A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 30 January 2015

Heng Samrin says reforms are the lifeline of the ruling CPP លោក ហេង សំរិន បញ្ជាក់ថា​កំណែ​ទម្រង់​ជា​អាយុជីវិត​របស់​គណបក្ស​ប្រជាជនកម្ពុជា​

ដោយ៖​ ឡាយ សាមាន និង​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី30 មករា 2015,

លោក​ ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្សប្រជាជន​កម្ពុជា ថ្លែ​ង​ក្នុង​​មហាសន្និបាត​បក្ស នា​រសៀល​ថ្ងៃ​សុក្រនេះ​ (រូបថត៖ sarah)
ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន នៅ​ថ្ងៃ​សុក្រនេះ បានប្រកាសថា​គណបក្ស​របស់ខ្លួន​នឹង​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត ដើម្បី​រក្សា​សំឡេង​គាំទ្រ និង​បង្កើន​សំឡេង​គាំទ្រពីប្រជាជនកម្ពុជាសម្រាប់​​​ការ​បោះឆ្នោត​ឆ្នាំ២០១៨។​
ក្នុង​ការ​បើក​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេសនៅ​រសៀល​ថ្ងៃ​សុក្រនេះ លោក ហេង សំរិន បាន​​ឡើង​ថ្លែង​តាម​សុន្ទរកថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​សំឡេង​គាំទ្រ​២២​អាសនៈ ហើយ​គណបក្ស​​ប្រឆាំង​បានទទួល​សំឡេង​គាំទ្រ​ទាំងនេះ​ រហូតបាន​៥៥​អាសនៈ ដែល​កត្តា​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​គិត​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ។​ លោក​បន្ត​ថា​បញ្ហាជា​ច្រើនដែល​គណបក្ស​ប្រជាជនកម្ពុជា​​​ត្រូវ​តែ​ដោះ​ស្រាយ ដែល​ក្នុង​នោះ​មាន​កំណែ​ទម្រង់ និង​ការ​​កែប្រែ​កម្មវិធីនយោបាយរបស់គណបក្ស​ ។
លោក ហេង សំរិន ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ការ​កែ​ទម្រង់​ជា​អាយុជីវិត​របស់​គណបក្ស​ប្រជាជនកម្ពុជា ហើយ​​គណ​បក្ស​នឹងធ្វើ​​កំណែ​ទម្រង់​ឲ្យបា​នខ្លាំង​ក្លា និង​មាន​ប្រសិទ្ធភាព។ លោកបាន​បញ្ជាក់ថា«​តាម​ស្មារតីនេះ អង្គមហាសន្និបាត​របស់​យើង​លើក​នេះ មាន​ប្រធាន​បទ​សំខាន់ គឺ​ការ​កែ​​ទម្រង់ គឺ​​ជា​អាយុជីវិត​ និង​ភារកិច្ច​របស់​គណបក្ស​ប្រជាជនកម្ពុជាយើង»

លោក ហេង សំរិន ឲ្យ​ដឹង​ទៀតថាគណបក្ស​ប្រជាជ​នកម្ពុជា​​នៅ​តែ​ទទួល​សំឡេងភាគច្រើន​​ដាច់​ខាតក្នុង​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ប៉ុន្តែ​គណ​បក្ស​សង្រ្គោះជាតិ​បាន​បង្កភាពវឹក​វរ និង​ចលាចល ដោយ​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល។ លោក​បន្ត​ថា​ក្នុង​មហាសន្និបាតវិសាមញ្ញានេះ​ នឹង​មាន​ការ​បោះឆ្នោត​បន្ថែម​សមា​ជិក​​គណៈ​កម្មាធិការ​កណ្តាល​មួយ​ចំនួន ​​អនុ​ម័ត​របាយ​ការណ៍​ស្តី​ពីសភាពការណ៍​នៅ​ឆ្នាំ​២០១៣-២០១៨ ​ដាក់​ទិសដៅ​របស់គណបក្ស​នៅ​រយៈពេល​បន្ត និង​ស្តាប់របាយការណ៍ស្តីពីកំណែ​ទម្រង់​នៃ​ការបោះឆ្នោត។
បន្ទាប់​ពី​ការ​ថ្លែង​របស់​លោក ហេង សំរិន មហាសន្និបាតបាន​ប្រកាសប្រជុំផ្ទៃក្នុង ដោយ​បិទទ្វា​​មិន​ឲ្យ​មាន​វត្តមានអ្នក​សារព័ត៌មាន​។
ទាក់ទងនឹងការចោទប្រកាន់លើគណបក្ស​សង្រ្គោះជាតិ អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា អ្វីដែលគណបក្សនយោបាយធ្វើនៅក្នុងសង្គមប្រជាធិបតេយ្យ គឺដើម្បី​បង្ហាញ​ពីគោលនយោបាយរបស់បក្ស និងបង្កើនការគាំទ្រពីប្រជាពលរដ្ឋ មិនមែនដូចការចោទប្រកាន់នោះឡើយ។ លោកបន្តថាការធ្វើបាតុកម្មកន្លងមក ដោយសារមានភាពមិនប្រក្រតីច្រើនទាក់ទងនឹងលទ្ធផលបោះឆ្នោត ហើយគណបក្សកាន់អំណាចក៏ទទួលស្គាល់រឿងនេះដែរ ទើបគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម។ លោក​មានប្រសាសន៍​ថា«ខ្ញុំ​មិនចង់​និយាយ​អ្វី​វែង​ឆ្ងាយ​ទេ គ្រាន់​តែ​ថា​អ្វី​ដែល​យើង​ធ្វើ​ហ្នឹង គឺ​ដូច​បញ្ជាក់​ថា​យក​គោលនយោបាយ​របស់​ខ្លួនទៅ​អនុវត្ត​នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​ប្រគល់​អំណាច​ឲ្យ​ អាហ្នឹងទី​១ ។ ហើយទី​២ យើ​ង​មិន​ចង់​​ឆ្លើយ​ដាក់​អ្នក​នេះ ឬ​ឆ្លើយ​ដាក់​អ្នក​នោះ ហេតុផល​នេះ​ ហេតុ​ផល​នោះទេ ប៉ុន​សំខាន់​ដោយ​សារ​តែ​មាន​បញ្ហា​នៅ​ក្នុង​ការ​បោះឆ្នោត គណបក្សទាំងពីរ បាន​ព្រម​ព្រៀង​គ្នាកែ​ទម្រង់​ការបោះឆ្នោត​ នេះ​យើង​មិនបាច់និយាយ​ទៀត​ទេ ។ បើ​ល្អ​ហើយ គឺ​គ្មានអ្នក​ណា​កែទម្រង់អី​ទៀតទេ ហើយ​ក៏គ្មាន​អ្នក​ណា​យល់​ព្រម​កែ​ទម្រង់​កែ​ទម្រង់​អីដែរ ប៉ុន្តែ​ឥឡូវ​ហ្នឹង​យើង​ទទួល​ស្គាល់​ទាំងអស់​គ្នា ថា​ការ​បោះឆ្នោត​ហ្នឹង​មាន​បញ្ហា​» ។
គេហទំព័រ​របស់​គណបក្ស​ប្រជាជនកម្ពុជាបង្ហាញ​ថា​មហា​សន្និ​បាត​វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស​​នឹង​ដំណើ​រការ ចាប់​​ពី​រ​សៀល​ថ្ងៃ​ទី​៣០​-៣១​ ខែ​មករា​ ឆ្នាំ​២០​​​១៥​ ដល់​ថ្ងៃ​ទី​០១​ ខែ​កុម្ភៈ​ ឆ្នាំ​២០​១៥​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។​
គួរ​បញ្ជាក់ថា ក្នុង​មហាសន្និបាត​នេះ​ នឹងមាន​ការបោះឆ្នោ​ត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ ដែលជា​យុវជន​ជំនាន់ក្រោយ​​មួយ​ចំនួន​បន្ថែម​លើ​សមាជិក​ជាង​២៦០នាក់ដែលមាន​ស្រាប់ ។
គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្សប្រជាជនកម្ពុជា រួមមាន​លោក ជា ស៊ីម ជា​ប្រធាន លោក ហេង សំរិន ជា​ប្រធានកិត្តិយស និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ជា​អនុប្រធានគណបក្ស។ លោក ជា ស៊ីម ​មិនអាច​ចូលរួម​ក្នុងមហា​សន្និបាតវិសាមញ្ញនេះ​បាន​ទេ ដោយ​សារ​លោក​កំពុង​សម្រាក​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យក្រៅប្រទេស ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

2 comments:

Kim Ea said...

Before you reform the strategy of the country you need to reform yourself and your leaders team first . You cannot be a slave of a foreign country and tell the Khmer people about change . Khmer to day not that stupid like your groups of leaders right now think . Don't you ever really know that Khmer of to day is smart more inform ,but not ignorant like in 1979 . It is shameful to remind Khmer about reform under enemy Yuon full control .

Anonymous said...

ហេង សំរិន នឹងត្រូវទៅគ្វៀលគោដូចកាលពីមុន……..