យ៉ាងហោចណាស់មានទឹកប្រាក់ចំនួន៣៤.៣៣២.៩២០ដុល្លារអាមេរិក ដែលរាជរដ្ឋាភិបាលកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី បានចំណាយលើការទិញដែកស្ពានបាឡេត៍ប្រវែង៧.២២៩ម៉ែត្រ ពីក្រុមហ៊ុនហាក់ ហ៊ី អាហរ័ណ នីហរ័ណ និងក្រុមហ៊ុនហាក់ ហ៊ី វណ្ណសិង្ហ អាហរ័ណ នីហរ័ណ គ្រប់គ្រងដោយឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន និងលោកជំទាវឧកញ៉ា ជឹង សុភាព ហៅ យាយភូ ជាមនុស្សស្និទ្ធនឹងក្រុមគ្រួសារបុរសខ្លាំង (ទឹកប្រាក់ចំនួន២៤.០៩៤.២២០ដុល្លារអាមេរិក) និងដែកស្ពានបាឡេត៍ប្រវែង៣.៣០៣ម៉ែត្រ ពីក្រុមហ៊ុនអានឡុង អាហ្សិត អភិវឌ្ឍន៍ ពាណិជ្ជ(An Long AZ Commercial Development) គ្រប់គ្រងដោយលោកស្រីឧកញ៉ា គូ គីមឡុង (ទឹកប្រាក់ចំនួន១០.២៣៨.៧០០ដុល្លារអាមេរិក) នាអំឡុងចុងឆ្នាំ២០០១ និងឆ្នាំ២០០២កន្លងទៅ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូន ដែលតម្លៃនៃការទិញដែកស្ពានបាឡេត៍តាមរបៀបមិនដេញថ្លៃជាសាធារណៈនេះ គឺថ្លៃជាងតម្លៃនៅលើទីផ្សារសេរីរហូតដល់ទៅចំនួនជាង៣ដងឯណោះ ។
យោងតាមស្មារតីលិខិតលេខ១៦៣៩សជណ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០០១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (យោងចំណារចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ របស់បុរសខ្លាំង នៅលើលិខិតលេខ៤៦១៥សហវ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងដោយឯកឧត្តម ឈិន គង់ហ៊ាន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ បានចុះកិច្ចសន្យានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០១ ស្តីពីការផ្គត់ផ្គង់ដែកស្ពានបាឡេត៍ប្រវែង៣.០០៣ម៉ែត្រ (ក្នុងនោះប្រភេទ SS ប្រវែង១.៥០៣ម៉ែត្រ និងប្រភេទ DS ប្រវែង១.៥០០ម៉ែត្រ) មានទំហំទឹកប្រាក់ចំនួន៩.៣៨៥.២០០ដុល្លារអាមេរិក ជាមួយលោកស្រីឧកញ៉ា គូ គីមឡុង នាយិកាក្រុមហ៊ុន អានឡុង អាហ្សិត អភិវឌ្ឍន៍ ពាណិជ្ជ និងក្រោយមកមានការផ្គត់ផ្គង់ដែលស្ពានបាឡេត៍ប្រវែង៣០០ម៉ែត្របន្ថែមទៀត សរុបប្រវែង៣.៣០៣ម៉ែត្រ និងមានទំហំទឹកប្រាក់សរុបចំនួន១០.២៣៨.៧០០ដុល្លារអាមេរិក ។
យោងតាមស្មារតីលិខិតលេខ២៨សជណ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០០២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (យោងចំណារចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០០២ របស់បុរសខ្លាំង នៅលើលិខិតលេខ០១៣កអជ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០០២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ) ក្រសួងអភិវឌ្ឍន៍ជនបទតំណាងដោយឯកឧត្តម សួស គង់ ជាអនុរដ្ឋលេខាធិការ និងជាអនុប្រធាន PEAC បានចុះកិច្ចសន្យានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០២ ស្តីពីការផ្គត់ផ្គង់ដែកស្ពានបាឡេត៍ប្រភេទ DS ប្រវែង២.១៦៥ម៉ែត្រ មានទំហំទឹកប្រាក់ចំនួន៧.២៣១.១០០ដុល្លារអាមេរិក ជាមួយក្រុមហ៊ុនហាក់ហ៊ី អាហរ័ណ នីហរ័ណ តំណាងដោយលោកឧកញ៉ា ហាក់ ប៊ុនថា ជានាយកក្រុមហ៊ុន ។
យោងតាមស្មារតីលិខិតលេខ៨២៥សជណ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី(យោងចំណារចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០២ របស់បុរសខ្លាំងនៅលើលិខិតលេខ១៤០៣កអជ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ) ក្រសួងអភិវឌ្ឍន៍ជនបទតំណាងដោយឯកឧត្តម ជី សូណា ជាអនុរដ្ឋលេខាធិការ និងជាប្រធាន PEAC បានចុះកិច្ចសន្យានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០២ ស្តីពីការផ្គត់ផ្គង់ដែកស្ពានបាឡេត៍ប្រភេទ BLDSRF ប្រវែង៥.០៦៤ម៉ែត្រ មានទំហំទឹកប្រាក់ចំនួន១៦.៨៦៣.១២០ដុល្លារអាមេរិក ជាមួយក្រុមហ៊ុន ហាក់ ហ៊ី វណ្ណសិង្ហ អាហរ័ណ នីហរ័ណ តំណាងដោយឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ជាប្រធានក្រុមហ៊ុន ។ ដូច្នេះ នៅអំឡុងចុងឆ្នាំ២០០២ គ្រាន់តែក្រុមហ៊ុនរបស់ឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ដែលគេស្គាល់ថា ជាស្វាមីរបស់លោកជំទាវឧកញ៉ា ជឹង សុភាព ជាមនុស្សស្និទ្ធនឹងក្រុមគ្រួសារបុរសខ្លាំងជានាយករដ្ឋមន្ត្រី បានផ្គត់ផ្គង់ដែកស្ពានបាឡេត៍ជូនក្រសួងអភិវឌ្ឍន៍ជនបទប្រវែង៧.២២៩ម៉ែត្រ មានទំហំទឹកប្រាក់សរុបចំនួន២៤.០៩៤.២២០ដុល្លារអាមេរិក ។
ការផ្គត់ផ្គង់ដែកស្ពានបាឡេត៍ពីសំណាក់ក្រុមហ៊ុនរបស់ឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន ស្វាមីរបស់លោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអ្នកគ្រប់គ្រងក្រុមហ៊ុនរកស៊ីឈើផង និងក្រុមហ៊ុនទទួលបានគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់ដ៏ចម្រូងចម្រាសផង និងពីសំណាក់ក្រុមហ៊ុនរបស់លោកស្រីឧកញ៉ា គូ គីមឡុង ជូនរាជរដ្ឋាភិបាលកម្ពុជា មានបុរសខ្លាំងជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការនិងដឹកជញ្ជូន គឺត្រូវបានគិតតម្លៃជាង៣.០០០ដុល្លារអាមេរិកក្នុង១ម៉ែត្រដែកស្ពាន ខណៈដែលដែកស្ពានបាឡេត៍នៅលើទីផ្សារសេរីលក់ក្នុងតម្លៃក្នុងរង្វង់ពី៨០០ដុល្លារអាមេរិកទៅ១.០០០ដុល្លារអាមេរិកក្នុង១ម៉ែត្រដែកស្ពានប៉ុណ្ណោះ (ដោយគិតទាំងពន្ធអាករ និងថ្លៃដឹកជញ្ជូនរួចស្រេចផង) ។
សរុបសេចក្តីមក រូបភាពនៃការផ្គត់ផ្គង់(ទិញ-លក់)ដែកស្ពានបាឡេត៍រវាងរាជរដ្ឋាភិបាលបុរសខ្លាំង និងក្រុមហ៊ុនឯកឧត្តម ឧកញ៉ា ឡាវ ម៉េងឃីន បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា និងជាស្វាមីលោកជំទាវ ឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអនុប្រធានកាកបាទក្រហមកម្ពុជា និងជាមនុស្សស្និទ្ធនឹងក្រុមគ្រួសារបុរសខ្លាំងជានាយករដ្ឋមន្ត្រី និងក្រុមហ៊ុនរបស់លោកស្រីឧកញ៉ា គូ គីមឡុង មានបង្កប់ទៅដោយអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដើម្បីបានលុយរាប់លានដុល្លារអាមេរិកចែកគ្នាចាយ រវាងមន្ត្រីគ្រាក់ៗតាមឋានានុក្រម និងក្រុមហ៊ុនឯកជនស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ពោលគឺសំណុំរឿងអំពើពុករលួយនេះអាចធ្វើឲ្យរដ្ឋខាតបង់ថវិកាអស់ចំនួនប្រមាណ២៣.៨០០.៩២០ដុល្លារអាមេរិក ដែលជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ៕
No comments:
Post a Comment