ព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលជាព្រះគ្រូសូត្រឆ្វេងនៅវត្តសាមគ្គីរង្សី ត្រូវព្រះសង្ឃមួយទៀតចាក់សម្លាប់ នៅព្រឹកថ្ងៃទី១២មករានេះ។ ក៏ប៉ុន្តែមន្ត្រីសង្គមស៊ីវិលសង្ស័យថា ឃាតកម្មនេះ អាចមន្ត្រីមានអំណាច និងឈ្មួញរកស៊ីដីនៅពីក្រោយរឿង ហើយជម្លោះរវាងព្រះសង្ឃពីរអង្គនេះ រហូតដល់មានការចាក់សម្លាប់ គឺជារឿងដែលគេបង្កើតឡើង។
ទន្ទឹមនឹងការសង្ស័យដូចនេះ មន្ត្រីសង្គមស៊ីវិលទាមទារឲ្យ សមត្ថកិច្ចស្រាវជ្រាវឲ្យបានត្រឹមត្រូវ ដើម្បីលាតត្រដាង ឲ្យមហាជនបានដឹងពីការពិត។ អនុប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ណៃ វង់ដា លើកឡើងថា អ្នកមានអំណាចមួយចំនួន និងឈ្មួញរកស៊ីដីធ្លី មិនពេញចិត្តចំពោះ សកម្មភាពរបស់ព្រះសង្ឃ ថាច់ ខាន់ ដែលសុគតនោះទេ ដូច្នេះគេក៏បង្កើតឲ្យមានរឿងនេះ។ លោកថា ដើម្បីឲ្យសាធារណៈបានដឹងរឿងកាន់តែច្បាស់ លោកស្នើឲ្យសមត្ថកិច្ច បង្ហាញការពិតដល់សាធារណជន៖ «យើងដឹងច្បាស់ហើយថា ព្រះអង្គមានសកម្មភាពច្រើនក្នុងបញ្ហាដីធ្លីដូច្នេះ អ្នកមានលុយនិងអ្នកមានអំណាចមិនពេញចិត្តព្រះអង្គទេ»។
ជម្លោះពាក្យសំដីឈានដល់ការចាក់សម្លាប់នេះ កើតឡើង ក្នុងបរិវេណវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌចំការមន។ សាក្សីនៅកន្លែងកើតហេតុ ព្រះតេជគុណ ថាច់ វណ្ណា ឲ្យដឹងថា ជម្លោះនេះកើតឡើង នៅពេលដែលព្រះសង្ឃទាំងពីរអង្គទាស់សំដីគ្នា ដោយសារតែសាមណេរព្រះនាម លី ទ្វឹង ហែកក្រដាសបម្រាមក្នុងវត្តចោល ហើយត្រូវបានព្រះគ្រូសូត្រឆ្វេង ព្រះនាម ថាច់ ខាន់ ហៅទៅសួរណែនាំ ប៉ុន្តែសាមណេរមិនស្ដាប់តាម ហើយសង្ឃទាំងពីរអង្គក៏ប្រតាយប្រតប់គ្នា និងចុងក្រោយសាមណេរ យកកូនកាំបិតចេញពីក្នុងស្បង់ ចាក់សម្លាប់ព្រះគ្រូសូត្រឆ្វេងនោះទៅ៖ «ឃើញហូរឈាម សាមណេរ (លី ទ្វឹង)ក៏ទម្លាក់កាំបិតហើយរត់ចេញ»។
ព្រះគ្រូសូត្រឆ្វេងព្រះនាម ថាច់ ខាន់ ត្រូវបានមន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ព្រះអង្គមានសកម្មភាពច្រើនក្នុងការងារសង្គមដូចជាការចូលរួមតវ៉ារឿងដីធ្លីជាមួយប្រជាពលរដ្ឋជាដើម។
ក្រោយពេលកើតហេតុសង្ឃសាមណេរបានគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ឃាត់បាននៅថ្ងៃដដែល។
ព្រះគ្រូសូត្រស្ដាំវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ហាំងសំអាង មានថេរដីកាថា ពីមុនមកព្រះសង្ឃទាំងពីរអង្គ មិនដែលមានជម្លោះនឹងគ្នាទេ។ ព្រះអង្គយល់ថា ករណីនេះជាការគិតទុកជាមុន ព្រោះសាមណេរបង្ករឿង មានកាំបិតលាក់ទុកក្នុងស្បង់រួចជាស្រេច៖ «នៅពេលប្រតាយប្រតប់គ្នាលោក(លី ទ្វឹង) យកកាំបិតចេញស្បង់ មានតែគាត់ (លី ទ្វឹង) គិតទុកជាមុន»។
គ្រូពេទ្យដែលចុះធ្វើកោសល្យវិច័យលើសាកសព និយាយថាសពនោះ ត្រូវរបួសនៅខ្នង នៅកែងដៃ និងរបួសខ្លាំងនៅចំសរសៃក ដែលបណ្ដាលឲ្យហូរឈាមរហូតដល់បាត់បង់ជីវិត។ វិទ្យុអាស៊ីសេរីមិនអាច សុំការបំភ្លឺ ពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃទី១២ ខែមករា ទាក់ទងករណីនេះ។ សមត្ថកិច្ចដែលមានវត្តមាននៅក្នុងកន្លែងកើតហេតុឲ្យដឹងថា ក្រោយពេលចាប់ខ្លួនសាមណេរ លី ទ្វឹង មន្ត្រីក្រសួងធម្មការបានផ្សឹកព្រះអង្គ។ ចំណែកសមត្ថកិច្ច ពួកគេកំពុងកសាងសំណុំរឿងនិងបានចោទប្រកាន់ពីបទ ហិង្សាមានស្ថានទម្ងន់ទោសដោយចេតនា។ សាកសពកំពុងតម្កល់ក្នុងវត្តសាមគ្គីរង្សី ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
No comments:
Post a Comment