Read more about IDEA here:
ដោយ៖ ឡាយ សាមាន | ថ្ងៃព្រហស្បតិ៍ ទី18 កញ្ញា 2014,
ស្តាប់សំឡេង៖ | ចម្លងទុក |
អ្នកគាំទ្រអនុប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានតវ៉ាប្រឆាំងនឹងការធ្វើសន្និបាតជ្រើសរើសមេដឹកនាំ នៅថ្ងៃព្រហស្បតិ៍នេះ ដោយអ្នកតវ៉ាអះអាងថា មិនទាន់បានដោះស្រាយបញ្ហាផ្ទៃក្នុងរួចរាល់។
សមាជិកជិត២០នាក់ ក្នុងចំណោមសមាជិកសរុបជាង៦០០០នាក់បានតវ៉ានៅមុខ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាទីដែលសមាគមនេះធ្វើសន្និបាតអណត្តិទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សាតំណាង និងគណៈកម្មាធិការប្រតិបត្តិ។
អនុប្រធានសមាគមនេះ លោក សុខ ឈុនអឿង ស្រែកតវ៉ានៅខាងក្រៅរបងថា ប្រសិនបើសមាជវិសាមញរបស់សមាគមនៅតែបន្ត មានន័យថារំលោភលើសេចក្តីទុកចិត្តរបស់សមាជិក និងសកម្មជននៃសមាគម IDEA។ លោកស្នើសុំពន្យាមហាសន្និបាតនេះ ដើម្បីរៀបចំសម្របសម្រួលជម្លោះផ្ទៃក្នុងជាមុនសិន។ លោកបញ្ជាក់ថា «ពួកគាត់មិនបានប្រជុំសម្រេចនៅក្នុងគណៈកម្មការប្រតិបត្តិទេ គឺពួកគាត់សម្រេចតែឯកច្ឆន្ទដើម្បីបញ្ជូនឈ្មោះទៅឲ្យគណៈកម្មការរៀបចំការបោះឆ្នោត ដូច្នេះពួកគាត់ដែលកើតទុកមិនសុខចិត្តថ្ងៃនេះ គឺគាត់បានផ្តិតមេដៃស្នើសុំឲ្យមានការពន្យារពេល ដើម្បីជជែកវែកញែកគ្នាបន្តទៀត ក្នុងការធ្វើសមាជនេះឡើងវិញ»។
លោក សុខ ឈុនអឿង បន្ថែមថា ក្រោយបញ្ចប់មហាសន្និបាតនេះ លោកនឹងដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃឲ្យលុបឈ្មោះសមាគមនេះ និងស្នើដល់ម្ចាស់ជំនួយផ្អាកបណ្តោះអាសន្ន។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ មានប្រសាសន៍ថាមុននឹងធ្វើមហាសន្និបាតនេះ ពួកគេបានប្រជុំច្រើនលើកច្រើនសារ ដោយមានការយល់ព្រមពីតំណាង និងអនុម័តរួមគ្នាផងដែរ។ លោកយល់ថាការប្រឆាំងនេះ ជាចេតនាចង់រំលាយសមាគមនេះតែម្តងដោយសារលោក សុខ ឈុនអឿង ចង់ឡើងធ្វើជាប្រធានសមាគមនេះ។ លោកបន្តថា «ចុះបើសុខ ឈុនអឿង មានចេតនាល្អមែន ហេតុអីបានខ្ញុំនៅក្នុងពន្ធនាគារគាត់បង្ខំឲ្យបោះឆ្នោត នៅពេលដែលខ្ញុំចេញពីពន្ធនាគារគាត់សុំពន្យារពេលនៃការបោះឆ្នោត។ អុីចឹងសរុបសេចក្តីមកគឺជាចេតនាតែមួយគត់ ចង់បំផ្លាញ កម្ទេចចលនាសមាគម IDEA ចោល ពីព្រោះអស់លោកដឹងហើយថា សមាគម IDEA ជាសមាគមដ៏ល្បីល្បាញក្នុងការការពារសិទ្ធិផលប្រយោជន៍កម្មករក្រៅប្រព័ន្ធ ហើយនិងសហការជាមួយបណ្តាញដីធ្លី បណ្តាញតស៊ូមតិផ្សេងៗទៀត ក៏ដូចជាកម្មករកាត់ដេរនៅក្នុងវិស័យកាត់ដេរ ហើយបានទាមទារយ៉ាងស្វិតស្វាញក្នុងការទាមទារដំឡើងប្រាក់ខែ រហូតដល់ខ្ញុំជាប់ពន្ធនាគារ»។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឃន៍ជាតិ(KIND)លោក សេង ឬទី្ធ ដែលចូលរួមជាគណៈអធិបតីក្នុងពិធីនេះ យល់ថានេះគ្រាន់តែជាជម្លោះផ្ទៃក្នុងរបស់អង្គការសង្គមស៊ីវិលប៉ុណ្ណោះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិឡើយ។ តែលោកថា គួរតែមានការជជែកពិភាក្សាគ្នា ដោយសន្តិវិធីមិនគួរធ្វើការតវ៉ាបែបនេះឡើយ។ លោកមានប្រសាសន៍ថា «ជាទូទៅជម្លោះហ្នឹងមិនមែនតែមួយហ្នឹងទេ រឿងអង្គការសង្គមស៊ីវិលមានការបែកបាក់គ្នាច្រើន ប៉ុន្តែវាមិនមានឥទ្ធិពលអីរហូតដល់ខូចប្រយោជន៍សង្គមស៊ីវិលទាំងមូលទេ វាមិនមែនសម្រាប់ IDEA មួយទេដែលកើតរឿងពេលហ្នឹង វាមានអង្គការផ្សេងទៀតដែលធ្លាប់។ ប៉ុន្តែការងារហ្នឹង យូរៗទៅអ្នកដែលគាត់ស្វែងយល់ថា វាគ្រាន់ជម្លោះផ្ទៃក្នុងជាពិសេសរឿងចង់បានប្រយោជន៍»។
តាមបទបញត្តិនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានកំណត់ប្រធាននៃសមាគមននេះត្រឹម២អណត្តិប៉ុណ្ណោះ ដោយក្នុងមួយអណត្តិមាន៤ឆ្នាំ។ ចំណែកលោក វន់ ពៅ បានលាឈប់ហើយបន្ទាប់ពីចប់អាណត្តិ តែលោកបានឈរឈ្មោះម្តងទៀត។ ប៉ុន្តែលោក វន់ ពៅ អះអាងថាលោក សុខ ឈុនអឿង មិនហ៊ានឈរឈ្មោះធ្វើជាប្រធានសមាគមនេះទេ ព្រោះមានអ្នកគាំទ្រតិចជាងខ្លួន៕
សូមសរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment