ពលករអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ចំនួន ៤នាក់ ប៉ុនប៉ងសុំធ្វើសៀវភៅគ្រួសារ និងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរនៅខេត្តរតនគិរី។ ចំណែកមន្ត្រីមូលដ្ឋានឃុំ ព្យាយាមបិទបាំងព័ត៌មាននេះ គ្រាដែលមន្ត្រីនគរបាលឃុំបានបដិសេធសំណើសុំរបស់ជនអន្តោប្រវេសន៍ទាំង ៤នាក់នោះ។
មេឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី លោក ឈឹម សុឃីម នៅថ្ងៃទី១៨ ខែតុលា បដិសេធថាមិនមានពលករអន្តោប្រវេសន៍វៀតណាម ណាម្នាក់មកសុំចុះបញ្ជីស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅឃុំស្រែអង្ក្រង រាយការណ៍កាលពីថ្ងៃទី១១ ខែតុលា ថាមានពលរដ្ឋវៀតណាម ៤នាក់ ដឹកនាំដោយមេការក្រុមហ៊ុន ហ័ង អាញ់ លំផាត់ (Horng Ann Lumphat) នៅការដ្ឋានទី១ មានទីតាំងជាប់នឹងឃុំស្រែអង្ក្រង បានចូលទៅសាលាឃុំ ហើយស្នើសុំចុះបញ្ជីស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរ។
លោក ឈឹម សុឃីម អះអាងថា ជនជាតិវៀតណាម ទាំងនោះមកស្នើសុំបើកអាជីវកម្មខារ៉ាអូខេ និងសាងសង់ផ្ទះ។ ដូច្នេះ សេចក្តីរាយការណ៍របស់ពលរដ្ឋនោះជាការមិនពិត។ លោកទាមទារឲ្យបង្ហាញឈ្មោះប្រជាពលរដ្ឋអ្នករាយការណ៍ បន្ទាប់មកលោកបិទទូរស័ព្ទមិនឆ្លើយនឹងសំណួរវិទ្យុអាស៊ីសេរី បន្តទៀត៖ «អត់ទេច្រឡំបាត់ហើយ គេសុំបើកខារ៉ាអូខេទេ។ ទេ បុគ្គលណាថាហ្នឹង យកឈ្មោះមកឲ្យខ្ញុំមើល។ គាត់មកពីរនាក់មែន ហើយគាត់មកសុំសាងសង់ផ្ទះទេ»។
ផ្ទុយពីការបដិសេធនេះ ស្មៀនឃុំស្រែអង្ក្រង លោក ពុជ ជិន បញ្ជាក់ថា ពិតជាមានពលរដ្ឋសញ្ជាតិវៀតណាម មកសុំចុះបញ្ជីស្នាក់នៅមែន ក៏ប៉ុន្តែអាជ្ញាធរស្រុក បានផ្តល់យោបល់ គឺមិនអនុញ្ញាតឲ្យជនជាតិវៀតណាម ទាំងនោះចុះបញ្ជីស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណបានឡើយ៖ «គាត់មករស់នៅក្នុងក្រុមហ៊ុនណា ប៉ុន្តែសួរទៅខាងចៅហ្វាយស្រុកហើយ មេឃុំគាត់សួរ បើគាត់វៀតណាម គាត់មិនអាចចុះឈ្មោះបានទេ»។
កាលពីសប្ដាហ៍មុននេះ ក្រុមសមត្ថកិច្ចប៉ូលិសខេត្តរតនគិរី បានធ្វើយុទ្ធនាការត្រួតពិនិត្យពលករអន្តោប្រវេសន៍នៅការដ្ឋានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ ដើម្បីស្វែងរកពលករបរទេសខុសច្បាប់។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានជនជាតិវៀតណាម និងខ្មែរក្រោមជាង ៦០នាក់ ត្រូវបានបញ្ជូនពីប្រទេសវៀតណាម មកធ្វើការនៅក្រុមហ៊ុននេះខុសច្បាប់ ក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។
ទាក់ទិនករណីនេះដែរ អធិការប៉ូលិសស្រុកកូនមុំ លោក ភោគ បូរិទ្ធ មានប្រសាសន៍បញ្ជាក់ថា មន្ត្រីប៉ូលិសប៉ុស្តិ៍ បានរាយការណ៍ពីករណីពលករវៀតណាម ចំនួន ៤នាក់រស់នៅក្រុមហ៊ុន ហ័ង អាញ់ លំផាត់ បានមកសុំធ្វើសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរមែន ក៏ប៉ុន្តែត្រូវបានបដិសេធ។ លោកកត់សម្គាល់ថា កន្លងទៅមានជនជាតិវៀតណាម ខ្លះ កាន់លិខិតឆ្លងដែនជាអ្នកទេសចរ ប៉ុន្តែពួកគេឆ្លៀតឱកាសធ្វើការរយៈពេលខ្លីតាមបណ្ដាក្រុមហ៊ុនសម្បទានវៀតណាម។ បច្ចុប្បន្ន ក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍ខេត្ត និងមន្ត្រីអន្តរក្រសួង កំពុងបើកយុទ្ធនាការត្រួតពិនិត្យបញ្ហានេះហើយ៖ «សុំមែន ៤នាក់ ឲ្យយើងធ្វើលិខិតស្នាក់នៅ។ ខ្ញុំថាមិនអាចបានទេ ហើយបើសុំធ្វើអត្តសញ្ញាណប័ណ្ណ ទាល់តែអ្នកឯងមានបែបបទបង់ថវិកាជូនជាតិ មានឡាយព្រះហស្ដលេខាព្រះមហាក្សត្រហ្នឹង បានចូលជាសញ្ជាតិបាន»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកការបិទបាំងព័ត៌មានស្ដីពីអន្តោប្រវេសន៍ពលករខុសច្បាប់ដោយមន្ត្រីឃុំ ថាជាចេតនាលាក់បំពួនពលករបរទេសខុសច្បាប់។ លោកអំពាវនាវឲ្យសមត្ថកិច្ចពាក់ព័ន្ធ ស៊ើបអង្កេតករណីនេះ៖ «យើងឃើញហើយសមត្ថកិច្ចកំពុងតាមដានត្រួតពិនិត្យទៅលើរឿងហ្នឹង បើសិនមេឃុំមានការឃុបឃិតបិទបាំងព័ត៌មានពីសមត្ថកិច្ចទៀត មេឃុំត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៅថ្ងៃក្រោយ នៅពេលសមត្ថកិច្ចរកឃើញថាមានការឃុបឃិត»។
របាយការណ៍ត្រួតពិនិត្យរបស់មន្ត្រីប៉ូលិសខេត្តរតនគិរី នៅការដ្ឋានទាំងបួនរបស់ក្រុមហ៊ុន ហ័ង អាញ់ លំផាត់ កាលពីសប្ដាហ៍មុនរកឃើញពលករអន្តោប្រវេសន៍វៀតណាម ចំនួន ២២នាក់ គឺជាពលករអន្តោប្រវេសន៍មានលិខិតស្នាមត្រឹមត្រូវ។ ក៏ប៉ុន្តែ មន្ត្រីប៉ូលិសទទួលស្គាល់ដែរថា មានព័ត៌មានពីពលករខ្មែរធ្វើការនៅទីនោះស្ដីពីការរត់លាក់ខ្លួនរបស់ពលករបរទេសខុសច្បាប់ ពេលប៉ូលិសចូលទៅដល់ក្រុមហ៊ុន ក៏ប៉ុន្តែប៉ូលិសមិនមានលទ្ធភាពស្វែងរកពួកគេឃើញ៕
1 comment:
vietnam is slowly sinking under the ocean... that is probably why its gov is encouraging its people to migrate illegally to cambodia with the blessing of one eye cyclops.
[The tide in Ho Chi Minh City reached its peak of 1.7 meters on Friday night, submerging many streets in the country’s largest metropolis....Last April, HCMC mayor Le Hoang Quan warned about worsening flooding in the city due to the impacts of climate change, saying the city can only mitigate damages.“The Mekong Delta will suffer the most when up to 30 percent of the area is affected by rising sea levels in 2050. Ho Chi Minh City is no exception and nearly 700 square kilometers (270 square miles) will be affected," said Quan.]http://www.thanhniennews.com/society/recordhigh-tide-turns-parts-of-ho-chi-minh-city-into-river-32398.html
it is not just climate change but land subsidence and of course the melting of artic ice where the north magnetic pole is rapidly moving toward siberia [ probably that is where the new north pole will be in the future]
you can read this if interested in this subject
http://thewatchers.adorraeli.com/2014/06/19/earth-s-magnetic-field-showing-signs-of-significant-weakening/
http://thewatchers.adorraeli.com/2014/10/15/earths-magnetic-field-can-flip-in-less-than-100-years-study/
a video
http://www.youtube.com/watch?v=Dn357zRnKxs&list=UUTiL1q9YbrVam5nP2xzFTWQ&index=1
Post a Comment