អតីតនាយករដ្ឋមន្ត្រីខ្មែរសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨១ លោក ប៉ែន សុវណ្ណ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយនារាជធានីភ្នំពេញ បន្ទាប់ពីលោកបានដួលសន្លប់កាលពីថ្ងៃទី១៧ ខែមករា នៅឯផ្ទះរបស់លោកក្នុងខេត្តតាកែវ។
អនុប្រធានទី១នៃរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បញ្ជាក់ថា លោក ប៉ែន សុវណ្ណ កំពុងស្ថិតក្នុងស្ថានភាពជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសង់ត្រាល់ ក្នុងស្ថានភាពជំងឺសម្ពាធសរសៃឈាមបេះដូង និងសម្ពាធសរសៃឈាមខួរក្បាល។
លោក កឹម សុខា បញ្ជាក់ថា ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ លោកគ្រោងបញ្ជូនលោក ប៉ែន សុវណ្ណ ទៅព្យាបាលបន្ទាន់នៅប្រទេសសិង្ហបុរី ដោយចេញដំណើរនៅយប់ថ្ងៃទី១៨ មករា៖ «ខ្ញុំអំពាវនាវឲ្យសប្បុរសជនជួយតាមសទ្ធា គាត់ជាមនុស្សស្នេហាជាតិមួយរូប យើងគួរតែផ្ដល់ឱកាសឲ្យគាត់រស់តទៅទៀត។ ខ្ញុំសង្ឃឹមថា សប្បុរសជននឹងជួយគាត់ជាបន្ទាន់ ព្រោះគ្រាន់តែថ្លៃយន្តហោះ ២៤.០០០ដុល្លារ ហើយនៅថ្លៃព្យាបាលទៀត»។
អតីតនាយករដ្ឋមន្ត្រីខ្មែរ លោក ប៉ែន សុវណ្ណ បច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ៕
1 comment:
I pray for your prompt recovery.
Post a Comment