្ភ​មួយ​​ដែល​ទាមទារ​​ឲ្យ​យក​ ចិត្ត​ទុក​ដាក់​បន្ថែម​។

តួលេខ​ជា​បឋម​នៃ​​គ្រោះថ្នាក់​ ចរាចរណ៍​ក្នុង​រយៈពេល ៩ ​ខែ​ឆ្នាំ​ ២០១៥ របស់​ក្រសួង​មហាផ្ទៃ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣៥០៥ លើក​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ១៧៣៤ ​​នាក់​របួស​ធ្ងន់ ៣៣០៩ នាក់​របួស​ស្រាល ២៣៦៤ នាក់​ហើយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​មាន​អ្នក​​ស្លាប់​​ចាប់ពី​ ២ នាក់​ឡើង​ទៅ​មាន ១១៧ លើក៕

1 comment:

Anonymous said...

សូមទិរទានបន្តិច អភិវ័័ឌ្ឍសំអាចម៏ជោ ហុ៊ន សែន មានលក្ខណៈជឿនលឿនជាគេនឺងសម្បូរណ៏បែប ស្របៀ, ស្រាងានសបេរង,ស្រាបៀអង្គរ,បើរាប់ប្រហែល១០យា៉ង ហើយកំ ពុងពេញនិយមសំរាប់យុវជន នឺងយុវចាស់ ហើយកំពុងប្រកួតប្រជែងគ្នា ផឺកច្រើនឈ្នះរង្វាន់ច្រើន ដូច្នេះមា្នក់ៗខំផឺកដើម្បីយករង្វាន់ តែខ្លះក៏បាន ឯខ្លះទៀតអកុសលក៏បានរង្វាន់ ម្ឈូសទៅវិញ សព្វផ្ងៃបងប្អូនគួរជៀសវាង បើជៀសមិនបានពេលស្រវឺងគួរកុំបើកបរ តែភាគច្រើនមិនអាច ព្រោះខ្ញំុស្គាល់អ្នកស្រវឺងច្បាស់ណាស់ ពេលស្រវឺងច្រើនអួតអាងផ្សំផង ខ្លះទៅជាឆ្កួតវង់វេង អ្វីដែលធ្វើមិនកើតចចេសនៅតែធ្វើ ។ បើនៅតែយា៉ងនេះយួនវានឺងស្រណុកដីយើងណាស់,ខ្លះត្រូវវាបំពុល,ខ្លះត្រូវវាយសំលាប់ជាបន្តរបន្ទាប់ ខ្លះត្រូវឡានបុក ខ្លះគ្រោះផ្នាក់ចរាចរជរៀងរាល់ផ្ងៃ សូមប្រើបញ្ញាមុននឺងផ្វើអ្វីមួយ អោយស្គាល់ខុសនឺងត្រូវទើបគេហៅផាមុនស្ស ។