ដោយ៖ ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី1 កុម្ភៈ 2015,
មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី០១ខែកុម្ភៈ បានប្រកាសគាំទ្រពេញទំហឹងដល់ការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនីតិកាលទី៥នេះ និងការដឹកនាំជាង៣០ឆ្នាំមកនេះ។
មហាសន្និបាតវិសាមញ្ញដែលមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានស្តីទីជំនួសលោក ជា ស៊ីម ដែលកំពុងសម្រាកព្យាបាលនៅក្រៅប្រទេស ត្រូវបានចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការធិការកណ្តាល មន្រ្តីគណបក្សជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ និងតំណាងមកពីគណៈកម្មាការធិការគណបក្សគ្រប់គ្រងក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសរុបចំនួន១៣៥៩រូប។
សេចក្តីសម្រេចរបស់មហាសន្និបាតចេញផ្សាយភ្លាមៗបន្ទាប់ពីមហាសន្និបាតបញ្ចប់នៅល្ងាចថ្ងៃអាទិត្យនេះ ឲ្យដឹងថាមហាសន្និបាតបានសម្រេច៩ចំណុច ដែលក្នុងនោះមហាសន្និបាតបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ក្រោមការដឹនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការអនុវត្តកម្មវិធីនបាយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលទទួលបានជោគជ័យក្នុងឆ្នាំដំបូងនេះ។ សេចក្តីសម្រេចបន្តថាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាយ៉ាងរឹងមាំធ្វើឲ្យប្រជាជនកម្ពុជារស់នៅយ៉ាងសុខដុមរមនា។ សេចក្តីសម្រេចបញ្ជាក់បន្ថែមថាលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកកម្ពស់។
ចំណែកសេដ្ឋកិច្ចមានកំណើនក្នុងរង្វង់៧ភាគរយ ដោយមានអតិផរណាក្នុងកម្រិត៣,៤ភាគរយប៉ុណ្ណោះ។ជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម១៨ភាគរយ។ ប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានបង្កើនថែមទៀត ហើយនឹងកើនឡើងជាង១លានរៀលនៅឆ្នាំ២០១៨។ ប្រាក់ឈ្នួលរបស់កម្មករ និយោជិតតាមរោងចក្រសហគ្រាស ក៏ត្រូវបានដំឡើងជាបន្តបន្តាប់ ហើយនឹងកើនឡើងដល់១៦០ដុល្លារយ៉ាងតិចក្នុងឆ្នាំ២០១៨។
មហាសន្និបាតក៏បានជំរុញខ្លាំងដំណើរការកែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដែលត្រូវបានអនុវត្ត និងកំពុងអនុវត្តប្រកបដោយផ្លែផ្កា ដោយកំណត់ថាកំណែទម្រង់គឺជាការងារដ៏មានសារសំខាន់បំផុតសម្រាប់អាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាតបានណែនាំដល់សមាជិកគណបក្សគ្រប់ថ្នាក់ និងមន្រ្តីគណបក្សគ្រប់រូប ត្រូវក្តាប់ជាប់គោលការណ៍នៃកំណែទម្រង់ដែលបានលើកឡើងក្នុងមហាសន្និបាត ហើយចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងដំណើរការកាន់តែលឿន និងកាន់តែមានប្រសិទ្ធភាព។
មហាសន្និបាតក៏បានពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះការងារបោះឆ្នោតរបស់គណបក្ស ទាំងចំណុចខ្លាំង ចំណុចខ្សោយ ដោយបានដកស្រង់មេរៀនពិសោធន៍មួយចំនួន ព្រមទាំងបានកំណត់ទិសដៅភារកិច្ចសំខាន់ៗ សំដៅត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីធានារក្សាប្រៀបឈ្នះ និងបង្កើនប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតនាពេលខាងមុខទៀត។ មហាសន្និបាតក៏បានជំរុញយ៉ាងសកម្មនូវការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ឲ្យទទួលបានលទ្ធផលពេញលេញគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន។
សេចក្តីសម្រេចបន្តថា«ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា គាំទ្រចំពោះដំណើរការកែទម្រង់ការបោះឆ្នោត ដែលបាននិងកំពុងប្រព្រឹត្តទៅនេះ សំដៅធានាឲ្យការបោះឆ្នោតបន្តបន្ទាប់ទៀតមានលក្ខណៈកាន់តែល្អប្រសើរ ឡើងដោយខិតខំបន្តដោះស្រាយរាល់បញ្ហាដែលនៅសេសសល់ តាមរយៈការពង្រីកវប្បធម៌នៃការសន្ទនាគ្នា ដោយឈរលើមូលដ្ឋានគោរពឧត្តមប្រយោជន៍ជាតិ និងប្រជាជន គោលការណ៍នៃលទ្ធិប្រជាធពិតេយ្យ និងនីតិរដ្ឋ។ វប្បធម៌នៃការសន្ទនានេះ គប្បីបានពង្រីកនៅគ្រប់កម្រិតរហូតដល់មូលដ្ឋាន»។
ក្នុងមហាសន្និបាតនេះ គណបក្សប្រជាជនកម្ពុជាក៏បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋាននានាក្នុងសង្គម ធ្វើការសហប្រតិបត្តិការ និងរួមកម្លាំងគ្នាដោះស្រាយបញ្ហានានារបស់ជាតិ ហើយចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ឬសកម្មភាពណា ដែលពុំផ្តល់ប្រយោជន៍ដល់ការពង្រឹងសាមគ្គីភាព និងស្ថិរភាពសង្គម។
មហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាជិកគណបក្សកម្មាធិការកណ្តាលចំនួន៣០៦រូប។ សេចក្តីសម្រេចបញ្ជាក់ថា«ក្នុងស្មារតីនេះ និងក្នុងទិសដៅធានានូវនិរន្តរភាពនៃបុព្វហេតុរបស់គណបក្ស មហាសន្និបាតបានសម្រេចកែសម្រួលរចនាសម្ព័ន្ធនៃគណៈកម្មាធិការកណ្តាលពីចំនួន២៦៨រូបដល់៥៤៥រូប ដោយបានលុបឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលដែលទទួលមរណភាព២៧រូប បញ្ចេញពីគណបក្ស១រូប លាលែងដោយមូលហេតុសុខភាព ១រូប និងបោះឆ្នោតជ្រើសរើសសមាជិកគណបក្សកម្មាធិការកណ្តាល៣០៦រូប ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដើម្បីបង្កើនការដឹកនាំនៅគ្រប់រចនាសម្ព័ន្ធរបស់គណបក្សក្នុងសភាពការណ៍ថ្មីជាពិសេសបង្កើនបិរមាណមន្រ្តីសកម្ម វ័យក្មេង និងស្រ្តី»។
ប្រធានកិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហេង សំរិន បានអានសន្ទរកថានៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេថាចូលដល់នីតិកាលទី៥នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជាត្រូវឋិតនៅក្នុងបរិបទនយោបាយថ្មីមួយ ព្រោះថាថ្វីបើគណបក្សយើងនៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយសំឡេងភាគច្រើនដាច់ខាត តែគណបក្សបានថយអាសនៈមួយចំនួន ហើយអាសនៈគណបក្សប្រឆាំងមានការកើនឡើង។ លោក ហេង សំរិន បានបញ្ជាក់ថា«ប្រការនេះ តម្រូវឲ្យយើងត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយអំពីមូលហេតុ ដែលនាំឲ្យកើតមានស្ថានភាពដូច្នេះ ទន្ទឹមនឹងការវាយតម្លៃឲ្យបានម៉ត់ចត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងមេរៀនពិសោធន៍ថ្មីៗ របស់គណបក្ស សំដៅជំរុញការធ្វើកំណែទម្រង់ឲ្យបានខ្លាំងក្លាទាន់ពេលវេលា និងមានប្រសិទ្ធភាព។ គណបក្សយើង ត្រូវតែប្តូរផ្តាច់ ដើម្បីធ្វើការងារនេះ ហើយជាក់ស្តែងយើងបានធ្វើជាបន្តបន្ទាប់រួចមកហើយ ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ»៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
Whom DARE not to support Hun Sen members from the CPP. You are going to dead meat or homeless.
Post a Comment