A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 January 2015

Sam Rainsy says the opposition will reduce the criticism against the ruling CPP [សម រង្ស៊ី​ ថា​បក្ស​ប្រឆាំង​នឹង​បន្ថយ​ការ​រិះគន់ CPP]

លោក ស ខេង និង​ លោក​ សម រង្ស៊ី ថ្លែងនៅ​ក្នុង​សន្និសីទកាសែតបន្ទាប់​ពីជំនួប កាលពីថ្ងៃ​ម្សិលមិញ។ រូបថត ហេង ជីវ័ន
លោក ស ខេង និង​ លោក​ សម រង្ស៊ី ថ្លែងនៅ​ក្នុង​សន្និសីទកាសែតបន្ទាប់​ពីជំនួប កាលពីថ្ងៃ​ម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​នឹង​បន្ថយ​សម្តី​រិះគន់​ទៅ​លើ​គណបក្ស​ប្រជាជន​ពី​ព្រោះ​ថា ​គណបក្ស​ទាំង​ពីរ​ពេល​នេះ​ជា​ដៃគូ​សន្ទនា ហើយ​ត្រូវ​តែ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជា​គូ​ប្រជែង ប៉ុន្តែ«​មិន​មែន​ជា​សត្រូវ» ទេ។
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អត្ថាធិប្បាយបែប​នេះ តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជួប​ប្រជុំ​ជាមួយ​នឹង​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ នៅ​រដ្ឋសភា ដែល​ប្រធាន​ក្រុម​ភាគ​ច្រើន​និង​ប្រធាន​ក្រុម​ភាគ​តិច​ក្នុង​រដ្ឋ​សភា ដែល​ទើប​តែង​តាំង​ថ្មី បាន​ថ្លែង​​ពី​សារៈ​សំខាន់​នៃ​ការ​គោរព​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ឆ្នាំ​មុន។
សម្តី​របស់​លោក សម រង្ស៊ី ​បាន​ធ្វើ​ឡើង​រយៈពេល ១០ ថ្ងៃ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​រិះ​គន់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ពិសេសគឺ​លោក កឹម សុខា អនុប្រធាន ​ដែល​បាន​បន្ត​រិះគន់​មក​លើ​រូប​លោក​ផ្ទាល់ បើ​ទោះ​​ជា​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃទី​២២ កក្កដា ​​ឆ្នាំ​មុន បាន​សន្យា​អនុវត្ត​វប្បធម៌​នយោបាយ​ថ្មី​ក៏​ដោយ។
មួយ​ថ្ងៃ​មុន​​ពេល​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា ​លោក​ កឹម សុខា បាន​ធ្វើ​ការ​វាយ​ប្រហារ​ពាក្យ​សម្តី​​ខ្លាំង​ៗ​មក​លើ​លោក​នាយក​រដ្ឋ​មន្រ្តី ក្នុង​វេទិកា​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ដែល​បណ្ដាល​ឲ្យ​ លោក ហ៊ុន សែន ឆ្លើ្លយតប​វិញ។
លោក ​ស ខេង ​និង​ លោក កឹម​ សុខា ចាប់​ដៃ​គ្នា​ក្នុង​កិច្ច​​ប្រជុំ​​នៅ​រដ្ឋ​​សភា​កាល​ពី​ម្សិលមិញ​​​។
លោក ​ស ខេង ​និង​ លោក កឹម​ សុខា ចាប់​ដៃ​គ្នា​ក្នុង​កិច្ច​​ប្រជុំ​​នៅ​រដ្ឋ​​សភា​កាល​ពី​ម្សិលមិញ​​​។ ហេង ជីរ័ន
លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ថា៖ «ថ្ងៃនេះ ខ្ញុំ​វាយបក​វិញ​ ហើយ​ខ្ញុំ​សូម​ប្រាប់​ឯក​ឧត្តម សម រង្ស៊ី វប្បធម៌​សន្ទនា ឯក​ឧត្តម គ្មាន​ប្រសិទ្ធ​ភាព​ទេ។ យើង​​មិន​ចាំ​បាច់​សន្ទនា​ទៀត​ទេ»។
ចាប់​តាំង​ពី​មាន​ការ​ថ្លែង​ព្រមាន​របស់​លោក ហ៊ុន សែន ដែល​រួម​បញ្ចូល​នូវ​ការ​អំពាវ​នាវ​ឲ្យ​​កាត់​ទោស​​តំណាង​រាស្រ្ត​គណបក្ស​​ប្រឆាំង​ទាំង ៧ រូប​ ឲ្យ​​ឆាប់​​រហ័ស​លើ​បទ​ចោទ​បះបោរ ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​​ស្ងៀមស្ងាត់ ដោយ​លោក សម រង្ស៊ី បាន​ថ្លែង​ជា​ច្រើន​​លើក​ថា លោក​ចង់​កាត់​បន្ថយ​ភាព​តាន​តឹង។
ក្នុង​បទ​សម្ភាស​មួយ​កាល​ពី​​ម្សិលមិញ លោក សម រង្ស៊ី បាន​​​ថ្លែង​ថា លោក​រីករាយ ដែល​ «វប្បធម៌​នៃ​ការ​លុប​បំ​បាត់​ត្រូវ​បាន​ជំនួស​ដោយ​វប្បធម៌​សន្ទនា» លោក​ក៏​ទទួល​ស្គាល់​ថា វា​មាន​ន័យ​ថា ​គណបក្ស​ប្រឆាំង​ត្រូវ​បន្ទន់​សំឡេង​របស់​ខ្លួន​បន្ដិច។
លោក​បញ្ជាក់ថា៖ «មាន​ន័យ​​ថា យើង​ត្រូវ​គោរព​គ្នាទៅ​វិញ​ទៅ​មក​ជា​ដៃគូ​សន្ទនា។ យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​សកម្មភាព និង​ទាំង​សម្តី។ យើង​មាន​វិធី​ជា​ច្រើន​​ក្នុង​ការ​និយាយ»។ «​ហើយ​ យើង​​ក៏​ត្រូវ​ទទួល​យក​ការ​ពិត ដែល​យើង​មិន​មែន​ជា​សត្រូវ​ទេ។ យើង​​ជា​គូ​ប្រជែង​ដែល​ប្រជែង​ដើម្បី​អំណាច»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ថា នេះ​មាន​ន័យ​ថា គណបក្ស​របស់​លោក​លែង​ធ្វើ​ការ​រិះគន់​ខ្លាំង​ៗ​ជា​សាធារណៈ​លើ​គណបក្ស​ប្រជាជន​ឬ​ក៏​ថា ​គណបក្ស​របស់​លោក​ចុះ​ញ៉ម​ចំពោះ​ការ​ថ្លែង​គំរាម​របស់​លោក ហ៊ុន សែន។
ទោះជាយ៉ាងណា លោក​បាន​​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ឥឡូវ​នេះ​នឹង​ព្យាយាម​ផ្តោត​លើ​​ការ​បង្ហាញ​ខ្លួន​ឯង​ជា​ជម្រើស​ផ្សេង​ជំនួស​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​សុន្ទរកថា។
លោក​ថ្លែង​ថា៖ «វា​អាច​មាន​ន័យ​ថា យើង​ត្រូវ​ផ្លាស់​ប្តូរ​បន្តិច​នូវ​ពាក្យ​សម្តី ប៉ុន្តែ វា​មិន​ផ្លាស់​ប្តូរ​អ្វីទេ។ ការ​ពិត​យើង​ព្យាយាម​​សម្រេច​​គោល​បំណង​តែ​មួយ ដើម្បី​កំណែ​ទម្រង់​ប្រទេស»។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​បាតុកម្ម​តាម​ផ្លូវ​ដែល​បាន​ស្រែក​រិះ​គន់​​កាល​ពី​ចុង​ឆ្នាំ ២០១៣ ​បន្ទាប់​ពី​អះអាង​ថា ​មាន​ការ​បន្លំ​​ការ​បោះ​ឆ្នោត​ជាតិ ដោយ​គណបក្ស​កាន់​អំណាច។ ​ម្តង​នោះ ​​មាន​បាតុករ​រាប់​ម៉ឺន​នាក់​ បាន​ចូល​រួម​ក្នុង​បាតុកម្ម​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង ដែល​អំពាវ​នាវ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។​
ពេល​ជាប់​គាំង​នយោ​បាយ​ជិត​មួយ​ឆ្នាំ លោក​នាយក​រដ្ឋមន្រ្តី​ ជា​ញឹក​ញាប់​បាន​​ចាត់​ទុក​​​លោក កឹម សុខា​ ថា ជា​ជន​ក្បាល​​រឹង​ បើ​ធៀប​នឹង​លោក សម រង្ស៊ី ហើយ​ថែម​ទាំង​បាន​ចោទ​លោក កឹម សុខា ម្តង​នោះ​ថា​ បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ទទួល​​បរាជ័យ។
លោក កឹម សុខា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិល ថា​តើលោក​ពេញ​ចិត្ត​​​នឹង​សេចក្តី​សម្រេច​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ផ្លាស់​ប្តូរ​​​ពាក្យ​ពេចន៍​ខ្លួន​ឬ​យ៉ាង​ណា?
លោក ស ខេង ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ប្រជុំ​ជាមួយ​នឹង​លោក សម រង្ស៊ី ក្នុង​ន័យ​ផ្សេង​​ ដោយ​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​ឈរ​លើ​គោល​ការណ៍​សហការ​គ្នា​បម្រើ​ពលរដ្ឋ​និង​លើក​កម្ពស់​វប្បធម៌​សន្ទនា។
លោក​រដ្ឋ​មន្រ្តី​​បាន​លើក​ឡើង​ជា​​ប្រយោល​អំពី​ភាព​តាន​តឹង​ថ្មីៗ​នេះ។ លោក ស ខេង បាន​បញ្ជាក់​ថា៖ «យើង​កំពុង​ពិនិត្យ​សកម្មភាព​របស់​គណបក្ស​ទាំង​ពីរ ហើយ​ថា​ តើ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​​កិច្ច​ព្រម​ព្រៀង​​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ២០១៤ ឬ​ក៏យ៉ាង​ណា​?»។
មេ​ដឹក​នាំ​ទាំង​ពីរ​នៃ​ក្រុម​ភាគ​តិច និង​ភាគ​ច្រើនក្នុង​សភា​ នឹង​​ជួប​ប្រជុំគ្នា​ជា​ផ្លូវការ​រៀង​រាល់​ ៣ ខែម្តង​៕ TK​

1 comment:

Kmenhwatt said...

Even if Cpp abusing their power and killing their citizens-you're reducing to critizise their actions? It's sound like cover up to keep your position, am I right? Why don't you will not stop CRITIZISE as long Cpp Hanoi's thugs still abuses human rights and suppresses human rights? If Cpp didn't wants to be criticized they must stop abusing it power and it own citizens! Please DO NOT reduce your criticism on wrong doing whether its Cpp or Cnrp, in democracy we criticize all wrong doers!!!!