Gen. Srey Doek, A Cambodian border commander, denies Thailand's accusation that Cambodia violates Thailand's border at An Sess, a border checkpoint 40km north of Preah Vihear temple.
Gen. Srey Doek said the Thai side closed the border after Cambodian military engineering unit brought machinery to dig a small canal to allow the water to flow away and to build a dirt road to facilitate vehicles bringing tourists to visit the area. He said the works were done on the Cambodian side of the border, not on the Thai side. "We did not violate (the Thai border). We just did the works and the Thai side came to forbid us and we suspended the works, but they still closed the border. We met and agreed to cooperate and the Thai side promised to re-open the border to facilitate cross-border trades between the two sides", said Gen. Srey Doek.
អាជ្ញាធរខេត្តឧប៊ុនរ៉ាត់ថានី (Ubon Ratchathani) របស់ថៃ បានបញ្ជាឱ្យកងទាហាន បិទច្រកព្រំដែនអានសេះ ជាឯកតោភាគីរយៈពេល ២ថ្ងៃមកហើយ រហូតមកដល់រសៀលថ្ងៃពុធ ទី៣១ ខែធ្នូ នេះ។
ការបិទច្រកព្រំដែនអានសេះ ដែលស្ថិតនៅក្នុងស្រុកជាំក្សាន្ត ចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតពីប្រាសាទព្រះវិហារ គឺបន្ទាប់ពីកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទបានយកគ្រឿងចក្រទៅជីកដីធ្វើជាចង្អូរទឹក ហើយភាគីថៃ ចោទប្រកាន់ថា បានរំលោភចូលទៅក្នុងតំបន់ព្រំដែនដែលមិនទាន់កំណត់ច្បាស់លាស់រវាងប្រទេសទាំងពីរ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទដែលគ្រប់គ្រងកម្លាំងការពារព្រំដែនជុំវិញប្រាសាទព្រះវិហារ បានច្រានចោលការចោទប្រកាន់របស់ថៃ ដែលថាកម្ពុជា កំពុងរំលោភបំពានទៅលើតំបន់ព្រំដែនមិនទាន់ដាច់ស្រេចរវាងប្រទេសទាំងពីរដែលនៅជិតច្រកអានសេះនោះ គឺជារឿងមិនពិត។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងគ្រប់គ្រងកងទ័ពការពារព្រំដែនខ្មែរ នៅទិសប្រាសាទព្រះវិហារ គឺលោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៣១ ខែធ្នូ ថា អាជ្ញាធរខេត្តឧប៊ុនរ៉ាត់ថានី បានបញ្ជាឱ្យទាហានថៃ នៅស្រុកណាំយឺន បិទច្រកព្រំដែនកម្ពុជា-ថៃ អានសេះ ២ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី៣០ រហូតមកដល់រសៀលថ្ងៃទី៣១ ខែធ្នូ។ លោកឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់ថា ទាហានថៃ ដែលបិទច្រកព្រំដែនមិនឱ្យចេញចូលជាឯកតោភាគីនេះ ដោយសារតែកងវិស្វកម្មកម្ពុជា បានយកគ្រឿងចក្រទៅជីកដីដើម្បីសម្រួលភូមិសាស្ត្រផ្លូវឱ្យរថយន្តស្រួលចេញចូល និងឱ្យអ្នកទេសចរដែលឆ្លងកាត់មានសុវត្ថិភាពផង ក៏ប៉ុន្តែមិនបានជ្រុលចូលទៅក្នុងព្រំដែនថៃទេ។
មេបញ្ជាការយោធាខ្មែរដដែលបញ្ជាក់ថា លោកបានជួបសម្របសម្រួលជាមួយមេបញ្ជាការយោធាថៃ រួចហើយជុំវិញរឿងនេះ ដោយភាគីថៃ សន្យាថា នឹងបើកច្រកព្រំដែនឡើងវិញ ក៏ប៉ុន្តែរហូតដល់ពេលនេះ ភាគីថៃ នៅតែមិនទាន់បើកនៅឡើយ៖ «យើងមិនបានទៅរំលោភបំពានគាត់ឯណា? គ្រាន់តែធ្វើគាត់មកឃាត់មកអី យើងក៏ផ្អាក ប៉ុន្តែគាត់បិទព្រំដែន។ យើងបានជួបសម្រួលគ្នាក្នុងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ហើយគាត់សន្យាថា នឹងបើកឱ្យវិញ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋទាំងពីរបានទំនាក់ទំនង និងដោះដូរទំនិញជាមួយគ្នា»។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក អះអាងថា ថ្វីត្បិតតែពេលនេះភាគីថៃ បានបិទច្រកព្រំដែនអានសេះ ជាឯកតោភាគីក៏ដោយ ក៏ទំនាក់ទំនងរវាងកងទ័ពទាំងសងខាងនៅមានភាពល្អធម្មតា គឺមានបញ្ហាតែរវាងអាជ្ញាធរខេត្តឧប៊ុន ជាមួយអាជ្ញាធរខេត្តព្រះវិហារ របស់ខ្មែរប៉ុណ្ណោះ។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ បាននិយាយថា ភាគីថៃនិងកម្ពុជា បានបង្កើនកម្លាំងទ័ពរៀងខ្លួននៅជិតតំបន់ដែលកម្ពុជា យកគ្រឿងចក្រទៅជីកដីបម្រុងអភិវឌ្ឍន៍អ្វីមួយនោះ។
អភិបាលខេត្តឧប៊ុនរ៉ាត់ថានី របស់ថៃ លោក សឺម ឆៃណារុង (Serm Chainarong) បានប្រតិកម្មចំពោះបញ្ហានេះ ដោយកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅ លោកបានផ្ញើលិខិតទៅអភិបាលខេត្តព្រះវិហារ របស់ខ្មែរ ដើម្បីតវ៉ាជុំវិញរឿងដែលទាហានខ្មែរយកគ្រឿងចក្រទៅជីកដីនៅតំបន់ព្រំដែនអានសេះនោះ។
លោកអភិបាលខេត្តឧប៊ុន បានចោទប្រកាន់ភាគីកម្ពុជា ថា បានរំលោភបំពានទៅលើកិច្ចព្រមព្រៀងស្ដីពីតំបន់ព្រំដែនដែលមិនទាន់កំណត់ច្បាស់លាស់។ ទោះយ៉ាងណា នាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក សុខ ហៃ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តនៅមិនទាន់ឃើញលិខិតតវ៉ារបស់ភាគីថៃ នេះនៅឡើយទេ។
អាជ្ញាធរខេត្តឧប៊ុនរ៉ាត់ថានី របស់ថៃ ទាមទារឱ្យមន្ត្រីយោធាកម្ពុជា ដែលជួបចរចាគ្នាកាលពីថ្ងៃទី៣០ ខែធ្នូ ត្រូវតែធានាអះអាងក្នុងការផ្អាកការងារសាងសង់នានា នៅតំបន់ព្រំដែនដែលមិនទាន់កំណត់ច្បាស់លាស់ទាំងនោះ៕
No comments:
Post a Comment