ភ្នំពេញៈ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានព្រមានទៅកាន់បុគ្គលិកបរទេសនៃអង្គការក្រៅរដ្ឋាភិបាលមួយរូប ដែលកំពុងលូកលាន់កិច្ចការរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងតំបន់ជាយអារ៉ែង ក្នុង ស្រុកថ្មបាំង ខេត្តកោះកុង។
ក្នុងសន្និសីទសារព័ត៌មាន បូកសរុបការងារប្រចាំខែនៃគណៈកម្មការទាំង ១០ របស់សភា ប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការនៃរដ្ឋសភា លោក ឈាង វុន បានថ្លែងថា បច្ចុប្បន្ននេះ មានអ្នកតំណាងរាស្ត្រមួយចំនួនធំ កំពុងខ្វាយខ្វល់ ជុំវិញសកម្មភាពរបស់ជនបរទេសមួយរូបដែលកំពុងបំពេញសកម្មភាពការងារ និងលូកដៃយ៉ាងជ្រៅទៅក្នុងរឿងនយោបាយនៅកម្ពុជា។
ជុំវិញករណីនេះ លោក បានបន្តថា៖ «ខ្ញុំកំពុងតែមានជាចំណាត់ការជាមួយអាជ្ញាធរមានសមត្ថកិច្ច ត្រួតពិនិត្យមើលថា តើជនបរទេសរូបនោះ មានគោលការណ៍អនុញ្ញាតយ៉ាងម៉េចខ្លះ ក្នុងការធ្វើសកម្មភាពនៅកម្ពុជាហើយប្រឈម ជាមួយអាជ្ញាធររបស់រដ្ឋ ការបំផុសបំផុលពលរដ្ឋ មកប្រឈមនឹងអាជ្ញាធររដ្ឋ ក្នុងនាមខ្ញុំជាប្រធាន គឺខ្ញុំកំពុងឲ្យគេស្រាវជ្រាវរឿងនេះ»។
ដោយសុំមិនបញ្ចេញឈ្មោះជនបរទេសរូបនោះចំ លោក ឈាង វុន បានឲ្យដឹងថា ជនបរទេសនោះ គឺអ្នកសារព័ត៌មាន និងពលរដ្ឋភាគច្រើនបានស្គាល់ទៅហើយ។
លោកបានបន្ថែមថា៖ «បើគាត់ធ្វើខុសពីអ្វីដែលគាត់បានតម្កល់នៅក្រសួងមហាផ្ទៃ ខ្ញុំសុំស្នើឲ្យនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នឹងចាប់បញ្ជូនត្រឡប់ទៅវិញភ្លាម អត់មានទុកទេ មិនអាចបណ្តោយឲ្យជនបរទេសម្នាក់ធ្វើចលាចលអស្ថិរភាពសង្គមកម្ពុជាទេ ហើយប្រើប្រាស់សិទ្ធិរបស់គាត់ហួសពីព្រំដែននោះទេ។ នេះមកពីច្បាប់កម្ពុជាស្រួលពេក ធូររលុងពេក ឲ្យជនបរទេសម្នាក់មកធ្វើការនៅក្នុងតំបន់មួយទាំងមូល ហើយយកលេសថា ការពារប្រជាពលរដ្ឋ»។
ក្នុងសន្និសីទដដែលនោះ បើទោះបីមិនបានបង្ហាញឈ្មោះចំ អ្នកសារព័ត៌មាន ក៏បានទស្សន៍ទាយគ្រប់គ្នាថា លោក ឈាង វុន បានសំដៅទៅកាន់លោក Alejandro Gonzalez-Davidson ឬហៅថា អាឡិច ជាស្ថាបនិកអង្គការមាតាធម្មជាតិ ដែលកំពុងធ្វើការងារពាក់ព័ន្ធនឹងបរិស្ថានធម្មជាតិ ជាពិសេសតំបន់ជាយអារ៉ែង។
តបនឹងការព្រមាន លោក Alejandro បានចាត់ទុកខ្លួនលោក ជាពលរដ្ឋកម្ពុជារួចទៅហើយ ហើយលោកមិនដឹងថា លោក ឈាង វុន សំដៅទៅអ្នកណាទេ ប៉ុន្តែលោកថា៖ «បើគាត់កំពុងនិយាយពីរឿងលុបចោលអាជ្ញាប័ណ្ណរបស់អង្គការមាតាអន្តរជាតិនោះ គឺវានឹងក្លាយជាគ្រោះអន្តរាយមួយ ដែលនាំឲ្យពួកយើងកាន់តែរឹងមាំ និងខ្លាំងក្លាជាងពេលមុនទៅទៀត។ ពួកយើងអរគុណចំពោះការវាយតម្លៃប្រកបដោយគុណប្រយោជន៍នេះ»។
លោក Alejandro ជាជនជាតិបរទេសមួយរូប ដែលជាស្ថាបនិកនិងជាអ្នកដឹកនាំដ៏លេចធ្លោម្នាក់នៃចលនាមាតាអន្តរជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាននិងរារាំងកុំឲ្យមានការកសាងទំនប់វារីអគ្គិសនីនៅតំបន់ជាយអារ៉ែង ខេត្តកោះកុង។
ទាក់ទិននឹងការលូកដៃរបស់ជនបរទេសមកលើកិច្ចការការងាររបស់កម្ពុជា សម្រាប់ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាននិងធនធានទឹកនិង ជាតំណាងរាស្ត្របក្សប្រឆាំងលោក ប៉ុល ហំម ប្រកាសស្វាគមន៍ដោយមិនមានការរើសអើងឡើយ ល្គឹកណា កិច្ចការងារនោះ ជួយដល់ការអភិវឌ្ឍនៅកម្ពុជា។
លោកយល់ថា៖ «អាឡិច គឺជាសកម្មជនដ៏សំខាន់មួយរបស់អង្គការមាតាធម្មជាតិ ខ្ញុំធ្វើទំនាក់ទំនង ជាមួយគ្នាខ្លះដែរ ដើម្បីទទួលបានព័ត៌មានជុំវិញបញ្ហាបរិស្ថាននិងការអភិវឌ្ឍនៅតំបន់អារ៉ែង នៅមានជនជាតិបរទេសជាច្រើននាក់ទៀត ដែលបានជួយក្នុងការផ្តល់ព័ត៌មាននិងសម្រួលដល់កិច្ចការពារផលប៉ះពាល់ដល់ ធម្មជាតិយើង»។
បើតាមសមាជិក អង្គការ មាតាធម្មជាតិ លោក ស៊ឹម សំណាង បានឲ្យដឹងនៅល្ងាចម្សិលមិញ នេះថា ក្រុមការងារអង្គការមាតាធម្មជាតិ ៤ រូបរួមទាំងលោកផងដែរ នឹងចូលទៅកាន់តំបន់ជាយអារ៉ែង ដើម្បីបន្តការត្រួតពិនិត្យនិងស្វែងរកព័ត៌មានបន្ថែមប្រឆាំងនឹងគម្រោង វារីអគ្គិសនីនៅតំបន់អារ៉ែង នេះ។
លោកថា៖ «បើទោះបីជាមានការគំរាមកំហែងក៏ក្រុមការងារនៃអង្គការយើងនៅតែរក្សាជំហរការពារធម្មជាតិបរិស្ថាននិងព្រៃឈើ»។
សូមរំឭកផងដែរថា កាលពីថ្ងៃ ១៥ កញ្ញា ២០១៤ សកម្មជនការពារបរិស្ថាននិងព្រៃឈើដែលមានគ្នាប្រមាណ ១០ នាក់ រួមទាំង លោក Alejandro ហៅ អាឡិច ត្រូវបានកម្លាំងសម្ថកិច្ចរបស់អាជ្ញាធរ ខេត្តកោះកុង បានធ្វើការ ឃាត់ខ្លួន ខណៈដែលពួកគេនិងប្រជាសហគមន៍ បានបិទផ្លូវរារាំងក្រុមអាជ្ញាធរខេត្ត មិនឲ្យចូលទៅកាន់តំបន់គម្រោងសង់ទំនប់វារីអគ្គិសនីអារ៉ែងតែក្រោយមកពួកគេត្រូវបានដោះលែងវិញ៕
2 comments:
The thugs and illiterate (Chheang Vun is very angry with Alex Gonzalez-Davidson's relentless to stop the destruction of Khmer forestry from the Chinese's plan to build the dam, Chheang Vun maybe has a lot of stakes in it for his personal gain, that's why he extremely infuriated with this brave individual Alex Gonzalez-Davidson, Chheang Vun looks like he is ready to slaughter anyone in his way.
Look at chheang vun face, he look like cong choi face ,he is not a human ,he is a devil.
Post a Comment