A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 31 October 2014

People claim that Vietnamese and Thai fishermen continue to illegally fish in Cambodian waters off Sihanoukville ពលរដ្ឋ​អះអាង​ថា​ជនជាតិ​វៀតណាម​និង​ថៃ​បន្ត​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ

នេសាទ​សមុទ្រ​ខុស​ច្បាប់ ៦២០-១
សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo/Provided
ប្រជា​នេសាទ និង​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ការ​ការពារ​ធនធាន​មច្ឆជាតិ បាន​អះអាង​ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​នៅ​ពេល​យប់​របស់​អ្នក​នេសាទ​វៀតណាម និង​ថៃ រាប់​រយ​គ្រឿង បាន​បន្ត​ធ្វើ​សកម្មភាព ឬ​ចូល​ចាប់​មច្ឆា​សមុទ្រ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​មិន​ឃើញ​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណា​មួយ ចេញ​មុខ​ទប់ស្កាត់​ទេ។
ករណី​នេះ មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា ក៏​បាន​ឆ្លើយ​ដោះសា​ថា មិន​បាន​ដឹង​អំពី​បទល្មើស​នេសាទ​សមុទ្រ​បង្ក​ដោយ​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ចូល​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​ប្រជា​នេសាទ​ខេត្ត​ព្រះសីហនុ អះអាង​នេះ​ទេ។
ប្រជា​នេសាទ​មួយ​ចំនួន​រស់នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ចោទ​សមត្ថកិច្ច​ក្នុង​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ថា​ជា​អ្នក​បង្កើត​ឲ្យ​មាន​បទល្មើស​នេសាទ ឬ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បទល្មើស​សមុទ្រ​ដោយ​ប្រើ​ឧបករណ៍​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ រាប់​រយ​គ្រឿង ចូល​ធ្វើ​សកម្មភាព​ជា​រៀង​រាល់​យប់​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ។
អ្នក​នេសាទ​សមុទ្រ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ដែល​ច្បាប់​កម្ពុជា ហាម​ឃាត់​នេះ បាន​ធ្វើ​សកម្មភាព​នៅ​ម្តុំ​កោះតាង ឬ​កោះ​ឫស្សី ជាដើម ហើយ​ពេល​ថ្ងៃ ទូក​នេសាទ​ល្មើស​មាន​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​ទាំង​នោះ បាន​ចូល​ចត​នៅ​ជុំវិញ​កោះតាង គឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កោះ​រ៉ុង​នោះ​ទេ។
ក្រុម​អ្នក​នេសាទ បាន​ចោទ​សមត្ថកិច្ច​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ថា​ជា​អ្នក​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់ ជា​ថ្នូរ​ទទួល​បាន​លាភ​សក្ការៈ ឬ​សំណូក​លុយ​កាក់​ពី​ឈ្មួញ ទើប​បទល្មើស​នេសាទ​អាច​ធ្វើ​សកម្មភាព​គ្មាន​ការ​បង្ក្រាប។ ប្រជា​នេសាទ​បន្ត​ថា បទល្មើស​នេសាទ​ដោយ​ប្រើ​ទូក​អូស​គូ ពិសេស​ទូក​ភ្លើង​របស់​វៀតណាម និង​ថៃ ចូល​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ស្ទើរ​ក្លាយ​ជា​ទីក្រុង​បណ្ដែត​ទឹក​ដ៏​ប្រណិត​មួយ​ក្នុង​ពេល​រាត្រី ហើយ​ថា បទល្មើស​នេះ សមត្ថកិច្ច​ជំនាញ​មិន​អាច​ឆ្លើយ​ដោះសា​ថា​មិន​បាន​ដឹង​រឿង​នេះ​ទេ ព្រោះ​បទល្មើស​នេះ បាន​ធ្វើ​សកម្មភាព​មិន​ឆ្ងាយ​ពី​កោះ​រ៉ុង និង​កោះ​ឫស្សី​នោះ​ឡើយ៖ «តាម​ការ​ពិនិត្យ​ផ្ទាល់​យើង​ឃើញ​ថា បទល្មើស​នេះ​ហាក់​មិន​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​សោះ ហើយ​បណ្តោយ​ឲ្យ​ចូល​នេសាទ​អនាធិបតេយ្យ។ ចំពោះ​ទូក​អូស​គូ ក៏ដូចជា​ទូក​ភ្លើង​របស់​វៀតណាម នៅ​ក្នុង​ទឹក​ដី​សមុទ្រ​ខ្មែរ​យើង​ហ្នឹង។ ចេញ​ពី​កោះ​ឫស្សី​យើង​ទៅ​ប្រហែល​ជា​ជាង ១០​ម៉ៃយ៍​ដល់​ហើយ។ រាជ​រដ្ឋាភិបាល​ជួយ​បង្ក្រាប​បទល្មើស​នេះ​ទើប​បាន»
ទាក់ទិន​បញ្ហា​នេះ លោក​នាយ​ឧត្ដមនាវី ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា បាន​ឆ្លើយ​បដិសេធ​ថា មិន​បាន​ដឹង​រឿង​បទល្មើស​នេសាទ​សមុទ្រ​ដោយ​ប្រើ​ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​របស់​អ្នក​នេសាទ​វៀតណាម និង​ថៃ ចូល​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ នេះ​ទេ។ ជាង​នេះ លោក​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ថា សកម្មភាព​ទូក​ល្មើស​ទាំង​នោះ ទំនង​ជា​គេ​ធ្វើ​សកម្មភាព​នៅ​ជាប់​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា និង​មិន​បាន​ចូល​មក​ក្នុង​ដែន​សមុទ្រ​កម្ពុជា ទេ។ បន្ថែម​លើ​នេះ លោក​ថា បទល្មើស​នេះ​ជា​រឿង​តូចតាច៖ «ខ្ញុំ​អត់​មាន​ទេ គឺ​ការងារ​ហ្នឹង​ខ្ញុំ​មិន​ដឹង​ដែរ។ រវាង​ព្រំដែន​វៀតណាម ទៅ​ព្រំប្រទល់​ហ្នឹង គឺ​អាច​មាន ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ។ គេ​ហៅ​ថា​តំបន់​ប្រទង់ប្រទាញ​គ្នា​ហ្នឹង គឺ​គេ​អាច​មក​រក​ស៊ី​បាន ហើយ​យើង​ក៏​អាច​អនុញ្ញាត​ខ្លះ គឺ​មិន​ធំ​ដុំ​ទេៗ​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ។ គេ​ក៏​មក​រក​ប្រទេស​យើង យើង​ក៏​ទៅ​រក​ប្រទេស​គេ​វិញ​ដែរ គឺ​តំបន់​ត្រួត​ស៊ី​គ្នា ឬ​តំបន់​ប្រវត្តិសាស្ត្រ​កម្ពុជា​វៀតណាម យើង​ទេ គឺ​ភាគ​ច្រើន​នៅ​ម្តុំ​ហ្នឹង»
យ៉ាង​នេះ​ក្តី ប្រជា​នេសាទ​សមុទ្រ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក​ឧត្ដមនាវី ទៀ វិញ ថា​និយាយ​ឲ្យ​តែ​រួច​ពី​មាត់ និង​គេច​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​នេសាទ ដោយ​ប្រើ​ទូក​អូស​គូ និង​ទូក​ភ្លើង​របស់​ជនជាតិ​វៀតណាម និង​ថៃ ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ។ ប្រជា​នេសាទ​ថ្លែង​ថា ព្រំ​ដែន​ទឹក​រវាង​កម្ពុជា វៀតណាម និង​ថៃ មិន​មែន​នៅ​ក្បែរ​កោះ​រ៉ុង និង​កោះ​ឫស្សី​ទេ។ ដូច្នេះ សមត្ថកិច្ច​ជំនាញ​គួរ​ហ៊ាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​បទល្មើស​នេសាទ ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ និង​ឈាន​ដល់​មាន​វិធានការ​បង្ក្រាប ជា​ជាង​ប្រកែក​ដោះសា​ឲ្យ​រួច​ពី​មាត់៖ «នៅ​ខាង​កោះតាង ពីរ​ទៅ​បី​ម៉ៃយ៍​ហ្នឹង​មាន​ឃើញ​ទូក​ល្មើស​ហ្នឹង​ហើយ។ កោះតាង​កោះ​ពីរ​ហ្នឹង ទូក​ភ្លើង​ច្រើន​ណាស់​រាប់​មិន​អស់​ទេ គឺ​នៅ​ពេល​យប់​វា​ចេញ​មក​ភ្លឺ​ពេញ​សមុទ្រ ទូក​ខាង​វៀតណាម គឺ​ទូក​ភ្លើង​ហ្នឹង​ច្រើន​ណាស់​រាប់​មិន​អស់​ទេ។ ទូក​អូស​គូ និង​ទូក​ភ្លើង​ពី ២០០ ទៅ ៣០០​គ្រឿង បាន​ធ្វើ​សកម្មភាព។ មក​ដល់​កោះ​ឫស្សី​ហ្នឹង​ឃើញ​ហើយ គឺ​ភ្លើង​ពេញ​ណា​ពេញ​ណី»

បញ្ហា​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​តុលា ថា ទូក​អូស​គូ និង​ទូក​ភ្លើង​ធំៗ​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ពិត​ជា​បាន​បន្ត​ចូល​មក​នេសាទ​អនាធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ នា​ពេល​យប់ ហើយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់​ពិត​មែន។ លោក​សង្ស័យ​ថា បទល្មើស​នេសាទ​អាច​ធ្វើ​សកម្មភាព​ទៅ​បាន ទំនង​ជា​អាច​មាន​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ណា​មួយ​ជា​អ្នក​នៅ​ពី​ក្រោយ ឬ​កាង​ការពារ​ឲ្យ​ឈ្នួ​ញ​នេសាទ​ល្មើស ទើប​ទូក​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ទាំង​នោះ អាច​ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប។
លោក សុខ សុខុម៖ «ពេល​ថ្ងៃ​ទូក​ល្មើស​ហ្នឹង​មិន​ធ្វើ​សកម្មភាព​អី​ទេ គឺ​នៅ​ចត​អែប​នៅ​កៀនៗ​កោះតាង​ហ្នឹង​តែ​ម្តង។ ហើយ​ចំណែក​ពេល​យប់ បាន​វា​ចេញ​ធ្វើ​សកម្មភាព ដោយ​បើក​ភ្លើង​ហ្វារ​គ្រប់​ទូក​នីមួយៗ​នៅ​លើ​ផ្ទៃ​សមុទ្រ​ហ្នឹង​ទៅ។ ចឹង​ធ្វើ​ឲ្យ​ត្រី​ហ្នឹង​វា​មក​រោម​ព័ទ្ធ​ជុំវិញ​ភ្លើង​ហ្នឹង។ ពេល​ហ្នឹង​ត្រី​ធំៗ​ក៏​មក ត្រី​តូចៗ​ក៏​មក​រោម​ភ្លើង​ហ្នឹង ទើប​គេ​ព័ទ្ធ​សំណាញ់​យក​ត្រី​ទាំង​នោះ គឺ​បាន​ផល​រាប់​តោនៗ។ បទល្មើស​នៅ​លើ​ផ្ទៃ​សមុទ្រ​ហ្នឹង​មាន​ដូចជា ទូក​អូស​គូ និង​ទូក​ភ្លើង ហើយ​មាន​ល្បឿន​លឿន ប៉ុន្តែ​យើង​មើល​ទៅ​សមត្ថកិច្ច ហាក់​បី​ដូចជា​មិន​មាន​វិធានការ​បង្ក្រាប​ទៅ​លើ​ករណី​នេះ​ទេ។ ពេល​ថ្ងៃ​វា​ចត​នៅ​លើ​កោះតាង ពេល​យប់​បាន​ទូក​ទាំង​ហ្នឹង​ចេញ​ធ្វើ​សកម្មភាព​រាយ​រហូត​មក​ដល់​អែប​កោះ​រ៉ុង និង​ម្តុំ​ភូមិសាស្ត្រ​ក្បែរៗ​នោះ»
លោក សុខ សុខុម ធ្លាប់​នាំ​យក​ឯកសារ និង​ភស្តុតាង​ផ្តល់​ជូន​ជំនាញ​ស្ថាប័ន​ជលផល​ដល់​រាជធានី​ភ្នំពេញ កាល​ពី​ដើម​ខែ​តុលា ជុំវិញ​បទល្មើស​នេសាទ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ហើយ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​ពី​មន្ត្រី​ជំនាញ​ជលផល។ ជា​ថ្មី​ម្តង​ទៀត លោក​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត​ដោយ​ផ្ទាល់ និង​វែក​មុខ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ឃុបឃិត​បង្កើត​ឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ យក​ទៅ​ផ្ដន្ទាទោស ព្រោះ​បើ​មិន​ដូច្នេះ​ទេ មច្ឆជាតិ ឬ​ធនធាន​សមុទ្រ​មាន​ត្រី និង​ផ្កា​ថ្ម​ជាដើម នឹង​ត្រូវ​វិនាស​ហិនហោច​ដោយសារ​បទល្មើស​នេសាទ​ប្រើ​ទូក​ភ្លើង និង​ទូក​អូស​គូ​ធំៗ​របស់​ជនជាតិ​វៀតណាម និង​ថៃ ជាក់​ជា​មិន​ខាន។
បញ្ហា​នេះ​ដែរ លោក ពុំ ស៊ីថា ប្រធាន​អធិការដ្ឋាន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​សមុទ្រ មាន​ស្នាក់​ការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​គេចវេស​មិន​ឆ្លើយ​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ជុំវិញ​បទល្មើស​នេសាទ​សមុទ្រ ដែល​អ្នក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ចូល​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​ក្នុង​ដែន​ខេត្ត​ព្រះសីហនុ ទេ៕

No comments: