(ចុះផ្សាយនៅថ្ងៃ 13-06-2015, 1:42 pm) | ដោយ : ថ្មីៗ
បន្ទាប់ពីលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាទទួលមរណកាលទៅ គណបក្សប្រជាជនកម្ពុជា នឹងបើកមហាសន្និបាតគណៈកម្មាធិការកណ្តាលបក្ស ដើម្បីជ្រើសរើសប្រធាននិងអនុប្រធានបក្សថ្មី។ សន្និបាតនេះ នឹងធ្វើឡើងនៅថ្ងៃសៅរិ៍ទី ២០ ខែមិថុនា ពោលគឺមួយថ្ងៃបន្ទាប់ពីថ្ងៃបូជាសាកសពលោក ជា ស៊ីម នាថ្ងៃទី ១៩ ខែមិថុនា ខាងមុខ។
សូមស្តាប់លោក ជា ធីរិទ្ធ!
គណបក្សប្រជាជនកម្ពុជា បានត្រៀមរួចរាល់ហើយ ដើម្បីបើកមហាសន្និបាតគណៈកម្មាធិការកណ្តាលបក្សជ្រើសរើសប្រធាន និងអនុប្រធានគណបក្សថ្មី។ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មហាសន្និបាតនេះ នឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមិថុនា ខាងមុខ ពោលគឺបន្ទាប់ថ្ងៃបូជាសពលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជាមួយថ្ងៃ។
បើតាមលោក សុខ ឥសាន្ត តំណែងជាប្រធានគណបក្សប្រជាជនកម្ពុជាបន្តពីលោក ជា ស៊ីម គឺប្រាកដណាស់ថា នឹងធ្លាក់ទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការប្រកាសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ដោយមិនចាំបាច់បោះឆ្នោតជ្រើសរើសនោះទេ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖ «រឿងនេះ សម្តេច បានប្រកាសតាំងពីដើមរៀងមកហើយថា បើសម្តេច ជា ស៊ីម មរណកាលទៅ គឺសម្តេចធ្វើជាប្រធាន»។
ក៏ប៉ុន្តែចំពោះតំណែងជាអនុប្រធានគណបក្សវិញ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ត្រូវតែឆ្លងកាត់តាមរយៈការបោះឆ្នោតជ្រើសនៅក្នុងមហាសន្និបាតគណៈកម្មាធិការកណ្តាលបក្សនៅថ្ងៃដែលបានកំណត់នោះ។លោក ឥសាន្ត មិនអាចប្រាប់ថា មានបេក្ខជនឈរឈ្មោះបោះឆ្នោតជាអនុប្រធានគណបក្សប្រជាជនកម្ពុជាប៉ុន្មាននាក់ឲ្យពិតប្រាកដនោះឡើយ« ខ្ញុំគ្រាន់តែដឹងថា មានឯកឧត្តម ស ខេង និងឯកឧត្តម សាយ ឈុំ។ ខ្ញុំមិនហ៊ានសន្និដ្ឋានថា ក្នុងចំណោមឯកឧត្តមទាំងពីរនេះ ឯកឧត្តមរូបណា អាចនឹងជាប់ជាអនុប្រធានគណបក្សនោះទេ»។នេះជាការបរិយាយរបស់លោក សុខ ឥសាន្ត។
ជុំវិញបញ្ហានេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាប្រមើលឃើញថា លោក ស ខេង រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ គឺជាបេក្ខជនដ៏សក្តិសមជាអនុប្រធានគណបក្សប្រជាជនកម្ពុជាជំនួសលោក ហ៊ុន សែន ជាងមន្ត្រីបក្សដទៃ មានដូចជា លោក សាយ ឈុំ លោក សុខ អាន និងអ្នកស្រី ម៉ែន សំអន ជាដើម ។ ពីព្រោះតែលោក ស ខេង មានអំណាចខ្លាំងទាំងក្នុងគណបក្ស និងទាំងអំណាចជាក់ស្តែង ហើយលោក ក៏ជាអ្នកនយោនបាយដែលមានឥរិយាបថប្រជាធិបតេយ្យ ដែលប្រជាជន អ្នកនយោបាយ សង្គមស៊ីវិល ទទួលស្គាល់ច្រើនផងដែរ។
យ៉ាងណាក៏ដោយ ការជ្រើសរើសប្រធាន និងអនុប្រធានបក្សថ្មីនាពេលខាងមុខ នឹងមិនធ្វើឲ្យមានបញ្ហាផ្ទៃក្នុងបក្សប្រជាជនកម្ពុជាឡើយ។ ពីព្រោះការផ្លាស់ប្តូរតំណែងក្នុងបក្ស វាជាជារឿងធម្មតាទេ នៅពេលដែលប្រធានគណបក្សទទួលមរណកាល ហើយគណបក្សប្រជាជននកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីកាន់មុខតំណែងដឹកនាំបក្សបន្តពីអ្នកចាស់។នេះជាការថ្លែងការពារបក្សរបស់លោក សុខ ឥសាន្ត៕
No comments:
Post a Comment