តំណាងរាស្ត្រគណបក្សប្រឆាំងស្នើរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងដោះស្រាយការរំលោភព្រំដែនពីសំណាក់ប្រទេសវៀតណាម នៅច្រកព្រំដែនតន់ហន់ ខេត្តកំពត បន្ទាប់ពីរកឃើញថា វៀតណាម បានរំកិលព្រំដែនចូលដីខ្មែរ ១គីឡូម៉ែត្រ។ ប៉ុន្តែប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ច្រានចោលការចោទប្រកាន់នេះ។
ទឹកដីទល់ដែនដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កំពុងចោទថា បាត់បង់ទៅប្រទេសវៀតណាម នោះ គឺលោកសំអាងទៅលើហេតុផលថា ការកំណត់ព្រំដែនបច្ចុប្បន្នរំលោភទៅនឹងផែនទីចាស់ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ ព្រំដែននៅតំបន់នោះ បច្ចុប្បន្នកំណត់យកប្រឡាយ៧៩ ដែលជីកដោយវៀតណាម នៅឆ្នាំ១៩៧៩ មានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រែកព្រៃតាមែង ឬព្រែកវិញតេ ដែល លោក អ៊ុំ សំអាន អះអាងថា ជាខ្សែបន្ទាត់ព្រំដែនចាស់ឋិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។
លោកថា ដូច្នេះប្រឡាយ៧៩ មិនមែនជាបន្ទាត់ព្រំដែនដែលមាននៅក្នុងផែនទីធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដែលព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកទៅតម្កល់នៅអង្គការសហប្រជាជាតិឆ្នាំ១៩៥៤ នោះទេ។ បញ្ហារំលោភព្រំដែនពីសំណាក់វៀតណាម នេះ លោក អ៊ុំ សំអាន ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យចុះទៅពិនិត្យ និងដោះស្រាយ៖ «ព្រំដែននៅច្រកតន់ហន់ នេះ គាត់ (លោក វ៉ា គឹមហុង) យកទៅតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ហើយសន្ធិសញ្ញានេះយកតាមសន្ធិសញ្ញាព្រំដែនគោកខុសច្បាប់ឆ្នាំ១៩៨៥ ហើយពេលនោះជាសម័យយួន គ្រប់គ្រងកម្ពុជា។ ដូច្នេះយួន ហៅខ្មែរយើងស៊ីញេ គេមិនដែលឲ្យយើងចំណេញទេ។ ម្យ៉ាងវិញទៀត សន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ ហ្នឹង វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផ្ទុយទៅនឹងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ដែលទុកជាមោឃភាពនៃសន្ធិសញ្ញាទាំងអស់ក្នុងទសវត្សរ៍៨០»។
មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
ប៉ុន្តែទាក់ទិនបញ្ហានេះ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា ការលើកឡើងនេះគ្មានការពិតទាល់តែសោះ ព្រោះថា ព្រែកតាមែង ដែល លោក អ៊ុំ សំអាន អះអាងថាជាព្រែកព្រំដែននោះ ឋិតនៅយ៉ាងជ្រៅក្នុងដីវៀតណាម ហើយគ្មានឯកសារផ្លូវការណាមួយបញ្ជាក់ថា ព្រែកព្រៃតាមែង នោះជាព្រែកព្រំដែននោះទេ៖ «ខ្ញុំមិនស្គាល់ព្រែកតាមែងអីទេ ប៉ុន្តែព្រែកតាមែង មែនទែននៅក្នុងផែនទី ១/៥០០០០ គឺវានៅឆ្ងាយក្នុងដីវៀតណាម ប៉ុន្តែខ្ញុំសារភាពថា ខ្ញុំមិនដែលស្គាល់ព្រែកវិញតេ ឬតាមែងអីទេ។ សូមឲ្យគាត់ (លោក អ៊ុំ សំអាន) សួរសំណួរគេត្រូវយកផែនទីណាដែលមានឈ្មោះត្រឹមត្រូវផ្លូវការ កុំទៅយកពាក្យអ្នកបុរាណ ឬចាស់ទុំគាត់និយាយ ហើយយកមកប្រើក្នុងផ្លូវការ វាមិនបានទេ»។
យ៉ាងណាក៏ដោយ លោក អ៊ុំ សំអាន ចាត់ទុកការឆ្លើយរបស់ លោក វ៉ា គឹមហុង ថាកំពុងបំភ្លៃប្រវត្តិសាស្ត្រ ហើយគាត់នឹងក្លាយជាអ្នកទោសប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការលេចឮឡើងវិញពីការបាត់បង់ទឹកដីនេះ គឺបន្ទាប់ពីលោកបានចុះទៅពិនិត្យមើលតំបន់ព្រំដែននោះកាលពីខែមេសា កន្លងទៅថ្មីៗនេះ។ កាលនោះ លោកបានជួបសម្ភាសជាមួយអ្នកស្រុកនៅទីនោះជាច្រើន សុទ្ធតែអះអាងថា វៀតណាម ពិតជាបានរំកិលព្រំដែនចូលដីខ្មែរ។
បញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅតំបន់តន់ហន់ នេះ គណបក្សសង្គ្រោះជាតិ គ្រោងកោះហៅ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ចូលបំភ្លឺនៅក្នុងរដ្ឋសភា ប៉ុន្តែរង់ចាំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាមុនសិន ដើម្បីជៀសវាងការឆ្លើយបំភ្លឺមិនផ្តល់ឱកាសសាកសួរដេញដោលចំណុចសង្ស័យមួយចំនួន ដូចកាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយរយៈពេល ៦ម៉ោងនៅក្នុងសភាជាតិកាលពីឆ្នាំ២០១២៕
2 comments:
To solve Khmer problems, prosecute
Hanoi key leaders.
Yuon have expansionism in their blood.
Don't ask them to stop, make them stop.
Post a Comment