A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 December 2014

Battambang MP Mu Sochua request Ministry of Mines to reveal incomes from marble mining តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង​ស្នើ​ក្រសួង​រ៉ែ​បញ្ជាក់​ប្រាក់​ចំណូល​បាន​ពី​អាជីវកម្ម​ថ្ម​កែវ

 Watch a video of precious marble plundered in Battambang by Viet company.
មូរ សុខហួរ ៦២០
អ្នកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ខេត្ត​បាត់ដំបង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ការិយាល័យ​តំណាង​រាស្ត្រ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Hum Chamroeun
អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង អ្នកស្រី មូរ សុខហួរ ប្រតិកម្ម​នឹង​លិខិត​បកស្រាយ​របស់​ក្រសួង​រ៉ែ និង​ថាមពល ដែល​អះអាង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​នៅ​ស្រុក​បាណន់ ទើប​តែ​ចាប់​ផ្ដើម​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ នោះ ថា​ជា​រឿង​មិន​ពិត។
អ្នកស្រី មូរ សុខហួរ ស្នើ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ពាក់ព័ន្ធ បញ្ជាក់​អំពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​នេះ​ឲ្យ​បាន​ច្បាស់ និង​លៃលក​យក​ទៅ​អភិវឌ្ឍ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ។
ប្រតិកម្ម​របស់​អ្នក​តំណាង​រាស្ត្រ​នេះ កើត​ឡើង​បន្ទាប់​ពី​ទទួល​លិខិត​បកស្រាយ​របស់​ក្រសួង​រ៉ែ និង​ថាមពល ហើយ​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​នោះ រក​ឃើញ​ថា ខុស​ពី​ការ​បកស្រាយ​ទាំង​ស្រុង។
អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា ការ​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​ដែល​ជា​ថ្ម​ដ៏​កម្រ​នៅ​លើ​ទឹក​ដី​ខេត្ត​បាត់ដំបង នេះ ធ្វើ​សកម្មភាព​គគ្រឹកគគ្រេង ហើយ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​យ៉ាង​ខ្លាំង​រាប់​ឆ្នាំ​មក​ហើយ។ ចំណែក​ឯ​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​នេះ​ទៀត​សោត ក៏​ពុំ​មាន​តួលេខ​ណា​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ដែរ។ អ្នកស្រី​បន្ត​ថា ការ​បកស្រាយ​របស់​ក្រសួង​រ៉ែ និង​ថាមពល នា​ពេល​ថ្មីៗ​កន្លង​មក​នេះ ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​ទើប​នឹង​ចាប់​ផ្ដើម​ប្រមាណ​ជា ២​ខែ​មក​នោះ ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ៖ «យើង​ខ្ញុំ​ចុះ​ទៅ​សួរ​ប្រជាពលរដ្ឋ គាត់​ថា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ប្រជាពលរដ្ឋ​តែង​តែ​ថ្ងូរ​ស្ទើរ​រៀង​រាល់​ថ្ងៃ អំពី​ផល​ប៉ះពាល់​ពី​ការ​បំបែក​ថ្ម​ភ្នំ​នោះ ហើយ​បាន​ប្រកែក​យ៉ាង​ដាច់​អហង្ការ​ថា មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​នោះ​ឡើយ»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ ធ្នូ។
ទោះ​យ៉ាង​នេះ លិខិត​របស់​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ថ្ងៃ​ទី​២៤ វិច្ឆិកា បង្ហាញ​ថា ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន កំពត អិន.អិល.ស៊ី គ្រុប (Kampot N.L.C Group) ដំណើរ​ការ​ធ្វើ​អាជីវកម្ម​ថ្ម​អារ​នៅ​តំបន់​ភូមិ​អន្លង់ស្វាយ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ត​ទៅ។ នៅ​ក្នុង​លិខិត​ឲ្យ​ដឹង​ទៀត​ថា ការ​អនុញ្ញាត​នេះ​ដោយ​មាន​ការ​ឯកភាព​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ថ្លែង​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​រស់នៅ​ភូមិ​អន្លង់ស្វាយ ឃុំ​តាគ្រាម មាន​មតិ​ថា ការ​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ពួក​គាត់​នេះ ធ្វើ​សកម្មភាព​ប្រមាណ ២​ឆ្នាំ​មក​ហើយ គឺ​ពុំ​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ឡើយ៖ «ពេល​វាយ​បំបែក​ថ្ម​ម្ដងៗ​កម្ទេច​ថ្ម​បាន​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​អ្នក​ភូមិ​ជា​ប្រចាំ ហើយ​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នៅ​តំបន់​នោះ​ទេ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មុន​នឹង​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​នៅ​ឃុំ​តាគ្រាម នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់​ជាង​នេះ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ៖ «ការ​ដែល​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​នេះ មាន​ទាំង​ចំណេញ មាន​ផល​ប៉ះពាល់ ដែល​អាជ្ញាធរ​គួរ​ធ្វើ​ការ​សិក្សា​អំពី​បញ្ហា​នេះ​ឡើង​វិញ ថា​តើ​ចំណូល​ដែល​បាន​មក​ពី​ការ​វិនិយោគ​នោះ​វា​សមស្រប​ឬ​ទេ»
ទោះ​យ៉ាង​នេះ អ្នកស្រី មូរ សុខហួរ គ្រោង​ដាក់​លិខិត​ទៅ​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​សួរ​នាំ​អំពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​ធ្វើ​អាជីវកម្ម​ថ្ម​កែវ​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ស្នើ​ឲ្យ​បែង​ចែក​ថវិកា​មួយ​ចំនួន យក​ទៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ៕

No comments: