A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 April 2015

Rainsy's Open letter to NEC new members


០៨ មេសា ២០១៥ / 08 April 2015
លិខិតចំហ ជូនចំពោះ
សមាជិក-សមាជិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ស្នើដោយគណបក្សសង្គ្រោះជាតិ / Open letter to NEC new members

សូមជម្រាបមក

- លោកស្រី តែ ម៉ានីរ៉ុង
- លោក គួយ ប៊ុនរឿន
- លោក រ៉ុង ឈុន
- លោក ហ៊ីង ធីឫទ្ធិ

លោក-លោកស្រី ជាទីរាប់អាន

ខ្ញុំសូមថ្លែងអំណរគុណ ជូនចំពោះលោក-លោកស្រី ដែលបានយល់ព្រមឈរឈ្មោះជាបេក្ខជន-បេក្ខនារី ដើម្បីឈានទៅធ្វើជាសមាជិក-សមាជិកា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមសំណើរបស់គណបក្សសង្រេ្គាះជាតិ។ 

លិខិតនេះ ជាការទំនាក់ទំនងចុងក្រោយរវាងលោក-លោកស្រី និងរូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ ពីព្រោះនៅថ្ងៃស្អែកទី ៩ ខែមេសា ឆ្នាំ ២០១៥ នេះ លោក-លោកស្រី នឹងត្រូវបានតែងតាំងដោយរដ្ឋសភា ជាសមាជិក-សមាជិកា ជាផ្លូវការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

មិនមែនត្រឹមតែច្បាប់ទេ តែក្រមសីលធម៌ និងសម្បជញ្ញៈរបស់យើងម្នាក់ៗ ក៏តម្រូវឲ្យលោក-លោកស្រី បន្ទាប់ពីក្លាយទៅជាសមាជិក-សមាជិកា នៃគ.ជ.ប. ផ្តាច់ចំណងទាំងអស់ពីរាល់គណបក្សនយោបាយ ហើយប្រកាន់ជំហរអព្យាក្រឹតដាច់ខាត ដោយធ្វើការពិចារណា និងរាល់សេចក្តីសម្រេច ដោយឈរលើច្បាប់ និងគតិយុត្តិធម៌ តែប៉ុណ្ណោះ។

ចាប់ពីថ្ងៃដែលលោក-លោកស្រី ចូលកាន់ដំណែង សូមលោក-លោកស្រី ប្រកាន់ជំហរអព្យាក្រឹត និងរក្សាស្មារតីគតិយុត្តិធម៌ខាងលើនេះ ឲ្យបានខ្ជាប់ខ្ជួនជានិច្ចកាល គឺគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ លោក-លោកស្រី ត្រូវត្រិះរិះពិចារណាដោយខ្លួនឯង អាចពិគ្រោះយោបល់ជាមួយសហការី ដែលមានជំហរអព្យាក្រឹត និងស្មារតីគតិយុត្តិធម៌ដូចគ្នា ហើយមិនត្រូវស្ថិតក្រោមឥទ្ធិពល នៃគណបក្សនយោបាយណាមួយឡើយ។ នៅទីបញ្ចប់លោក-លោកស្រី ត្រូវធ្វើរាល់សេចក្តីសម្រេចតាមតែសម្បជញ្ញៈរបស់លោក-លោកស្រី គឺធ្វើឲ្យបានត្រឹមត្រូវ និងស្មោះត្រង់ជានិច្ច តាមការយល់ឃើញថាជាអំពើល្អ ក្នុងជម្រៅចិត្តរបស់យើងម្នាក់ៗ។

ដូចជាសមាជិក គ.ជ.ប. ដទៃទៀតដែរ លោក-លោកស្រី ទទួលបានកិត្តិយសមួយ ដែលមិនអាចកាត់ថ្លៃបាន ដោយទទួលយកតួនាទីបំពេញបេសកកម្មមួយជាប្រវត្តិសាស្ត្រ ក្នុងការនាំមកជូនប្រជារាស្ត្រខ្មែរ នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដនិងពេញលេញ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ខ្ញុំជឿជាក់ថា លោក-លោកស្រី នឹងខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងប្រាជ្ញា ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្រនេះ ឲ្យបានប្រកបដោយជោគជ័យដ៏មហិមា ក្នុងគោលដៅផ្តល់យុត្តិធម៌ ជូនពលរដ្ឋគ្រប់រូប ដែលមានឈាមជ័រជាខ្មែរ ដើម្បីឲ្យប្រជារាស្ត្រខ្មែរទាំងមូល មានសិទ្ធិ និងលទ្ធភាពសម្រេចវាសនារបស់ខ្លួនដោយខ្លួនឯង។

ប្រជារាស្ត្រខ្មែរទាំងមូល រំពឹងទាំងស្រុងលើសម្បជញ្ញៈរបស់លោក-លោកស្រី ដែលជាសមាជិក-សមាជិកា គ.ជ.ប. នេះ ក្នុងការរៀបចំការបោះឆ្នោតនាអនាគត ដែលលទ្ធផលត្រូវតែឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរពិតប្រាកដ។ យើងទាំងអស់គ្នាយល់ច្បាស់ថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នេះ ជាលក្ខខណ្ឌចាំបាច់ ដើម្បីឲ្យជាតិមាតុភូមិយើងបាននៅគង់វង្ស ហើយដើម្បីឲ្យប្រជារាស្ត្រខ្មែរទាំងមូលអាចរស់នៅក្នុងសង្គមមួយដ៏ស្អាតស្អំ និងយុត្តិធម៌។

ខ្ញុំជឿជាក់ថា លោក-លោកស្រី នឹងបង្ហាញភាពស្មោះត្រង់ ចំពោះជាតិមាតុភូមិ និងចំពោះប្រជារាស្ត្រយើង រហូតដល់អវសានកាល។

សូមលោក-លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ
រាជធានីភ្នំពេញ, ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៥
សម រង្ស៊ី
(ហត្ថលេខា)
ប្រធានគណបក្សសង្គ្រោះជាតិ៕

No comments: