ដោយ៖ ស៊ុន ណារិន | ថ្ងៃអាទិត្យ ទី1 កុម្ភៈ 2015,
មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣០ខែមករាដល់ថ្ងៃទី០១ខែកុម្ភៈ បានសម្រេចបន្ថែមសមាជិកថ្មីជាង៣០០រូបបន្ថែមលើសមាជិកគណៈកម្មាធិការកណ្តាលដែលមានជាង២៦០រូប ដើម្បីបំពេញតម្រូវការជាក់ស្តែង និងធានាប្រសិទ្ធភាពការងារ។
មហាសន្និបាតវិសាមញ្ញនេះ ត្រូវបានចូលរួមពីសមាជិក សមាជិកានៃគណៈកម្មការធិការកណ្តាល មន្រ្តីគណបក្សជាសមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្រ្តីជាន់ខ្ពស់ និងតំណាងមកពីគណៈកម្មាការធិការគណបក្សគ្រប់គ្រងក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសរុបចំនួន១៣៥៩រូប។
សេចក្តីសម្រេចរបស់មហាសន្និបាតចេញផ្សាយភ្លាមៗបន្ទាប់ពីមហាសន្និបាតបញ្ចប់នៅល្ងាចថ្ងៃអាទិត្យនេះ ឲ្យដឹងថាមហាសន្និបាតបានសម្រេច៩ចំណុច ដែលក្នុងនោះមហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាជិកគណបក្សកម្មាធិការកណ្តាលចំនួន៣០៦រូប។ សេចក្តីសម្រេចបញ្ជាក់ថា«ក្នុងស្មារតីនេះ និងក្នុងទិសដៅធានានូវនិរន្តរភាពនៃបុព្វហេតុរបស់គណបក្ស មហាសន្និបាតបានសម្រេចកែសម្រួលរចនាសម្ព័ន្ធនៃគណៈកម្មាធិការកណ្តាលពីចំនួន២៦៨រូបដល់៥៤៥រូប ដោយបានលុបឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលដែលទទួលមរណភាព២៧រូប បញ្ចេញពីគណបក្ស១រូប លាលែងដោយមូលហេតុសុខភាព ១រូប និងបោះឆ្នោតជ្រើសរើសសមាជិកគណបក្សកម្មាធិការកណ្តាល៣០៦រូប ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដើម្បីបង្កើនការដឹកនាំនៅគ្រប់រចនាសម្ព័ន្ធរបស់គណបក្សក្នុងសភាពការណ៍ថ្មីជាពិសេសបង្កើនបិរមាណមន្រ្តីសកម្ម វ័យក្មេង និងស្រ្តី»។
មហាសន្និបាតក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ក្រោមការដឹនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការអនុវត្តកម្មវិធី នបាយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលទទួលបានជោគជ័យក្នុងឆ្នាំដំបូងនេះ។
មហាសន្និបាតក៏បានជំរុញខ្លាំងដំណើរការកែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដែលត្រូវបានអនុវត្ត និងកំពុងអនុវត្តប្រកបដោយផ្លែផ្កា ដោយកំណត់ថាកំណែទម្រង់ គឺជាការងារដ៏មានសារសំខាន់បំផុតសម្រាប់អាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា។ មហាសន្និបាតបានណែនាំដល់សមាជិកគណបក្សគ្រប់ថ្នាក់ និងមន្រ្តីគណបក្សគ្រប់រូប ត្រូវក្តាប់ជាប់គោលការណ៍នៃកំណែទម្រង់ដែលបានលើកឡើងក្នុងមហាសន្និបាត ហើយចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងដំណើរការកាន់តែលឿន និងកាន់តែមានប្រសិទ្ធភាព។
មហាសន្និបាតក៏បានពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ចំពោះការងារបោះឆ្នោតរបស់គណបក្ស ទាំងចំណុចខ្លាំង ចំណុចខ្សោយ ដោយបានដកស្រង់មេរៀនពិសោធន៍មួយចំនួន ព្រមទាំងបានកំណត់ទិសដៅភារកិច្ចសំខាន់ៗ សំដៅត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីធានារក្សាប្រៀបឈ្នះ និងបង្កើនប្រៀបឈ្នះរបស់គណបក្សប្រជាជនក្នុងពេលបោះឆ្នោតនាពេលខាងមុខទៀត។
មហាសន្និបាតក៏បានជំរុញយ៉ាងសកម្មនូវការអនុវត្តកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ឲ្យទទួលបានលទ្ធផលពេញលេញគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment