A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 May 2015

ព្រះសង្ឃ​ខ្មែរ​ក្រោម​ស្នើ​បក្ស​ទាំង​ពីរ​​ដោះស្រាយ​បញ្ហា​ក្នុង​ពន្ធនាគារ​ព្រៃស



ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺន ហាយ ធ្វើ​សន្និសីទ​កាសែត​នា​វត្ត​ស្ទឹងមានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៥។
RFA/Um Rainsey
ដោយ អ៊ុំ រង្សី
2015-05-10 RFA


ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា កន្លង​ទៅ បាន​ស្នើ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ លើក​យក​បញ្ហា​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ទៅ​ពិភាក្សា ដើម្បី​ដោះស្រាយ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ព្រោះ​ថា​នៅ​ក្នុង​ពន្ធនាគារ​នោះ លំបាក​នឹង​រស់​នៅ បន្ទប់​ចង្អៀត និង​បរិស្ថាន​មិន​ល្អ​ជាដើម។

ព្រះសង្ឃ​ខ្មែរ​ក្រោម​មាន​ថេរដីកា​បែប​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន និង​ជីវភាព​រស់​នៅ​ក្នុង​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា។

បញ្ហា​កង្វះ​អនាម័យ​ក្នុង​ការ​រស់​នៅ​របស់​អ្នក​ទោស​ច្រើន​នាក់​ស្នាក់​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត អំពើ​ពុករលួយ ភាព​អយុត្តិធម៌ និង​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​កំពុង​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ បញ្ហា​ទាំង​នេះ ត្រូវ​បាន​លើក​ឡើង​ដោយ​ព្រះសង្ឃ​បី​អង្គ​គង់​នៅ​វត្ត​ស្ទឹងមានជ័យ ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ ព្រះសង្ឃ​ទាំង​នោះ​រួម​មាន ព្រះសង្ឃ សឺន ហាយ ព្រះតេជព្រះគុណ ឃិត វណ្ណៈ និង​ព្រះតេជព្រះគុណ សាង កុសល។



​អតីត​អ្នក​ទោស​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង​បី​អង្គ​ខាង​លើ ព្រះតេជព្រះគុណ សឺន ហាយ បាន​មាន​សង្ឃដីកា​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ឯ​វត្ត​ស្ទឹងមានជ័យ ថា អស់​រយៈពេល​ជាង ៥​ខែ ដែល​ព្រះតេជព្រះគុណ​ជាប់​ក្នុង​ពន្ធនាគារ ព្រះតេជព្រះគុណ​សង្កេត​ឃើញ​ថា ពន្ធនាគារ​មិន​មែន​ជា​កន្លែង​ដែល​យក​មនុស្ស​អាក្រក់​ទៅ​កែប្រែ​អោយ​ល្អ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​កន្លែង​ដែល​យក​មនុស្ស​ល្អ​ទៅ​ធ្វើ​អោយ​អាក្រក់​ទៅ​វិញ៖ «គុក​ព្រៃស​ជា​ឋាន​នរក​ភ្នែក​ស្រស់​សម្រាប់​អ្នក​ទោស ព្រោះ​ថា ភាព​ពុករលួយ ភាព​កង្វះ​អនាម័យ ការ​កេង​ប្រវ័ញ្ច​លើ​អ្នក​ទោស ភាព​មិន​ប្រក្រតី ការ​យក​អ្នក​ទោស​ដែល​ស្នេហា​ជាតិ ភាព​អយុត្តិធម៌ កំពុង​តែ​កើត​មាន​ឡើង​លើ​អ្នក​ទោស»។

ព្រះតេជព្រះគុណ​អង្គ​នេះ មាន​ថេរដីកា​ទៀត​ថា តាម​ការស្រាវជ្រាវ​របស់​ព្រះអង្គ​ឃើញ​ថា ក្នុង​មួយ​ឆ្នាំៗ ប្រទេស​អូស្ត្រាលី បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​មក​កាន់​ពន្ធនាគារ​ព្រៃស ដើម្បី​ធ្វើ​អោយ​ប្រព័ន្ធ​គ្រប់គ្រង​ក្នុង​ពន្ធនាគារ​ព្រៃស ក៏​ដូចជា​ពិរុទ្ធជន​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ប៉ុន្តែ​អ្នក​ទោស​ក្នុង​ពន្ធនាគារ​នេះ​បែរ​ជា​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ទៅ​វិញ។ ព្រះតេជព្រះគុណ​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ​គិតគូរ និង​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​សម្របសម្រួល​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​ខាងលើ​វា​ជា​រឿង​ពិត មិន​មែន​កើត​ឡើង​តែ​ក្នុង​ពន្ធនាគារ​ព្រៃស នោះ​ទេ។ លោក​ថា ពន្ធនាគារ​កម្ពុជា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ពិសេស​បញ្ហា​ពុករលួយ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ទាមទារ​អោយ​រដ្ឋាភិបាល ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ស៊ើប​អង្កេត៖ «សម្រាប់​ស្រុក​គេ ពន្ធនាគារ​គឺ​ជា​ទី​កន្លែង​សម្រាប់​ឲ្យ​អ្នក​ទោស​ដែល​ធ្វើ​ខុស​មាន​ឱកាស​កែ​ប្រែ​ខ្លួន ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា មិន​ទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ មិន​ទាន់​មាន​ការ​អប់រំ​ណែនាំ​ដល់​អ្នក​ទោស​ដើម្បី​ចេញ​ពី​ពន្ធនាគារ​វិញ មាន​មុខ​របរ​ល្អ​ប្រសើរ​នោះ​ទេ»។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចាត់​ទុក​ថា នេះ​ជា​ព័ត៌មាន​សំខាន់​ដែល​ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​តែ​គិតគូរ​ពិចារណា និង​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​អោយ​ពន្ធនាគារ​កម្ពុជា ក្លាយ​ទៅ​ជា​ទីកន្លែង កែប្រែ​មនុស្ស​ពិត​ប្រាកដ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ពាក់ព័ន្ធ​ក្នុង​រដ្ឋ​សភា៖ «ក្នុង​នាម​ខ្ញុំ​ជា​តំណាងរាស្ត្រ​គណបក្ស​ជំទាស់ ខ្ញុំ​នឹង​យក​បញ្ហា​ដែល​ភាព​មិន​ប្រក្រតី​ទៅ​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ជាមួយ​គណៈកម្មការ​ក្នុង​រដ្ឋ​សភា ក៏​ជា​តំណាង​គណបក្ស​ប្រជាជន ដើម្បី​ធ្វើ​អោយ​ស្ថានភាព​ក្នុង​ពន្ធនាគារ​កម្ពុជា​ប្រសើរ​ឡើង»។

ចំណែក​ឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ព្រះតេជព្រះគុណ​ខាង​លើ គឺ​ជា​សម្ដី​របស់​អ្នក​ទោស​ដែល​ចេញ​ពី​ពន្ធនាគារ​ប៉ុណ្ណោះ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​នៅ​ឡើយ ដូច​នេះ​ពិបាក​យក​មក​ជា​ការ​ពិត​ណាស់។ លោក​ថា បើ​ព្រះតេជព្រះគុណ​ខាង​លើ​មាន​ចេតនា​ល្អ គួរ​តែ​មាន​លិខិត​ត្រឹម​ត្រូវ​ដាក់​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ៖ «ខ្ញុំ​យល់​ថា ការ​លើក​ឡើង​របស់​ព្រះសង្ឃ​ខាង​លើ​ពិបាក​ជឿ​ណាស់ ព្រោះ​ព្រះសង្ឃ​ទាំង​នោះ​ជា​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ និង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សង្គម​ជា​ច្រើន ដូច្នេះ​បើ​ចង់​ឲ្យ​គេ​ជឿ​ត្រូវ​តែ​ធ្វើ​ជា​គំរូ​គេ»។

​ទាក់ទង​និង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ពន្ធនាគារ​ព្រៃស បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ស្តី​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ពន្ធនាគារ​កម្ពុជា និង​សិទ្ធិមនុស្ស ដែល​បាន​ចេញ​ផ្សាយ​កាល​ទី​ថ្ងៃ​២០ ខែ​មករា ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា ការ​រំលោភ​បំពាន ការ​រើសអើង ការ​កេង​ប្រវ័ញ្ច និង​អំពើ​ពុករលួយ កំពុង​បន្ត​កើត​មាន​ឡើង និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា៕

No comments: