A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 2 May 2015

ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ព្រមព្រៀង​លុប​បំបាត់​ការ​ជួញ​ដូរ​មនុស្ស



School of Vice: But, aren't Australia and Cambodia engaged in official human-trafficking? 
---
ដោយ សិរី មុនី
2015-05-01 RFA
២៦-កុម្ភៈ-១០: រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​នារី លោកស្រី អ៊ឹង កន្ថាផាវី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯ​ក្រុមហ៊ុន Smart Mobile ក្នុង​រាជធានី​ភ្នំពេញ អំពី​គម្រោងការ​របស់​ក្រសួង​និង​ក្រុមហ៊ុន​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ ៨ មីនា។
RFA/Khe Sonorng
ប្រទេស​ទាំង​៦ ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ គឺ​កម្ពុជា ចិន ឡាវ ភូមា ថៃ និង​វៀតណាម បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​លើក​ទី​១០ និង​ថ្នាក់​រដ្ឋមន្ត្រី​ដំណើរ​ការ ខម​មីត លើក​ទី​៤ បាន​ព្រមព្រៀង​គ្នា​ចូលរួម លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​ធ្វើ​អាជីវកម្ម​ទិញ​លក់ ចាប់​ពង្រាត់ បង្ខំ​ឲ្យ​រៀបការ និង​ការ​កេង​ប្រវ័ញ្ច​ធ្ងន់ធ្ងរ​ដែល​ប្រាសចាក​ពី​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។
កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ មេសា ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ប្រទេស​ន័រវេសន៍ (Norway) និង​រាជ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត (Sweden)។
ប្រទេស​ទាំង​៦ ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​កេង​ប្រវ័ញ្ច​ការ​ជួញ​ដូរ​មនុស្ស​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ពិភពលោក។
តាម​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ថា មាន​មនុស្ស​ប្រហែល ២០​លាន​នាក់ (២០,៩​លាន​នាក់) ជា​ជន​រងគ្រោះ​នៃ​ពលកម្ម​ដោយ​បង្ខំ។ ទន្ទឹម​គ្នា​នេះ​ដែរ ការ​កេង​ប្រវ័ញ្ច​លើ​ផ្លូវ​ភេទ​ទូទាំង​ពិភពលោក ក្នុង​នោះ​ស្ត្រី និង​ក្មេង​ស្រី​ប្រមាណ ៥៥% (ជាង ១១,៤​លាន​នាក់) កុមារ​ប្រមាណ ២៦% (ជាង ៥,៥​លាន​នាក់)។
ក្នុង​របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ជន​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត គឺ​ប្រមាណ​ជាង ១១​លាន​នាក់ (១១,៧​លាន​នាក់)។
ជន​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ភាគ​ច្រើន​ធ្លាក់​ចូល​ក្នុង​ពលកម្ម​ដោយ​បង្ខំ​លើ​ទូក​នេសាទ ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ ឧស្សាហកម្ម​ម្ហូប​អាហារ​សមុទ្រ រោងចក្រ កសិកម្ម សំណង់ និង​ការ​រៀប​អាពាហ៍ពិពាហ៍​ទៅ​រស់នៅ​ក្រៅ​ប្រទេស ជាដើម។


ទាក់ទង​បញ្ហា​នេះ រាជ​រដ្ឋាភិបាល​ប្រទេស​ន័រវេសន៍ និង​រាជ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត ដែល​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការ ខម​មីត តាំង​ពី​ដំបូង​មក បាន​អបអរ​សាទរ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៦ និង​ដៃគូ​ផ្សេង​ទៀត ចំពោះ​សមិទ្ធផល​របស់​ខ្លួន​ដែល​ទទួល​បាន​កន្លង​មក និង​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ឲ្យ​បាន​ស៊ី​ជម្រៅ ពិសេស​ជាមួយ​សហគមន៍​ដែល​ធ្វើ​ការងារ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។
រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី បាន​មាន​ប្រសាសន៍​ថា រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ទោះ​បី​មិន​ទាន់​មាន​ស្ថិតិ​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​មាន​ភាព​ល្អ​ប្រសើរ បើ​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។ ការ​ផ្ដន្ទាទោស​របស់​តុលាការ​មាន​ដំណើរ​ការ​លឿន ហើយ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ជាង​មុន។
អ្នកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា បច្ចុប្បន្ន​ការ​ជួញ​ដូរ​មនុស្ស គឺ​មិន​ចំពោះ​តែ​ស្ត្រី និង​កុមារ​នោះ​ទេ ប៉ុន្តែ​បុរស ស្ត្រី ក្មេង​ស្រី កុមារា​កុមារី គឺ​សុទ្ធតែ​ប្រឈម​នឹង​ការ​ជួញ​ដូរ ហើយ​ការ​ជួញ​ដូរ​មនុស្ស​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដ៏​យង់ឃ្នង៖ «យើង​ត្រូវ​គិតគូរ​ទៅ​លើ​បុគ្គល​នីមួយៗ​ទៅ​តាម​ភេទ ទៅ​តាម​អាយុ​របស់​គាត់។ ដោយសារ​ការ​ជួញ​ដូរ​វា​មាន​រូបភាព​ខុសៗ​គ្នា។ ស្ត្រី និង​កុមារី​ភាគ​ច្រើន​គេ​យក​គាត់​ទៅ​ជួញ​ដូរ​ក្នុង​បំណង​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ។ បុរស និង​កុមារា​ភាគ​ច្រើន​គេ​យក​ទៅ​ធ្វើ​ពលកម្ម ដោយ​បង្ខិត​បង្ខំ»
កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​លើក​ទី​១០ និង​ថ្នាក់​រដ្ឋមន្ត្រី​ដំណើរ​ការ ខម​មីត លើក​ទី​៤ នៃ​ប្រទេស​ទាំង​៦ ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នេះ ក៏​បាន​ផ្តល់​ឱកាស​សម្រាប់​តំណាង​យុវជន​នៃ​ប្រទេស​ទាំង​៦ ក្នុង​មហា​តំបន់​ទន្លេ​មេគង្គ​ដែរ។
តំណាង​យុវជន​កម្ពុជា លោក ប្រុស សុខ បាន​លើក​ឡើង​ថា ការ​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ចូលរួម និង​លើក​ឡើង​នូវ​កង្វល់​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​នេះ គឺ​ពិត​ជា​ល្អ​ណាស់ ព្រោះ​ថា យុវជន​ជា​កោសិកា​សង្គម និង​ជា​អ្នក​ស្នង​កិច្ចការ​ផ្សេងៗ​ទៅ​ថ្ងៃ​ខាង​មុខ។ លោក​បាន​បន្ថែម​ថា សព្វថ្ងៃ​យុវជន​កម្ពុជា មាន​សកម្មភាព​ផុសផុល ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ជាច្រើន​នៅ​តាម​សហគមន៍។ លោក​បាន​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ចូល​កម្មវិធី​សិក្សា​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​រដ្ឋ៖ «យុវជន​សព្វថ្ងៃ​ចូលរួម​ច្រើន​ក្នុង​ការ​តស៊ូ​មតិ​ជាមួយ​ឃុំ ប្រជាពលរដ្ឋ​តាម​សហគមន៍ ក្នុង​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស»
លោក ស៊ិបប៊េស្ទៀន បូល (Sebastian Boll) មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អង្គការ​សហប្រជាជាតិ ដើម្បី​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (UN-ACT) បាន​និយាយ​ថា យើង​ជំរុញ​ឲ្យ​ប្រទេស​ទាំង​៦ ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ត្រូវ​តែ​សហការ​គ្នា​ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស។ ប្រទេស​ទាំង​នេះ មិន​អាច​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​តែ​ម្នាក់​ឯង​បាន​ទេ ព្រោះ​ការ​ជួញ​ដូរ​មនុស្ស​នេះ មាន​ភាព​ស្មុកស្មាញ​ច្រើន ហើយ​ពិសេស ឈ្មួញ​មាន​កលល្បិច​ច្រើន​ក្នុង​ការ​ប្រព្រឹត្ត។ លោក​បាន​បញ្ជាក់​ថា ដើម្បី​អាច​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​បាន ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ត្រូវ​កំណត់​គោលការណ៍​រួម និង​ត្រូវ​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា និង​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ជា​ការ​ពិត​មាន​ទិន្នន័យ​ជាច្រើន​មាន​ការ​ខុស​គ្នា​តិចតួច មិន​ថា​វិស័យ​ឯកជន ឬ​អង្គការ​សង្គម​ស៊ីវិល​នោះ។ ដូច្នោះ​ខ្ញុំ​គិត​ថា យើង​គួរ​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស ហើយ​វា​នឹង​ទទួល​ជោគជ័យ​បើ​យើង​រួម​គ្នា ពីព្រោះ​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង រដ្ឋាភិបាល​ម្នាក់​ឯង​មិន​អាច​ទប់ស្កាត់​បាន​ទេ។ ម្ល៉ោះ​ហើយ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា មិន​ថា​វិស័យ​ឯកជន ពិសេស​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​លើ​ការ​ជួញ​ដូរ​មនុស្ស​ហ្នឹង និង​រដ្ឋាភិបាល​ប្រទេស​នីមួយៗ ត្រូវ​បង្កើន​សហប្រតិបត្តិការ​រួម​គ្នា ដើម្បី​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​ប្រកប​ដោយ​ភាព​ជោគជ័យ នេះ​ជា​គោលដៅ​របស់ ខម​មីត»
លោក​បាន​អះអាង​ទៀត​ថា មាន​ហេតុផល​ជាច្រើន​បណ្ដាល​ឲ្យ​មាន​អំពើ​ជួញ​ដូរ​មនុស្ស​កើត​ឡើង ក្នុង​នោះ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លង​ដែន ដោយសារ​លិខិត​នេះ​ថ្លៃ ការ​ចាញ់​បោក​មេ​ខ្យល់ ខ្វះ​ព័ត៌មាន ការ​ប្រាថ្នា​ចង់​បាន​ជីវភាព​រស់នៅ​ល្អ​ប្រសើរ ជាដើម។
លោក​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស​បាន លុះត្រា​តែ​ប្រទេស​ទាំង​៦ ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាជន​ឲ្យ​បាន​ច្រើន កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក ពង្រឹង​នូវ​គោលការណ៍​ដែល​បាន​ដាក់​ចេញ និង​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព៕

No comments: