
(ពីឆ្វេង) សមាជិកក្រុមប្រឹក្សាក្រុមហ៊ុនក្លែងក្លាយឈ្មោះ អាក្រា (Akra) លោក សាន រីច្ឆឺ (Richer San) អ្នកចាត់ការទូទៅធនាគារ អង្គរខាប់ភីថល (Angkor Capital Bank) លោក ហឺវ ឡាខន (Herve Lacorne) និងមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថតរូបនៅភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣។ Richer San, Herve, Lacorne , general manager of Angkor Capital, and Phay Siphan, government spokesman.
Photo Courtesy of Cambodian American Chamber of Commerce
សាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ តុលា សម្រេចតម្កល់ដីកាសាលាដំបូងរាជធានីភ្នំពេញឲ្យ លោក សាន រីច្ឆឺ (San Richer) បន្តជាប់ពន្ធនាគារ រង់ចាំបើកសវនាការករណីឆបោកទឹកប្រាក់មួយលានដុល្លារ។
លោកស្រី អេង លីគង់ ដើមបណ្ដឹង និងជាជនរងគ្រោះនៃអំពើឆបោកទឹកប្រាក់ ១លានដុល្លារ ឲ្យចូលភាគហ៊ុននឹងក្រុមហ៊ុនក្លែងក្លាយមួយឈ្មោះ អាក្រា (AKRA) បញ្ជាក់ថា លោកស្រីស្វាគមន៍សាលដីកាសាលាឧទ្ធរណ៍។ លោកស្រីបន្ថែមទៀតថា នេះជាជំហានមួយដែលអាចអនុញ្ញាតឲ្យលោកស្រីស្វែងរកយុត្តិធម៌ក្នុងករណីឆបោកនេះ។
លោកស្រី អេង លីគង់៖ «ខ្ញុំគិតថា សាលាដំបូង និងសាលាឧទ្ធរណ៍ ផ្តល់យុត្តិធម៌ដល់ខ្ញុំពិតប្រាកដមែន។ ការបារម្ភរបស់ខ្ញុំ ដោយសារគាត់មានសញ្ជាតិពីរ ប្រសិនបើដោះលែងគាត់រត់ទៅអាមេរិក នឹងពិបាកទទួលបានយុត្តិធម៌ ពីព្រោះខ្ញុំចោទប្រកាន់នោះមាន ៤នាក់ មនុស្សបីនាក់នៅអាមេរិក ស្រាប់មានតែម្នាក់ទេ ដែលតុលាការដំបូងគាត់ឃាត់បាន បើលែងម្នាក់គាត់រត់បាត់ទៅ អ្វីដែលកន្លងគ្មានប្រយោជន៍អ្វីសម្រាប់ខ្ញុំ»។
លោក សាន រីច្ឆឺ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែកញ្ញា គឺពីរខែក្រោយពេលចៅក្រមសាលាដំបូងរាជធានី ស្នើឲ្យសមត្ថកិច្ចឃាត់ខ្លួនលោកកាលពីខែកក្កដា ឆ្នាំ២០១៤។
កាលពីឆ្នាំ២០១២ លោកស្រី អេង លីគង់ ដែលជាម្ចាស់មន្ទីរព្យាបាលធ្មេញ ម៉ាស្ទើឃែរ (Master Care Dental) នៅរាជធានីភ្នំពេញ បានប្ដឹង លោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ ជាខ្មែរអាមេរិកាំង និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ព្រមទាំងជនជាតិអាមេរិកាំងពីរនាក់ផ្សេងទៀត ពីបទឆបោកទឹកប្រាក់មួយលានដុល្លារ ដោយបានបញ្ឆោតលោកស្រីឲ្យបង់ប្រាក់១លានដុល្លារបង្កើតក្រុមហ៊ុន ប៉ុន្តែក្រោយពេលលោកស្រីបង់លុយតាមរយៈ លោក សាន រីច្ឆឺ រួចហើយ អ្នកទាំងបួនបដិសេធមិនសងប្រាក់លោកស្រីវិញ។
លោកស្រី អេង លីគង់ បញ្ជាក់បន្ថែមទៀតថា សាលាឧទ្ធរណ៍ពិតជាបានផ្តល់យុត្តិធម៌ឲ្យលោកស្រីមែន ពីព្រោះករណី លោក សាន រីច្ឆឺ ជាប់ពន្ធនាគារនេះ ត្រូវបានមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាគូកន លោក សាន រីច្ឆឺ គឺលោក ផៃ ស៊ីផាន ជួយរត់ការជ្រោមជ្រែង ដើម្បីសម្រួលដោះលែង លោក សាន រីច្ឆឺ។
លោក ផៃ ស៊ីផាន ធ្លាប់អះអាងថា លោក សាន រីច្ឆឺ ជាមិត្តនឹងលោក ប៉ុន្តែបដិសេធថា លោកមិនបានលូកដៃចូលកិច្ចការតុលាការឡើយ៕
No comments:
Post a Comment