A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 4 December 2014

Defense Ministry recruits further 600 soldiers ក្រសួង​ការពារ​ជាតិ​ជ្រើស​រើស​ទាហាន​បន្ថែម​ជាង​៦០០​នាក់

ទា បាញ់ ៦២០
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ តុលា ២០១៤។
RFA/Brach Chev
ក្រសួង​ការពារ​ជាតិ ប្រកាស​ជ្រើស​រើស​នាយ​ទាហាន​ចំនួន ៦២០​នាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ។ អ្នក​វិភាគ​សង្គម​គិត​ថា ការ​ជ្រើស​រើស​នាយ​ទាហាន​រាប់​រយ​នាក់​នេះ បើ​ដើម្បី​ឆ្លើយ​តប​ការ​ការពារ​ព្រំដែន និង​ការ​រឹត​បន្តឹង​សន្តិសុខ​នោះ គឺ​ជា​រឿង​ត្រឹមត្រូវ។ ប៉ុន្តែ​ការ​ជ្រើស​រើស​ទាហាន​បន្ថែម​នៅ​ពេល​នេះ គឺ​មិន​ចំ​កាលៈទេសៈ។
ក្រសួង​ការពារ​ជាតិ កំពុង​តែ​ជ្រើស​រើស​សិស្ស​និស្សិត​ចំនួន ៦២០​នាក់ ដើម្បី​ឲ្យ​ចូល​រៀន​ហ្វឹកហ្វឺន​ផ្នែក​យោធា​នៅ​ចុង​ឆ្នាំ​២០១៤ នេះ។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចេញ​ប្រកាស​កាល​ពី​ចុង​ខែ​កញ្ញា ដែល​វិទ្យុ​អាស៊ីសេរី ទើប​ទទួល​បាន​ឲ្យ​ដឹង​ថា ការ​ជ្រើស​រើស​សិស្ស​និស្សិត​ឲ្យ​ចូល​រៀន​ទាហាន​នោះ មាន​ចែក​ចេញ​ជា​បី​ផ្នែក។ ទី​១ ជ្រើស​រើស​សិស្ស​និស្សិត​ឲ្យ​ចូល​សិក្សា​វគ្គ​នាយ​ទាហាន​សកម្ម​ចំនួន ១២០​នាក់ រយៈពេល ៤​ឆ្នាំ។ ទី​២ ជ្រើស​រើស​សិស្ស​និស្សិត​ឲ្យ​ចូល​សិក្សា​វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ចំនួន ២៥០​នាក់ រយៈពេល ៤​ឆ្នាំ និង​ទី​៣ ជ្រើស​រើស​សិស្ស​និស្សិត​ឲ្យ​ចូល​សិក្សា​វគ្គ​នាយ​ទាហាន​បន្ត​វេន​ចំនួន ២៥០​នាក់​រយៈពេល ៦​ខែ។
ប្រកាស​ដដែល​នោះ​បញ្ជាក់​ថា សិស្ស​នាយ​ទាហាន​សកម្ម និង​សិស្ស​នាយ​ទាហាន​ទ័ព​ជើង​គោក ពេល​ចូល​សិក្សា​ដំបូង នឹង​ទទួល​បាន​ឋានន្តរសក្តិ​ជា​នាយ​ចំណង់។ រីឯ​សិស្ស​នាយ​ទាហាន​បន្ត​វេន​ចូល​សិក្សា​ដំបូង ទទួល​បាន​ឋានន្តរសក្តិ​ជា​ពលបាលត្រី។
លោក ទៀ បាញ់ មិន​បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ជ្រើស​រើស​ទាហាន​ថ្មី​បន្ថែម​នេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​យោធា​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ចុង​ខែ​សីហា កន្លង​មក​ថា ទាហាន​ដែល​ត្រូវ​ជ្រើស​តាំង​នឹង​ក្លាយ​ជា​កម្លាំង​ស្នូល ដើម្បី​ការពារ​ជាតិ ព្រម​ទាំង​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​បាតុកម្ម​អនាធិបតេយ្យ ជាដើម។
អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី គិត​ថា ការ​ជ្រើស​រើស​ទាហាន​បន្ថែម​ជា​រឿង​សំខាន់ សម្រាប់​ឆ្លើយ​តប​នូវ​តម្រូវ​ការ​ការពារ​ព្រំដែន និង​ការ​រឹត​បន្តឹង​សន្តិសុខ ប៉ុន្តែ​ត្រូវ​វិភាគ​ពី​តម្រូវ​ការ​ចាំបាច់​ជា​មុន​សិន។ តាម​គំនិត​លោក កម្លាំង​ទាហាន​នៅ​មាន​ច្រើន​រហូត​ដល់​មន្ត្រី​ទាហាន​ខ្លះ ព្យួរ​ឈ្មោះ​នៅ​ក្រសួង ទៅ​បំពេញ​ការងារ​ផ្សេង​ក្រៅ​ក្របខ័ណ្ឌ​ទៀត​ផង៖ «ខ្ញុំ​ឃើញ​ទាហាន​យើង​សល់​ច្រើន ខ្លះ​ទៅ​យាម​រោង​ការ ខ្លះ​យាម​រោង​បុណ្យ​ខ្មោច ខ្លះ​បើក​ឡាន​តាក់ស៊ី។ អ៊ីចឹង​រើស​ច្រើន​ប៉ុណ្ណា​ក៏​មិន​គ្រប់​ដែរ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ឲ្យ​ក្រសួង​ការពារ​ជាតិ ជ្រើស​រើស​ពល​ទាហាន​រាជ​រដ្ឋាភិបាល​ចំនួន ១.០៥០​នាក់ ដើម្បី​បំពេញ​ឲ្យ​កងពលតូច​ថ្មើរ​ជើង​លេខ​៧០ និង​បញ្ជាការដ្ឋាន​អង្គរក្ស។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ធ្លាប់​ប្រាប់​ថា នៅ​ឆ្នាំ​២០១៤ នេះ មាន​ព្រឹត្តិការណ៍​ជាច្រើន​ដែល​កងទ័ព​កម្ពុជា បាន​ប្រឈម​មុខ ហើយ​ព្រឹត្តិការណ៍​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ​ជា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង។ ការ​កើន​ឡើង​នៃ​ចលនា​បាតុកម្ម ឬ​កូដកម្ម ក៏​ជា​កាលៈទេសៈ​ដែល​ក្រសួង​ការពារ​ជាតិ ត្រូវ​បន្ថែម​ចំនួន​កងទ័ព។
កាល​ពី​ដើម​ខែ​មករា កងទ័ព​ពិសេស​ឆត្រ​យោង​៩១១ បាន​បើក​យុទ្ធនាការ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​នៅ​រោងចក្រ យ៉ាក ជីន (Yak Jin)។ ក្រុម​ទ័ព​ពិសេស​ទាំង​នោះ បាន​ប្រើ​ដំបង​ឈើ ចម្ពាម​កៅស៊ូ វាយ​បាញ់​បង្ក្រាប​កម្មករ និង​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ​មួយ​ចំនួន​ដាក់​គុក​ទៀត​ផង។ កងទ័ព​ពិសេស ក៏​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង ហើយ​បាញ់​សម្លាប់​អ្នក​តវ៉ា ៥​នាក់ និង​បាញ់​ឲ្យ​របួស​ជិត ៤០​នាក់​ផ្សេង​ទៀត។ ក្រុម​អង្គការ​សង្គម​ស៊ីវិល រិះគន់​ថា ទាហាន​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ ពិសេស​ការ​ជ្រើស​រើស​ទាហាន មិន​មែន​ជ្រើស​រើស​យក​មក​បង្ក្រាប​បាតុករ​ឡើយ គឺ​ត្រូវ​ជ្រើស​រើស​ទាហាន ដើម្បី​ការពារ​ព្រំដែន និង​សន្តិសុខ​ប្រទេស​ជាតិ។
អនុប្រធាន​រដ្ឋសភា លោក កឹម សុខា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ដឹង​ព័ត៌មាន​ពី​ការ​ជ្រើស​រើស​ទាហាន​បន្ថែម​នេះ​ទេ។ លោក​នឹង​សាកសួរ​ទៅ​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា ឬ​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារ​សាធារណៈ​ពី​រឿង​នេះ៖ «ខ្ញុំ​មិន​បាន​ដឹង​ថា តើ​គេ​រើស​ទាហាន​ធ្វើ​អី​ទេ ហើយ​បំពេញ​កន្លែង​ណា​ទេ»
ប្រទេស​កម្ពុជា បាន​អនុម័ត​ច្បាប់​កាតព្វកិច្ច​យោធា​កាល​ពី​ឆ្នាំ​២០០៩ ប៉ុន្តែ​ចំនួន​កងទ័ព​ដែល​ត្រូវ​ជ្រើស​រើស​ថ្មី មិន​ជាប់​ពាក់ព័ន្ធ​នឹង​ច្បាប់​កាតព្វកិច្ច​យោធា​ឡើយ។
កាល​ពី​ឆ្នាំ​២០០០ រដ្ឋាភិបាល​បាន​កាត់​រំសាយ​ទ័ព​សាកល្បង​ចំនួន ១.៥០០​នាក់ ហើយ​នៅ​ឆ្នាំ​២០០១ រដ្ឋាភិបាល​ក៏​បាន​កាត់​រំសាយ​យោធិន​ជា​ទ្រង់ទ្រាយ​ធំ​ចំនួន ១៥.០០០​នាក់។ លុះ​ដល់​ឆ្នាំ​២០១២ ក្រសួង​ការពារ​ជាតិ បាន​ដាក់​មន្ត្រី​យោធិន​ជិត ៥​ពាន់​នាក់ (៤.៨០៥​នាក់) ឲ្យ​ចូល​និវត្តន៍។ រហូត​មក​ដល់​ពេល​នេះ មិន​មាន​ព័ត៌មាន​ផ្លូវ​ការ​ពី​ចំនួន​កងទ័ព​ជាក់លាក់​នៅ​ឡើយ។ តែ​បើ​តាម​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ បង្ហាញ​ថា រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ដោយ​សម្រេច​បែង​ចែក​ប្រាក់​ឲ្យ​ក្រសួង​ការពារ​ជាតិ ចំនួន​ជិត ៣០០​លាន​ដុល្លារ និង​ក្រសួង​មហាផ្ទៃ សន្តិសុខ​សាធារណៈ​ចំនួន​ជិត ២០០​លាន​ដុល្លារ៕

1 comment:

Anonymous said...

There are so many generals in the Cambodian military but there is no soldier under their commands to protect the Eastern border against Vietnam encroachment, and the ministry is full of Vietnamese agents, case in point a Viet woman named Keo Sary, so why do they need another 600 officers for?