ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី21 មករា 2015,
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្តីទី លោក ស ខេង នៅថ្ងៃពុធនេះឆ្លើយតបនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សូរិយា ស៊ូប៊ែឌីថាអាជ្ញាធរកម្ពុជាមិនបានហាមឃាត់ការធ្វើបាតុកម្មនោះទេ។
គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយជំនួបរវាងលោក ស ខេង និងលោក ស៊ូប៊ែឌីថាលោក ស ខេង បានថ្លែងថារដ្ឋាភិបាលកម្ពុជាមិនមានការហាមឃាត់ក្នុងការធ្វើបាតុកម្មនោះទេ ហើយកន្លងមកក៏មានការជជែកគ្នាជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលទាមទារធ្វើបាតុកម្ម។ លោកស ខេង បញ្ជាក់ថាក្រសួងមិនហាមឃាត់ក្នុងការធ្វើបាតុកម្មទេ ប៉ុន្តែរាល់ការធ្វើបាតុកម្មត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាល ឬក៏អាជ្ញាធរដែនដី។
ក្រោយពីជំនួប លោក សូរិយា ប្រាសាទស៊ូប៊ែឌី បានថ្លែងថាលោកបានលើកឡើងពីបញ្ហានិទណ្ឌភាពក្នុងករណីបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤ ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកបន្តថាលោកក៏បានពិភាក្សាពីការកែទម្រង់ការបោះឆ្នោត និងបញ្ហាសង្គមជាច្រើនទៀតផងដែរ ដែលរួមមានទាំងករណីជនភៀសខ្លួនម៉ុងតាញ៉ា ករណីឃុំខ្លួនព្រះសង្ឃ សកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនដីធ្លី។
ពាក់ព័ន្ធនឹងបញ្ហានិទណ្ឌភាពវិញ លោក ស ខេង បានគូសបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យបញ្ចប់បញ្ហា និទណ្ឌភាព ហើយកន្លងមកនេះដែរ ជនល្មើសជាច្រើន ដែលព្យាយាមគេចខ្លួន ត្រូវបានយើងយកមកផ្ដន្ទាទោស។
លោក ស៊ូប៊ែឌី មានប្រសាសន៍ថាលោកទទួលបានការឆ្លើយតបដែលមានភាពស្មោះត្រង់ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ដល់នូវព័ត៌មានមានសារៈប្រយោជន៍មួយចំនួនដល់រូបលោក៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment