A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 4 January 2015

Eng Chhai Eang: A shrewd politician and a brilliant mathematician លោក អេង ឆៃអ៊ាង​ ត្រូវ​ប្រពន្ធ​តាម​រក​ក្រោយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់​បែក

លោក អេង ឆៃអ៊ាង ក្នុងពេលកំពុងធ្វើការ។​ រូប​ថត ហុង មិនា
លោក អេង ឆៃអ៊ាង ក្នុងពេលកំពុងធ្វើការ។ ហុង មិនា Sat, 3 January 2015

ប្រពន្ធដើរ​រក​ប្តី ពី​មន្ទីរ​ពេទ្យ​មួយ ទៅ​មន្ទីរ​ពេទ្យ​មួយ ជា​មួយ​នឹង​អារម្មណ៍​រន្ធត់​តក់​ស្លត់ បន្ទាប់​ពី​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់​បែក​បួន​គ្រាប់ នៅ​ក្នុង​ហ្វូង​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​មេបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​គរ​លើ​គ្នា​ក្នុង​ថ្លុក​ឈាម គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​លោក​ អេង ឆៃ​អ៊ាង ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត​របស់​លោក។
ការ​ចូលប្រឡូក​ក្នុង​ឆាក​នយោបាយ​តាំង​ពី​នៅ​វ័យ​ក្មេង​រហូត​ដល់​ក្លាយ​ទៅ​ជា​ប្រធាន​គណៈកម្មការ​ទីមួយ​រដ្ឋសភា វា​មិន​មែន​ជារឿង​ចៃដន្យ​ឡើយ ​សម្រាប់​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា​ទូទាំង​ប្រទេស​រូប​នេះ ប៉ុន្តែ​វា​ជា​ផែន​ការ​ដែល​បាន​គិត​ចាប់​តាំង​ពី​នៅ​សិក្សា​មក​ម្ល៉េះ។
លោក អេង ឆៃអ៊ាង កើត​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឋិកា ឆ្នាំ១៩៦៥ នៅ​ក្នុង​គ្រួសារ​អាជីវករ​មាន​ជីវភាព​សមរម្យ​មួយ នៅ​ក្នុង​ភូមិ​កំពង់​ចិន ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង​ខេត្ត​កំពង់​ធំ។ លោក​មាន​បង​ប្អូន​បង្កើត ៩ នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ នៅ​សល់​តែ​ ៧​ នាក់​ប៉ុណ្ណោះ​ ដោយ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ម្នាក់​ទៀត​ស្លាប់​នៅ​ដើម​​ទសវត្សរ៍​៨០។
លោក ឆៃអ៊ាង ដែល​ជា​កូនទី ៣ ក្នុង​គ្រួសារ​បាន​ចាក​ចេញ​ពី​ផ្ទះ​ក្នុង​ភូមិ​កំពង់​ចិន​ក្នុង​ឆ្នាំ ១៩៨០ ដើម្បី​ទៅ​រៀន​នៅ​ទី​រួម​ខេត្ត​កំពង់ធំ។ ​រៀន​នៅ​ទី​រួម​ខេត្ត​កំពង់ធំ បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ផ្លាស់​ទៅ​រៀន​នៅ​ទី​រួម​ខេត្ត​សៀមរាប ហើយ​បាន​រៀន​នៅ​ទី​នោះ​អស់​រយៈ​ពេល ៤ ឆ្នាំ។ លោក ឆៃ​អ៊ាង បាន​ប្រឡង​ជាប់​បាក់​ឌុប (កម្រិត​សិក្សា​ទី ៣ មុន​សម័យរដ្ឋ​កម្ពុជា)​ ក្នុង​ឆ្នាំ ១៩៨៧។
លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជាប់​សញ្ញាបត្រ​កម្រិត​សិក្សា​ទី ៣ ដែល​ស្មើ​នឹង​សញ្ញា​បត្រ​បាក់​ឌុប នៅ​ឆ្នាំ​១៩៨៧ បន្ទាប់​មក​បាន​ខ្ញុំ​បន្ត​មក​រៀន​នៅ​ភ្នំពេញ ហើយ​បាន​រស់​នៅ​ភ្នំពេញ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ»។
លោកឲ្យ​ដឹង​ទៀតថា កាល​លោក​នៅ​រៀន លោក​រៀន​បាន​ពូកែ​គ្រប់​មុខ​វិជ្ជា​ទាំង​អស់ ក៏​ប៉ុន្តែ​ ​មុខ​វិជ្ជា​គណិត​វិទ្យា​ គឺ​ពូកែ​ជាង​គេ។ «ខ្ញុំ​ចូល​ចិត្ត​មុខ​វិជ្ជា​គណិត​វិទ្យា ក្នុង​ថ្នាក់​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ ក្នុង​សាលា​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ ហើយ​ខ្ញុំ​ក៏​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទូទាំង​ប្រទេស​នៅ​ឆ្នាំ ១៩៨៧»។
លោក ឆៃ​អ៊ាង​ បាន​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល (សាលា​ក្រហម) ចាប់​តាំង​ពី​ឆ្នាំ ១៩៨៧ ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ១៩៩៣។ នៅ​ពេល​បញ្ចប់​ការ​សិក្សា​​លោក ឆៃអ៊ាង មិន​បាន​យក​ចំណេះ​វិជ្ជា​ជា​គ្រូ​ពេទ្យ ​ដែល​លោក​ខិត​ខំ​រៀន​ អស់​រយៈ​ពេល​ប្រមាណ​ ៤ ​ឆ្នាំ យក​ទៅ​ធ្វើ​ការ ឬ​ប្រកប​មុខរបរ​អ្វី​នោះ​ទេ ប៉ុន្តែ​លោក​បាន​ទៅ​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​ ជាមួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ លោក​បាន​ចូល​រួម​នៅ​ក្នុង​ចលនា​យុវជន​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៩២ ដោយ​សារ​តែ​លោក​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​គោល​នយោបាយ​របស់​គណបក្ស​នេះ។
«ខ្ញុំចូល​រួម​ជាមួយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ព្រោះខ្ញុំ​គាំទ្រ​គោល​នយោបាយ​បី​យ៉ាង​របស់​គណបក្ស​នេះ​ ទីមួយ គឺ​ខ្ញុំ​គាំ​ទ្រ​គោល​នយោ​បាយ​ប្រឆាំង​បរទេស​ឈ្លាន​ពាន ពី​ព្រោះ​យើង​ជា​ខ្មែរ​យើង​មិន​អាច​ស្ថិត​នៅ​ក្រោម​បរទេស​ឈ្លាន​ពាន​ទេ ទីពីរ គឺ​ខ្ញុំ​គាំទ្រ​នូវ​នយោ​បាយ​ដែល​ប្រឆាំង​នឹង​របប​កុម្មុយ​នីស្ត​ផ្តាច់ការ ពីព្រោះ​យើង​ជា​មនុស្ស យើង​មិន​អាច​ទៅ​រស់​នៅ​ក្រោម​បន្ទាត់​មួយ​ដែល​គេ​ថា ឆ្វេង​ៗ ស្តាំ​ៗ​នោះ​បានទេ ហើយ​ទី​បី ប្រឆាំង​នឹង​​អំពើ​ពុករលួយ​ ព្រោះ​យើង​ស្អប់​អំពើ​ពុក​រលួយ»។
លោក អេង ឆៃអ៊ាង (ស្ដាំជួរក្រោយ) ក្នុងពេលកំពុងចូលរួមជួបចរចាជាមួយគណបក្សប្រជាជនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ។ រូបថត ហេង ជីវ័ន
លោក អេង ឆៃអ៊ាង (ស្ដាំជួរក្រោយ) ក្នុងពេលកំពុងចូលរួមជួបចរចាជាមួយគណបក្សប្រជាជនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ ។ ហេង ជីវ័ន
នៅ​ក្នុង​អំឡុង​ពេល​នោះ ទាំង​អ្នក​នយោបាយ និង​អ្នក​ចេញ​មុខ​គាំទ្រ​នយោ​បាយ​​បក្ស​ប្រឆាំង គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ដោយ​ត្រូវ​គេ​បាញ់​សម្លាប់​ចោល​ឆៅៗ។ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​លោក ឆៃអ៊ាង ភ័យ​ខ្លាច​នោះ​ទេ។
លោក​និយាយ​ថា៖ «ខ្ញុំ​មាន​វ័យ​ជាង​ ២០ ​ឆ្នាំ​ហ្នឹង​ ខ្ញុំ​ចូល​ប្រឡូក​ដោយ​អត់​ខ្លាច​ទេ​ពេល​នោះ បើ​ទោះ​បី​ជា​មាន​ការ​បាញ់​សម្លាប់​អ្នក​តស៊ូ​យ៉ាង​ម៉េច​ក៏​ដោយ ខ្ញុំ​អត់​ខ្លាច​ទេ ខ្ញុំ​ចូល​ជួយ​ពេញ​លេញ ហើយ​ដល់​ពេល​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ឈ្នះ​ទៅ ហ៊្វុន​ស៊ិន​ប៉ិច​អត់​គោរព​គោល​នយោបាយ​ទាំង​បី​ខាង​ដើម»។
លោក ឆៃ​អ៊ាង បាន​បន្ត​រៀប​រាប់​ប្រាប់​កម្ពុជា​ចុង​សប្តាហ៍ នៅ​ក្នុង​ការិយា​ល័យ​ធ្វើ​ការ​របស់​លោក​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃ​ពុធ​ថា លោក​បាន​ស្គាល់​លោក​ សម រង្ស៊ី លើក​ដំបូង នៅ​ក្នុង​​ខែ​ធ្នូ ឆ្នាំ១៩៩២ ដែល​នៅ​ពេល​នោះ លោក​ រង្ស៊ី គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ហ៊្វុនស៊ិន​ប៉ិច​។
«ខ្ញុំ​បាន​ស្គាល់​លោក​សម រង្ស៊ី ហើយ​ក៏​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​គាត់ផ្ទាល់ តាំង​ពី​ពេល​នោះ​មក ដោយ​ចូល​រួម​ជួយ​ឃោសនា​យ៉ាង​សកម្ម ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ដល់​ពេល​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ ១៩៩៣ ហ្នឹង លោក​សម រង្ស៊ី ក៏​យក​ខ្ញុំ​មក​ធ្វើការ​ជាមួយ​គាត់ នៅ​ក្រសួង​សេដ្ឋកិច្ច»។ ការ​ងារ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ពេល​នោះ លោក​អេង ឆៃអ៊ាង​មាន​តួនាទី​ជា លេខា​ផ្ទាល់​របស់​លោក រង្ស៊ី ដែល​ពេល​នោះ លោក រង្ស៊ី ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ។
លោក​បញ្ជាក់​ថា​៖ «​រៀន​ពេទ្យ​ចប់​តែ​ខ្ញុំ​អត់​បាន​ទៅ​ធ្វើ​ពេទ្យ​ធ្វើ​ហ្មអី​ទេ គឺ​ធ្វើការ​ជាមួយ​លោក​សម រង្ស៊ី​… រហូត​ដល់​មុន​គេ​ដក​គាត់​ចេញ​ពី​តំណែង​ហ្នឹង​ លោក​សម រង្ស៊ី ក៏​គាត់​បាន​សួរ​ខ្ញុំ​ដែរ សួរ​ថា ឥឡូវ​ហ្នឹង​ គេ​នឹង​ដក​គាត់​ហើយ តើ​ខ្ញុំ​ចង់​បន្ត​ធ្វើ​ការ​នៅ​ក្រសួង​សេដ្ឋ​កិច្ច ​ទៀត​ឬ​យ៉ាង​ណា?»។
នៅ​ពេល​នោះ លោក​ឆៃអ៊ាង បាន​សួរ​ទៅ​លោក​ ​រង្ស៊ី វិញ​ថា៖«បង​តើ​ពេល​គេ​ដក​បង​ចេញ​ពី​តំណែង តើ​បង​ឈប់​ធ្វើ​នយោបាយ​ ឬក៏​នៅ​បន្ត​ធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​តទៅ​ទៀត?»។
នៅពេលនោះ​លោក រង្ស៊ី ក៏​បាន​ប្រាប់​លោក​ ឆៃ អ៊ាង​វិញ​ថា គាត់​មិន​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​ទេ គឺ​​គាត់​នៅ​បន្ត​ធ្វើ​នយោបាយ​ដើម្បី​ជួយ​ប្រទេស និង​រំដោះ​ប្រទេស​ចេញ​ពី​របប​​ផ្តាច់​ការ ធ្វើ​ឲ្យ​ប្រទេស មាន​យុត្តិធម៌​សង្គម​ត្រឹម​ត្រូវ ហើយ​នឹង​មាន​ការ​អភិវឌ្ឍ​។ នៅ​ពេល​នោះ លោក​ ឆៃ​អ៊ាង បាន​ប្រាប់​លោក​ រង្ស៊ី​ថា លោក​នៅ​តែ​បន្ត​តាម​ធ្វើ​ការ​ជាមួយ​គាត់​ជា​រៀង​រហូត។
នៅទី​បំផុត ​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋ​មន្ត្រី ទី​មួយ និង​លោក​ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ទី២ បាន​ដក​លោក​ រង្ស៊ី ចេញ​ពី​រដ្ឋ​មន្ត្រី ក្រសួង​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី ២០ ខែ​តុលា​ឆ្នាំ ១៩៩៤។ នៅ​ពេល​នោះ លោក​ឆៃអ៊ាង ជាមួយ​នឹង​យុវជន​មួយ​ក្រុម បាន​ចេញ​ពី​ក្រសួង​សេដ្ឋកិច្ច ទៅ​តាម​ជួយ​ធ្វើ​ការ​លោក ​រង្ស៊ី រហូត​ដល់​លោក​ រង្ស៊ី បាន​ប្រកាស​បង្កើត​គណបក្ស​ជាតិ​ខ្មែរជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៩៥។
លោក​បញ្ជាក់​ថា​៖ «ប៉ុន្តែ​មុន​នឹង​បង្កើត​គណ​បក្ស​ក្រុម​យើង​ខ្ញុំ​ហ្នឹង​បាន​ជួយ​ធ្វើ​ការ​ផ្នែក​នយោបាយ​គាត់​ គ្រប់​បែប​យ៉ាង​ទាំង​អស់ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សកម្មភាព​នយោបាយ​របស់​គាត់​ហ្នឹង​មាន​ដំណើរ​ការ​ទៅ​មុខ​ជា​និច្ច»។
នៅ​ពេល​គណ​បក្ស​ជាតិ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង លោក​ ឆៃ​អ៊ាង មាន​តួនាទី​ជា​នាយក​ខុទ្ទការល័យ​របស់​លោក​សម រង្ស៊ី និង​ជា​សមាជិក​គណៈកម្មការ​នាយក។ នៅ​ពេល​ក្រោយ​មក​ដោយ​មាន​ជម្លោះ​ដណ្តើម​ឈ្មោះ​គណ​បក្សជាតិ​ខ្មែរ លោក រង្ស៊ី បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ ដោយ​ដាក់​ឈ្មោះ​របស់​លោក​។
នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៨ លោក​ ឆៃ​អ៊ាង​ បាន​ឈប់​ធ្វើ​ជា​នាយក​ខុទ្ទការ​ល័យ​លោក​ សម រង្ស៊ី​ ហើយ​នៅ​ចុង​ខែ​សីហា ឆ្នាំ១៩៩៩ គណៈកម្មការ​នាយក​គណបក្ស​បាន​បោះ​ឆ្នោតឲ្យ​លោក​ធ្វើ​ជា​អគ្គលេខាធិកាបក្ស​ រហូត​ដល់​លោក​បានលាលែង​។
ការ​ចូល​ធ្វើ​នយោ​បាយ​ របស់​លោក​ ឆៃអ៊ាង រហូត​ដល់​លោក​បាន​ក្លាយ​ជា​អ្នក​តំណាង​រាស្ត្រ ហើយ​នៅ​ក្នុង​រដ្ឋ​សភាអាណត្តិ​ទី៥ នេះ ​ជា​ប្រធាន​គណៈកម្មការទី​មួយ​នៃ​រដ្ឋសភា គឺ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ ស៊ើប​អង្កេត​ទទួល​ពាក្យ​បណ្តឹង និង​ទំនាក់​ទំនង​រដ្ឋសភា​ និង​ព្រឹទ្ធសភា វា​មិន​មែន​ជា​ការ​ចៃ​ដន្យ​ទេ។ មិន​មែន​ជា​ការ​ចៃដន្យ គឺ​ដោយសារ​តែ​លោក​បាន​គូស​វាស​ផ្លូវ​ដើរ​របស់​លោក​ ដើម្បី​ចូល​ប្រឡូក​ក្នុង​នយោបាយ ចាប់​តាំង​ពី​លោក​នៅ​សិក្សា​​មក​ម្ល៉េះ។
បុរសសម្បុរ​សណ្តែក​បាយ​រូប​នេះ​ បាន​គូស​បញ្ជាក់​ថា៖ «អត់​ចៃដន្យ​ទេ គឺ​ចាប់​តាំង​ពី​ខ្ញុំ​មាន​ការ​យល់​ដឹងពី​បញ្ហា​សង្គម​តាំង​ពី​ខ្ញុំ​ចូល​រៀន​មក គឺ​ខ្ញុំ​មើល​ឃើញ​ថាសង្គម​ខ្មែរ​ហ្នឹង​វា​អយុត្តិធម៌​ ហើយ​ខ្ញុំ​ក៏​​បាន​សិក្សា​ស្រាវជ្រាវថា​ តើ​កត្តា​អយុត្តិធម៌​ទាំង​អស់​ហ្នឹង​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ហើយ​បន្ទាប់​មក​ទៀត ពេល​ដែល​ឆ្លង​កាត់​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​រហូត​ត​មក​យួន​ចូល​មក​ស្រុក​ខ្មែរ​ហ្នឹង​ធ្វើឲ្យ​ខ្ញុំ ​ត្រូវ​តែ​ធ្វើការ​ស្រាវ​ជ្រាវ​ តើ​វា​ចេញ​មក​ពីស្អី?»។
បន្ទាប់​ពី​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ស្វែង​យល់ អាន​ឯកសារ សួរ​ចាស់​ៗ​ទាក់​ទង​ទៅ​​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី១៨ មីនា ឆ្នាំ​១៩៧០ ប៉ុលពត​វ៉ៃ​ដណ្តើម​ឡើង​កាន់​អំណាច នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ១៩៧៥ និង​ការ​វ៉ៃ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ធ្វើ​ឲ្យ​លោក​ឆៃអ៊ាង​មើល​ឃើញ​ថា បញ្ហា​ស្រុក​ខ្មែរ​គឺ​​កើត​ចេញ​ដោយសារ​​អ្នក​នយោបាយ​ដែល​ពុំ​មាន​ភាព​ស្មោះត្រង់​ពិត​ប្រាកដ​ចំពោះ​ប្រទេស​ជាតិ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ហើយ​ចូល​ចិត្ត​យក​ពល​រដ្ឋ​ធ្វើ​ជា​ឈ្នាន់​ ដើម្បី​​បម្រើ​មហិច្ឆតា​អំណាច​របស់​ខ្លួន​ ដែល​ទី​បំផុត​ធ្វើ​ឲ្យ​ជន​ជាតិ​វៀតណាម​ចូល​មក​រស់​នៅ​ពេញ​ស្រុក​រហូត​មក​ដល់​បច្ចុប្បន្ន​។
«ដោយ​សារ​កត្តា​ទាំង​អស់​នេះ​ហើ​យ​ ទើប​ធ្វើ​ឲ្យ​ខ្ញុំសម្រេច​ចិត្ត​ត្រូវ​តែ​ចូលរួម​នៅ​ក្នុង​នយោបាយ​ដើម្បី​រក​ដំណោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវជូន​ប្រទេស​ជាតិ​និង​ប្រជារាស្ត្រ»។
ការដែល​នៅតែ​បន្ត​ធ្វើ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ចាប់​តាំង​ពី​ចេញ​ពី​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ជាតិ​ខ្មែរ រហូត​ដល់​គណបក្ស​ សម រង្ស៊ី ហើយ​ចុង​ក្រោយ​​ច្របាច់​បញ្ចូល​ជា​មួយ​គណបក្ស​សិទ្ធិ​មនុស្ស​ ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​លោក​ឆៃអ៊ាង​ មើល​ឃើញ​ថា លោក រង្ស៊ី ជា​អ្នក​នយោបាយ​​ស្អាតស្អំ។
«ខ្ញុំពេញ​ចិត្ត​ក្នុង​ការ​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​ស្នេហា​ជាតិ​ដែល​ស្អាត​ស្អំ…កាល​គាត់​នៅ​រដ្ឋ​មន្ត្រី​ គ្មាន​អ្នក​មាន​អ្នក​ធំ​ណា​ម្នាក់ អាច​ទៅ​បបួល​គាត់​នាំ​គាត់​ធ្វើ​អ្វី​ផ្តេសផ្តាស​បាន​ទេ គឺ​អត់​តែ​ម្តង​…ហើយ​ជា​សហការី​គឺ​គាត់​ផ្តាំ​ហាម​ដាច់​ខាត គឺ​អត់​ឲ្យ​ទៅ​ជំរិត​គេ​យក​លុយ​ហ្ហេ! ហើយ​នៅពេលនោះ ដោយ​ដឹង​ថា ប្រាក់​ខែ​ពួក​ខ្ញុំ​ចាយ​មិន​គ្រប់ គាត់​បាន​យក​ប្រាក់​ខែ​រដ្ឋសភា​របស់​គាត់​យក​មក​ឲ្យ​ពួក​យើង​ខ្ញុំ​ចែក​គ្នា ដើម្បី​ចិញ្ចឹម​ជីវិត…»។
លោក អេង ឆៃអ៊ាងនិង​ក្រុម​ការងារ​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​លោក​សម រង្ស៊ី ហើយ​ធ្វើ​កិច្ច​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច​បាន​ជោគ​ជ័យ​ ទទួល​បាន​កិត្តិយស​កេរ្តិ៍​ឈ្មោះ សម្រាប់​ទាំង​រដ្ឋ​មន្ត្រី សម្រាប់​ទាំង​សហការី របស់​រដ្ឋមន្ត្រី គឺ​មិន​មាន​រឿង​អាស្រូវ​អ្វី​ទេ។
