Post by Special Reporter.
ស្វាយរៀងៈ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានការចូលរួមពីយុវជនគ្រូបង្រៀន និងព្រះសង្ឃជាង ១០០ នាក់ និងអង្គ បានធ្វើដំណើរចុះទៅព្រំដែនកម្ពុជាវៀតណាម ក្នុង ស្រុករំដួល ខេត្តស្វាយរៀង កាលពីម្សិលមិញដោយអះអាងថា បង្គោលព្រំដែនបានបោះក្នុងទឹកដីកម្ពុជា។
លោក រ៉ុង ឈុន អ្នកតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលដឹកនាំប្រតិភូចុះទៅព្រំដែន កម្ពុជា-វៀតណាម នៅ ស្រុករំដួល ខេត្តស្វាយរៀង បានបញ្ជាក់ថា ពីបង្គោលលេខ ១៤៧ ដល់ ១៤៨ ចន្លោះបង្គោលព្រំដែនចំនួន ១១ បានបោះក្នុងដីស្រែប្រជាពលរដ្ឋកម្ពុជាពី ១០០ ទៅ ៥០០ ម៉ែត្រ។
លោកបញ្ជាក់ថា៖ «ផ្អែកលើអ្វីដែលយើងបានមើលឃើញនៅទីនោះយើងឃើញបង្គោលព្រំដែនចន្លោះបង្គោលលេខ ១៤៧ និង ១៤៨ យើងឃើញបង្គោលតូចៗបោះចូលក្នុង ប្រទេសកម្ពុជា ពី ១០០ ទៅ ៥០០ ម៉ែត្រ។ យើងបានដើរចូលដីយើងអាជ្ញាធរយួនហាមយើងមិនឲ្យដើរ គេថាវាជាដីគេ មិនមែនដីយើងទេ»។
លោកបន្ថែមថា ប្រតិភូរបស់លោកមិនត្រូវបានរាំងស្ទះដោយអាជ្ញាធរមិនឲ្យចូលទៅមើលបង្គោលព្រំដែនដែលបានបោះដោយរដ្ឋាភិបាលកម្ពុជានិងវៀតណាម ដូចលើកមុនឡើយផ្ទុយទៅវិញ អាជ្ញាធរបានអមដំណើរប្រតិភូទៅមើលបង្គោលព្រំដែននៅតំបន់នោះ។ លោកបន្តថា៖ «យើងចង់ឲ្យយុវជនយើងឃើញផ្ទាល់ភ្នែកថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអនុញ្ញាតឲ្យបាត់ដីកម្ពុជាទៅវៀតណាម វាពិត ឬមិនពិត។ យើងនឹងដាក់លិខិតទៅរដ្ឋសភាឲ្យកោះរដ្ឋាភិបាលមកសាកសួរអំពីបញ្ហាព្រំដែន។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានឹងស្នើឲ្យរដ្ឋាភិបាលពិនិត្យ និងបោះបង្គោលព្រំដែនឡើងវិញតាមស្មារតីនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស»។
លោក មាស ខេង ក្រុមប្រឹក្សា ខេត្តស្វាយរៀង ពីគណបក្សសង្គ្រោះជាតិ ដែលអមដំណើរប្រតិភូចុះទៅមើលព្រំដែនបានបញ្ជាក់ថា បង្គោលព្រំដែនពិតជាបោះក្នុងដីស្រែប្រជាពលរដ្ឋកម្ពុជា។ លោកថា៖ «បង្គោលព្រំដែនកម្ពុជាបានដាំក្នុងចំការស្វាយចន្ទីប្រហែល ២០០ ម៉ែត្រ មានផ្នូរជីដូនជីតា និងដើមត្នោតក្នុងចម្ការស្វាយចន្ទី។ កសិករបានត្អួញត្អែរថា ពេលយើងចុះទៅមើលពិតជាមានការទន្ទ្រានមែន។ អាជ្ញាធរគ្មានដំណោះស្រាយទេ»។
លោក ធន សុខនឿន អ្នកភូមិនៅក្នុង ស្រុករំដួល បានថ្លែងថា លោកមានដីជាង ៤ ហិកតាពីជីដូនជីតាយូរមកហើយប៉ុន្តែឥឡូវនេះដីបាត់បង់ទៅខាងវៀតណាម ហើយលោកគ្មានដីធ្វើស្រែចម្ការទេ។ លោកបន្ថែមថា៖ «ដីជាកេររបស់ជីដូនជីតា។
ចម្ការស្វាយចន្ទី មានតាំងពី ឆ្នាំ១៩៨២។ បង្គោលព្រំដែនទើបតែបោះមុនចូលឆ្នាំខ្មែរ ដោយភាគីទាំងសងខាង។ យើងបានត្អួញត្អែរ មនុស្សជិតមួយភូមិប្រឆាំងនឹងការដាំបង្គោល ព្រោះវាជាដីខ្មែរ តែគេថាគេបោះបានត្រឹមត្រូវ»។
លោក ឈម សំអាត អធិការ ស្រុករំដួល ដែលអមដំណើរប្រតិភូចុះទៅមើលបង្គោលព្រំដែន បានបដិសេធមិនធ្វើការអត្ថាធិប្បាយលម្អិតអំពីការចុះទៅមើលព្រំដែននោះទេ ដោយថាតាងនាមឲ្យអាជ្ញាធរលោកបំពេញតួនាទីការពារប្រតិភូ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
No comments:
Post a Comment