2015-06-08 rfa
![]() |
លោក សម រង្ស៊ី និងលោក ហ៊ុន សែន បង្ហាញការសន្ទនាគ្នាដ៏ល្អូកល្អិននៅពេលដែលអង្គុយមើលល្ខោន និងរបាំនៅក្នុងភូមិខ្មែរ នាទីលានជល់ដំរី កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥។
RFA/Hang Savyouth
|
School of Vice: If you did not rig the election result then why rejecting the opposition's call for re-election?
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បបួល លោក សម រង្ស៊ី ស្បថនៅមុខព្រះអង្គដងកើ និងវត្ថុសក្ដិសិទ្ធិទាំងឡាយជុំវិញរឿងចោទប្រកាន់គណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោត និងរឿងចោទកាកបាទក្រហមរើសអើងពលរដ្ឋរងគ្រោះ។
អ្នកតំណាងរាស្ត្របក្សប្រឆាំងប្រតិកម្មថា មិនខ្លាចការចូលរួមស្បថនោះទេ ប៉ុន្តែចាត់ទុកការស្បថស្បែនេះគ្រាន់តែជារឿងអប្បិយជំនឿមួយប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីទាល់តម្រិះ ក្នុងការសបញ្ជាក់ឲ្យគណបក្សប្រឆាំងជឿជាក់លើភាពស្មោះត្រង់របស់គណបក្សប្រជាជនកម្ពុជា និងស្ថាប័នកាកបាទក្រហម ដែលដឹកនាំដោយភរិយារបស់លោក។
ថ្លែងយ៉ាងម៉ឺងម៉ាត់នៅក្នុងរដ្ឋសភា នៅថ្ងៃទី៨ មិថុនា ដើម្បីការពារភាពស្អាតស្អំរបស់គណបក្សលោក និងស្ថាប័នរបស់ភរិយាលោកនោះ លោក ហ៊ុន សែន បញ្ជាក់ថា មានវិធីតែមួយគត់ គឺនៅពេលដែលប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី វិលមកពីក្រៅប្រទេសវិញ លោកនឹងបបួលស្បថនៅមុខវត្ថុសក្ដិសិទ្ធិ ឲ្យសមាជិកលោកស្លាប់ទាំងអស់គ្នា បើសិនជាគណបក្សប្រជាជនកម្ពុជា លួចសន្លឹកឆ្នោតកាលពីបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ និងរឿងចោទកាកបាទក្រហម ចែកជំនួយរើសអើងពលរដ្ឋរងគ្រោះ៖ «តើគណបក្សនានាហ៊ានស្បថទេជាមួយគណបក្សប្រជាជន មុខព្រះអង្គដងកើ បើគណបក្សប្រជាជន លួចសន្លឹកឆ្នោតឲ្យបក្សប្រជាជន ងាប់ទាំងអស់ ត្រូវគ្រាប់ រន្ទះបាញ់ស្អីទាំងអស់ ប៉ុន្តែបើអ្នកណាភូតចោទគេខុស ក៏ត្រូវដូចគ្នាអ៊ីចឹងដែរ»។
ការបញ្ចេញប្រតិកម្មរបស់ លោក ហ៊ុន សែន ពេលនេះ ហាក់ដូចជាមិនខ្វល់ពីវប្បធម៌សន្ទនានោះទេ នៅគ្រាដែល លោក សម រង្ស៊ី កំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅឡើយ។
ទាក់ទងបញ្ហានេះ អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនធ្វើអត្ថាធិប្បាយរឿងនេះជំនួស លោក សម រង្ស៊ី ឡើយ ប៉ុន្តែជាទស្សនៈរបស់លោកផ្ទាល់ ចាត់ទុកថារឿងភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅអាណត្តិទី៥ កាលពីឆ្នាំ២០១៣ នោះ ពលរដ្ឋខ្មែរ និងអន្តរជាតិ បានដឹងអស់ហើយ៖ «ព្រោះមានភាពមិនប្រក្រតីហ្នឹងហើយ បានបង្កើតឲ្យមានវិបត្តិនយោបាយកន្លងមក ហើយយើងកំពុងជជែកគ្នាអំពីការកែទម្រង់ការបោះឆ្នោត ក្នុងនោះមានការផ្លាស់ប្ដូរសមាសភាព គ.ជ.ប ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្របខ័ណ្ឌមួយចំនួនទៀត»។
ពាក់ព័ន្ធនឹងការស្បថនេះដែរ លោក ហ៊ុន សែន ក៏បបួលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ លោក លិម គិមយ៉ា ស្បថដូចគ្នាដែរ ប្រសិនបើអ្នកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តនេះ មិនទទួលបានជំនួយពីកាកបាទក្រហមកម្ពុជា ពិតមែននោះ។
លោក លិម គិមយ៉ា មានប្រតិកម្មតបភ្លាមៗថា លោកមិនខ្លាចរអានឹងការស្បថនេះទេ ប៉ុន្តែលោកចាត់ទុកការស្បថ គឺជាការទាល់ច្រក៖ «សម្បថហ្នឹងមានគ្រប់អាណត្តិ មុនឡើងមកសភា មុនឡើងកាន់កាប់រដ្ឋាភិបាល ប៉ុន្តែយើងឃើញសម្បថ និងការធ្វើហ្នឹងផ្ទុយគ្នា ចំពោះលោកអត់ខ្លាចទេ ចង់ លោក ហ៊ុន សែន នាំខ្ញុំទៅស្បថកន្លែងណាខ្ញុំអត់បញ្ហា»។
លោកបន្តថា កត្តាសំខាន់ លោកនាយករដ្ឋមន្ត្រី ឬកាកបាទក្រហមកម្ពុជា ត្រូវរកភស្តុតាងណាមួយមកបញ្ជាក់ថា ការរិះគន់របស់លោកនោះជាការមិនពិត។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ ចាត់ទុកការស្បថជារឿងអប្បិយជំនឿមួយដែលពលរដ្ឋខ្មែរជឿតៗគ្នា។ ម្យ៉ាងទៀត ពាក្យសម្បថក៏មិនមែនជាលក្ខណៈផ្លូវច្បាប់ទេ ហើយក៏មិនមែនជាដំណោះស្រាយដែរ៖ «ប៉ុន្តែបើសិនណាបើយើងដោះស្រាយយកលក្ខណៈផ្លូវច្បាប់មកធ្វើជាអប្បិយជំនឿ វាអត់មានលក្ខណៈវិទ្យាសាស្ត្រណាមួយក្នុងការដឹកនាំប្រទេសទេ»។
ការបញ្ចេញប្រតិកម្មរបស់ លោក ហ៊ុន សែន ផ្ទួនៗបែបនេះនៅក្នុងកិច្ចប្រជុំសភា នីតិកាលទី៥ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៨ មិថុនា។ ក្នុងកិច្ចពិភាក្សាដេញដោលគ្នានោះ តំណាងរាស្ត្របក្សប្រឆាំងបានលើកឡើងពីកាកបាទក្រហមកម្ពុជា ចែកអំណោយកន្លងមកមានការរើសអើង និងប្រកាន់និន្នាការបក្សនយោបាយ៕
No comments:
Post a Comment