ដោយ​សារ​តែ​នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​ ឆៃអ៊ាង ចូល​ប្រឡូក​ក្នុង​នយោបាយ មាន​ការ​បាញ់​សម្លាប់​អ្នក​នយោ​បាយ​ស្រស់ៗ ហើយ​លោក​បាន​គិត​ដឹង​ច្បាស់​ ពី​បញ្ហា​ដែល​ត្រូវ​ប្រឈម​ ដែល​អាច​នឹង​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ណា​មួយ​ផង​នោះ លោក​បាន​ប្រាប់​ក្រុម​គ្រួសារ​ជាមុន​ថា ប្រសិន​បើ​លោក​ត្រូវ​គេ​បាញ់​សម្លាប់​ដោយសារ​តែ​ការ​ធ្វើ​នយោបាយ សូម​កុំ​ទៅ​ទម្លាក់​កំហុស​ដាក់​ទោស​លើ​​អ្នក​ណា​ ពីព្រោះ​នេះ ​គឺ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​របស់​លោក។ ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​បាន​គាំ​ទ្រ​លោក​ពេញ​ទំហឹង​ឲ្យ​លោក​ចូល​នយោបាយ​។ «និយាយ​ជា​រួម​ខ្ញុំ​បាន​ដាក់​ចិត្ត​ដាក់​កាយ ដាក់​ជីវិត​ក្នុង​ការ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រទេស​ជាតិ​»។
លោក​ ឆៃ​អ៊ាង បាន​រៀប​រាប់​ទៀត​ថា ការ​ធ្វើ​នយោ​បាយ​របស់​លោក​ មាន​ការ​ប្រឈម​យ៉ាង​ខ្លាំង​ ពី​គូប្រជែង​ខាង​ក្រៅ ដែល​គេ​តែង​តែ​ «ចាត់​ទុកយើង​ជា​គណបក្ស​ប្រឆាំង​ហ្នឹង ដូច​ជា​ខ្មាំង​ជា​អមិត្តអ៊ីចឹង​ ​បាន​ជា​មាន​ព្រឹត្តិការណ៍​ជូរ​ចត់» និង​មាន​ការ​ប្រជែង​ខាង​ក្នុង​ផង​ដែរ​។
លោក​ឆៃ អ៊ាង បាន​ឆ្លង​កាត់​នូវ​រឿង​រ៉ាវ​ជូរចត់​ច្រើ​ន ប៉ុន្តែ​​អ្វី​ដែល​លោក​ចងចាំ​មិន​អាច​បំភ្លេច​បាន​ គឺ​ព្រឹត្តិការណ៍​សោកនាដកម្ម​គប់​គ្រាប់​បែក ៤គ្រាប់ ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ​ដែលដឹក​​នាំ​ដោយ​លោក​ សម រង្ស៊ី នៅ​ថ្ងៃ​ទី​៣០​ ខែ មីនា​ ឆ្នាំ​១៩៩៧ ​ធ្វើឲ្យ​​ មនុស្ស​ស្លាប់​ក្នុង​ថ្លុក​ឈាម​ជាង ១០ នាក់ និង​រង​របួស​ធ្ងន់​រហូត ​ទៅ​ដល់​ជិត​ ២០០ ​នាក់។
លោកបាន​បញ្ជាក់ថា៖ «រឿង​ ៣០ មីនា​ហ្នឹង​កាល​ណា​បើ​ខ្ញុំ​និយាយ​ឡើង​ ធ្វើឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ភរិយា​របស់​ខ្ញុំ។ នៅ​ពេល​ដែល​ផ្ទុះ​គ្រាប់​បែក​ប្រពន្ធ​ខ្ញុំ​គាត់​កំពុង​លក់​ដូរ​…គាត់​មាន​អារម្មណ៍​ថា ខ្ញុំ​ហ្នឹង​មិន​ដឹង​ក្លាយ​ទៅ​ជា​ស្អី​ទៅ​ហើយ​ទេ ហើយ គាត់បាន​ដើរ​ទៅ​រក​ខ្ញុំ​នៅ​តាម​ពេទ្យ។ គាត់​ ទៅ​ពេទ្យ​កាល់​ម៉ែត​រក​មើល​​ខ្ញុំ​មិន​ឃើញ​ទៅ​ពេទ្យ​លោក​សង្ឃពី​ព្រោះ​ពេល​នោះ​គេ​កំពុង​ដឹក​អ្នក​របួស​ចូល​ពេទ្យ។ ទៅ​ពេទ្យ​លោកសង្ឃ​ អត់​មាន​ដំណឹង​ទេ បាន​គាត់​ទៅ​ពេទ្យ​រុស្ស៊ី…បាន​ទៅ​ដល់​ពេទ្យ​រុស្ស៊ី​ ទើប​គាត់​មាន​អារម្មណ៍​ល្អ​ឈប់​ព្រួយ»។​…ឈប់​ភ័យ​ព្រួយ​ដោយ​សារ​តែភរិយា​លោក​បាន​ជួបលោកគួយ ប៊ុន​រឿន ដែល​ជា​សហការី​របស់​លោក ដោយ​លោក​ ប៊ុន​រឿន​ បាន​ប្រាប់​គាត់​ថា លោក​មិន​អី​ទេ។
ចំពោះ​នៅ​ខាង​ក្នុង​គណបក្ស​វិញ ​ក៏​មាន​ការ​ប្រឈម​ច្រើន​ដែរ គឺចាប់​តាំង​ពី​លោក អេង ឆៃ​អ៊ាង នៅ​គណបក្ស​សម រង្ស៊ី​។
លោកបន្ត​ថា មាន​ការ​ប្រឌិត​រឿង និង​ចោទ​ប្រកាន់​ច្រើន​ណាស់​លើ​រូប​លោក​លើស​ពី​ការ​ចោទ​​ប្រកាន់​ដែល​ថា លោក​ជា​ចារកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ដាក់​បង្កប់​នៅ​ក្បែរ​លោក​ សម រង្ស៊ី ​ទៅ​ទៀត។ «ប៉ុន្តែ​ចំពោះ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ខ្លួន​ខ្ញុំ​ច្បាស់ ស្គាល់​ថ្នាក់​​ដឹក​នាំ​ច្បាស់ អ៊ីចឹង​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​ចេះ​ខឹង មិន​ចេះ​ច្រឡោត អ្នក​ឯង​ចង់​និយាយ​អី​និយាយ​ទៅ​​ធ្វើ​ធម្មតា ខ្ញុំ​មិន​ទៅ​​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​ប្រឌិត​រឿង​ទាំង​នោះ​ទេ វា​អត់​សំខាន់​ទេ»។
កាលពីធ្វើ​ជា​ទេសរដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ​វត្ថុ គ្មាន​មន្ត្រី​ ឬ​ឈ្មួញ​រក​ស៊ី​ណា​ម្នាក់​ អាច​ចូល​ទៅ​ជួប​ដោយ​ផ្ទាល់​ ជា​មួយ​លោក​ រង្ស៊ី​ បាន​ទេ គឺ​មន្ត្រី​ និង​ឈ្មួញ​ត្រូវ​តែ​ឆ្លង​កាត់​ក្រុម​លេខា​ទាំង​អស់​ លើក​លែង​តែ​រដ្ឋ​មន្ត្រី​ដូច​គ្នា។ លោក ​រង្ស៊ី មិន​ទទួល​កាដូ​ផ្ទាល់​ទេ គឺ​លោក​ឲ្យ​ក្រុម​លេខា​ជា​អ្នក​ទទួល។ នៅ​ពេល​ក្រុម​លេខា​ យក​កាដូ​ដែល​ភ្ញៀវ​ឲ្យ​ យក​ទៅ​ប្រគល់​ឲ្យ​ ទាំង​លោក​ រង្ស៊ី ទាំង​​ភរិយា លោក​ស្រី ជូឡុង សូ​មូរ៉ាបាន​ប្រាប់​ថា ​«គាត់​មិន​យក​ទេ គាត់​​គ្រប់​គ្រាន់​ហើយ ​យក​ទៅ​ចែក​គ្នា​ទៅ​»។ ​
ទាំង​នេះ​ជា​ចំណុច​ពិសេស​​របស់​មេ​ដឹក​នាំ ដែល​លោក​ឆៃ​អ៊ាង​បាន​អធិប្បាយ​ថា ស្អាត​ស្អំ​ «​ខុស​ពី​អ្នក​ដទៃ បើ​អ្នក​ដទៃ ច្បាស់​ជា​ឱប​ក្រសោប​ដើម្បី​យក​ធ្វើ​ជា​ប្រយោជន៍​របស់​ខ្លួន​ហើយ​…​»។ ​
លោក​ រង្ស៊ី បដិសេធទទួល​យក​សំណូក «នៅពេល​គេ​សូក​គាត់» ហើយ​គាត់​បាន​ប្រើ​ប្រាស់​ពេល​វេលា​ទាំង​អស់​របស់​គាត់ ដើម្បី​បំពេញ​ការ​ងារក្នុង​នាម​ជា​រដ្ឋមន្ត្រី ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ ហើយ​តែង​តែ​ហាម​មន្ត្រី​ក្រោម​ឱវាទ​មិន​ឲ្យ​ជូន​ដំណើរ ឬ​ទៅ​ទទួល​គាត់​ឡើយ នៅ​ពេល​គាត់​ចេញ​ទៅ​ក្រៅ ឬត្រឡប់​មក​វិញ​ ដោយ​ឲ្យ​តែ​តៃកុង​ឡាន​ទៅ​ទទួល​ទៅ​បាន​ហើយ​ដើម្បី​កុំ​ឲ្យ​ខាត​ពេល។
លោក​ រង្ស៊ី ក៏​មិន​ចូល​ចិត្ត​ជួប​នរណា​ម្នាក់​ដែល​សុំ​ជួប​គាត់ហើយ​យក​រឿង​អ្នក​ដទៃ​ទៅ​និយាយ​ប្រាប់​គាត់​ដែរ ក៏​ប៉ុន្តែ​គាត់​ចូល​ចិត្ត​ជួប​មនុស្ស​គ្រប់​គ្នា​ប្រសិន​បើ​យក​រឿង​ប្រទេស​ជាតិ​ទៅ​ជជែក​ជាមួយ​គាត់​ «ហើយ​កុំ​យក​ទៅ​ដាក់​បន្ទុក​​ជួយ​ជជែក​ជួយ​រក​ដំណោះ​ស្រាយ»។
ទាំង​នេះជា​ឥរិយាបថ​​របស់​មេបក្ស​ប្រឆាំង ​ដែល​លោក ឆៃ​អ៊ាង ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចាប់​តាំង​ពី​លោក​បាន​ស្គាល់​លោក​ រង្ស៊ី ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ។
លោក​ ឆៃ​អ៊ាង​បាន​បន្ត​ថា លោក​គ្មានអ្វី​ត្រូវ​ដាក់​មន្ត​ស្នេហ៍​លោក ​រង្ស៊ី ដើម្បី​ឲ្យ​លោក​រង្ស៊ី​ចូល​ចិត្ត ដូច​អ្នក​ខ្លះ​និយាយ​នោះទេ ក៏​ប៉ុន្តែ លោក រង្ស៊ី គឺ​ជា​មនុស្ស​ច្បាស់​លាស់ ហើយ​លោក​ក៏​ជា​មនុស្ស​ច្បាស់​លាស់​ដែរ ទើប​អាច​បន្ត​ធ្វើ​ការ​ងារ​​ជា​មួយ​គ្នា​បាន​រហូត​មក​ដល់​ពេល​នេះ។
«ខ្ញុំ​មិន​ដែល​ទៅ​សុំ​អី​គាត់​ទេ សុំ​តំណែង​ឲ្យ​អ្នក​នេះ ឲ្យ​អ្នក​នោះ គឺ​អត់​ទេ​ គឺ​ខ្ញុំ​មាន​តែ​ជួយ​ការ​ងារ​គាត់ ជួយ​គិត​គាត់ ជួយ​ធ្វើ​គាត់​ និង​ជួយ​ដោះ​ស្រាយ​ការងារ​សម្រាប់​ក្រុម​ទាំង​មូល រឿង​ថា​យក​បន្ទុក​ទៅ​ដាក់​ឲ្យ​គាត់​ដោះ​គឺអត់​ ហើយ​មិន​មែន​តែ​ជា​មួយ​គាត់​ទេ ជា​មួយ​អនុប្រធាន​បក្ស​​លោក​កឹម សុ​ខា ក៏​ដូច​គ្នា​ដែរ»។
បើ​ទោះ​បី​ជា​លោក​ ឆៃ​អ៊ាង បាន​ចូល​រួម​ធ្វើ​នយោ​បាយ​ នៅ​ក្នុង​គណបក្ស​ប្រឆាំង ​អស់​រយៈពេល​ជាង ២០​ ឆ្នាំ​មក​ហើយ​ក្តី តែ​លោក​បាន​គូស​បញ្ចាក់​ថា​៖«​គ្មាន​អ្នក​ណា​ធ្វើ​នយោបាយ​ដើម្បី​ធ្វើ​គណ​បក្ស​ប្រឆាំង​ទេ គេ​ធ្វើ​នយោបាយ​ដើម្បី​ទៅ​ដឹក​នាំ​ប្រទេស ឥឡូវ​ដែល​ខំ​ប្រឹង​ហ្នឹងគឺ​ប្រឹង​​ដើម្បី​ទៅ​យក​អំណាច​មក​ដោះ​ស្រាយ​បញ្ហា​ប្រទេស​ជាតិ​អាហ្នឹង​គឺ​គោ​ល​ដៅ​ អ៊ីចឹង​»។
លោក​ អេង ឆៃ​អ៊ាង បាន​រៀប​ការ​នៅ​ក្នុង​ឆ្នាំ១៩៩០ ជា​មួយ​ភរិយា​នៅ​ខេត្ត​សៀម​រាប បច្ចុប្បន្ន​មាន​កូន ៤ នាក់​ប្រុស​ពី​រនាក់ កូន​បង​មាន​អាយុ ២២ ឆ្នាំ កូន​ពៅ អាយុ១២ ឆ្នាំ​។ ភរិយា​លោក​ឆៃ​អ៊ាង គឺ​ជា​អាជីវករ​។ «ភរិយា​ខ្ញុំ​ជា​អាជីវករ​ថ្នាក់​កណ្តាល ការ​ធ្វើ​​នយោ​បាយ​របស់​ខ្ញុំ​គាត់​គឺ​ជា​ឆ្នាំង​បាយ​»។
លោក​ ឆៃ​អ៊ាង មិន​មាន​បំណង​តម្រង់​ទិស​កូន​ៗ​របស់​លោក​ឲ្យ​ធ្វើ​នយោបាយ​ដូច​​លោក​នោះ​ទេ ហើយ​លោក​ក៏​មិន​ប្តូរ​គណបក្ស​ រត់​ទៅ​ចូល​គណ​បក្ស​ផ្សេង​ ដែល​មាន​ឧត្តម​គតិ​ផ្ទុយ​ពី​លោក​ឡើយ។
លោក​គូស​បញ្ជាក់​ថា​៖ «ប្តូរ​គណបក្ស​ ​ឬ​ថ្នាក់​ដឹក​នាំ​នយោបាយ​ លុះត្រាតែ​​អ្នក​ដឹក​នាំ​គណបក្ស​នយោ​បាយ​ហ្នឹង​គាត់​ប្តូរ​គំនិត​ប្តូរ​ឧត្តម​គតិ…នៅពេល​នោះ​ទើប​ខ្ញុំ​ប្តូរ តែ​ខ្ញុំ​ប្តូរ​ខ្ញុំ​អត់​ទៅ​រក​ក្រុម​ណា​ដែល​មាន​ឧត្តម​គតិ មិន​ស្មោះ​ត្រង់​ជា​មួយ​ប្រទេស​ជាតិ​នោះ​ទេ​ គឺ​ខ្ញុំ​ទៅ​រក​ក្រុម​ណា​ដែល​ធ្វើ​អ្វីៗ​ស្មោះ​ត្រង់​ជា​មួយ​ប្រទេស​ជាតិ​ហើយ​ធ្វើ​អ្វី​ៗ​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ជាតិនិង​ពល​រដ្ឋ​»​៕

1 comment:

Anonymous said...

What a life story, Mr. Eng Chai Eang. You are an incredible man. Yes, Mr. Sam Rainsy is a very good and honest leader. We would have him become a Prime Minister long time ago, but we know what was behind all the problems politically. Prince Ranarith and Ah Yong Yuong Hun Sen were behind Mr. Rainsy's resignation due to the corruptions and beyond.