ដោយ៖ អឹុង ប៊ុនថន | ថ្ងៃពុធ ទី3 ធ្នូ 2014 |
ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ ឲ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យតាមចាប់ខ្លួនកូនរបស់គាត់ ខណៈនគរបាលបានចាប់ខ្លួនអង្គរក្សម្នាក់បន្ថែមទៀតនៅថ្ងៃពុធនេះ ដែលមានសរុបមានចំនួន៤នាក់ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងបុរី៩៩៩ នៅម្តុំចាក់អង្រែក្រោម ស្ត្រីដែលអះអាងថា ជាម្តាយរបស់ឧកញ៉ា ថោង សារ៉ាត់ បាននិយាយថា លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានទូរស័ព្ទហៅកូនរបស់គាត់ (ថោង សារ៉ាត់) ឲ្យទៅទទួលអង្គរក្ស៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះមកវិញ ។ ប៉ុន្តែលោក ថោង សារ៉ាត់ មិនទៅទេដោយឲ្យម្តាយទៅជំនួស ហើយពេលនោះលោកស្នងការបានបញ្ជាឲ្យចាប់ខ្លួនឧកញ៉ា ដែលមានដើមកំណើតវៀតណាមរូបនេះ ។ អ្នកស្រីថា «ពូ ជួន សុវណ្ណ នគរបាលហ្នឹង ពេលណាក៏ចង់ចាប់កូនខ្ញុំ ហើយថ្ងៃហ្នឹងនិយាយកុហកកូនខ្ញុំថាឡានឈប់ទទួលអង្គរក្សបីមកនាក់ ហើយក៏ខ្ញុំដឹង ខ្ញុំថា មនុស្សចិត្តខ្មោចអ៊ីចឹងអត់ល្អទេ។ ប្រហែល១០០នាក់ ហើយភ្ជង់[កាំភ្លើង]ឡានមុខខ្ញុំប្រហែល២០នាក់ យកកាំភ្លើង ហើយឲ្យលើកដៃឡើង ហើយកូនខ្ញុំថាអត់លើកដៃ កូនខ្ញុំថា ទេបងប្អូនច្រឡំទេ អត់មានការអីទេ ច្រឡំទេ ហើយមានដីកាទេ គាត់(សមត្ថកិច្ច)ថាអត់មានទេ មេនៅលើថាជូនឧកញ៉ាទៅកន្លែងធ្វើការ» ។
កាលពីថ្ងៃចន្ទកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនអង្គរក្ស៣នាក់របស់លោក ថោង សារ៉ាត់ ដោយសង្ស័យជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ ឧកញ៉ា អឹុង ម៉េងជឺ ។ ប៉ុន្តែឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ នៅថ្ងៃពុធនេះបានព្រមានថា ក្រុមគ្រួសាររបស់ពួកគាត់ នឹងប្តឹងបកទៅកាន់សមត្ថកិច្ចគ្រប់ថ្នាក់វិញ ដើម្បីឲ្យដកចេញពីតំណែង និងចាប់ដាក់គុក មន្ត្រីដែលប្រព្រឹត្តខុស ។
VOD បានទាក់ទងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ជួន ណារិន ស្នងការរង ព្រមទាំងលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនដង តែពេលទូរសព្ទចូលហើយត្រូវចុចផ្តាច់វិញ ។
ឧកញ៉ា ថោង សារ៉ាត់ គឺជាថៅកែបុរី៩៩៩ ។ លោកធ្លាប់ត្រូវបានប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្តឹងពីបទរំលោភសេចក្តីទុកចិត្ត ករណីលក់ផ្ទះឲ្យលោក អាំង មាលតី ដោយមិនប្រគល់ប័ណ្ណកម្មសិទ្ធិតាមការកំណត់ក្នុងកិច្ចសន្យា ។
សារព័ត៌មានក្នុងស្រុកខ្លះទៀតបានផ្សាយថា ការស្លាប់របស់លោកឧកញ៉ា អឹុង ម៉េងជឺ ធ្វើឲ្យខកខានការចូលបំភ្លឺនៅតុលាការទៅពាក្យបណ្តឹងរបស់ឧកញ៉ាម្នាក់ទៀត ដែលគេមិនប្រាប់ឈ្មោះទាក់ទងនឹងជម្លោះដីធ្លី តម្លៃរាប់លានដុល្លារនៅបឹងមួយជាយរាជធានីភ្នំពេញ ៕
សូមសរសេរមកលោក អឹុង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment