Hun Sen's "divide and conquer" strategy has worked.
ព្រះសង្ឃនៃបណ្ដាញព្រះសង្ឃឯករាជ្យ និងព្រះសង្ឃខ្មែរក្រោមចំនួន ២អង្គ នៅវត្តស្ទឹងមានជ័យ ចោទប្រកាន់ព្រះចៅអធិការ និងគ្រូសូត្រស្តាំវត្តនេះថា បានព្រមានបណ្ដេញព្រះអង្គចេញពីវត្ត ប្រសិនបើព្រះអង្គនៅតែអនុញ្ញាតឲ្យពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីមកពីខេត្តបន្ទាយមានជ័យ បន្តចូលស្នាក់នៅកន្លែងរបស់ព្រះអង្គ។
ចំណែកគណៈគ្រប់គ្រងសង្ឃវត្តស្ទឹងមានជ័យ វិញឆ្លើយតបថា មិនមានការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែស្នើមិនឲ្យនាំយកប្រជាពលរដ្ឋចូលបន្ថែមទៀតប៉ុណ្ណោះ ព្រោះអាចធ្វើឲ្យមានភាពរញ៉េរញ៉ៃក្នុងវត្តនៅពេលដាក់បិណ្ឌ។
ព្រះសង្ឃវត្តស្ទឹងមានជ័យ ដែលជាសមាជិកនៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ យិន រតនសុធាវី និងព្រះសង្ឃខ្មែរក្រោម ២អង្គផ្សេងទៀត គឺព្រះតេជព្រះគុណ លី ច័ន្ទនេន និងព្រះតេជព្រះគុណ សឺន ហាយ ត្រូវបានមន្ត្រីគ្រប់គ្រងសង្ឃវត្តស្ទឹងមានជ័យ និមន្តចូលជួបកាលពីយប់ថ្ងៃទី១០ កញ្ញា ដើម្បីសួរនាំពីការផ្តល់ទីកន្លែងឲ្យប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្នាក់នៅ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ព្រះសង្ឃ និងពលរដ្ឋប្រមាណជិត ១០០នាក់ ក្នុងវត្តស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរផ្សេងទៀត កំពុងយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃដាក់បិណ្ឌវេនទី៣នោះ ព្រះតេជព្រះគុណ យិន រតនសុធាវី មានថេរដីកាថា ព្រះអង្គត្រូវបានព្រះចៅអធិការវត្តស្ទឹងមានជ័យ និងព្រះគ្រូសូត្រស្តាំ ព្រមានបណ្ដេញចេញពីវត្ត ប្រសិនបើព្រះអង្គនៅតែបន្តអនុញ្ញាតឲ្យពលរដ្ឋមានបញ្ហាដីធ្លី បន្តចូលស្នាក់នៅកន្លែងព្រះអង្គ។ ព្រះតេជព្រះគុណ យិន រតនសុធាវី ដែលបានហៅចៅអធិការវត្តស្ទឹងមានជ័យ ថាជាចៅអធិករណ៍ ឬអ្នកបង្កជម្លោះនោះ មានថេរដីកាបន្តថា គណៈគ្រប់គ្រងសង្ឃវត្តស្ទឹងមានជ័យ ប្រកាន់បក្ខពួក ហើយមិនយកចិត្តទុកដាក់ចំពោះពលរដ្ឋក្រីក្រ។ ព្រះអង្គមានថេរដីកាថា ព្រះអង្គនឹងនៅតែបន្តទទួលពលរដ្ឋក្រីក្រ ដរាបណាពលរដ្ឋត្រូវការព្រះអង្គជួយ ហើយថា ព្រះអង្គជាអ្នកទទួលខុសត្រូវ ប្រសិនបើគេយល់ថាសកម្មភាពជួយពលរដ្ឋក្រីក្ររបស់ព្រះអង្គ ខុសវិន័យព្រះពុទ្ធសាសនា ឬក៏ខុសច្បាប់នោះ។
ព្រះតេជព្រះគុណ យិន រតនសុធាវី៖ «បើមេកុដិមួយៗសុទ្ធតែលក់ក្បាលឲ្យគេ ធាត់ដូចជ្រូក យកអង្ករទៅជួយឯណា បក្សផ្សេងទៅ យកអង្ករចែកគ្នា អាត្មាមិនចង់និយាយទេ ប៉ុន្តែល្ងាចមិញគេគំរាមអាត្មានៅកុដិចៅអធិការ ថៃ ប៊ុនធឿន គំរាមកំហែងដល់អាត្មា ប្រសិនបើព្រះអង្គ លី ច័ន្ទនេន ព្រះអង្គ យិន រតនសុធាវី និងព្រះអង្គ សឺន ហាយ ទាំង៣អ្នកធានាពុទ្ធបរិស័ទ ៣៣០គ្រួសារ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកស្នាក់នៅវត្តស្ទឹងមានជ័យ ត្រូវតែដេញអាត្មាចេញពីវត្តឆាប់ៗ»។
ពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ភាគច្រើនជាអតីតទាហានខ្មែរក្រហម និងយោធិនពិការប្រមាណ ៧០គ្រួសារ កំពុងស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ បណ្ដោះអាសន្ន ដើម្បីស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេ។ បើតាមតំណាងប្រជាពលរដ្ឋ ពលរដ្ឋប្រមាណជាង ១០០គ្រួសារបន្ថែមទៀត នឹងឡើងមកភ្នំពេញជាបន្តបន្ទាប់នៅយប់ថ្ងៃទី១១ កញ្ញា ហើយនឹងមកស្នាក់នៅក្នុងវត្តស្ទឹងមានជ័យ នេះ។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ ព្រះគ្រូសូត្រស្តាំវត្តស្ទឹងមានជ័យ ព្រះតេជព្រះគុណ យឹម ឯកវុត្ថា មានថេរដីកាថា ព្រះអង្គមិនបានគំរាមដេញព្រះសង្ឃទាំង ៣អង្គនោះឡើយ គឺគ្រាន់តែនិមន្តមកសួរបញ្ជាក់ប៉ុណ្ណោះ។ ព្រះតេជព្រះគុណ យឹម ឯកវុត្ថា មានថេរដីកាបន្តថា ពេលនាំពលរដ្ឋចូលមកស្នាក់នៅក្នុងវត្ត ព្រះតេជព្រះគុណ យិន រតនសុធាវី មិនបានទូលថ្វាយព្រះចៅអធិការឲ្យដឹងជាមុនទេ ដែលនេះវាផ្ទុយទៅនឹងច្បាប់ និងវិន័យក្នុងវត្ត។ ព្រះគ្រូសូត្រស្តាំអង្គនេះ ថែមទាំងចោទព្រះតេជព្រះគុណ យិន រតនសុធាវី ថាកំពុងធ្វើសកម្មភាពដើម្បីតែផលប្រយោជន៍ និងលាភសក្ការៈផ្ទាល់ខ្លួនទៀតផង។
ព្រះតេជព្រះគុណ យឹម ឯកវុត្ថា៖ «សកម្មភាពដែលលោកធ្វើនេះ វាជាលក្ខណៈមួយខុសច្បាប់ ត្រង់ថាលោកអត់បានសុំអាត្មាធ្វើទេ អ៊ីចឹងអាត្មាបានហៅលោកមកបញ្ជាក់ពីបញ្ហានេះឡើងវិញ។ ទី១ កុំធ្វើនយោបាយនៅក្នុងវត្តអាត្មា។ បញ្ហាទី២ ប្រជាពលរដ្ឋដែលបានមកហើយហ្នឹង ធ្វើម៉េចសុំប៉ុណ្ណឹងសិន កុំយកមកថ្មីទៀត ព្រោះថាប្រុងយកពីរបីរយមកទៀត។ អ៊ីចឹងអាត្មាថាផ្អាកប៉ុណ្ណឹងសិន ហើយកុំធ្វើសកម្មភាពអី លោកក៏បានព័ត៌មានហ្នឹង យល់ព្រមជាមួយអាត្មាអីអស់ហើយ អ៊ីចឹងទៅពេលលោកទៅជួបអ្នកកាសែតខាងក្រោយ លោកបកស្រាយថា សុទ្ធតែអាត្មាដេញលោកស្អីៗ អ៊ីចឹងបើលោកល្មើសនឹងការដែលអាត្មាមានសង្ឃដីកាពីខាងដំបូង ថាលោកដេញអាត្មាប្រាកដជាដេញមែន ប្រសិនបើលោកប្រដៅមិនស្តាប់»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលបានចុះមើលសកម្មភាពព្រះសង្ឃដែរនោះ កត់សម្គាល់ថា ការជួយមនុស្សក្នុងពេលមានទុក្ខលំបាក គឺជារឿងត្រឹមត្រូវ សមហេតុសមផលក្នុងធម៌វិន័យព្រះពុទ្ធសាសនា ហើយគេមិនគួរដាក់ទោសទណ្ឌចំពោះមនុស្សដែលទៅជួយសង្គ្រោះអ្នកដទៃ ដែលកំពុងមានទុក្ខនោះឡើយ៖ «នេះគឺព្រះសង្ឃអាចជួយបាន រឿងអីទៅហាមឃាត់ រឿងអីទៅដាក់ទណ្ឌកម្ម អត់មានទេ ហើយមិនបាច់អីទេ គឺភាពសមហេតុផល មិនបាច់និយាយធម៌អីទេ ដូចសព្វថ្ងៃ អ្នកសុំទានចឹងទៅដាក់ទណ្ឌកម្មគេ អ្នកឲ្យទានម៉េច បើគេសប្បុរសធម៌ ហើយបើក្នុងវត្តទៅទៀត ព្រះសង្ឃទៅទៀត អាហ្នឹង គឺធម៌ព្រះច្បាស់លាស់ទៅទៀតទៅ»។
មួយរយៈពេលចុងក្រោយនេះ ពលរដ្ឋដែលមានជម្លោះដីធ្លីនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានមកសុំស្នាក់អាស្រ័យនៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញ ពិសេសគឺវត្តសាមគ្គីរង្សី ដែលមានព្រះសង្ឃភាគច្រើនមកពីកម្ពុជាក្រោមគង់នៅ។ ពួកគេត្រូវបានព្រះសង្ឃ គណបក្សប្រឆាំង និងប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស ជួយឧបត្ថម្ភប្រាក់កាស អង្ករ ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីស្នាក់នៅធ្វើការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហាឲ្យពួកគេ។ ចំណែកពលរដ្ឋមួយចំនួនផ្សេងទៀត ក៏កំពុងស្នាក់នៅជាមួយសហគមន៍ដីធ្លីអ្នកភូមិបឹងកក់ ដើម្បីបន្តការទាមទាររបស់ខ្លួនដែរ៕
No comments:
Post a Comment