ព្រះវិហារៈ Ben និង Sharyn Davis បានផ្លាស់ទីលំនៅមកនៅភ្នំត្នោត កាលពីប្រាំបួនខែកន្លងមកហើយ ដោយសង្ឃឹមថានឹងចាប់ផ្តើមគម្រោង ទេសចរណ៍ធម្មជាតិដ៏ធំ។ ក៏ប៉ុន្តែ បេសកកម្មរបស់ពួកគេដែលមនុស្សពីរនាក់ចូលរួមបានប្រែក្លាយទៅជាការប្រឈមតទល់នឹងអ្នកប្រមាញ់ និងអ្នកកាប់ឈើ។
Ben និង Sharyn Davis រស់នៅក្នុងផ្ទះឈើដែលមានបន្ទប់គេងចំនួនពីរ នៅចំកណ្តាលព្រៃភ្នំត្នោត ក្នុងខេត្តព្រះវិហារ។ ទីកន្លែងនោះគឺស្ថិតនៅដាច់ពីគ្នាទាំងស្រុង គឺភូមិដែលនៅជិតបំផុត គឺត្រូវបើករថយន្តរយៈពេល ២ ម៉ោង តាមភូមិសាស្រ្តពិបាក ប៉ុន្តែគ្រួសារថ្មីនេះមានសត្វជាច្រើនជុំវិញពួកគេ។
នៅក្រៅផ្ទះ មានពស់ថ្លាន់ធំមួយ ដែលកំពុងអាស្រ័យបណ្តោះអាសន្ន ក្នុងទ្រុងដែលផលិតឡើងដោយដៃ។ សត្វទោចអាយុបីឆ្នាំ មួយឈ្មោះ ម៉ូលី បានហក់នៅចុងឈើ ហើយមកស្វាគមន៍ភ្ញៀវនៅមាត់ទ្វារ។ សត្វញីនេះរមៀលលេងជាមួយនឹងឆ្កែពីរក្បាលរបស់គ្រួសារ ឆែកឆេរទូចាន ហើយដេកលើគ្រែ។ ក្ងោកព្រៃ និងសត្វស្វា បានមកម្តុំផ្ទះគ្រួសារនេះជាប្រចាំ។
រយៈពេលប្រាំបួនខែកន្លងមកនេះ គ្រួសារ Davis បានបង្កើតជីវិតមួយនៅទីនេះ នៅចំកណ្តាលដីព្រៃទំហំ ៦០០០ ហិកតាដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទាំងពីរនាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ។ នេះគឺជាបេសកកម្មដែលបានធ្វើឲ្យពួកគេប្រឈមនឹងអ្នកកាប់ឈើ និងអ្នកប្រមាញ់។
ដោយនិយាយពីផ្ទះរបស់ខ្លួន កាលពីដើមសប្តាហ៍នេះ លោកស្រី Sharyn ជនជាតិអូស្រ្តាលីអាយុ ៤១ ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំបានឮសំឡេងពូថៅពេលខ្ញុំគេង កាលពីយប់ម្សិលមិញ»។ ខណៈដែលលោកស្រីកំពុងនិយាយ លោកស្រីបានយកដៃបបោសអង្អែលសត្វទោចដែលតោងករបស់លោកស្រី និងកំពុងទាញសក់លោកស្រី។
លោកស្រីបានបន្ថែមថា៖ «ការកាប់ឈើគឺពិតជាក្តីបារម្ភដ៏ធំបំផុតនៅទីនេះ។ សល់ដើមឈើមានតម្លៃមិនច្រើនទេ ប៉ុន្តែអ្នកកាប់ឈើនៅតែមកទីនេះ»។
អ្នកទាំងពីរនេះ ដែលបានមកដល់កម្ពុជាក្នុងទស្សវត្សរ៍ទី ៩០ បានកំពុងតែខិតខំបំពេញនីតិវិធីនៃការិយាធិបតេយ្យ ចាប់តាំងពីឆ្នាំ ២០១១ មក ដើម្បីឲ្យមានការទទួលស្គាល់ឈ្មោះ ភ្នំត្នោត ជាផ្លូវការជាព្រៃសហគមន៍ ដោយសង្ឃឹមថាការទទួលស្គាល់នឹងបង្កការលំបាកដល់ក្រុមហ៊ុនក្នុងការដកហូតដីនេះ។ ពាក្យស្នើសុំនោះត្រូវ អនុម័តនៅថ្នាក់ខេត្តរួចហើយ ប៉ុន្តែនៅរង់ចាំហត្ថលេខាពីក្រសួងកសិកម្ម។
លោក ធន់ សារ៉ាត អ្នកនាំពាក្យក្រសួង បានថ្លែងថា លោកមិនច្បាស់អំពីរបៀបពិនិត្យពាក្យសុំទេ។ ប៉ុន្តែគាត់បាននិយាយថាសេចក្តីសម្រេចមួយនឹងធ្វើឡើង ផ្អែកលើ «ទំហំនៃតំបន់នេះ និងរបៀបដែលមនុស្សប្រើវា»។
នៅពេលមានការអនុម័ត ប្តីប្រពន្ធនេះសង្ឃឹមនឹងបង្កើតតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលគ្រប់គ្រងដោយអ្នកស្រុកដែលទទួលបានប្រាក់ឈ្នួល។ ពួកគេបានចាប់ផ្តើមកសាងពីចំណុចសូន្យរួចហើយ ដោយប្រើប្រាស់លុយកាក់ផ្ទាល់ខ្លួន។
ខុសឬប្រយុទ្ធប្រឆាំងនឹងការកាប់ឈើ តាមរយៈទេសចរណ៍ធម្មជាតិ?
តាមវិធីដែលគ្រួសារDavis មើលឃើញគឺទេសចរណ៍ធម្មជាតិ អាចសង្គ្រោះព្រៃឈើនេះបាន។ ផែនការរបស់ពួកគេចំពោះតំបន់នេះរួមបញ្ចូល ខ្សែយោល អាងហែលទឹកមួយ ផ្ទះលើដើមឈើ និងផ្លូវធម្មជាតិ។ ពួកគេសង្ឃឹមទាក់ទាញទាំងភ្ញៀវទេសចរបរទេស និងអ្នកមើលសត្វបក្សីកម្សាន្ត។
វាពិតជាកន្លែងទាក់ទាញមួយ ដែលស្ថិតនៅ ចំកណ្តាលព្រៃធំ មានដើមឈើ សត្វបក្សី ហើយគេអាចឮសំឡេងសត្វស្វាពីចម្ងាយ។
ជីវិតក្នុងព្រៃគឺជាជីវិតកែប្រែមួយ។ គ្រួសារនេះរស់នៅ ដោយប្រើទឹកធម្មជាតិ និងបន្លែពីសួនចម្ការធំមួយ ដែលពួកគេថែទាំ។ ពួកគេបានសាងសង់ផ្ទះដែលមានបន្ទប់គេងចំនួនពីរផ្ទាល់ខ្លួន ដោយប្រើប្រាស់ឈើដែលដួលរលំតាមធម្មជាតិ។
កូនស្រីពីរនាក់របស់ពួកគេគឺឈ្មោះ Jarrah អាយុ ៦ ឆ្នាំ និង Amelie អាយុ ១០ ឆ្នាំ ទទួលបានការអប់រំនៅផ្ទះ។ លោក Ben អាយុ ៤៨ ឆ្នាំ មកពីរដ្ឋ Oregon សហរដ្ឋអាមេរិក បានឲ្យដឹងថា៖ «សូមជឿខ្ញុំចុះ ជីវិតនេះមានបញ្ហាប្រឈមរបស់វា ហើយនៅពេលដែលអ្នកមានអារម្មណ៍ឯកោបំផុត ប៉ុន្តែ យើងបានរស់រានមានជីវិតរហូតមកដល់ពេលនេះ»។
ប៉ុន្តែ លោកបានពន្យល់ថា ការលះបង់គឺមានតម្លៃ។ លោក Ben បានថ្លែងថា៖ «អ្នកត្រូវនៅទីកន្លែងគ្រប់ពេលទាំងអស់ប្រសិនបើអ្នកពិតជាចង់ឱ្យវាកើតឡើងមែននោះ បើមិនដូច្នេះទេវាគឺជាភាពស្មុគស្មាញ ដោយសារកងកម្លាំងខាងក្រៅជាច្រើនប្រឆាំងនឹងអ្នក។ ខ្ញុំគ្រាន់តែព្យាយាមស្នើសុំព្រៃសហគមន៍យ៉ាងហោចណាស់ឲ្យបានមួយដោយ ជោគជ័យប្រសិនបើអាចធ្វើទៅបាន គឺខ្ញុំមិនចង់ត្រូវគេវាយនោះទេ»។
លោក Ben បានជ្រើសយកតំបន់នេះ បន្ទាប់ពីបានវាស់ស្ទង់ព្រៃឈើច្រើនកន្លែងនៅភាគខាងត្បូងខេត្តព្រះវិហារ ដើម្បីស្វែងរកកន្លែងប្រមូលផ្តុំសត្វព្រៃច្រើនបំផុត។ ប៉ុន្តែ ខណៈពេលដែលតំបន់នៅតែជាតំបន់ប្រព័ន្ធអេកូដែលកំពុងលូតលាស់ តំបន់នេះបានរងការបំផ្លាញកាលពីឆ្នាំមុន នៅពេលដែលអ្នកកាប់ឈើដែលធ្វើការឱ្យលោកឧកញ៉ា ទ្រី ភាព បានមកយកឈើមានតម្លៃបំផុតក្នុងព្រៃនេះ ដែលបណ្តាលឱ្យ«មានការខូចខាតតាមកន្លែង» ក្នុងព្រៃទាំងមូល។
លោកស្រី Sharyn បានឲ្យដឹងថា៖ «គ្រប់គ្នាច្រើនគួរសម [ក្នុងសហគមន៍មូលដ្ឋាន] បានពាក់ព័ន្ធនឹង [ការកាប់ឈើ] តាមរបៀបមួយ ឬរបៀបមួយផ្សេងទៀត»។
ប៉ុន្តែខណៈពេលដែលលោក ភាព បានផ្លាស់ទីតាំង និងមានតែដើមឈើប្រណីតតិចតួចនៅសល់ អ្នកកាប់ឈើ និងអ្នកប្រមាញ់បានបន្តទាញយកអ្វីដែលនៅសល់ក្នុងព្រៃ។ លោក Ben បានថ្លែងថា៖ «គ្មាននរណាម្នាក់គិតពីអនាគត»។
លោក ហ៊ូ កល្យាណ ប្រធានប្រចាំប្រទេសនៃអង្គការអន្តរជាតិ មជ្ឈមណ្ឌលដើម្បីប្រជាជន និងព្រៃឈើ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៣ ការកាប់ឈើ និងប្រមាញ់ខុសច្បាប់ បានបំផ្លាញតំបន់នេះ។ លោកបន្តថា៖ «មានសកម្មភាព កាប់ឈើនិងបរបាញ់សត្វ ខុសច្បាប់ជាច្រើនកើតឡើងនៅក្នុងតំបន់នេះ កាលពីឆ្នាំ ២០១៣ ដោយយោធានិងប្រជាពលរដ្ឋ ពីខេត្តសៀមរាបនិងខេត្តកំពង់ធំដែលរួមបញ្ចូលប្រជាពលរដ្ឋមូលដ្ឋានផងដែរ»។
លោកបន្តថា៖ «លើសពីនេះទៀត ការរំលោភដីធ្លីពីសំណាក់ប្រជាជនក្នុងតំបន់ ដើម្បី ដីកសិកម្ម ក៏បានបណ្តាលឱ្យមានការបំផ្លាញធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នេះផងដែរ»។
យោងតាមលោកស្រី Sharyn បានឲ្យដឹងថា ក្រៅពីអ្នកភូមិក្នុងស្រុកក៏ក្រុមអ្នកកាប់ឈើធំៗ បានធ្វើដំណើរទៅមករយៈពេលពីរសប្តាហ៍ចូលទៅក្នុងព្រៃ តាមរទេះគោ គឺពីភូមិនានា នៅខេត្តសៀមរាប។ ពួកគេរង់ចាំរហូតដល់យប់ ដើម្បីកាប់ឈើ។
ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អ្នកកាប់ឈើ ប្តីប្រពន្ធនេះបង់ប្រាក់ឲ្យអ្នកភូមិមួយក្រុម ដើម្បីដើរល្បាតព្រៃ។ ក្រៅពីប្រាក់ប្រចាំថ្ងៃ ពួកគេបានបង់ប្រាក់ $ ៧០ ដល់ក្រុមអ្នកភូមិ នៅពេលដែលអ្នកភូមិរឹបអូសបានរណារអារឈើ។ កាលពីសប្តាហ៍មុន អ្នកដើរល្បាតរកបានរណារអារឈើចំនួនបួន។
អ្នកទាំងពីរបានបញ្ជាក់ថា វត្តមានរបស់ពួកគេ ក្នុងព្រៃបានទប់ស្កាត់ អ្នកកាប់ឈើ ក្នុងតំបន់ជាប់នោះ ប៉ុន្តែពួកគេ ឬអ្នកដើរល្បាត មិនអាចទៅការពារដីព្រៃទាំងមូលបានឡើយ។
លោក Ben បានលើកឡើងថា៖ «សត្វព្រៃគឺកាន់តែពិបាកការពារជាងដើមឈើទៅទៀត»។
ព្រៃភ្នំត្នោត មានសត្វកម្រ និងជិតផុតពូជជាច្រើនប្រភេទ ដែលរួមបញ្ចូលទាំងសត្វទាឈើស្លាបពណ៌ស ក្ដាន់ សំបារ និងគោព្រៃ។
លោក Chris Shepherd នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ TRAFFIC ដែលជាអង្គការឃ្លាំមើលពាណិជ្ជកម្មសត្វព្រៃថ្លែងថា ការការពារសត្វទាំងនេះគឺមានសារៈសំខាន់ណាស់។
ដោយសារតែការបរបាញ់ និងការបំផ្លាញទីជម្រករបស់ពួកវា ហើយរាល់ការខិតខំប្រឹងប្រែងទាំងឡាយគួរអនុវត្ត ដើម្បីការពារ និងអភិរក្សតំបន់ដែលរកឃើញសត្វទាំងនេះ។ ប៉ុន្តែនេះមិនមែនជាការងារងាយស្រួលទេ»។
អ្នកដើរល្បាតបានប្រមូលអន្ទាក់ជាប្រចាំ ដែលប្តីប្រពន្ធទាំងពីរបានបញ្ជាក់ថា ត្រូវបានដាក់ពង្រាយ គ្រប់កន្លែង ដើម្បីប្រថុយ ចាប់សត្វព្រៃដ៏កម្រ និងជិតផុតពូជ។
លោក Ben បានថ្លែងថា៖ «អ្នកភូមិមានវប្បធម៌បរបាញ់ ដរាបណានៅមានសត្វបរបាញ់ ពួកគេនឹងបរបាញ់វារហូតទាល់តែអស់»។
ប៉ុន្ដែ លោកនៅតែបន្តសង្ឃឹមមើលឃើញសត្វព្រៃកម្រច្រើនថែមទៀត។
លោកបានពន្យល់ថា៖ «នៅពេលដែលពួកគេឃើញថា ពួកគេមិនត្រូវបានបរបាញ់ សត្វទាំងនោះនឹងផ្សាំងដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកអាចបញ្ឈប់ការបរបាញ់ មិនយូរទេ ពួកវានឹងឈប់រត់ នៅពេលឃើញអ្នក»។
កិច្ចខិតខំប្រឹងប្រែងរបស់ប្តីប្រពន្ធទទួលបានអ្នកគាំទ្រពីក្នុងចំណោម សហគមន៍មូលដ្ឋាន។
អ្នកភូមិម្នាក់ ឈ្មោះ ឈាង វុទ្ធី បានឱ្យដឹងថា គាត់មាន «មោទនភាព» ចំពោះការងាររបស់ពួកគេ។ លោក Ben គឺជាជនបរទេស ប៉ុន្តែគាត់ស្រឡាញ់ព្រៃឈើ និងសត្វព្រៃកម្ពុជា។ បើគ្មានគាត់ សត្វព្រៃទាំងអស់នឹងត្រូវបាត់បង់»។ ប៉ុន្តែខណៈពេលដែលអ្នកភូមិភាគច្រើនទទួលយកផែនការនេះ អ្នកភូមិមួយចំនួនទៀត មិនសូវជាសប្បាយចិត្ត។
លោកស្រី Sharyn ថ្លែងថា៖«ប្រជាជន ដែលយើងកំពុងប៉ះពាល់ ដូចជាមនុស្សដែលកំពុងកាប់ឈើ យ៉ាងសកម្ម និងអ្នកដែលបរបាញ់ទៀងទាត់ គឺយើងបានប្រមូលអន្ទាក់ជាច្រើន ហើយពួកគេមិនសប្បាយចិត្តទេ»។
ទោះបីជាមានការប្រឆាំងខ្លះៗក៏ដោយ ក៏ប៉ុន្តែ គ្រួសារនេះនៅតែមានទំនុកចិត្តថាគោលគំនិតរបស់ពួកគេសម្រាប់តំបន់អេកូទេសចរណ៍មួយដែលគ្រប់គ្រងដោយសមាជិកសហគមន៍ អាចជាគន្លឹះក្នុងការដោះស្រាយសកម្មភាពខុសច្បាប់នេះ។
លោក Ben បានបញ្ជាក់ថា អ្នកប្រមាញ់ និងអ្នកកាប់ឈើត្រូវការមធ្យោបាយផ្សេង ដើម្បីរកប្រាក់ចំណូល គ្មាននរណាម្នាក់ឈប់បរបាញ់ ដោយសារតែសិក្ខាសាលា ឬ ផ្ទាំងប៉ាណូទេ ហើយគ្មាននរណាម្នាក់ឈប់កាប់ឈើទេ។
លោក Alex Gonzalez-Davidson សហស្ថាបនិកនៃអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលហៅថា Mother Nature បានថ្លែងថា លោកបានពិចារណាពីវិធីសាស្រ្តស្រដៀងគ្នានេះនៅជ្រលងអារ៉ែងនៅក្នុងកិច្ចខំប្រឹងប្រែងដើម្បី រារាំងការសាងសង់ទំនប់វារីអគ្គិសនីមួយដែលគេរំពឹងថា នឹងបំផ្លាញបរិស្ថានក្នុងតំបន់។ ប៉ុន្តែគាត់បានលើកឡើងថាមាន«ឧបសគ្គច្រើនណាស់»។
លោកបន្តថា៖«ចំពោះប្រជាជនក្នុងសហគមន៍ទាំងនេះ ជាការពិបាកក្នុងការពន្យល់អំពីការរកប្រាក់បាន៧ដុល្លារក្នុងមួយថ្ងៃ ដោយធ្វើជាមគ្គុទ្ទេសទេសចរណ៍ នៅពេលដែលពួកគេអាច រកប្រាក់ចំណូលបានច្រើនជាងនេះទៅទៀតពីការកាប់ឈើ»។
លោកបានបន្តថា អាជ្ញាធរមិនស្វាគមន៍វិធីសាស្រ្តនេះដែរ ដោយសារតែ«វាមិនរកបានប្រាក់ចំណេញ»។
យោងតាម Gonzalez-Davidson បានឲ្យដឹងថា គម្រោងចុះទៅកន្លែងទាក់ទាញភ្ញៀវទេសចរនៅជ្រលងអារ៉ែងនេះត្រូវបានរារាំងដោយមន្ត្រី។ លោកបន្ថែមថា៖ «រដ្ឋាភិបាលកំពុងការពារផលប្រយោជន៍របស់ជនល្មើស.នៅពេលដែលអ្នកមិនមានរដ្ឋបាលព្រៃឈើដែលធ្វើការងារនោះ អ្នកកំពុងខ្វះធាតុផ្សំសំខាន់មួយ»។
យ៉ាងណាក៏ដោយ អេកូទេសចរណ៍នេះគឺជា«ជម្រើសមួយដែលអាចសម្រេចបាន ក្នុងចំណោមជម្រើសមួយចំនួនផ្សេងទៀត»។
លោកបានបន្ថែមទៀតថា វាជាការសំខាន់ដែលប្រជាពលរដ្ឋកំពុង«ដាំគ្រាប់ពូជ ដើម្បីអនាគត នៅពេលដែលមានរដ្ឋាភិបាលពិតប្រាកដ ដែលចក្ខុវិស័យនេះ គឺអាចសម្រេចទៅបាន។
គ្រួសារ Davis ឯកភាពថា បើគ្មានកិច្ចខិតខំប្រឹងប្រែងនាបច្ចុប្បន្ននេះ ដើម្បីការពារធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជាទេនោះ នៅថ្ងៃអនាគត អាចគ្មានអ្វីសល់ទេ។
លោក Ben បានលើកឡើងថា ស្ទើរតែគ្មានធនធានសល់ទៅហើយ ដូច្នេះពេលអនាគត ដើម្បីបន្តផ្គត់ផ្គង់តម្រូវការក្នុងស្រុក នឹងត្រូវប្រើអ្វីដែលនៅសល់ ខ្ញុំពិតជាព្រួយបារម្ភអំពីបញ្ហានោះ»៕ TK
2 comments:
Welcome to Cambodia,we love you all.
Huge hug from me to your family especially your girl.
I would like to say thank you for looking after the mother nature. We need people like you.
It's your planet, it your right.
True Khmer
Its sad to see that happening to the forest with nobody care about it except Ben Davis.
Post a Comment