A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 5 March 2015

The World Bank did not re-start to lend Cambodia yet ធនាគារ​ពិភពលោក​មិន​ទាន់​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឡើង​វិញ

ធនាគារ​ពិភពលោក បឹងកក់ ៦១០
ក្រុម​អ្នក​មាន​បញ្ហា​ដីធ្លី ពិសេស​អ្នក​បឹងកក់ តវ៉ា​នៅ​ខាង​មុខ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ២០១៤។
RFA/Leng Maly
ធនាគារ​ពិភពលោក (World Bank) ប្រកាស​បើក​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​នៅ​ប្រទេស​កម្ពុជា មុន​ពេល​ធនាគារ​ពិនិត្យ​ផ្តល់​ប្រាក់​កម្ចី​ជា​ថ្មី​ឡើង​វិញ​ដល់​រដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​ធនាគារ​នេះ បាន​ផ្អាក​ប្រាក់​កម្ចី​ទាំង​ស្រុង​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក។
សេចក្ដី​ប្រកាស​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​មេធាវី​អន្តរជាតិ ដែល​បាន​ស្នើ​សុំ​ឲ្យ​ធនាគារ​បើក​កិច្ច​ប្រជុំ​នៅក្រៅ​ប្រទេស ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី ដើម្បី​ជៀសវាង​ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​កម្ពុជា។
នាយក​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​តំបន់​ប៉ាស៊ីហ្វិក លោក អាឡេសសានណេ សូ (Alassane Sow)  បញ្ជាក់​ក្នុង​លិខិត​មួយ​ទៅ​កាន់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា ធនាគារ​នៅ​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ពេល​វេលា​ច្បាស់លាស់ ដើម្បី​ធ្វើ​កិច្ចពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ទៀត​ថា រាល់​ព័ត៌មាន​ទាំង​ឡាយ​ស្តីពី​កិច្ចប្រជុំ​នឹង​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​គេហទំព័រ​ធនាគារ​នៅ​ពេល​ខាង​មុខ។

លិខិត​របស់​ធនាគារ​ពិភពលោក​ជា​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​ស្ថាបនិក​អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក (Human Rights USA) និង​មេធាវី លោក មូរតុន ក្លា (Morton Sklar) ដែល​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ស្នើ​ឲ្យ​ធនាគារ​បន្ត​ផ្អាក​ប្រាក់​កម្ចី​ទៅ​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា។
ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយ​តប​របស់​នាយក​ធនាគារ​ពិភពលោក​នេះ លោក មូរតុន ក្លា បញ្ជាក់​ថា ធនាគារ​មិន​ទាន់​ឆ្លើយ​តប​នូវ​សំណើសុំ​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ឡើយ​ទេ៖ «វា​ជា​ការ​ពិត​ណាស់ លិខិត​របស់​ធនាគារ​ពិភពលោក​គ្រាន់​តែ​បាន​រំលឹក​ឡើង​វិញ​នូវ​អ្វី​ដែល​បាន​លើក​ឡើង​កាល​ពី​ពេល​មុន​តែប៉ុណ្ណោះ គឺ​ការ​ដែល​ធនាគារ​លើក​ឡើង​ថា នឹង​បង្កើត​ឲ្យ​មាន​កិច្ចពិភាក្សា​ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ហើយ​នឹង​យក​លទ្ធផល​នៃ​កិច្ចពិភាក្សា​នោះ ជា​មូលដ្ឋាន​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ថា តើ​នឹង​ផ្ដល់​ប្រាក់​កម្ចី​ឲ្យ​កម្ពុជា ឡើង​វិញ​ ក្រោយ​ផ្អាក​កាល​ពី​ឆ្នាំ​២០១១ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ធនាគារ​មិន​បាន​ឆ្លើយ​តប​ចំពោះ​ក្តី​បារម្ភ​របស់​យើង​ទាល់​តែ​សោះ។ អ្វី​ដែល​ធនាគារ​មើល​រំលង​នោះ គឺ​ជា​ចំណុច​ចោទ​មួយ​ចំនួន​ដែល​យើង​កំពុង​មាន​បញ្ហា​ចំពោះ​កិច្ច​ពិភាក្សា​របស់​ធនាគារ​នោះ»

លោក​បន្ថែម​ទៀត​ថា លោក​សង្ស័យ​ថា ធនាគារ​ពិភពលោក​កំពុង​រក​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា កុំ​ឲ្យ​ពិភាក្សា​បញ្ហា​ដីធ្លី​ដែល​អាច​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។ លោក​បន្ត​ស្នើ​សុំ​ឲ្យ​ធនាគារ​ត្រូវ​តែ​ពិភាក្សា​ឡើង​វិញ៖ «ជា​ការ​សំខាន់ ធនាគារ​ត្រូវ​តែ​មាន​កិច្ច​ពិភាក្សា​ពិសេស​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ដើម្បី​ជជែក​អំពី​បញ្ហា​រំលោភ​បំពាន​ដីធ្លី។ គម្រោង​នៃ​កិច្ចពិភាក្សា​របស់​ធនាគារ​មាន​ចំណុច​ច្រើន​ពេក ដែល​មិន​អាច​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើយ។  ធនាគារ​មិនត្រូវ​បញ្ឈប់​ការ​ផ្អាក​ប្រាក់​កម្ចី លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​ជម្លោះ​ដីធ្លី ផ្តល់​សំណង និង​ការ​ផ្លាស់ប្ដូរ​ទីតាំង​លំនៅដ្ឋាន​សមរម្យ»
កាល​ពី​ខែ​តុលា ឆ្នាំ​២០១៤ ធនាគារ​ពិភពលោក​អះអាង​ថា ការ​សន្យា​ផ្ដល់​ប្រាក់​កម្ចី​ណា​មួយ​នោះ តម្រូវ​ឲ្យ​មាន​កិច្ចពិភាក្សា​ច្រើន​ជាមួយ​នឹង​ភាគី​ដៃគូ​អភិវឌ្ឍន៍​ទាំង​ឡាយ។ ធនាគារ​បន្ត​ទទួល​យក​អនុសាសន៍ និង​ការ​ចូល​រួម​ដោះស្រាយ​ទាំង​ឡាយ​ពី​សំណាក់​សង្គម​ស៊ីវិល នឹង​បន្ត​តាម​ដាន​ស្ថានភាព​នៅ​តំបន់​បឹងកក់ ហើយ​នឹង​សន្យា​បន្ត​ជួយ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍។
​ធនាគារ​ពិភពលោក កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​គម្រោង​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២៥​លាន​ដុល្លារ ដើម្បី​សំដែង​ការ​ជំទាស់​ទៅ​នឹង​គោលនយោបាយ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ក្រោម​ផ្លាក​ការ​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន។
នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ស្វាគមន៍​គំ​រោង​បង្កើត​កិច្ចពិភាក្សា​របស់​ធនាគារ​មុន​នឹង​ផ្ដល់​ប្រាក់​កម្ចី​ឡើង​វិញ​ទៅ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ធនាគារ​ធានា​ថា ក្រុម​ស្ត្រី​តំបន់​បឹងកក់ ចំនួន ១០​នាក់ ត្រូវ​បាន​រដ្ឋាភិបាល​ដោះលែង​មុន​នឹង​ផ្តល់​ប្រាក់​កម្ចី​នោះ៖ «រដ្ឋាភិបាល​អាច​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ វា​អាច​ជា​ជំរើស​ល្អ​ប្រសិន​មិន​ដូច្នោះ​ទេ​ធនាគារ​ពិភពលោក​បញ្ឈឺ ឬ​ធ្វើ​ឲ្យ​អ្នក​បឹងកក់ ឈឺ​ចាប់​ខឹង​នឹង​ធនាគារ​ពិភពលោក ព្រោះ​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​នៅ​ពេល​ពួក​សកម្មជន​កំពុង​ជាប់​ពន្ធនាគារ»
​ពាក់ព័ន្ធ​នឹង​សំណើ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​គ្រោង​នឹង​ធ្វើ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​នាទី​អន្តរជាតិ ៨ មីនា ដោយ​បើក​យុទ្ធនាការ​ដើម្បី​ឲ្យ​មានការ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ចំនួន ១១​នាក់ និង​ព្រះសង្ឃ​មួយអង្គ។ យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦ មីនា ដោយ​ប្រមូល​សារ​សាមគ្គី ផ្ញើ​ទៅ​អ្នក​ជាប់​ឃុំ​ជា​ការ​លើក​ទឹក​ចិត្ត​រហូត​ដល់​ពួកគេ​ត្រូវ​បាន​ដោះលែង។ ធនាគារ​ពិភពលោក​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណួរ​វិទ្យុ​អាស៊ីសេរី ស្តីពី​ក្តី​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ។
មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ធ្លាប់​អះអាង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​ជា​បន្ត​ទៀត ដោយ​មិន​រង់ចាំ​ថវិកា​ធនាគារ​ពិភពលោក​ឡើយ។
លោក មូរតុន ក្លា ព្រមាន​ថា ប្រសិនបើ​ធនាគារ​ពិភពលោក​ចចេស​ផ្ដល់​ជំនួយ​ទៅ​កម្ពុជា វិញ​ដោយ​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ជម្លោះ​ដីធ្លី​ជា​មុន​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​តវ៉ា​ទៅ​សភា​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៤ សភា​សហរដ្ឋអាមេរិក ធ្វើ​សេចក្ដី​សម្រេច​មួយ​ពិនិត្យ​ករណី​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា។ ក្នុង​ច្បាប់​នោះ​ចែង​ថា ធនាគារ​ពិភពលោក និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត មិន​អនុញ្ញាត​ឲ្យ​ផ្តល់​ការ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ទេ ប្រសិនបើ​ជម្លោះ​ដីធ្លី​មិន​អាច​ដោះស្រាយ​ឲ្យ​បាន​ល្អ​ប្រសើរ។ សេចក្ដី​សម្រេច​ចិត្ត​នេះ​ក៏​ត្រូវ​បាន​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋអាមេរិក ចុះ​ហត្ថលេខា​ចូល​ជា​ធរមាន

No comments: