មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បន្តទទូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះឃាតកម្មក្រៅប្រព័ន្ធច្បាប់ ការរំលោភសិទ្ធិមនុស្ស និងការបង្ខំបណ្ដេញពលរដ្ឋចេញពីផ្ទះសម្បែង និងដីធ្លី ក្នុងរយៈពេល ៣០ឆ្នាំ ដែលលោកបានកាន់កាប់អំណាច។ សំណើនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន បដិសេធរបាយការណ៍អង្គការសិទ្ធិមនុស្សទាំងស្រុង។
ទោះបី លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ជាថ្ងៃខួប ៣០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បានប្រកាសមិនទទួលស្គាល់សមិទ្ធផលនៃអំពើឃាតកម្ម និងការរំលោភសិទ្ធិមនុស្សជាច្រើនករណីក៏ដោយ ក៏នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវការស្លាប់មនុស្សជាច្រើននាក់នៅកម្ពុជា។ លោកបញ្ជាក់ថា លោក ហ៊ុន សែន មិនអាចយកការអភិវឌ្ឍប្រទេសមកលុបបំបាត់ឧក្រិដ្ឋកម្មទាំងនោះបានទេ។
លោក ប្រ៊ែដ អាដាម ថ្លែងថា «លោក ហ៊ុន សែន ជាញឹកញាប់តែងតែប្រកាសពីការជោគជ័យផ្នែកសេដ្ឋកិច្ច ប៉ុន្តែប្រទេសកម្ពុជា ជាប្រទេសពុករលួយមានលក្ខណៈធ្ងន់ធ្ងរមួយក្នុងពិភពលោក។ ធនធានសម្បត្តិរដ្ឋជាច្រើន ត្រូវបានលួចកិបកេងដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនរបស់លោក និងមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត ជាជាងដាក់ប្រាក់ចំណូលទាំងនោះក្នុងសេដ្ឋកិច្ចជាតិ និងសម្រាប់ជួយពលរដ្ឋក្រីក្រ»។
លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា បញ្ជាក់ថា លោកកសាងសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិ ដូចជាចូលរួមបង្កើតសន្ធិសញ្ញាទីក្រុងប៉ារីស ការបំបាត់សង្គ្រាមស៊ីវិល បង្កើនសេដ្ឋកិច្ចជាតិ។ លោក ហ៊ុន សែន មិនបានបកស្រាយហេតុផលលម្អិតរបស់របាយការណ៍អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ ទេ ប៉ុន្តែបានបដិសេធរបាយការណ៍នោះទាំងស្រុង។ លោកគ្រាន់តែទទួលស្គាល់ថា ក្រោមការដឹកនាំរបស់លោកក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ពិតជាមានកំហុសខ្លះៗហើយ។
ទោះជាយ៉ាងណា លោក ប៊្រែដ អាដាម បន្ថែមទៀតថា គុណសម្បត្តិរបស់ លោក ហ៊ុន សែន មិនមែនជាអភ័យឯកសិទ្ធិឲ្យលោករួចខ្លួនពីការទទួលខុសត្រូវ និងតុលាការកាត់ទោសឡើយ៖ «ប្រសិនបើ លោក ហ៊ុន សែន អះអាងថា លោកអាចរំលោភសិទ្ធិមនុស្សបាន ដោយសារតែលោកបានធ្វើល្អកាលពីពេលកន្លងមកនោះ។ នេះមិនមែនជាហេតុផលសមស្របមួយសម្រាប់ការពារក្តីលោកនៅតុលាការទេ។ គាត់ត្រូវតែទទួលខុសត្រូវរាល់ការរំលោភសិទ្ធិមនុស្សទាំងឡាយ ដែលគាត់បានបញ្ជា ឬក៏នៅពីក្រោយការរំលោភសិទ្ធិមនុស្សទាំងនោះ»។
ទោះបីមានការរិះគន់ថា រយៈពេល ៣០ឆ្នាំក្រោមការគ្រប់គ្រងរបស់ លោក ហ៊ុន សែន ពោរពេញដោយអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយក៏ដោយ ក៏ លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងបន្តកាន់តំណែងរហូតដល់ចប់អាណត្តិ ហើយអាចនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីទៀត ប្រសិនបើពលរដ្ឋបោះឆ្នោតឲ្យ។ លោក ហ៊ុន សែន ធ្លាប់ប្រកាសបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតដល់អាយុ ៩០ឆ្នាំ។
ពាក់ព័ន្ធទៅនឹងការលើកឡើងនេះដែរ លោក ប៊្រែដ អាដាម បញ្ជាក់ថា ពលរដ្ឋកម្ពុជា ត្រូវការជ្រើសរើសមេដឹកនាំដោយការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែក្នុងរយៈពេលកាន់អំណាច ៣០ឆ្នាំនេះ លោក ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្ត្រីមិនស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ៖ «នៅក្នុងប្រវត្តិប្រជាធិបតេយ្យ គ្មានបុគ្គលណាម្នាក់ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីរយៈពេល ៣០ឆ្នាំ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។ ករណីនេះគ្មានទេនៅលើលោកយើងនេះ»។
លោកបន្តថា លោក ហ៊ុន សែន ត្រូវប្រទេសវៀតណាម បានលើកបន្តុបជារដ្ឋមន្ត្រីក្រសួងការបរទេស បន្ទាប់ពីការឈ្លានពានរបស់វៀតណាម នៅឆ្នាំ១៩៧៩ ហើយត្រូវបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ ហើយបន្តរក្សាតំណែងរហូតដល់បោះឆ្នោតនៅឆ្នាំ១៩៩៣។ ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារដើម្បីរក្សាអំណាច។ ចាប់តាំងពីពេលនោះមក អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិអង្កេតឃើញថា ការបោះឆ្នោតមិនដែលមានភាពសេរី និងយុត្តិធម៌ឡើយ។
លោក ប៊្រែដ អាដាម ស្នើឲ្យរដ្ឋាភិបាលកម្ពុជា រៀបចំឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយប្រសិនបើមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ លោកនឹងរង់ចាំមើលវាសនារបស់ លោក ហ៊ុន សែន៕
1 comment:
Brad Adam you are simply the true Guardian Angel of Cambodia.We Cambodian feel deep gratitude toward your tireless work.
True Khmer
Post a Comment